បីខែក្រោយពីឃាតកម្មលើលោក ឈុត វុទ្ធី ដំណើរការឆ្ពោះទៅរកយុត្តិធម៌ហាក់បីដូចជានៅវែងឆ្ងាយទៀតនៅឡើយ។ ក្រុមគ្រួសារជនរងគ្រោះ ជនជាប់សង្ស័យ មន្ដ្រីសិទ្ធិមនុស្សនិងមន្ដ្រីតុលាការសុទ្ធតែមិនទាន់មានភាពប្រាកដប្រជាអំពីពេលវេលានៃសវនាការ។
ប្រធានអង្គការការពារធនធានធម្មជាតិនិងជាសកម្មជនការពារព្រៃឈើយ៉ាងសកម្ម លោក ឈុត វុទ្ធីត្រូវបានជនប្រដាប់អាវុធបានបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា នៅចំណុចវាល៣ នៃស្រុកមណ្ឌលសីមា ចម្ងាយប្រមាណជាង៦០គីឡូម៉ែតពីទីរួមខេត្តកោះកុង។ ឃាតកម្មកើតឡើងខណៈដែលលោកនិងអ្នកយកព័ត៌មានពីរនាក់ផ្សេងទៀតបានស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅទីតាំងក្រុមហ៊ុន Timbergreenលើជួរភ្នំក្រវាញ។
អាជ្ញាធរបានការសន្និដ្ឋានផ្សេងៗជាច្រើនពីមូលហេតុនៃអំពើហិង្សានេះក៏ប៉ុន្តែការសន្និដ្ឋានចុងក្រោយគឺថា កងរាជអាវុធហត្ថម្នាក់ឈ្មោះអ៊ីន រតនា បានបាញ់សម្លាប់លោកឈុត វុទ្ធី ហើយកាំភ្លើងអាកា ៤៧ ដែលមន្រ្តីប្រដាប់អាវុធរូបនេះបានប្រើក្នុងការបាញ់សម្លាប់លោក ឈុត វុទ្ធី បានរាកៃមកសម្លាប់គាត់វិញក្នុងពេលដែលភា្នក់ងារសន្តិសុខរបស់ក្រុមហ៊ុន Timbergreen លោក រ៉ាន់ បូរ័ត្ន ព្យាយាមដណ្ដើមកាំភ្លើងពីរូបគាត់។ លោករ៉ាន់ បូរ័ត្ន បច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំងជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ថា បានធ្វើឃាតមន្ដ្រីកងរាជអាវុធហត្ថដោយអចេតនា។ ប៉ុន្តែគ្រួសាររបស់ជនជាប់ចោទបានច្រានចោលការចោទប្រកាន់នេះ។
គ្រួសារលោកឈុត វុទ្ធី នឹងប្រារព្ធពិធីបុណ្យគម្រប់១០០ ថ្ងៃសម្រាប់សពរបស់លោកនៅថ្ងៃសៅរ៍នេះនៅក្នុងឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីសាសនានេះនឹងមានអ្នកចូលរួមប្រមាណជា៥០០ នាក់និងព្រះសង្ឃចំនួនប្រាំពីរអង្គក្នុងនោះភាគច្រើនគឺជាមន្ដ្រីសង្គមស៊ីវិល។
លោកឆឺយ ឧត្តមរស្មី កូនប្រុសច្បងរបស់លោកឈុត វុទ្ធី មានប្រសាសន៍ថា លោកនិងក្រុមគ្រួសារមិនបានទទួលដំណឹងអ្វីឡើយពីតុលាការខេត្តកោះកុង។
«អត់បានទទួលដំណឹងអីពីតុលាការសោះ។ សំខាន់ធ្វើបុណ្យសិនបន្ទាប់មកចាំខ្ញុំព្យាយាមតទៅទៀត»។កូនប្រុសច្បងរបស់លោកឈុត វុទ្ធី
ក្រុមមន្ដ្រីអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានឲ្យដឹងថា សក្សីចំនួនប្រាំមួយរូបត្រូវបានសាកសួរដោយតុលាការរហូតមកទល់ពេលនេះ។ ក៏ប៉ុន្តែជនដែលត្រូវគេជឿថា អាចជាសក្សីសក្ដានុពលមិនត្រូវបានកោះហៅឲ្យចូលបំភ្លឺនោះទេ។
លោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកោះកុងមានប្រសាសន៍ថា នៅមានសក្សីចំនួនបីនាក់ទៀតដែលអាចជាសក្សីមានសារៈសំខាន់។
«សក្សីក្នុងការសាកសួររបស់ប៉េអឹមមានដល់ទៅប្រាំបួននាក់។ ចំណែកឯតុលាការក្នុងពេលបច្ចុប្បន្នបានត្រឹមតែប្រាំមួយនាក់»។
មន្ដ្រីសិទ្ធិមនុស្សដដែលបញ្ជាក់ថា ក្នុងចំណោមសក្សីដែលនៅសេសសល់មានបុរសពីរនាក់មានតួនាទីជាទាហានប៉ុន្តែបានបម្រើការជាសន្ដិសុខរបស់ក្រុម Timbergreen។ ម្នាក់ក្នុងចំណោមនោះគឺជាអ្នកឃាត់រថយន្តរបស់លោកឈុត វុទ្ធីមុនគេ។
«តាមការស្រាវជ្រាវ គាត់ក៏ជាអ្នកជាប់ពាក់ព័ន្ធក្នុងរឿងបញ្ជាកងកម្លាំងដែលបណ្តាលឲ្យមានការបាញ់សម្លាប់លោកឈុត វុទ្ធី ដែរ»។
លោកឈុត វុទ្ធី គឺជាជនការពារបរិដ្ឋានយ៉ាងសកម្មម្នាក់នៅកម្ពុជា។ លោកបានដឹកនាំការតវ៉ារបស់ក្រុមប្រជាពលរដ្ឋប្រឆាំងនឹងការកាប់បំផ្លាញព្រៃឡង់ដែលជាព្រៃនៅសេសសល់ដ៏ធំជាងគេចុងក្រោយរបស់កម្ពុជារួមទាំងបានព្យាយាមស៊ើបអង្កេតលើការកាប់បំផ្លាញឈើប្រណិតក្នុងខេត្តមួយចំនួនទៀតតាមជួរភ្នំក្រវាញដូចជាខេត្តពោធិ៍សាត់និងខេត្តកោះកុងជាដើម។
លោក អ៊ីន គង់ជិត អ្នកសម្របសម្រួលរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុងបានឲ្យដឹងថា ព័ត៌មានស្ដីពីដំណើរការរបស់តុលាការលើសំណុំរឿងឃាតកម្មលោកឈុត វុទ្ធីត្រូវបានរឹតត្បិត។
«សក្សីមិនចង់និយាយប្រាប់យើងដោយសារមន្រ្តីប៉េអឹម និងមន្ដ្រីតុលាការត្រូវគេនិយាយថាមិនចង់ឲ្យសក្សីនិយាយប្រាប់ខាងសិទ្ធិមនុស្ស»។
លោកចៅក្រមស៊ើបអង្កេត មីន មករា នៃសាលាដំបូងខេត្តកោះកុងមិនអធិប្បាយអំពីដំណើរការឆ្ពោះទៅរកការបិទបញ្ចប់ការស៊ើបអង្កេតសំណុំរឿងអាស្រូវនេះទេ។ មួយវិញទៀតលោកក៏មិនទាន់ដឹងបាននៅឡើយថា ការជំនុំជម្រះសំណុំរឿងនេះអាចធ្វើទៅរួចពេលណាដែរ។
«រឿងនេះស្ថិតនៅលើចៅក្រមជំនុំជម្រះ»។
គណៈកម្មាការចម្រុះរបស់រដ្ឋាភិបាលបានដឹកនាំការស៊ើបអង្កេតរយៈពេលត្រឹមមួយសប្ដាហ៍លើឃាតកម្មលោកឈុត វុទ្ធី រួចក៏បានបិទបញ្ចប់ការស៊ើបអង្កេតនោះទៅវិញដែលធ្វើឲ្យមានការរិះគន់ពីក្រុមសង្គមស៊ីវិលចំពោះអ្វីដែលបានរកឃើញនោះ។ ការស៊ើបអង្កេតបានសង្កត់ធ្ងន់ទៅលើមន្ដ្រីកងរាជអាវុធហត្ថអ៊ីន រតនា ថា បានបាញ់សម្លាប់លោកឈុត វុទ្ធី ហើយខ្មាន់កាំភ្លើងបានស្លាប់ដោយការរាកៃកាំភ្លើងក្នុងពេលដែលមានការដណ្តើមកាំភ្លើងពីលោករ៉ាន់ បូរត្ន័ ភា្នក់ងារសន្តិសុខរបស់ក្រុមហ៊ុន Timbergreen។
ឪពុកលោករ៉ាន់ បូរត្ន័ គឺលោក ហ៊ុន រ៉ាន់ បានច្រានចោលការជាប់ពាក់ព័ន្ធថា កូនរបស់គាត់បានបង្កអំពើមនុស្សឃាតដោយអចេតនាដូចការចោទប្រកាន់នោះ។ នៅពេលនេះលោក ហ៊ុន រ៉ាន់ កំពុងរង់ចាំការកាត់ទោសបន្ទាប់ពីកូនរបស់គាត់ត្រូវចាប់ឃុំខ្លួនអស់រយៈពេលបីខែមកហើយ។
«ពិបាកចិត្តដែរតែមិនដឹងធ្វើដូចម្តេច។ ចាំមើលតុលាការកាត់ទោសយ៉ាងម៉េច»។
លោករ៉ាន់ បូរត្ន័គឺជាបុគ្គលតែម្នាក់គត់ដែលត្រូវចាប់ឃាត់ខ្លួនក្នុងអំពើឃាតកម្មលោកឈុត វុទ្ធី។ ក្រុមមន្ដ្រីសិទ្ធិមនុស្សព្រួយបារម្ភថា សំណុំរឿងឃាតកម្មនេះអាចនឹងត្រូវបិទចោលដោយសារតែជនសង្ស័យថា បានបាញ់សម្លាប់លោកឈុត វុទ្ធី ដោយផ្ទាល់បានស្លាប់ទៅហើយៗពុំមានជនជាប់ពាក់ព័ន្ធណាផ្សេងទៀតត្រូវបានវែកមុខនោះ។
កាលពីថ្ងៃទី ១៤ ខែកក្កដានេះ លោក ស៊ុន សាមឿន ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌និងជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុងត្រូវបានដកចេញពីដំណែង។ លោកស៊ុន សាមឿន ត្រូវអង្គការសង្គមស៊ីវិលជឿថា បានជាប់ពាក់ព័ន្ធនឹងការបញ្ជាកងកម្លាំងរបស់ខ្លួនក្នុងពេលដែលមានការបាញ់ប្រហារលោក ឈុត វុទ្ធីនោះ៕