ប្រទេសកម្ពុជា នៅថ្ងៃច័ន្ទនេះ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាកម្មចុះបញ្ជីអាជីវកម្មតាមបណ្តាញអ៊ីនធឺណិត ឬអនឡាញ ដោយអះអាងថា នីតិវិធីថ្មីនេះនឹងចំណាយពេលតិចជាងមុនហើយងាយស្រួលជាងមុនសម្រាប់វិនិយោគិន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០នេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃច័ន្ទនេះទៅ អ្នកប្រកបរបររកស៊ីអាចចុះបញ្ជីអាជីវកម្មថ្មីរបស់ខ្លួនបាន«ជាកញ្ចប់»តាមអនឡាញនេះ ដែលអាចធ្វើបានក្នុងពេលតែមួយ និងចំណាយពេលយ៉ាងយូរបំផុតត្រឹម៨ថ្ងៃនៃថ្ងៃធ្វើការ។
វិធានការថ្មីនេះធ្វើឡើង ខណៈក្រុមហ៊ុនអាជីវកម្មនិងអ្នករកស៊ីមួយចំនួនបានរអ៊ូរទាំអំពីនីតិវិធីស្មុគស្មាញ និងប្រើរយៈពេលយូរ ហើយត្រូវចំណាយថវិកាអស់ច្រើនក្នុងការចុះបញ្ជីក្រុមហ៊ុន ឬអាជីវកម្មរបស់ខ្លួន។
កន្លងមក ម្ចាស់អាជីវកម្មថ្មីត្រូវតម្រូវឲ្យចុះបញ្ជីក្រុមហ៊ុន និងផ្តល់ដំណឹងស្តីពីការបើកសហគ្រាសរបស់ខ្លួននៅតាមស្ថាប័នរដ្ឋាភិបាលផ្សេងៗគ្នា ដូចជានៅក្រសួងពាណិជ្ជកម្មផង ក្រសួងសេដ្ឋកិច្ចផងនិងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាដើមផង។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីនេះមានតភ្ជាប់ទិន្នន័យរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ហើយទិន្នន័យទាំងអស់នឹងត្រូវចែករំលែកដោយស្វ័យប្រវត្តិទៅក្រសួង និងស្ថាប័នដែលពាក់ព័ន្ធដើម្បីពិនិត្យនិងអនុម័ត៕