ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អនុម័ត​ច្បាប់​ប្រឆាំង​ការ​សម្អាត​លុយ​ទុច្ចរិត​ ក្រោយ​អឺរ៉ុប​ដាក់​កម្ពុជា​ចូល​ក្នុង​បញ្ជី​«ប្រទេស​មាន​ហានិភ័យ​ខ្ពស់»​


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

រដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​សុក្រ​នេះ បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់មួយ​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​លុយ​ទុច្ចរិត តែ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ ក្រោយ​ពី​គណៈ​កម្មការ​អឺរ៉ុប​បាន​សម្រេច​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ «ប្រទេស​មាន​ហានិភ័យ​ខ្ពស់»​ នៃ​ការ​សម្អាត​លុយ​ទុច្ចរិត​នេះ។ ​

ការ​អនុម័តសេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ «ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម»​ នេះ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​គណៈ​រដ្ឋមន្ត្រី ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​ទី​១៥ ខែ​ឧសភា​នេះ។​

នៅ​ថ្ងៃ​ទី​៧​ ខែ​ឧសភា ​ឆ្នាំ​២០២០​ គណៈ​កម្មការ​អឺរ៉ុប​បាន​ដាក់​ប្រទេស​ចំនួន​ ១២ ​រួម​ទាំង​កម្ពុជា​ផង​ដែរ​ចូល​ទៅ​ក្នុង​បញ្ជី​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​នៃ​ប្រទេស ​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​សកម្មភាព​សម្អាត​លុយ​ទុច្ចរិត​ដោយ​ចាត់ទុក​ថា ​ប្រទេស​ទាំង​នេះ​មាន​ «ភាព​ទន់​ខ្សោយ​ខាង​យុទ្ធសាស្ត្រ​ក្នុង​របប​ដឹកនាំ​របស់​ពួកគេ»។​

គណៈ​កម្មការ​នេះ​នឹង​បញ្ជូន​បញ្ជី​ប្រទេស​ទាំង​នេះ​ទៅ​សភា​ និង​ក្រុម​ប្រឹក្សា​អឺរ៉ុប​ ដើម្បី​អនុម័ត​ក្នុង​រយៈ​ពេល​១​ខែ​ទៀត។​

កាល​ពីខែ​មេសា​ឆ្នាំ​មុន ​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​ចិន​ ៣ ​នាក់ និង​ដក​ហូត​លុយ​ចំនួន​ជាង ​៣ ​លាន ​៥ ​សែន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ​ដែល​បុរស​ទាំង​នេះ​ បាន​នាំ​ចូល​មក​ក្នុង​ប្រទេស​ ដោយ​គ្មាន​ប្រភព​បញ្ជាក់​ច្បាស់​លាស់។​

លោក ផៃ ស៊ីផាន ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​សុក្រ​ទី​ ១៥ ​ខែ​ឧសភា​នេះ​ថា ​ការ​អនុម័ត​ច្បាប់​នេះ​ «គឺ​មិន​មែនបំពេញ​ចិត្ត​អង្គភាព​ណា​នោះ​ទេ» ​គឺ​ «កម្ពុជា​បាន​អនុវត្ត​ទៅ​លើ​លក្ខខណ្ឌ​ជា​សមាជិក​របស់​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការ​សម្អាត​ប្រាក់»​ តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG