កម្ពុជា​ធ្វើ​យុទ្ធនាការ​បញ្ចប់​ពលកម្ម​កុមារ​ក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ

ក្មេង​ប្រុស​ម្នាក់​ជញ្ជូន​ឥដ្ឋ​នៅ​ក្នុង​ខេត្ត​កណ្តាល ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។ (រូបភាព​ផ្តល់​ដោយ៖ ស៊ូ ឆ្លូញ )

របាយការណ៍​មួយ​អះអាង​ថា ភាព​ក្រីក្រ ដែល​ជា​រឿយៗ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទាសភាព​បំណុល​នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ។

ប្រទេស​កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​ដើម្បី​បញ្ចប់​ពលកម្ម​កុមារ​ក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នៅ​ត្រឹម​ឆ្នាំ ២០២០ ខាង​មុខ​នេះ។ អ្នក​តាមដាន​ស្ថានការណ៍​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នេះ​បាន​ស្វាគមន៍​ដោយ​ប្រយ័ត្ន​ប្រយែង​ចំពោះ​វិធានការ​នេះ និង​នៅ​មាន​ចម្ងល់​ថា​តើ​រដ្ឋាភិបាល​កម្ពុជា​អាច​សម្រេច​បាន​គោល​បំណង​នេះ​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។ ស្រប​ពេល​នោះ​ដែរ ពួកគេ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​បន្ថែម​ទៀត។

ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នេះ​បាន​ធ្វើ​ឲ្យ​អន្តរជាតិ​ចាប់​អារម្មណ៍​កាល​ពី​ឆ្នាំ​មុន នៅ​ពេល​ដែល​មាន​ការ​ចេញ​ផ្សាយ​នូវ​របាយការណ៍​មួយ ដែល​មាន​ចំណង​ជើង​ថា៖ «ដុំ​ឥដ្ឋ​លោហិត៖ រឿង​ពិត​នៃ​ទាសភាព​សម័យ​ទំនើប និង​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា (Blood Bricks: Untold Stories of Modern Slavery and Climate Change from Cambodia)»។

ក្មេងប្រុសពីរនាក់កំពុង​លើ​ដុំ​ឥដ្ឋ​ដាក់​លើ​រទេះ​ឈើមួយ នៅ​សិប្បកម្មឡឥដ្ឋមួយកន្លែងនៅប្រទេស​កម្ពុជា។ (រូបថតដោយ Licadho)

របាយការណ៍​នេះ​អះអាង​ថា ភាព​ក្រីក្រ ដែល​ជា​រឿយៗ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទាសភាព​បំណុល​នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ។

អន្តរជាតិ​បាន​ចាប់​អារម្មណ៍​ម្ដង​ទៀត​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​ក្មេង​ស្រី​អាយុ ៩ ឆ្នាំ​ម្នាក់​បាន​ដាច់​ដៃ​របស់​នាង​នៅ​ពេល​ធ្វើ​ការ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​នេះ។

រដ្ឋាភិបាល​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី ៣១ ខែ​សីហា​ថា លោក វ៉េង ហៀង ប្រធាន​នាយកដ្ឋាន​ពលកម្ម​កុមារ​នៃ​ក្រសួង​ការងារ បាន​ចាប់ផ្ដើម​យុទ្ធនាការ​នេះ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​សីហា ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP បាន​រាយការណ៍​ថា៖ «យោង​ទៅ​តាម​ប្រធាន​នាយកដ្ឋាន [ពលកម្ម​កុមារ​នៃ​ក្រសួង​ការងារ] សិប្បកម្ម​ឡ​ឥដ្ឋ​មួយ​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ប្រើ​ពលកម្ម​កុមារ​នឹង​ត្រូវ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ដោយ​គ្មាន​ការ​លើក​លែង»។

លោក Laurie Parsons អ្នក​និពន្ធ​ម្នាក់​នៃ​របាយការណ៍​ខាង​លើ​នេះ បាន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​នេះ ដោយ​លោក​បាន​និយាយ​ថា ពលកម្ម​កុមារ​នៅ​តែ​មាន​ច្រើន​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ ហើយ​លោក​បាន​ប៉ាន់​ប្រមាណ​ថា កុមារ​ដែល​ធ្វើ​ការ​នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​មាន​ចំនួន «រាប់​ពាន់​នាក់»។

លោក Parsons បាន​និយាយ​ថា រដ្ឋាភិបាល​បាន​បដិសេធ​បញ្ហា​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​រហូត​មក​ទល់​នឹង​ចុង​ឆ្នាំ​មុន ទោះបីជា​មាន​របាយការណ៍​ជា​ច្រើន​ដែល​បាន​ចេញ​ផ្សាយ​អំពី​រឿង​នេះ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​ដោយ។ លោក​បាន​បន្ថែម​ថា ឥឡូវ​នេះ​រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​ទទួល​ស្គាល់​បញ្ហា​នេះ ដោយសារតែ​មាន​ការ​រាយការណ៍​ជា​ច្រើន​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ។

លោក Parsons និយាយ​ថា៖ «ទោះបីជា​បញ្ហា​នេះ​ត្រូវ​បាន​គេ​ដឹង​ឭ​ក៏​ដោយ ក៏​វា​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ឭ​ជា​អន្តរជាតិ​នៅ​ឡើយ​ទេ»។

លោក​បាន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​នេះ ប៉ុន្តែ​បាន​ស្នើ​ឲ្យ​ផ្ដោត​លើ​ពលកម្ម​កុមារ​ថា​ជា «វិធីសាស្ត្រ​ផ្អែក​លើ​បញ្ហា» មិន​មែន​ដោះស្រាយ​ឫស​គល់​នៃ​បញ្ហា​នេះ​ទេ។ លោក​បាន​បញ្ជាក់​ថា ភាព​ក្រីក្រ​បាន​ជំរុញ​ឲ្យ​មនុស្ស​ធ្លាក់​ចូល​ទៅ​ក្នុង​ទាសភាព​បំណុល​នៅ​ឯ​សិប្បកម្ម​ឡ​ឥដ្ឋ ស្ថានភាព​ការងារ​លំបាក និង​កិច្ច​សន្យា​ការងារ​នៅ​សិប្បកម្ម​ឡ​ឥដ្ឋ​ដែល​រារាំង​មិន​ឲ្យ​កម្មករ​អាច​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​បាន។

លោក​និយាយ​ដូច្នេះ​ថា៖ «វា​គឺ​ជា​ការ​ផ្ដោត​ដែល​នឹង​មិន​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជាក់​ច្បាស់​ណាមួយ​នោះ​ទេ។ ការ​ផ្ដោត​នេះ​គឺ​ជា​ការ​ផ្ដោត​ផ្អែក​លើ​បញ្ហា ដែល​យើង​យល់​ឃើញ​ថា​ជា​ការ​ផ្ដោត​សម​ហេតុ​ផល​លើ​បញ្ហា​ពលកម្ម​កុមារ ដែល​ជា​ប្រធានបទ​ដ៏​រំញោច​មួយ។ វា​ជា​ប្រធានបទ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ ប៉ុន្តែ​សម្រាប់​ពួក​យើង ពលកម្ម​កុមារ​គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​រចនា​សម្ព័ន្ធ​ដ៏​ធំ​ជាង​នេះ»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «មូលហេតុ​ដែល​ស្ថានការណ៍​នេះ​នៅតែ​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ គឺ​ដោយសារតែ​មនុស្ស​មាន​ការ​ខ្វះខាត ដែល​ធ្វើ​ឲ្យ​ពួកគេ​នៅតែ​បន្ត​ធ្វើ​ការ​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នេះ»។

ក្រសួង​ការងារ​នៅតែ​មិន​ច្បាស់​អំពី​ថា​តើ​គួរ​ចាត់​វិធានការ​ជាក់​លាក់​ណា​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពលកម្ម​កុមារ។ បន្ទាប់ពី​ត្រូវ​បាន​គេ​សួរ​សំណួរ​ថា​តើ​រដ្ឋាភិបាល​នឹង​ធ្វើ​អ្វី នៅ​ពេល​ដែល​ការ​ស៊ើប​អង្កេត​បញ្ចប់​រួច​រាល់ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ប្រាប់​អ្នកស្រី​ថា អ្នក​ត្រួត​ពិនិត្យ​របស់​យើង​ផ្នែក​ពលកម្ម​កំពុង​បំពេញ​បេសកកម្ម​ត្រួត​ពិនិត្យ​លើ​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដែល​ការ​ត្រួត​ពិនិត្យ​នេះ​នឹង​បញ្ចប់​នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ។ យើង​នឹង​ចេញ​ផ្សាយ​របាយការណ៍​នៅ​ខែ​វិច្ឆិកា»។

លោក ហេង សួរ មិន​បាន​ឆ្លើយ​សំណួរ​អំពី​ចំណុច​លម្អិត​បន្ថែម​ទៀត​នៃ​យុទ្ធនាការ​នេះ និង​អំពី​ជំហាន​អ្វី​ដែល​រដ្ឋាភិបាល​នឹង​ធ្វើ​នោះ​ទេ។

រូបភាព​ឯកសារ៖ លោក ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯ​ព្រលាន​យន្តហោះ​ ក្រោយ​បញ្ចប់​ទស្សនកិច្ច​មួយ​ កាលពីថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ២០១៧។

លោក Parsons បាន​និយាយ​ថា ជោគជ័យ​នៃ​យុទ្ធនាការ​នេះ​គឺ​អាស្រ័យ​លើ​វិធានការ​ជាក់លាក់​ដែល​ត្រូវ​ធ្វើ និង​លើ​ថា​តើ​ការ​អះអាង​របស់​ម្ចាស់​សិប្បកម្ម​ឡ​ឥដ្ឋ​ដែល​ថា​ពួកគេ​មិន​ជួល​កុមារ​ឲ្យ​ធ្វើ​ការ ប៉ុន្តែ​ពួកគេ​ទិញ​តែ​ឥដ្ឋ​នោះ អាច​ទទួល​យក​បាន​ឬ​ក៏​យ៉ាង​ណា​នោះ។ លោក Parsons បាន​បន្ថែម​ថា៖ «[ដើម្បី​ទទួល​បាន​ជោគជ័យ] គឺ​ត្រូវ​មាន​ការ​សើរើ​ទាំង​ស្រុង​នៃ​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នេះ»។

លោក ស៊ូ ឆ្លូញ អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា បាន​ឯកភាព​ចំពោះ​ចំណុច​នេះ។

លោក ស៊ូ ឆ្លូញ បាន​និយាយ​ថា សិប្បកម្ម​ឡ​ឥដ្ឋ​អាច​មាន​ការ​ងាយស្រួល​នៅ​ក្នុង​ការ​ជៀសវាង​ការ​ផាក​ពិន័យ ប្រសិនបើ​ការ​ត្រួត​ពិនិត្យ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ម្ដង​គត់។ លោក​បាន​បញ្ជាក់​ថា ជា​ឧទាហរណ៍ សិប្បកម្ម​ឡ​ឥដ្ឋ​ទាំង​នោះ​អាច​មិន​ឲ្យ​កុមារ​មក​ធ្វើ​ការ​រយៈពេល​មួយ​សប្ដាហ៍ ហើយ​ឲ្យ​កុមារ​មក​ធ្វើ​ការ​វិញ បន្ទាប់ពី​ការ​ត្រួត​ពិនិត្យ​នេះ​បាន​បញ្ចប់​រួចរាល់។

លោក​បាន​បន្ថែម​ថា ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ​ឡើង កុមារ​មិន​ត្រូវ​បាន​ម្ចាស់​សិប្បកម្ម​ឡ​ឥដ្ឋ​ទាំង​នោះ​ជួល​ឲ្យ​ធ្វើ​ការ​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​កុមារ​ទាំង​នោះ​ជួយ​ឪពុក​ម្ដាយ​របស់​ពួកគេ​ដោយ​ស្ម័គ្រចិត្ត ឬ​ក៏​ដោយ​មិន​ស្ម័គ្រចិត្ត ជាជាង​ទៅ​រៀន ដើម្បី​ជួយ​ដោះ​បំណុល​របស់​ឪពុក​ម្ដាយ​ពួកគេ។

លោក ស៊ូ ឆ្លូញ បាន​បន្ត​ទៀត​ថា ពេល​ខ្លះ ម្ចាស់​សិប្បកម្ម​ឡ​ឥដ្ឋ​ប្រាប់​ឪពុក​ម្ដាយ​របស់​ពួកគេ​ឲ្យ​យក​ពួកគេ​មក​ធ្វើ​ការ​ដើម្បី​ដោះ​បំណុល ប៉ុន្តែ​ករណី​នេះ​មិន​សូវ​មាន​នោះ​ទេ។

លោក ហេង សួរ បាន​ប្រាប់ VOA ថា រដ្ឋាភិបាល​នឹង «មិន​អត់ឱន​ឲ្យ​ជា​ដាច់​ខាត» ចំពោះ​បញ្ហា​នេះ។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «បេសកកម្ម​ចម្បង​បំផុត​គឺ​ការ​មិន​អត់ឱន​ឲ្យ​ជា​ដាច់​ខាត​ចំពោះ​ពលកម្ម​កុមារ និង​អន្ទាក់​បំណុល​នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ។ ដូច្នេះ អ្នក​ត្រួត​ពិនិត្យ​ពលកម្ម​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​រឿង​នេះ នឹង​ធ្វើ​ការ​អប់រំ និង​ពន្យល់​ណែនាំ​កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​នេះ»។

លោក ស៊ូ ឆ្លូញ បាន​និយាយ​ថា ការ​បណ្ដុះបណ្ដាល​អ្នក​ត្រួត​ពិនិត្យ​ទាំង​នោះ​គឺ​សំខាន់​សម្រាប់​ជោគជ័យ​នៃ​យុទ្ធនាការ​នេះ ហើយ​លោក​មាន​ចម្ងល់​ថា​តើ​ពលកម្ម​កុមារ​អាច​លុប​បំបាត់​បាន​នៅ​ត្រឹម​កាល​បរិច្ឆេទ​កំណត់​របស់​រដ្ឋាភិបាល ឬ​ក៏​យ៉ាង​ណា​នោះ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «កាល​បរិច្ឆេទ​កំណត់​នោះ​ជិត​ចូល​មក​ដល់​ហើយ។ យើង​គួរតែ​បណ្ដុះបណ្ដាល​អ្នក​ត្រួត​ពិនិត្យ​បន្ថែម​ទៀត [ជា​មុន​សិន]»។

ដោយ​លើក​ឡើង​ពី​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​ធុន​តូច​នេះ លោក Parsons បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ប្រហែល ១ ម៉ឺន​នាក់​កំពុង​ធ្វើការ​នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​ប្រហែល ៤៥០ នៅ​ទូទាំង​ប្រទេស ដែល​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ដោះស្រាយ​បញ្ហា​គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​ឲ្យ​បាន​ឆាប់។

ប៉ុន្តែ លោក Parsons បាន​បញ្ជាក់​ថា៖ «ជា​ការ​ពិត បើ​តាម​ការ​អនុវត្ត រឿង​នេះ​នឹង​មិន​សម្រេច​បាន​នៅ​ត្រឹម​ឆ្នាំ ២០២០ នោះ​ទេ ដោយសារតែ​មិន​មាន​ធនធាន​គ្រប់គ្រាន់ និង​មិន​មាន​ផ្នត់​គំនិត​ជា​រួម​ចំពោះ​ការ​ធ្វើ​រឿង​នេះ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា