កម្មវិធីតាមទូរស័ព្ទដែលមានឈ្មោះថា «សេវាសាធារណៈ» ឬ Cambodia Public Services ត្រូវបានដាក់ឲ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ជាផ្លូវការដោយឥតគិតថ្លៃ កាលពីថ្ងៃអង្គារកន្លងទៅ ដើម្បីលើកកម្ពស់សេវាសាធារណៈនៅកម្ពុជា។
កម្មវិធីតាមទូរស័ព្ទ «សេវាសាធារណៈ»នេះ ត្រូវបានបង្កើតឡើងដោយក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីផ្តល់ព័ត៌មានអំពីសេវាសាធារណៈដល់ពលរដ្ឋឲ្យកាន់តែទូលំទូលាយ បង្កើនប្រសិទ្ធភាពការងារសាធារណៈ ព្រមទាំងកាត់បន្ថយអំពើពុករលួយនៅកម្ពុជាផងដែរ។
ថ្លែងនៅក្នុងវីដេអូមួយស្តីពីកម្មវិធី «សេវាសាធារណៈ» ដែលផ្សព្វផ្សាយដោយក្រសួងមុខងារសាធារណៈកាលពីថ្ងៃអង្គារ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អំពាវនាវដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើបឲ្យទាញយក និងតំឡើងកម្មវិធី «សេវាសាធារណៈ»នេះ ដើម្បីឲ្យពួកគេកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាសាធារណៈ និងចំណេញពេលវេលា។
«ដូច្នេះប្រជាពលរដ្ឋអាចប្រើប្រាស់ស្មាតហ្វូននេះ ដើម្បីទាក់ទងផ្ទាល់ជាមួយអាជ្ញាធរដែលជាអ្នកផ្តល់សេវាសាធារណៈហ្នឹង ណាត់ពេលជួបគ្នាតែម្តង។ ប្រជាជនមិនខាតពេលទេ គាត់ដឹងថាទៅដល់កន្លែងហ្នឹង គាត់ដឹងថាមានឯកសារសព្វគ្រប់ទៅជាមួយ»។
យោងទៅតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យ៉ាងហោចណាស់ប្រជាពលរដ្ឋកម្ពុជាចំនួន៧លាននាក់ប្រើប្រាស់អ៊ីនធឺណេត។ ខណៈដែលរបាយការណ៍ស្ទង់មតិរបស់ The Asia Foundation បង្ហាញថា ប្រជាជនខ្មែរចំនួន៤៨ភាគរយមានទូរស័ព្ទទំនើបយ៉ាងហោចណាស់មួយ។
កម្មវិធីទូរស័ព្ទ «សេវាសាធារណៈ» ថ្មីនេះ បានដាក់បញ្ចូលទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងសេវាសាធារណៈនានា ជាអាទិ៍ប្រភេទសេវាសាធារណៈ កម្រៃសេវា រយៈពេលនៃការផ្តល់សេវា និងឯកសារដែលពលរដ្ឋត្រូវភ្ជាប់មកជាមួយ នៅពេលដែលពួកគេចង់ប្រើប្រាស់សេវាណាមួយនោះ។
បន្ថែមពីលើនេះកម្មវិធីថ្មីនេះក៏អនុញ្ញាតឲ្យ អ្នកប្រើប្រាស់ អាចទំនាក់ទំនងផ្ទាល់ជាមួយមន្ត្រីមូលដ្ឋានដែលជាអ្នកផ្តល់សេវាដើម្បីណាត់ជួបជាមុន។ ហើយពួកគេក៏អាចចូលរួមវាយតម្លៃ និងផ្តល់យោបល់ ចំពោះកម្មវិធីទូរស័ព្ទនេះផងដែរ។
លោក ឱក សេរីសោភក្តិ៍ ជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជាដែលបានឧបត្ថម្ភថវិកាក្នុងការបង្កើតកម្មវិធីទូរស័ព្ទ«សេវាសាធារណៈ» និងជាអ្នកឯកទេសផ្នែកអភិបាលកិច្ចល្អ ថ្លែងប្រាប់ VOA ថា ការបញ្ចូនព័ត៌មានតាមបែបប្រព័ន្ធបច្ចេកវិទ្យានេះមានភាពរហ័ស និងងាយស្រួលជាងមុន ព្រមទាំងធ្វើឲ្យសេវាសាធារណៈនៅកម្ពុជាកាន់តែមានតម្លាភាព។
«កាលណាក្រសួងធ្វើការជាមួយអង្គការតម្លាភាពហើយ គឺយើងបានពិនិត្យគុណភាពសេវាហ្នឹងបានល្អ បានត្រឹមត្រូវ បានតម្លាភាព។ ហើយបើកាលណា ឃើញធ្វើអ្វីដែលខុសពីការផ្សាយ ចឹងប្រជាពលរដ្ឋ សាធារណៈគេអាចចាប់បាន។ ឧទាហរណ៍ថា ផ្សាយជាមួយ TI ថាសេវាហ្នឹងអត់យកលុយ ដល់តែពេលគេទៅធ្វើស្រាប់តែយកលុយ ចឹងពលរដ្ឋអាចប្តឹងមកយើង។ លក្ខណៈតម្លាភាពហ្នឹងហើយ ដែលយើងចង់លើកស្ទួយ»។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ស្វាគមន៍យន្តការថ្មីតាមបែបអេឡិត្រូនិចរបស់រដ្ឋាភិបាលនេះ។ ក៏ប៉ុន្តែលោកថា សមត្ថភាពប្រើប្រាស់បច្ចេកវិទ្យារបស់ពលរដ្ឋកម្ពុជានៅតាមជនបទនៅមានកម្រិតនៅឡើយ។
«យើងស្វាគមន៍គំនិតផ្តួចផ្តើមបែបនេះ។ តែត្រូវការការផ្សព្វផ្សាយឲ្យបានទូលំទូលាយ គួរតែមានយន្តការឲ្យរលូន ព្រោះថាកន្លងមក យើងឃើញមាន app អីច្រើនដែរ តែពេលចូលទៅមើលទៅឃើញថា ព័ត៌មានមិនគ្រប់គ្រាន់។ វាមានតែទម្រង់»។
លោក សន ជ័យ ចង់ឃើញកម្មវិធីទូរស័ព្ទដៃ«សេវាសាធារណៈ»នេះ មានព័ត៌មានសម្បូរបែប និងមានការធ្វើបច្ចុប្បន្នភាពព័ត៌មានឲ្យបានគ្រប់គ្រាន់ ដើម្បីអាចឆ្លើយតបទៅហ្នឹងតម្រូវការរបស់ពលរដ្ឋ។ លោកបន្ថែមថា ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់ ក៏ជារឿងសំខាន់ក្នុងការលើកកម្ពស់សេវាសាធារណៈផងដែរ៕