កម្ពុជានិងឡាវប្តេជ្ញាបន្តប្រឹងប្រែងដោះស្រាយដើម្បីបញ្ចប់ការកំណត់បង្គោលសីមារដ្ឋកម្ពុជា-ឡាវ ដែលសម្រេចបាន ៨៦% ហើយនៅសេសសល់ ១៤% ឱ្យបានឆាប់ចប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរនេះ ធ្វើឡើងនៅអំឡុងពេលលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវកាលពីថ្ងៃទី២៥ដល់ទី ២៦ ខែមីនា ឆ្នាំ ២០២៤ ដើម្បីរឹតចំណងទ្វេភាគីរវាងរដ្ឋាភិបាលទីក្រុងភ្នំពេញ និងវៀងចន្ទន៍ ដែលពេលខ្លះមានការប្រឈមមុខផ្នែកយោធាជាមួយគ្នា ពាក់ព័ន្ធនឹងការកំណត់បង្គោលព្រំដែន។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រីទាំងពីរក៏បានធ្វើជាសាក្សីលើការផ្លាស់ប្តូរលិខិតតូបករណ៍សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០២៣ និងការចុះហត្ថលេខាលើកំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័ន ដែលទាក់ទងនឹងបញ្ហាព្រំដែន សម្រាប់ការអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់កសាងព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ របស់លោក ហ៊ុន ម៉ាណែត នៅប្រទេសឡាវ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក ហ្សង់ហ្វ្រង់ស័រ តាន់ លើកឡើងថា ការប្រើពេលយូរនៅក្នុងការបោះបង្គោលព្រំដែនជាមួយឡាវ ក៏ដូចជាបណ្តាប្រទេសផ្សេងផ្សេងទៀតគឺជារឿងវិជ្ជមាន ដោយសារតែការកំណត់ព្រំដែនមិនមែនជារឿងលេងសើចនោះទេ។
លោកបញ្ជាក់ថា៖ «ជាសញ្ញាល្អ ពីព្រោះការរក្សាការពារទឹកដីកម្ពុជាឱ្យនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ មិនមែនជារឿងលេងសើច ហើយមិនក្លាយជារឿងលេងសើច។ ផ្ទុយទៅវិញ វាជាទម្ងន់នៃការទទួលខុសត្រូវនៅចំពោះមុខប្រវត្តិសាស្ត្រ។ការណ៍នេះតម្រូវឱ្យភាគីកម្ពុជាត្រូវតែតស៊ូស្វិតស្វាញពេលអង្គុយចរចានៅពេលសម្រេចចិត្តម្តងៗ ហើយនេះជាមូលហេតុទី ១ នៃការតម្រូវឱ្យយើងប្រើពេលយូរ ស៊ីពេលយូរដើម្បីដោះស្រាយបញ្ហាព្រំដែន»។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការដោះស្រាយបញ្ហាព្រំដែនជាក់ស្តែងត្រូវការតែអ្នកជំនាញមុតស្រួចប៉ុណ្ណោះ ដែលលោកថា គេមិនត្រូវអ្នកជាតិនិយម ឬក៏អ្នកនយោបាយនោះទេ។
ប្រទេសកម្ពុជាមានព្រំដែនជាប់ប្រទេសឡាវ ប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ។ មកដល់ពេលនេះភាគីកម្ពុជា និងឡាវបានស្រុះស្រួលគ្នាបោះបង្គោលព្រំដែនសរុបចំនួន ១២១បង្គោល ហើយនៅសល់ ១៤% ទៀត កំពុងបន្តការចរចាដោះស្រាយ ។
អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី ប្រាប់វីអូអេថា រដ្ឋាភិបាលកម្ពុជានិងឡាវមានឆន្ទៈខ្ពស់ដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
អ្នកស្រីបញ្ជាក់ថា៖ «ហើយសួររឿងពេលវេលា ខ្ញុំអត់អាចឆ្លើយជូនបានទេ តែគ្រាន់តែថាកម្ពុជាមានសុឆន្ទៈខ្លាំងក្លាក្នុងការបញ្ចប់កិច្ចការងារព្រំដែនកម្ពុជា-ឡាវ។ និយាយទៅមិនមែនជាឡាវទេ ទាំងវៀតណាម ទាំងថៃ បើសិនជាយើងបញ្ចប់បានគឺយើងខិតខំបញ្ចប់»។
នៅពេលសួរពាក់ព័ន្ធនឹងបញ្ហាប្រឈមនៃការអូសបន្លាយពេលនៃការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ អ្នកស្រី កុយ ពិសី លើកឡើងថា បញ្ហាប្រឈមគឺមានច្រើន ប៉ុន្តែអ្វីដែលប្រឈមខ្លាំងជាងគេគឺបញ្ហាបច្ចេកទេស។
អ្នកស្រីថ្លែងថា៖ «តំបន់ខ្លះនៅលើផែនទី និងដីជាក់ស្តែងមិនស្របគ្នា។ ដូច្នេះយើងត្រូវការរកដំណោះស្រាយជាមួយគ្នា ជជែកជាមួយគ្នាហ្នឹងទៅ។ ការងារខ្លះដដែលៗជជែក ១០ដង ២០ដង ក៏នៅមិនទាន់ចេញ»។
ទោះជាយ៉ាងណា លោកស្រីមានសុទិដ្ឋិនិយមថាកម្ពុជា-ឡាវ នឹងអាចបញ្ចប់ការបោះបង្គោលព្រំដែននៅក្នុងអាណត្តិទី ៧ របស់រដ្ឋាភិបាលកម្ពុជានេះ។
អ្នកតាមដាននយោបាយអន្តរជាតិ លោក សេង វណ្ណលី ប្រាប់វីអូអេថា ទំនាក់ទំនងកម្ពុជា-ឡាវ មានភាពរកាំរកូសកន្លងមកគឺដោយសារតែបញ្ហារឿងព្រំដែន ហេតុនេះហើយបានជារដ្ឋាភិបាលប្រទេសទាំងពីរយកចិត្តទុកដាក់លើការបញ្ចប់ការបោះបង្គោលព្រំដែនឱ្យបានជាស្ថាពរ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែបញ្ហាព្រំប្រទល់គឺជាបញ្ហាដែលធ្វើឱ្យប៉ះពាល់ដល់មិត្តភាពរវាងប្រទេសទាំងពីរ។ អ៊ីចឹងហើយបានខ្ញុំឃើញថា រដ្ឋាភិបាលកម្ពុជាព្យាយាមមិនថារដ្ឋាភិបាលមុនទេ ព្យាយាមដោះស្រាយបញ្ហាដែលសេសសល់ ១៤% ហ្នឹង។ អ៊ីចឹងហើយបានយើងឃើញថា ភាគីកម្ពុជានិងឡាវ តែងតែជួបគ្នាជាញឹកញាប់មិនថាក្របខណ្ឌរដ្ឋមន្ត្រី ក្របខណ្ឌមន្ត្រីបច្ចេកទេសរវាងប្រទេសទាំងពីរ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ភាគីកម្ពុជានិងឡាវ វាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់កម្រិតនៅពេលកន្លងមក និងបានផ្លាស់ប្តូរយោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមាន វិស័យនយោបាយ វិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាដើម៕