សម្ព័ន្ធសហជីពកម្មករដ៏ធំរបស់ប្រទេសហូឡង់និងសហភាពការងារកម្ពុជានៅព្រឹកថ្ងៃពុធនេះបានសម្ពោធគម្រោងស្តីពីការលើកកម្ពស់ស្តង់ដារការងារស្នូលឆ្ពោះទៅកាន់ការងារសមរម្យសម្រាប់កម្មករនិយោជិតនៅកម្ពុជា។
គម្រោងនេះមានរយៈពេលបីឆ្នាំ ពោលគឺពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៦ និងមានគោលដៅគឺដើម្បីពង្រឹងសមត្ថភាពក្រុមសហជីពសម្រាប់ការតស៊ូមតិ និងដើម្បីទាមទារលក្ខខណ្ឌការងារកម្មកររោងចក្រឲ្យបានសមរម្យនិងតស៊ូមតិដើម្បីសិទ្ធិស្ត្រីនិងយុវជនក្នុងវិស័យការងារ។
ថ្លែងប្រាប់អ្នកកាសែតក្រៅសន្និសីទធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ ប្រធានសហភាពការងារកម្ពុជា លោកអាត់ ធន់ បញ្ជាក់ថាគោលដៅសំខាន់នៃគម្រោងនេះគឺការធានាថាកម្មករអាចទទួលបានប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារត្រឹមត្រូវ សេវាសង្គមនៅពេលគ្រោះថ្នាក់ការងារ ឬពេលមានជំងឺ ការទទួលបានប្រាក់ពេលចូលនិវត្តន៍តាមស្តង់ដារស្នូលរបស់អន្តរជាតិ។
«យើងបណ្តុះបណ្តាលយើងចងក្រង យើងចរចា យើងស្នើឲ្យរដ្ឋាភិបាលផ្តល់សច្ចាប័នទៅលើអនុសញ្ញាអន្តរជាតិសម្រាប់លក្ខខណ្ឌការងារសមរម្យ យើងចង់ឃើញបរិស្ថាននៃការចរចាឲ្យប្រសើរឡើង មិនមែនមានន័យថាគម្រោងនេះធ្វើឡើងដើម្បីបាតុកម្មនោះទេ»។
គម្រោងស្តីពីការលើកកម្ពស់ស្តង់ដារការងារកម្មករនេះនឹងត្រូវចំណាយទឹកប្រាក់អស់ប្រហែល ១,៧លានអឺរ៉ូឬស្មើនឹងប្រហែល២,២៣ លានដុល្លារក្រោមជំនួយទឹកប្រាក់ឧបត្ថម្ភដោយគណៈប្រតិភូសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា។
លោកស្រី យ៉ាស្នា ប៉ាញគីហារ (Jasna Pajnkihar)តំណាងគណៈប្រតិភូសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជាថ្លែងថាសហភាពអឺរ៉ុបជាទីផ្សារយ៉ាងសំខាន់នៃផលិតផលសម្លៀកបំពាក់របស់ប្រទេសកម្ពុជា ដូច្នោះលោកស្រីរំពឹងទុកថាគម្រោងមួយនេះនឹងជួយឲ្យកម្មករនៅកម្ពុជាអាចទទួលបានការងារសមស្របមួយ។
«យើងមិនត្រឹមតែជាអ្នកផ្តល់ជំនួយទេ យើងក៏ជាទីផ្សារនាំចូលសម្លៀកបំពាក់សំខាន់មួយរបស់កម្ពុជា ចឹងយើងចង់ឃើញស្តង់ដារការងារដែលមានការគោរព»។
លោក ទុន សុភ័ណមន្ត្រីសម្របសម្រួលថ្នាក់ជាតិរបស់អង្គការពលកម្មអន្តរជាតិប្រចាំនៅកម្ពុជា (ILO)ឲ្យដឹងដែរថារហូតមកទល់បច្ចុប្បន្ននេះក្នុងចំណោមប្រជាពលរដ្ឋខ្មែរសរុបជាង១៤លាននាក់ មានប្រជាពលរដ្ឋត្រឹមតែជាង៧លាននាក់ប៉ុណ្ណោះដែលបានប្រឡូកក្នុងវិស័យការងារ។ លោកបន្ថែមថា៦០%គឺជាអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមិនទទួលបានលក្ខខណ្ឌការងារសមរម្យ និងជួបប្រទៈបញ្ហាប្រឈមផ្សេងៗទៀត។
លោកសុភ័ណ បន្ថែមថាប្រជាពលរដ្ឋប្រមាណ២លាននាក់ទទួលបានប្រាក់ចំណូលតិចជាង១ដុល្លារក្នុងមួយថ្ងៃ។
«នេះជាបញ្ហាប្រឈមមួយធំក្នុងការជំរុញឲ្យមានការងារសមរម្យនិងសិទ្ធិជាមូលដ្ឋានសម្រាប់កម្មករនិយោជិតនៅកម្ពុជាយើង»។
លោកជែន រ៉ៃឌ័រ (Jan Ridder) មន្ត្រីកម្មវិធីសម្ព័ន្ធសហជីពកម្មកររបស់ប្រទេសហូឡង់ (CNV International) ប្រចាំអាស៊ីថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថាលោកសង្ឃឹមថាគម្រោងមួយនេះនឹងជួយជំរុញឲ្យមានការធានាឲ្យបាននូវលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករ និងលើកកម្ពស់ស្តង់ដារការងារស្នូល ការគោរពសិទ្ធិរបស់ស្តី និងកម្មករជាយុវជន។
តំណាងមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនិយោជកដែលមានវត្តមានក្នុងសន្និសីទនៅថ្ងៃពុធនេះមិនបានធ្វើសេចក្តីអធិប្បាយអ្វីឡើយ៕