អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមនឹងបើកសវនាការកាត់ទោសនួន ជា និងខៀវ សំផនក្នុងសំណុំរឿង០០២ វគ្គទី២នៅថ្ងៃទី១៧ខែតុលាខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាក្តីខ្មែរក្រហមកាលពីចុងសប្តាហ៍មុន។
លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបញ្ជាក់នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃសុក្រថា សវនាការពិនិត្យលើភស្តុតាងនេះនឹងដំណើរការចំនួនបីថ្ងៃក្នុងមួយសប្តាហ៍។ ហើយសវនាការដើម្បីស្តាប់សក្ខីកម្មរបស់សាក្សីជាលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី២០ខែតុលា។
លោក ឡុង បញ្ញាវុធ មន្រ្តីសម្របសម្រួលកម្មវិធីនៃគម្រោងយុត្តិធម៌នៅកម្ពុជា ដែលជាផ្នែកមួយរបស់អង្គការ OSJI របស់សហរដ្ឋអាមេរិក បានអបអរសាទរការកាត់ក្តីដំណាក់កាលទី២នេះ។
លោកអះអាងថា ការឈានចូលកាត់ក្តីសំណុំរឿង០០២វគ្គទី២នេះបានកាត់បន្ថយកង្វល់អំពីភាពចាស់ជរារបស់ជនជាប់ចោទ និងភាពយឺតយ៉ាវនៃនីតិវិធីដោយសារបណ្តឹងសារទុក្ខ។
«ពីមុនមក យើងមានការបារម្ភអំពីភាពយឺតយ៉ាវនៃការកាត់ក្តីសំណុំរឿង០០២វគ្គ២នេះ។ ឥឡូវនេះយើងឃើញច្បាស់ហើយតាមកាលវិភាគរបស់តុលាការ។ យើងអាចនិយាយបានថា ការរង់ចាំរបស់ជនរងគ្រោះក្នុងការទទួលបាននូវយុត្តិធម៌គឺគាត់នឹងទទួលបាន»។
ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម អាយុ៨៣ឆ្នាំ និងនួន ជា អតីតប្រធានសភាខ្មែរក្រហមអាយុ៨៨ ឆ្នាំ ត្រូវផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីដើមខែសីហា ក្រោយពីតុលាការរកឃើញកំហុសទាក់ទងទៅនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្រោមការគ្រប់គ្រងរបស់ខ្លួន។
ការគ្រប់គ្រង ដែលមានរយៈពេលជិតបួនឆ្នាំ បានបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់យ៉ាងតិច១,៧លាននាក់។
ក្នុងពេលនេះ សហមេធាវីរបស់នួន ជា និងខៀវ សំផនកំពុងស្ថិតក្នុងដំណាក់កាលនៃការប្តឹងទាស់នឹងសាលក្រមខាងលើ។
លោកប៊ូ ម៉េង អតីតអ្នកទោសគុកទួលស្លែង និងជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ យល់ថា ការកាត់ទោសបន្ថែមក្នុងសំណុំរឿង០០២នេះធ្វើឲ្យលោកមានការពេញចិត្ត។
«បើចៅក្រមរកឃើញ និងរកបន្ថែមទៀត កាន់តែធ្វើឲ្យខ្ញុំពេញចិត្ត។ តាមខ្ញុំ ចង់ឲ្យកាត់ទោសអ្នកដែលសម្លាប់ផ្ទាល់ទៀតណ៎»។
អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានដាក់ផែនការកាត់ក្តីក្នុងសំណុំរឿង០០២វគ្គទី២នេះ ដោយផ្តោតលើឧក្រិដ្ឋកម្មធំៗចំនួន៧ចំណុច ក្នុងនោះមានឧក្រិដ្ឋកម្មដែលកើតឡើងនៅក្នុងសហករណ៍ ដូចជាសហករណ៍តាំ្រកក់ និងមន្ទីរសន្តិសុខក្រាំងតាចាន់ ខេត្តតាកែវដែលមានពលរដ្ឋ១៥០០០នាក់ត្រូវសម្លាប់។ ឧក្រិដ្ឋកម្មនៅការដ្ឋានការងារដូចជាការដ្ឋានទំនប់១មករា ការដ្ឋានទំនប់ត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និងការដ្ឋានព្រលានយន្តហោះខេត្តកំពង់ឆ្នាំង។ ឧក្រិដ្ឋកម្មលើក្រុមមនុស្សគោលដៅដែលត្រូវពួកខ្មែរក្រហមកម្ទេច ដូចជាជនជាតិចាម ជនជាតិវៀតណាម និងអតីតរាជការសម័យសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់។ ឧក្រិដ្ឋកម្មនៅតាមមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទៃក្នុង ដូចជាមន្ទីរសន្តិសុខអូរកន្សែង មន្ទីរសន្តិសុខភ្នំក្រោល និងមន្ទីរសន្តិសុខស ២១ ឬគុកទួលស្លែងជាដើម។
ក្រៅពីនោះ អង្គជំនុំជម្រះសាលាដំបូងនឹងផ្តោតលើគោលដៅឧក្រិដ្ឋកម្មចំនួនបីចុងក្រោយគឺបទល្មើសដែលទាក់ទងនឹងការចេញបញ្ជាឲ្យរៀបការដោយបង្ខំ លក្ខណៈនៃជម្លោះប្រដាប់អាវុធ និងតួនាទីរបស់ជនជាប់ចោទទាំងពីរគឺនួន ជា និងខៀវ សំផន។
តាមគម្រោង អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមនឹងចាប់ផ្តើមបើកសវនាការពិនិត្យភស្តុតាងលើឧក្រិដ្ឋកម្មក្នុងសហករណ៍ត្រាំកក់ ក្នុងខេត្តតាកែវជាប់ព្រំដែនវៀតណាមមុនគេ៕