សាលាក្តី​ខ្មែរក្រហម​ប្រកាស​តែងតាំង​ចៅក្រម​អាមេរិកាំង​បន្ត​ស៊ើបអង្កេត​សំណុំ​រឿង​បន្ថែម​

វ៉ាស៊ីនតោន​៖ សាលាក្តី​ខ្មែរក្រហម​ប្រកាស​ផ្លូវការ​ពីការ​តែងតាំង​ចៅក្រម​អាមេរិកាំង​ដើម្បីបន្ត ការ​ស៊ើបអង្កេត​សំណុំរឿង​ខ្មែរក្រហម​បន្ថែម។​

លោក​ម៉ាក ហាម៉ុន ​(Mark Harmon)​ជនជាតិ​អាមេរិកាំង​ត្រូវប្រកាស​ជាផ្លូវការ​នៅថ្ងៃនេះ​ជា​សហចៅក្រម​ស៊ើប​អង្កេត​នៃ​ភាគី​អន្តរជាតិ​នៃ​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​ ដើម្បី​បន្ត​នីតិវិធី​ស៊ើប​អង្កេត​សំណុំ​រឿង​បន្ថែម​នៃ​សាលាក្តី​ខ្មែរក្រហម​ដែល​រដ្ឋាភិបាល​កម្ពុជា​បានជំទាស់​ដាច់ខាត។​ ជនជាតិ​បារាំង​ម្នាក់​ លោក​ អូលីវីយេ​ បូវ៉ាឡេត​(Olivier Beauvallet )​ ត្រូវតែងតាំង​ជាមួយគ្នា​នោះដែរ​ជា​សហ​ចៅក្រមស៊ើប​អង្កេត​បម្រុង​នៃ​ភាគី​អន្តរជាតិ។​

សេចក្តី​ថ្លែង​ការណ៍​របស់​សាលាក្តី​ខ្មែរក្រហម​នៅថ្ងៃច័ន្ទ​នេះ​បាន​បញ្ជាក់​ថា៖

«រាជរដ្ឋាភិបាល​កម្ពុជា​បានជូន​ដំណឹង​ទៅ​អង្គការ​សហ​ប្រជាជាតិអំពី​សេចក្តី សម្រេច​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ថ្ងៃទី២០​ ខែ​មិថុនា​ ឆ្នាំ២០១២​ ដែល​តែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​ភាគី​អន្តរ​ជាតិ ​លោក​ ម៉ាក ហាម៉ុន​ ជនជាតិអាមេរិក​ និង​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​នៃ​ភាគីអន្តរជាតិ​ លោក​ អូលីវីយេ ​បូវ៉ាឡេត ​ជនជាតិបារាំង​ នៅអង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(អ.វ.ត.ក.)»។​

គ្មាន​ព័ត៌មាន​បញ្ជាក់​ឲ្យ​ដឹង​ ថា​តើសហ​ចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​ចូល​បំពេញ​ កិច្ចការ​ជំនួស​ឲ្យ​ចៅក្រមទាំងពីរ​ដែលបាន​លាឈប់​ពីមុខ​តំណែង​បន្តបន្ទាប់ ​ដោយសារ​អ្វីមួយ​ដែលគេ​អធិប្បាយថា ​ជា​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​សំណុំរឿង​០០៣ និង​០០៤​ នោះ​ទេ។​

លោក ​ឡា អូលសិន ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ភាគី​អ.ស.ប.​ បានអះអាង​ថា៖​
«យើង​មិនទាន់​មានថ្ងៃ​កំណត់​ជាក់លាក់​នៅឡើយទេ ​ថា​តើ​លោកចៅក្រម​ដែល ទទួល​ការ​តែងតាំងថ្មី​គឺ​លោក​ ម៉ាក ហាម៉ុន​នឹង​មកកាន់​ប្រទេស​កម្ពុជា​ពេល​ណាទេ។​ ប៉ុន្តែយើង​សង្ឃឹម​ថា​ ពេលវេលា​នោះ​នឹង​មកដល់​ក្នុង​ពេល​ឆាប់ៗ»។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​របស់​សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​ទៀត​ថា៖​
«អង្គការ​សហ​ប្រជាជាតិ​កំពុងតែ​រៀបចំ​ការ​ចេញ​ដំណើរ​របស់​លោក​ហាម៉ុន មក​កាន់​រាជធានី​ភ្នំពេញ ​ដើម្បី​ចាប់ផ្តើម​បំពេញ​ការងារ​របស់​លោក។ ​ការ​ចាប់​ផ្តើម​ការងារ​របស់​លោក ​ហាម៉ុន​នឹង​ធ្វើឲ្យ​អ.វ.ត.ក.​អាច​បន្ត​កិច្ចការ​ដ៏​សំខាន់​របស់​ខ្លួន​ក្នុងការ​ដាក់​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ត្រូវបាន​ប្រព្រឹត្ត​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ»។​

លោក​ម៉ាក ហាម៉ុន​ជាអតីត​រដ្ឋអាជ្ញា​សហព័ន្ធ​នៃរដ្ឋាភិបាល​ស.រ.អា.​រយៈ​ពេល​៥ឆ្នាំ​គឺ​ដល់​ឆ្នាំ១៩៩៤ ។​ លោកក៏ធ្លាប់​បាន​បំពេញ​មុខនាទី​ជា​រដ្ឋអាជ្ញា​ជិត​១៨​ឆ្នាំ​នៅ​សាលាក្តី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​អ.ស.ប.​សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី​ក្នុង​ទីក្រុង​ឡាអេ​ មុន​ពេល​តែងតាំង​ជា​សហ​ចៅក្រម​ស៊ើបអង្កេត​នៃសាលាក្តី​កាត់ទោស​ខ្មែរក្រហម ​កាលពីខែ​មិថុនា។ ​

លោកស្រី ​Clair Duffy ​អ្នកឃ្លាំមើល​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​នៃ​អង្គការ ច្បាប់​របស់​ស.រ.អា.មួយ​មាន​មូលដ្ឋាន​នៅស.រ.អា.​ បាន​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​អំពី​តែងតាំង​ចៅក្រម។​ តែនៅ​មាន​កិច្ចការ​បារម្ភ​យ៉ាង​ច្រើន​ផង​ដែរ។​

«យើង​នៅតែ​មានក្តី​បារម្ភ​យ៉ាង​ច្រើន​ចំពោះ​បញ្ហា​ថវិកា​តុលាការ​ ពីព្រោះ​ថា​មាន​មុខ​តំណែង​ទំនេរ​យ៉ាង​ច្រើន​ ​ក្នុង​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត។​ លោក​ទំនង​ជា​បាន​ឃើញ​ហើយ​ថា​ ថ្មីៗនេះ​គឺមាន​ការ​បង្កក​ថវិកា​សម្រាប់ការ​ តែងតាំង​បុគ្គលិក។​ យើង​មិនទាន់​ប្រាកដ​នៅ​ឡើយទេ​ថា​ ដំណើរការ​នេះ នឹង​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ចៅក្រម​ ហាម៉ុន ​ក្នុង​ការដាក់​បុគ្គលិក​ក្នុង ការិយាល័យ​របស់លោក។​ ជា​ការណ៍​ពិត​ នេះ​ជារឿង​សំខាន់​ណាស់​លើអ្វី​ដែល លោក​ចៅក្រម​ ហាម៉ុនត្រូវធ្វើ»។​

លោកស្រី​ Duffy ​បាន​បន្ថែមថា ​អ្វីដែល​គេរំពឹង​ចង់បាន​ជា​សំខាន់នោះ​គឺ​ការ​ស៊ើប​អង្កេត​ពិតប្រាកដ​និង​ប្រកប​ដោយ​ការ​ជឿ​ទុកចិត្តមួយ​ដើម្បី​ជម្រះ​ការ​ប៉ះ​ទង្គិច​ជា​អវិជ្ជមាន​រយៈ​ពេល​១៨​ខែ​មក​នេះ​លើកិច្ចការ​ដែល​មិនទាន់​បាន​បំពេញ។​

យ៉ាងណា​ក៏ដោយ​ ​បុគ្គលិក​នៃ​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាច្រើន​ នាក់​បាន​លាឈប់​ពីមុខ​តំណែង​ ​ហើយ​បោះបង់​ចោល​ការ​ស៊ើបអង្កេត​សំណុំ​រឿង​បន្ថែម​០០៣​ និង​០០៤​ ដែល​មាន​កម្មាភិបាល​ខ្មែរក្រហម​៥​នាក់ថ្នាក់​កណ្តាល។ ​

បុគ្គលិក​ខ្លះ​ក្នុង​ចំណោម​អ្នក​លាឈប់នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពីការ​រារាំង​និង​ ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ។​

សាលាក្តី​ខ្មែរក្រហម​ភាគីអ.ស.ប.​នឹង​អស់ថវិកា​នៅខែ​សីហា​ខាងមុខ​ផង​ដែរ។​ ប្រភព​ព័ត៌មាន​ពីក្រុម​ម្ចាស់ជំនួយ​បាន​អះអាង​ថា​ ការ​ប្រមូល​ថវិកា​សម្រាប់​គាំទ្រ​សាលាក្តី​ខ្មែរក្រហម​ភាគី​អ.ស.ប.​ពីម្ចាស់ជំនួយ​ពិត​ជា​មានការ​លំបាក​ណាស់​ ពេល​នេះ។​ មកទល់​ពេលនេះមានប្រទេស​តិចតួច​ដែល​បាន​ផ្តល់លុយ​តាម​ការ​សន្យា ​កាលពី​ចុងឆ្នាំ នៅ​ក្នុង​កិច្ចប្រជុំ​រៃអង្គាស​ថវិកា។​ សាលាក្តី​ខ្មែរក្រហម​ត្រូវការ​ទឹកបា្រក់ ​ប្រមាណ​៩០លាន​ដុល្លារសម្រាប់ឆ្នាំ​២០១២ ​និង​ឆ្នាំ​២០១៣។ ​

សាលាក្តី​ខ្មែរក្រហម​កំពុង​កាត់ទោស​សំណុំ​រឿង​០០២​ដែល​មាន​អតីត​មេដឹកនាំ​ខ្មែរក្រហម​កំពូលៗ​៣នាក់​ ដែល​មាន​វ័យ​ចំណាស់ៗ​គឺនួន​ ជា​បង​ធំទី២​ ខៀវ សំផន​ ប្រមុខ​រដ្ឋ​ និង​អៀង សារី​ រដ្ឋមន្ត្រីការ​បរទេស​ដែលជាប់ចោទ​ពី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នានា​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ពលរដ្ឋខ្មែរ​ស្លូតត្រង់​ជិត​២​លាននាក់​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩៕​