ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ដ្រី​សាលាក្ដី​ខ្មែរក្រហម​ទៅ​ការិយាល័យ​អ.ស.ប.​ដើម្បី​រក​ថវិកា


លោក​ហ៊ុយ ​វណ្ណៈ​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ (ឆ្វេង)
លោក​ហ៊ុយ ​វណ្ណៈ​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ (ឆ្វេង)

មន្ដ្រី​ផ្លូវការ​នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​សាលាក្ដី​នេះ​ត្រូវ​ការ​ថវិកា​បន្ថែម​ចំនួន​៨៩​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទ្រទ្រង់​ប្រតិបត្តិការ​កាត់ទោស​រយៈ​ពេល​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត។ ស្របពេល​ជាមួយ​គ្នា​នេះ ​លោក​ ក្រាញ់​ តូនី ​និង​លោក​គ្នុត​ រ៉ូស​សេនហក ​(Knut Rosandhug)​ ប្រធាន​ និង​អនុប្រធាន​រដ្ឋបាល​សាលាក្ដី​ខ្មែរក្រហម​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ញូយ៉ក ​សហ​រដ្ឋ​អាមេរិក ​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រៃអង្គាស​ថវិកា​ពី​ប្រទេស​ជា​មិត្ត​របស់​សាលាក្ដី​ និង​ប្រទេស​ម្ចាស់​ជំនួយ។​

លោក​ហ៊ុយ ​វណ្ណៈ​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ មាន​ប្រសាសន៍​ថា ​ភាគី​អង្គការ​សហ​ប្រជាជាតិ​ត្រូវ​ការ​ថវិកា​ចំនួន​៦៩​លាន​ដុល្លារ​ រីឯ​ភាគី​កម្ពុជា​ត្រូវ​ការ​តែ​២០​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ​នេះ។​

«ឆ្នាំ​២០១២​នេះ​ យើង​ត្រូវ​ការ​៤៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ហើយ​សម្រាប់​ឆ្នាំ​២០១៣ ​យើង​ត្រូវ​ការ​៤៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ហើយ​នៅ​ក្នុង​នោះ​ភាគី​កម្ពុជា​ត្រូវ​ការ​២០​លាន​ដុល្លារ»។​

តម្រូវ​ការ​ថវិកា​បន្ថែម​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​សាលាក្ដី​ខ្មែរក្រហម​កំពុង​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចាស់​ជរា​ចំនួន​បី​នាក់ ​ក្នុង​សំណុំ​រឿង​០០២។ ​ក៏ប៉ុន្ដ​ក្នុង​ពេល​កំពុង​ដំណើរការ​ក្ដី​នេះ ​បុគ្គលិក​កម្ពុជា​ចំនួន​១១​រូប ​ក្នុង​ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា ​និង​ការិយាល័យ​សហ​ចៅក្រហម​ស៊ើបអង្កេត ​ដែល​ជា​ផ្នែក​ដ៏​សំខាន់​ពីរ​របស់​សាលាក្ដី​ខ្មែរក្រហម​ បាន​លា​ឈប់​ពី​ការងារ ​និង​បាន​សុំ​ព្យួរ​ការងារ ​ដោយសារ​តែ​វិបត្តិ​ខ្វះ​ថវិកា​ខាង​ភាគី​កម្ពុជា។ ​ភាគី​កម្ពុជា​អស់​សាច់ប្រាក់​ផ្គត់ផ្គង់​ប្រាក់ខែ​បុគ្គលិក​របស់ខ្លួន​ទាំង​៣០០​នាក់​ ចាប់​តាំង​ពី​ខែ​តុលា ​ឆ្នាំ​២០១១​មក​ម្ល៉េះ។​

កាល​ពី​សប្ដាហ៍​មុន​ រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​បាន​ផ្ដល់​កញ្ចប់​ថវិកា​ចំនួន​១,២​លាន​អឺរ៉ូ ​ឬស្មើ​នឹង​ប្រមាណ​ជា​១,៥​លាន​ដុល្លារ​ ឲ្យ​ផ្នែក​គាំពារ​ជន​រងគ្រោះ​ក្នុង​សាលាក្ដី​ខ្មែរក្រហម។ ​ក៏ប៉ុន្ដែ​លោក​ហ៊ុយ ​វណ្ណៈ​បញ្ជាក់​ថា ​ថវិកា​នេះ​មិន​ចាត់​បញ្ចូល​ក្នុង​គម្រោង​ស្នើ​ថវិកា​នោះ​ទេ។​

លោក​ម៉ាទីន ​ណេសស៊ើគី ​(Martin Nesirk)​ អ្នក​នាំពាក្យ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ បាន ​គីមូន​ (Ban Ki-Moon)​ បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​សប្ដាហ៍​នេះ​ថា​ លោក​បាន​ដឹង​ថា ​មាន​សំណើ​ថវិកា​ពី​សាលាក្ដី​ខ្មែរក្រហម​រួច​ហើយ​ ហើយ​ក្រុម​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​ក៏​កំពុង​ពិចារណា​លើ​សំណើ​ទាំង​នេះ​ដែរ។ ​ប្រភព​ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​សម្រេច​លើ​ទឹក​ប្រាក់​ជំនួយ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ​ក្នុង​កិច្ចប្រជុំ​ដែល​នឹង​មាន​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​បាន ​គីមូន​ធ្វើ​ជា​អធិបតី។​

លោក​ហ៊ុយ ​វណ្ណៈ​បញ្ជាក់​ថា ​លោក​មាន​ជំនឿ​ពី​ផលវិជ្ជមាន​ពី​កិច្ច​ប្រជុំ​ជាមួយ​ប្រទេស​ម្ចាស់​ជំនួយ​នោះ។​

«ការ​រំពឹង​របស់​យើង​គឺ​ដោយសារ​តែ​លទ្ធផល​ដែល​តុលាការ​ធ្វើ​បាន​ ជាពិសេស​គឺ​បញ្ចប់​ទាំង​ស្រុង​នូវ​សំណុំរឿង​០០១ ​ប្រឆាំង​ឌុច។ ​ហើយ​យើង​កំពុង​តែ​បន្ដ​នូវ​ដំណើរ​ការ​ក្ដី​ករណី​សំខាន់​ គឺ​ការ​ជំនុំជម្រះ​លើ​ក្រុម​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរក្រហម»។​

សាលាក្ដី​ខ្មែរក្រហម​ត្រូវ​បង្កើត​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០០៦​សម្រាប់​កាត់ទោស​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់ ​និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ដែល​ត្រូវ​ស្ដី​បន្ទោស​ចំពោះ​ការ​ស្លាប់​ និង​ការ​សម្លាប់​រង្គាល​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។ ​រហូត​មក​ទល់​ពេល​នេះ​សាលាក្ដី​ចម្រុះ​អង្គការ​សហ​ប្រជាជាតិ ​និង​កម្ពុជា​នេះ​ចំណាយ​ថវិកា​អស់​ជាង​១៤០​លាន​ដុល្លារ​អាមេរិក។ ​បញ្ហា​កង្វះ​ថវិកា​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​សាលាក្ដី​កូន​កាត់​នេះ​ទេ៕

XS
SM
MD
LG