រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​ប្រាប់​បុគ្គលិក​ថា​«ប្រាក់ខែ​ត្រូវ​ពន្យារ​ពេល​ទៀត»​

ភាគី​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរក្រហម​ត្រូវការ​ថវិកា​ចំនួន​៩,៣​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៣​នេះ។

​ភ្នំពេញ​៖ រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​ជាតិ​បាន​ជូនដំណឹង​ដល់​បុគ្គលិក​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ប្រាក់ខែ​របស់​ពួកគេ​សម្រាប់​ខែធ្នូ​នឹង​ត្រូវ​ពន្យារពេល​តទៅ​ទៀត។ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ថា​ រហូត​ដល់​ពេល​ណា​នោះ​ទេ។​

សេចក្តី​បំភ្លឺ​នេះ​ធ្វើឡើង​បន្ទាប់ពី​បុគ្គលិក​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរក្រហម​ជិត​២០០​នាក់​ក្នុង​ចំណោម​បុគ្គលិក​កម្ពុជា​សរុប​២៨៧​នាក់​ក្នុង​សាលាក្តី​ខ្មែរក្រហម​បាន​ដាក់​សម្ពាធ​ឲ្យ​មានការ​ពន្យល់​ពី​ស្ថានភាព​ប្រាក់ខែ​របស់​ពួកគេ​យ៉ាង​យូរ​បំផុត​នៅ​ថ្ងៃទី​៣១​ខែមករា​នេះ​ បើ​ពុំ​នោះ​ទេ ​ពួកគេ​នឹង​ពិចារណា​ធ្វើ​ពហិការ​ការងារ។​

លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​ឲ្យ​ដឹង​ថា ​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​បាន​ពន្យល់​ដល់​ក្រុម​អ្នក​តវ៉ា​អំពី​ស្ថានភាព​ថវិកា​បច្ចុប្បន្ន​និង​ស្ថានភាព​ផ្តល់​ជំនួយ​ពី​អន្តរជាតិ។​

«ការិយាល័យ​រដ្ឋបាល​ជម្រាប​ថា​ ការ​ផ្ទេរ​ប្រាក់ខែ​សម្រាប់​ខែធ្នូ​នេះ​មានការ​យឺត​យ៉ាវ ​ហើយ​ត្រូវ​ពន្យារពេល​បន្ថែមទៀត​ដោយសារ​តែ​នីតិ​វិធី​ក៏ដូចជា​បច្ចេក​ទេស​ទម្លាក់​ថវិកា។ ​ហើយ​ចំណុច​ទី២​អំពីគម្រោង​ថវិកា​កែសម្រួល​ឆ្នាំ​២០១៣​ រហូត​មក​ទល់​ពេលនេះ​ យើង​អត់​ទាន់​ទទួល​បាន​នូវ​ការ​សន្យា​ពី​ប្រទេស​ម្ចាស់​ជំនួយ​នៅ​ឡើយ​ទេ។ ​ហើយ​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​២០១៣​កំពុង​ទន្ទឹង​រង់ចាំ​ការ​អនុម័ត​ចុងក្រោយ​ពី​សំណាក់​ប្រទេស​សំខាន់ៗ​ដែល​គាំទ្រ​ដំណើរការ​តុលាការ»។​

មន្ត្រី​អ្នក​នាំពាក្យ​ដដែល​បញ្ជាក់​ថា ​ការពន្យល់​នេះ​អាច​ធ្វើ​ឲ្យ​បុគ្គលិក​កម្ពុជា​ដែល​ធ្វើការ​តវ៉ា​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ចិត្ត​បន្តិច​ ប៉ុន្តែ​គេ​នៅ​មិន​ប្រាកដ​ពី​ភាព​ស្ងប់ស្ងៀម​នេះ​នៅ​ឡើយ។​

«ការ​ទន្ទឹងរ​បស់​គាត់​មាន​កំណត់។ ​យើង​មិនដឹង​ថា ​ប្រតិកម្ម​បន្ត​បន្ទាប់​មក​ទៀត​មាន​យ៉ាង​ម៉េច​ទេ។ ​យើង​នឹង​រង់​ចាំមើល»។​

ភាគី​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរក្រហម​ត្រូវការ​ថវិកា​ចំនួន​៩,៣​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៣​នេះ។ ​ប៉ុន្តែ​បុគ្គលិក​ស្ទើរតែ​ទាំងអស់​ក្នុង​ភាគី​ជាតិ​មិន​បាន​ទទួល​ប្រាក់ខែ​របស់​ពួក​គេ​ចាប់​តាំងពី​ខែ​ធ្នូ​មក​ម្ល៉េះ។​

ថវិកាចំនួន​២,៥​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​ផ្តល់​ដោយ​ភាគី​ជាតិ​និង​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​កាលពី​ពេល​ថ្មីៗ​នេះ ​ប៉ុន្តែ​ថវិកា​ទាំងនោះ​សម្រាប់​គ្រប​ដណ្តប់​លើ​ថ្លៃ​ទឹក ​ភ្លើង​ និង​សម្រាប់​ផ្នែក​គាំពារ​ជន​រង​គ្រោះ។

លោក​នេត្រ ភក្ត្រា​ឲ្យ​ដឹង​ថា ​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​មាន​ជប៉ុន ​បារាំង​ អង់គ្លេស​ អូស្ត្រាលី ​អាមេរិក​ និង​តំណាង​ប្រទេស​នៃ​សហគមន៍អឺរ៉ុប​បាន​ចាប់​ផ្តើម​ធ្វើ​គម្រោង​ថវិកា​ដែល​ស្នើ​ដោយ​សាលាក្តី​ខ្មែរក្រហម​ ក៏ប៉ុន្តែ​លោក​មិន​មាន​ព័ត៌មាន​លម្អិតនោះ​ទេ។​
កាលពី​ដើម​សប្តាហ៍​មុន​ មន្ត្រី​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម ​និង​លោក​សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​ជួប​ជា​មួយ​ឯក​អគ្គរដ្ឋទូត​ និង​ឯក​អគ្គ​រាជទូត​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​ជប៉ុន​ដើម្បី​ជម្រាប​អំពី​បញ្ហា​គំរាម​កំហែង​ផ្នែក​ថវិកា​ដល់​ភាគី​ជាតិ​នេះ ​ក៏​ប៉ុន្តែ​តំណាង​ប្រទេស​ទាំង​ពីរ​មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​នេះ​ភ្លាមៗ ​នៅ​ឡើយ៕​