ព្រះមហាក្សត្រ​ខ្មែរ​យាង​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (ឆ្វេង) ជាមួយ​នឹង​ព្រះចៅអធិរាជជប៉ុន Akihito នៅទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ឧសភា ២០១០។

ភ្នំពេញ៖ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​នៅ​វៀតណាម​នៅ​ថ្ងៃ​ច​ន្ទនេះ​សំដៅ​ពង្រឹង​មិត្តភាព​ប្រទេសជិតខាង​គ្នា​ទាំងពីរ។
យោងតាម​ព្រះរាជសារ​ផ្ញើជូន​ជនរួមជាតិ​ព្រះមហាក្សត្រ​ខ្មែរ​មាន​ព្រះរាជឱង្កា​ថា ព្រះអង្គ​នឹង​មិន​មាន​ព្រះរាជ​វត្តមាន​នៅ​ក្នុង​ប្រទេស​រហូតដល់​ថ្ង​ទី២៦ ខែ​កញ្ញា​ដោយសារ​ព្រះរាជទស្សនកិច្ច​នេះ​ប៉ុន្តែ​ព្រះមហាក្សត្រ​មិន​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ព្រះរាជ​បេសកកម្ម​ក្រៅប្រទេស​នេះ​ទេ។
លោក​អ៊ុម ដារាវុធ សមាជិក​ព្រះរាជ​ខុ​ទ្ធ​កាល័យ​មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ​បាន​យាង​ចាក​ចេញ​រួច​ហើយ​កាលពី​ព្រឹក​មិញ​នេះ​ប៉ុន្តែ​លោក​មិន​បន្ថែម​សេចក្ដី​អត្ថាធិប្បាយ​អ្វី​នោះ​ទេ។
«ត្រូវ​ហើយ​ព្រះអង្គ​យាង​ទៅ​វៀតណាម​ព្រឹក​មិញ»។
នេះ​គឺជា​ព្រះរាជទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទៅកាន់​ប្រទេស​វៀតណាម​ជា​លើក​ទី៤ហើយ​ចាប់តាំងពី​ព្រះអង្គ​ឡើង​គ្រង​រាជ​នៅ​ឆ្នាំ ២០០៤​មក។ ព្រះរាជ
ទស្សនកិច្ច​លើក​នេះ​ធ្វើឡើង​តាម​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី​វៀតណាម ជឿង តាន់ សាង (Truong Tan Sang)។
បើ​ផ្អែក​តាម​សេចក្ដីរាយការណ៍​របស់​វិទ្យុផ្សាយសំឡេង​វៀតណាម ព្រះរាជទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ​គឺ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ ដែល​មាន​ចំណង​ការទូត​ឈាន​ដល់​ខួប​ឆ្នាំ​ទី៤៥ឆ្នាំ​ហើយ​នៅ​ឆ្នាំ២០១២នេះ។
វៀតណាម​គឺជា​ប្រទេស​វិនិយោគិន​សំខាន់​មួយ​ក្នុងប្រទេស​កម្ពុជា។ វៀតណាម​វិនិយោគ​ច្រើន​លើ​ផ្នែក​កសិ​ឧស្សាហកម្ម​ដូចជា​ដំណាំ​កៅស៊ូ និង​អំពៅ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន។ បណ្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​កើន​ដល់​២,៤ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ២០១១ ហើយ​ប្រទេស​ទាំងពី​រំពឹង​ថា បណ្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​អាច​នឹង​កើន​ដល់៣,៤ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ។
កម្ពុជា និង​វៀតណាម​ទើបតែ​បានបញ្ចប់​ការ​កំណត់​បង្គោល​ព្រំដែន​រួម​កាល​ពី​ពេល​ថ្មីៗ​នេះហើយ​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ពាក្យសម្តី​ជាច្រើន​ជុំវិញ​អរិយ​ភាព​ព្រំដែន​នៃ​ប្រទេស​ជាប់​របង​គ្នា​នេះ៕