ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ខ្មែរក្រហម​និង​សាក្សីខ្មែរ​ក្រហម​ក្នុង​សំណុំរឿង​០០២​និយាយ​ថា ​អតីត​ព្រះមហាក្សត្រ​នរោត្តម ​សីហនុ​បាន​ចូលរួម​ចលនា​របស់គេ


សម្តេចឪ​ នរោត្តម​ សីហនុ​ និង​សម្តេច​ម៉ែ​ នរោត្តម​ មុនីនាថ​ សីហនុ​ ស្វាគមន៍​សិស្សានុសិស្ស​ ដែល​ឈរ​អម​នៅ​លើ​ផ្លូវ​ ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ទី​ ៥០​ ក្នុង​រាជធានី​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០០៣។
សម្តេចឪ​ នរោត្តម​ សីហនុ​ និង​សម្តេច​ម៉ែ​ នរោត្តម​ មុនីនាថ​ សីហនុ​ ស្វាគមន៍​សិស្សានុសិស្ស​ ដែល​ឈរ​អម​នៅ​លើ​ផ្លូវ​ ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ទី​ ៥០​ ក្នុង​រាជធានី​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០០៣។

ជន​ជាប់​ចោទ​នួន ​ជា ​និង​ខៀវ​ សំផន ​រួម​ទាំង​សាក្សី​សក្ដានុពល ​លោក​ ឡុង ​នរិន្ទ​ ដែល​ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម ​សុទ្ធ​តែ​បាន​ភ្ជាប់​ការ​រួម​ចំណែក​របស់​អតីត​ព្រះមហាក្សត្រ​នរោត្តម ​សីហនុ ​ក្នុង​ចលនា​តស៊ូ​កុម្មុយនីស្ដ​ម៉ៅ​និយម​របស់​ពួក​ខ្លួន។ ​បើ​ទោះ​ជា​មិន​បាន​បង្ហាញ​ពី​ភាព​ស៊ី​ជម្រៅ​ខ្លាំងក្តី ​ការ​ទាញ​ចំណង​ភ្ជាប់​គ្នា​នេះ​បាន​កើត​ឡើង​ជា​បន្ដ​បន្ទាប់​ក្នុង​ការ​កាត់ទោស​សំណុំ​រឿង​០០២​ អស់​រយៈពេល​ពីរ​សប្ដាហ៍​កន្លង​មក​នេះ។

ក៏ប៉ុន្ដែ​លេខា​ផ្ទាល់​របស់​ព្រះអង្គ​បាន​អះអាង​ថា ​ព្រះអង្គ​បន្ដ​រក្សា​ភាព​ស្ងប់​ស្ងៀម​ចំពោះ​ការ​លើក​ឡើង​ទាំង​នោះ។

សាលាក្ដី​ខ្មែរក្រហម​បាន​បើក​សវនាការ​សំណុំរឿង​០០២​ ចាប់​តាំង​ពី​ថ្ងៃ​ទី​៥ ​ខែ​ធ្នូ​មក​ម្ល៉េះ។ ​អតីត​មេដឹកនាំ​កំពូល​ដែល​មាន​វ័យ​ចាស់​ជរា​នៃ​របប​ខ្មែរក្រហម​ចំនួន​បី​នាក់​ ដែល​ត្រូវ​នាំ​ខ្លួន​ចូល​រង្វង់​ក្រចក​សេះ ​រួម​មាន​នួន​ ជា ​ អតីត​ប្រធាន​សភា​ និង​ជា​អគ្គលេខា​រង​នៃបក្សកុម្មុយនីស្ដ​កម្ពុជា​ ដែល​ជា​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​លំដាប់​ទី​២​ បន្ទាប់​ពី​ប៉ុល ​ពត ​ខៀវ ​សំផន​ អតីត​ប្រមុខរដ្ឋ​នៃ​របប​ខ្មែរក្រហម ​និង​អៀង ​សារី ​អតីត​ឧបនាយក​រដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ការ​បរទេស។ ​ដោយឡែក​អៀង ​ធីរិទ្ធ ​ដែល​ស្ថិត​ក្នុង​សំណុំរឿង​នេះ​ដែរ ​ត្រូវ​តុលាការ​រក​ឃើញ​ថា​ មិន​មាន​សម្បទា​គ្រប់គ្រាន់​សម្រាប់​ចូលរួម​ការ​កាត់ទោស​នោះ​ទេ។

នៅ​ពេល​ចាប់​ផ្ដើម​បើក​សវនាការ​កាល​ពី​សប្ដាហ៍​មុន​ ខៀវ ​សំផន​បាន​ចោទ​សួរ​តុលាការ​ថា​ ហេតុអ្វី​បាន​ជា​«មិន​នាំ​ព្រះកាយ»​របស់​អតីត​ព្រះមហាក្រត្ស​ចូល​ក្នុង​តុលាការ​ផង។​ ហើយ​ក្នុង​ពេល​បន្ត​បន្ទាប់ ​នួន ​ជា ​ដែល​ជាអតីតប្រធាន​សភា​ខ្មែរក្រហម ​បាន​ថ្លែង​ថា​ អតីត​ព្រះមហាក្សត្រ​បាន​ស្ថិត​នៅ​កៀក​នឹង​ចលនា​តស៊ូ​របស់​ពួក​ខ្មែរក្រហម​ដែរ។

«ឆ្នាំ​១៩៧៣ ​ព្រះករុណា​កាល​នោះ ​នៅ​ប៉េកាំង ​លោក​មាន​ព្រះរាជ​បំណង ​ចង់​មក​ធ្វើ​ទស្សនកិច្ច​ សួរ​សុខ​ទុក្ខ​កូនចៅ​ព្រះអង្គ​ នៅ​ក្នុង​ប្រទេស។ ​ដូច្នោះ​ តាមរយៈ​ចិន​ឲ្យ​ទាក់ទង​មក​បក្ស​កុម្មុយនីស្ត​កម្ពុជា។​ ពេលនោះ​យន្តហោះ​អាមេរិក​កំពុង​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង។ ​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ​ ក៏​បក្ស​កុម្មុយនីស្ត​កម្ពុជា​ត្រៀម​រៀបចំ​សព្វ​គ្រប់​ដើម្បី​រក្សា​សន្តិសុខ​ថ្វាយ​ព្រះអង្គ​ពេញទី ​រួច​ហើយ​ក៏​ធ្វើ​ដំណើរ​ជូន​ព្រះអង្គ​ត្រឡប់​ទៅ​វិញ ​ទៅ​ហាណូយ ​ហើយ​ក៏​ត្រឡប់​ទៅ​ប៉េកាំង​វិញ​ ដើម្បី​ដំណើរការ​ដឹកនាំ​តស៊ូ​ត​ទៅ​ទៀត»។

ដោយឡែក​លោក​ឡុង ​នរិន្ទ​ សាក្សី​សំខាន់​មួយ​រូប​ដែល​បាន​ធ្វើ​ការ​ក្រោម​អំណាច​របស់​អៀង ​សារី ​បាន​បង្ហាញ​ថា ​លោក​បាន​ចូលរួម​ក្នុង​ចលនា​នយោបាយ​កុម្មុយនីស្ដ​ខ្មែរក្រហម​តាម​ការ​អំពាវនាវរបស់​សម្ដេច​ឪ​ នរោត្តម​ សីហនុ ​ក្នុង​ពេល​ដែល​ព្រះអង្គ​កំពុង​គង់​នៅ​ទីក្រុង​ប៉េកាំង។

ព្រះអង្គ​ម្ចាស់ ​ស៊ីសុវត្ថិ​ ធម្មិកោ ​ជា​លេខា​របស់​អតីត​ព្រះមហាក្សត្រ ​និង​ជា​សមាជិក​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ​មាន​ព្រះបន្ទូល​ប្រាប់​វីអូអេ ​សម្លេង​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ​ថា​ អតីត​ព្រះ​មហាក្សត្រ​មិន​ប្រតិកម្ម​តប​ទៅ​នឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​នេះ​ទេ។

«អ្វី​ដែល​ថ្នាក់​ដឹកនាំ​ខ្មែរក្រហម ​សម្តែង​សព្វ​ថ្ងៃ​ហ្នឹង​នៅ​ក្នុង​តុលាការ​ហ្នឹង ​គឺ​មិន​មែន​ទាំង​អស់​ទេ​ លោក​មិន​បាន​ប្រតិកម្ម​អី​ជា​ពិសេស​នោះ​ទេ។ ​ចង់​មិន​ចង់​ លោក​ក៏​ជា​អ្នក​រងគ្រោះ​មួយ​ដែរ​ពី​ខ្មែរក្រហម»។

ព្រះអង្គ​ម្ចាស់​ធម្មិកោ​បាន​បន្ថែម​ថា ​នោះ​គឺ​ជា​សេចក្ដី​អះអាង​នៅ​ក្នុង​ការ​ដេញ​ដោល​តាម​ផ្លូវ​តុលាការ​តែ​ប៉ុណ្ណោះ។

«អ្វី​ដែល​លោក​ខៀវ ​សំផន ​លោក​អៀង ​សារី ​ជាមួយ​មេធាវី​ខៀវ ​សំផន ​មេធាវី​អៀង ​សារី ​នួន​ ជាទាំង​អស់​ហ្នឹង ​គឺ​លើក​យក​មក​និយាយ​នៅ​ក្នុង​ក្របខណ្ឌ​តុលាការ។ ​ពេលណា​ដែល​ក្តី​ហ្នឹង​មិន​ទាន់ចប់​ យើង​មិន​អាច​យក​ពាក្យ​ទាំង​អស់​ហ្នឹង​មក​បកស្រាយ ​អត្ថាធិប្បាយ​ជា​ផ្លូវការ​ទេ»។

សម្តេច​ឪ ​នរោត្តម ​សីហនុ​ធ្លាប់​បាន​ជំទាស់​នឹង​ការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ កាល​ពី​ឆ្នាំ​២០០៥ ​ដោយ​ព្រះ​អង្គ​ទ្រង់​ព្រះ​តំរិះ​ឃើញ​ថា​ ថវិកា​ចំណាយ​សម្រាប់​ដំណើរ​ការ​កាត់ទោស​រាប់លាន​ដុល្លារ​នោះ​ នឹង​មាន​ប្រយោជន៍​ជាង​ ប្រសិន​បើ​ត្រូវ​បង្វែរ​ទៅ​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នោះ។​ ព្រះ​តំរិះ​នេះ​ កើត​ឡើង​មុន​បន្តិច​នៃ​ការ​ចាប់​ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​របស់​សាលាក្ដី​ខ្មែរក្រហម។

នួន​ ជា​ នៅ​ក្នុង​សវនាការ​បាន​រំឭក​ថា ​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​បាន​ធ្វើ​ពិធី​ជប់លៀង​សម្រាប់​អតីត​ព្រះមហាក្សត្រ ​ក្នុង​ពេល​ដែល​ព្រះអង្គ​យាង​ទត​ចលនា​តស៊ូ​ពួក​ខ្មែរក្រហម។

«ពេល​នោះ ​មាន​ការ​ធ្វើ​ការ​ជប់លៀង​ថ្វាយ​ព្រះអង្គ។ ​មាន​ប៉ុល ​ពត ​មាន​សុន ​សេន ​មាន​អៀង ​សារី។​ អៀង ​សារី ​ជូន​ដំណើរ​ព្រះអង្គ​មក​ដែរ ​ហើយ​មាន​កម្មាភិបាល​ថ្នាក់​ភូមិភាគ​មួយ​សចំនួន»។

ក្រុម​មេធាវី​ការពារក្ដី​របស់​នួន ​ជា ​និង​សហចៅក្រម​ស៊ើបអង្កេត​ធ្លាប់​បាន​ស្នើ​យាង​សម្តេច​នរោត្តម​ សីហនុ​ចូល​ផ្ដល់​សក្ខីកម្ម​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ផង​ដែរ​ ក៏​ប៉ុន្ដែ​ការ​ប៉ុនប៉ង​នេះ​បាន​ទទួល​បរាជ័យ​ដែល​រុំព័ទ្ធ​ដោយ​ភាព​ស្មុគ្រស្មាញ។

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​បាន​កាន់​កាប់​អំណាច​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ​ខែ​មេសា​ ឆ្នាំ​១៩៧៥ ​ដល់​ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​១៩៧៩។ ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់​គឺ​ស្លាប់​ដោយសារ​ការ​ធ្វើ​ការ​ដោយ​បង្ខំ ​ការ​បង្អត់​អាហារ ​និង​ការ​សម្លាប់​ជា​ដើម។

ជន​ជាប់​សង្ស័យ​សរុប​ចំនួន​ប្រាំ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់។ ​ក្នុង​នោះ ​ឌុច ​អតីត​មេ​គុក​ទួលស្លែង​ដែល​ជាប់​ចោទ​ក្នុង​សំណុំរឿង​០០១ ​នឹង​ត្រូវ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ប្រកាស​សាលដីកា​ ​កំណត់​ទោស​ ឬ​យ៉ាង​ណា​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​២០១២។ ​ឌុច​ត្រូវ​សាលា​ដំបូង​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​ចំនួន​៣៥​ឆ្នាំ ​ប៉ុន្ដែ​ត្រូវ​កាត់​កង​នៅ​ត្រឹម​១៩​ឆ្នាំ។ ​ហើយ​សាលាក្ដី​ខ្មែរក្រហម​នឹង​ត្រូវ​ការ​ពេលវេលាច្រើន​ឆ្នាំ​ត​ទៅ​ទៀត​សម្រាប់​ធ្វើការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចាស់​ជរា​ក្នុង​សំណុំរឿង​០០២។ ​រី​ឯ​សំណុំរឿង​បន្ថែម​០០៣ ​និង​០០៤​ ដែល​មាន​ជន​ជាប់​សង្ស័យ​ចំនួន​ប្រាំ​នាក់​ទៀត​ ដែល​សុទ្ធសឹង​មាន​វ័យ​ចាស់​ជរា​ដែរ​នោះ​ស្ថិត​ក្នុង​ភាព​ឃ្លីងឃ្លោង​ ប្រទាញ​ប្រទង់​យ៉ាង​ខ្លាំង​រវាង​ភាគី​ ជាតិ​និង​ភាគី​អន្ដរជាតិ​ក្នុង​តុលាការ​កូនកាត់​សព្វ​ថ្ងៃ​នេះ។

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​មាន​បន្ទូល​ថា​ អតីត​ព្រះ​មហាក្សត្រ​មិន​មាន​ជំនឿ​លើ​យុត្តិធម៌​បាន​ពី​តុលាការ​នេះ​ទេ។

«លោក​មិន​គិត​ត្រឹម​តែ​ព្រះរាជ្យវង្ស​ទេ ​ព្រោះ​លោក​ជា​ព្រះបិតា​ជាតិ។ ​ដូច្នេះ​លោក​គិត​រហូត​ដល់​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស ​ព្រមទាំង​ប្រជារាស្ត្រខ្មែរ​ ដែល​រស់​នៅ​បរទេស​ផងដែរ។​ លោក​បាន​បញ្ចេញ​នូវ​មតិ​របស់​លោក​តាំង​ពី​ឆ្នាំ​២០០៥​ មក​ម្ល៉េះ។ ​លោក​មិន​ជឿ​ថា​ តុលាការ​ហ្នឹង​អាច​ផ្តល់​យុត្តិធម៌​ទៅ​ឲ្យ​ប្រទេស​ខ្មែរ​ ឬ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ទាំង​អស់​នោះ​ទេ។​ មិន​អាច​ទេ»។

មន្ដ្រី​អ្នកនាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម ​និង​ក្រុម​មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល​ ដែល​តាម​ឃ្លាំមើល​ដំណើរ​ការ​កាត់ទោស​ ធ្លាប់​បាន​ពន្យល់​ថា ​យុត្តិធម៌​បាន​ពី​ការ​កាត់​ទោស​នេះ​នឹង​មិន​អាច​ឆ្លើយ​តប​តាម​ការ​ចង់​បាន​របស់​ជន​រងគ្រោះ​១០០ភាគរយ​នោះ​ទេ។ ​ក៏ប៉ុន្ដែ​វា​នឹង​ក្លាយ​ជា​យុត្តិធម៌​ ដែល​តម្រូវ​តាម​ស្តង់ដា​អន្ដរជាតិ។

អតីត​ព្រះមហាក្សត្រ​ នរោត្តមសីហនុ​ធ្លាប់​គង់​ជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៧៦ ​ប៉ុន្ដែ​លោក ​ឡុង ​នរិន្ទ​ ដែល​ជា​សាក្សី​ បាន​បញ្ជាក់​ថា ​ព្រះអង្គ​មិន​មាន​អំណាច​អ្វី​នោះ​ទេ៕

XS
SM
MD
LG