មានព្រះរាជបន្ទូលដ៏កម្រនិងមិនដែលធ្លាប់មាននៅក្នុងព្រះរាជពិធីចម្រើនព្រះជន្ម ៨៩ព្រះវស្សាយាងចូល៩០ព្រះវស្សា និងគម្រប់ខួបលើកទី២០នៃការយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ សម្តេចឪនរោត្តមសីហនុបានមានព្រះរាជបន្ទូលថា ចាប់ពីពេលនេះតទៅព្រះអង្គឈប់យាងនិវត្តទៅក្រៅប្រទេស ដើម្បីព្យាបាលរោគរបស់ព្រះអង្គទៀតហើយ ហើយប្រសិនណាព្រះអង្គមានបញ្ហាខាងសុខភាព ព្រះអង្គនឹងអញ្ជើញគ្រូពេទ្យចិនមកព្យាបាលនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងចំណោមមហាជន មន្ត្រីរាជការ និងមន្ត្រីអង្គការសង្គមស៊ីវិលជាច្រើនរាប់ពាន់នាក់ សម្តេចឪនរោត្តមសីហនុបានមានព្រះរាជបន្ទូលទៀតថា ការមិនយាងចាកចេញទៅក្រៅប្រទេសនេះគឺដើម្បីបង្ហាញប្រាប់ពិភពលោកថា យើងបានរួបរួមគ្នាល្អណាស់ គឺផ្លូវសន្តិភាព ផ្លូវឯករាជ្យ និងបន្តកសាងប្រទេស។
សម្តេចឪបានបញ្ជាក់ទៀតថា យើងកសាងប្រទេសជាតិដើម្បីឲ្យកម្ពុជាប្រាស់ចាកជាដាក់ខាតពីឋានៈទន់ខ្សោយ ទៅរកឋានៈជាអំណាចមួយនៅក្នុងពិភពលោកគឺរួបរួមគ្នាជាធ្លុងមួយរវាងព្រះមហាក្សត្រ រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជារាស្ត្រ។
«មិនមានមហិច្ឆតាដល់ទៅចង់ធ្វើមហាអំណាចនោះទេ គឺថា យើងចង់តែឲ្យគេទទួលស្គាល់ថា យើងរួបរួមគ្នា ប្រែមកថាខ្លាំងរឹងមាំ»។
សម្តេចឪនរោត្តមសីហនុ និងសម្តេចម៉ែនរោត្តមមុនីនាថសីហនុបានយាងនិវត្តន៍មកកាន់មាតុប្រទេសវិញជាលើកដំបូង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ។ រយៈពេល២០ឆ្នាំ បន្ទាប់ពីការយាងមកកាន់មាតុប្រទេសវិញ សម្តេចនរោត្តមសីហនុ ព្រះអង្គមានព្រះរាជតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិនយោបាយធំៗនៅក្នុងប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា កន្លងមក ក៏ដូចជាបច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជានិច្ចកាល បានដង្ហែតាមព្រះរាជតម្រិះដ៏ថ្លៃថ្លាភ្លឺស្វាងរបស់ព្រះករុណាព្រះមហាវីរក្សត្រជាងរៀងរហូត។
«តែងបានសង្កេតថ្វាយនូវមនោសញ្ចេតនា គោរពស្រឡាញ់ក្នុងទឹកចិត្តប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រៀលជ្រៅបំផុត និងស្មោះត្រង់បំផុតចំពោះព្រះអង្គ ព្រះបិតាឯករាជ្យជាតិ បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ»។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រឆាំង [សម រង្ស៊ី] បាននិយាយថា លោកគាំទ្រឲ្យមានព្រះវត្តមានរបស់ព្រះអង្គនៅក្នុងប្រទេស។ លោកបានបញ្ជាក់ថា មានតែព្រះអង្គទេ ដែលធានានូវការបង្រួបបង្រួមជាតិ និងការពារបូរណភាពទឹកដីពិតប្រាកដ។
«វត្តមានរបស់ព្រះអង្គចូលរួមចំណែកធ្វើឲ្យយ៉ាងណាដើម្បីធានាថា ការបោះឆ្នោត នៅពេលខាងមុខនេះត្រូវតែមានវត្តមានឯកឧត្តមប្រធានសម រង្ស៊ី ហើយទង្វើឯកឧត្តមប្រធានសម រង្ស៊ីជាទង្វើមួយនៅក្នុងការការពារបូរណភាពទឹកដី នឹងមិនមែនការពារផលប្រយោជន៍របស់បរទេសទេ»។
លោកប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស មិនបានធ្វើអត្ថាធិប្បាយចំពោះព្រះរាជតម្រិះរបស់ព្រះមហាក្សត្រទេ ក៏ប៉ុន្តែលោកបានបញ្ចេញទស្សនៈថា គណបក្សនយោបាយអាចស្តាប់ព្រះតម្រិះរបស់ព្រះអង្គ ដោយសារតែព្រះអង្គជាទីគោរពរបស់គ្រប់គណបក្សនយោបាយទាំងអស់។
«ដោយថា ដំបូងលោកមានការគោរពពីគ្រប់ភាគីនយោបាយ។ ហើយដូច្នេះតិច ឬច្រើនខ្ញុំមានជំនឿថា គ្រប់គណបក្សនយោបាយទាំងអស់អាចស្តាប់ខ្លះ។ វាអាស្រ័យទៅលើគណបក្សនយោបាយមួយៗទេបាទ។ ព្រះអង្គមានឥទ្ធិពលខាងផ្នែកសីលធម៌ បានទទួលការគោរពពីប្រជារាស្រ្តភាគច្រើន។ ដូច្នេះអាចថា ជាវិភាគទានមួយដែរ នៅក្នុងបញ្ហារបស់ប្រទេស»។
លោកធន់ សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បាននិយាយថា សម្តេចឪ ជាព្រះបិតាបង្រួបបង្រួមជាតិ ហើយនៅពេលដែលព្រះអង្គគង់នៅក្នុងប្រទេស ធ្វើឲ្យប្រជារាស្ត្រមានភាពកក់ក្តៅ។ ក៏ប៉ុន្តែទោះជាងយ៉ាងណាក៏ដោយ បញ្ហាសំខាន់ត្រូវតែដោះស្រាយបញ្ហាសង្គម ដែលកំពុងតែកើតមានឡើងនៅក្នុងពេលបច្ចុប្បន្ននេះ។
«កុំឲ្យមានភាពក្រីក្រ ដែលមានភាពអយុត្តិធម៌ ការរឹបអូសយកដីធ្លី ការដែលមានអយុត្តិមធ៌នៅក្នុងប្រព័ន្ធតុលាការ។ កុំឲ្យមានគម្លាតឆ្ងាយពេក រវាងអ្នកមាននិងអ្នកក្រហ្នឹង ហើយនឹងការដែលធ្វើអ្វី ដែលគម្លាតហ្នឹងកាន់តែឆ្ងាយទៀត។ អាហ្នឹងហើយជាការរក្សាស្ថិរភាពមួយសំខាន់ជាងការគង់នៅរបស់ព្រះអង្គទៀត»។
សម្តេចឪនរោត្តមសីហនុ និងសម្តេចម៉ែនរោត្តមមុនីនាថសីហនុ យូរម្តងៗ ព្រះអង្គបានយាងចាកចេញពីប្រទេសកម្ពុជា ទៅគង់ប្រថាប់នៅក្នុងប្រទេសចិនប្រជាមានិត ដើម្បីព្យាបាលរោគរបស់ព្រះអង្គ៕