ខៀវ សំផន​សម្រាក​នៅ​មន្ទីរពេទ្យ​តែ​មិន​ឈឺ​ធ្ងន់ធ្ងរ​ទេ

ខៀវ សំផន​ធ្លាប់​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​កាលពី​ឆ្នាំ​២០០៨​​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។

ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មក​អតីត​ប្រមុខ​រដ្ឋ​នៃ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ ខៀវ សំផន ​បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​សូវៀត​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​ គង់ សំអុន សហមេធាវីកម្ពុជា​របស់​ជនជាប់​ចោទ​ អាយុ​៨២​ឆ្នាំ​រូប​នេះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា កូន​ក្តី​របស់​លោក​មាន​ជំងឺ​គ្រុន​ផ្តាសាយ​ធំ​និង​ក្តៅ​ខ្លួន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​គ្រូ​ពេទ្យ​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន។

លោក​ថ្លែង​ថា៖ «ដោយសារ​គាត់​ជា​មនុស្ស​ចាស់​ ដូច្នេះ​ពេទ្យ​ត្រូវ​ប្រុង​ប្រយ័ត្ន​ហើយ​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ។​ ព្រោះ​កាល​ណា​គាត់​ឈឺ​ធ្ងន់​គេ​ជួយ​លែង​រួច​ ដោយ​មាន​ការ​លំបាក​ផ្នែក​សុខភាព។»

លោក​សហមេធាវី គង់ សំអុន បញ្ជាក់​ថា​ សុខភាព​ជនជាប់​ចោទ​ខៀវ សំផន មាន​សភាព​ធម្មតា​ទេ ​បើ​ទោះជា​គាត់​មាន​វ័យ​ចំណាស់​ក្តី។

លោក​ នេត្រ ​ភក្ត្រា ​អ្នក​នាំពាក្យ​សាលា​ក្តី​ខ្មែរក្រហម​បញ្ជាក់​ថា ​ជនជាប់​ចោទ​ខៀវ សំផន មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​មក​ទល់​នឹង​ថ្ងៃ​ពុធនេះ។

«សុខភាព​របស់​គាត់​កាន់​តែ​ប្រសើរ​ហើយ។ ​ឥឡូវ​គាត់​បន្ត​ស្ថិត​នៅ​មន្ទីរពេទ្យ​តទៅ​ទៀតដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​គ្រូពេទ្យ​តាមដាន​សុខភាព​និង​ជំងឺ​របស់​គាត់​មុន​នឹង​ត្រូវ​បញ្ជូន​មក​កាន់​មន្ទីរ​ឃុំឃាំង​នៃ​សាលា​ក្តីខ្មែរក្រហម។ ​ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា​នៅ​ពេល​ណា​ពិត​ប្រាកដ​ទេ។»

ខៀវ សំផន ​និង​ នួន ជា អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​អាយុ​៨៧​ឆ្នាំ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជ​សាសន៍ ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ក្នុង​សំណុំរឿង​០០២។​ បទ​ចោទ​ដែល​ទាក់ទង​នឹង​ការ​ស្លាប់​និង​ការ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​អស់​ជិត​២​លាន​នាក់​ក្នុង​អំឡុង​ដែល​ពួកគេ​កាន់​អំណាច​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

ជនជាប់​ចោទ​ទាំង​ពីរ​ត្រូវ​កាត់​ទោស​រួចរាល់​នៅ​ដំណាក់កាល​ទី​១​កាល​ពី​ឆ្នាំមុន​ហើយ​សាលក្រម​អាច​នឹង​ត្រូវ​ប្រកាស​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤​នេះ។

កាល​ពី​ខែ​មិនា​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺ​មនុស្ស​ចាស់​បាន​រក​ឃើញ​ថា​ ជនជាប់​ចោទ​នួន ជា និង​ខៀវ សំផន មាន​កាយ​សម្បទា​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ការ​កាត់​ទោសវគ្គ​ទី២​នៅ​ពេល​ខាង​មុខទៀត​បាន។

ខៀវ សំផន​ធ្លាប់​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​កាលពី​ឆ្នាំ​២០០៨ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ​ហើយ​ក្រោយ​មក​បាន​ធ្វើ​ឲ្យ​គាត់​និយាយ​មិន​សូវ​ច្បាស់​ដូច​មុន៕