គណៈកម្មការ​ជំនាញ​នៃ​សភា​នឹង​សិក្សា​លម្អិត​ពី​ច្បាប់​កែទម្រង់​តុលាការ

កិច្ច​ប្រជុំ​ពេញ​អង្គ​នេះ​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​អំឡុង​ខែ​មិថុនា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ លោក​ ជាម ​យៀប​ ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ ​ធនាគារ ​និង​សវនកម្ម​របស់​រដ្ឋ​សភា។​

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្រេច​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​៣​សម្រាប់​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និងការ​ធ្វើសច្ចាប័ន​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​គយ​អាស៊ាន​ទៅ​ឲ្យ​គណៈ​កម្មការ​ជំនាញឬ​គណៈ​កម្មការ​នីតិកម្ម​រដ្ឋសភា​ដើម្បី​ពិនិត្យ​ពិភាក្សា​នឹង​រៀបចំ​របៀប​វារៈ​ដើម្បី​បើក​កិច្ចប្រជុំ​សភា​ពេញអង្គ។​ កិច្ច​ប្រជុំ​ពេញ​អង្គ​នេះ​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​អំឡុង​ខែ​មិថុនា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ លោក​ ជាម ​យៀប​ ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ ​ធនាគារ ​និង​សវនកម្ម​របស់​រដ្ឋ​សភា។​

​តំណាង​រាស្រ្ត​និង​ជាមន្ត្រីជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះមាន​ប្រសាសន៍​ថាគណៈកម្មការ​នីតិកម្ម​របស់​រដ្ឋ​សភា​នឹង​ពិនិត្យ​មើល​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ។

«អាហ្នឹង​គេ​ប្រគល់​ជូន​គណៈ​កម្មការ​ជំនាញ​ឲ្យ​គេសិក្សា​ស្រាវ​ជ្រាវ​សិន​ ដល់​ពេល​សិក្សា​ចប់​ទើប​អញ្ជើញ​តំណាង​រដ្ឋាភិបាល​ទៅ​ការពារ។ រហូតដល់​គណៈ​កម្មការ​ជំនាញ​គេ​មើល​ចប់​ហើយគេ​អញ្ជើញ​តំណាង​រដ្ឋាភិបាល​មក​សួរសិន​ដល់​ចប់​អាហ្នឹង​ទើប​គេបញ្ជូល​ក្នុង​របៀប​វារៈ​សភា»។​

​សេចក្តី​ព្រាង​ច្បាប់​សម្រាប់​កំណែ​ទម្រង់​ប្រព័ន្ធ​តុលា​ការ​នៅ​កម្ពុជា​ទាំង​បី​មាន​ដូច​ជា​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គ​តុលាការ​ដែល​មាន​៨​ជំពូក​ និង​៩១​មាត្រា​ ដោយ​ផ្តោត​សំខាន់​លើ​ការ​ធានា​ឲ្យ​បាន​នូវ​ឯករាជ្យភាព​របស់​តុលាការ​និង​ផ្តល់​យុត្តិធម៌​ដល់​រឿង​ក្តី។ ដោយ​ឡែកសេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ ​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​វិញ​មាន​៦​ជំពូក​ និង​៣១​មាត្រា​។ ច្បាប់​នេះ​ផ្តោ​តសំខាន់​លើ​តួនាទី​របស់​ព្រះមហាក្សត្រ​ និង​សមាជិក​របស់​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ទាំង​អស់​ត្រូវ​តែង​តាំង​ដោយ​រាជ្យក្រិត​ពី​ក្រសួង​យុត្តិធម៌​ និង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​នៃ​ចៅក្រម​និង​ព្រះ​រាជអាជ្ញា​ដែល​មាន​៩​ជំពូក​ និង​១១១មាត្រា។​

​លោក​ជាម យៀប ​ធ្លាប់​បាន​ប៉ាន់​ស្មាន​ថា​គណៈ​កម្មការ​នីតិកម្ម​របស់​រដ្ឋ​សភានឹង​ត្រូវ​ការ​ពេលវេលា​យ៉ាង​ហោច​ណាស់​ក៏​មួយខែ​ដែរ​ដើម្បី​ពិនិត្យ​និង​ដាក់​សេចក្តី​ព្រាងច្បាប់​និង​កិច្ច​ព្រម​ព្រៀង​នេះ​ចូល​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ។​ដូច្នេះ​កិច្ច​ប្រជុំ​ពេញ​អង្គ​ទំនង​ជា​អាច​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុងខែ​មិថុនា។

លោក ​ឌុច ​ពិសិដ្ឋ ​អ្នក​សម្រប​សម្រួល​គម្រោង​សង្កេត​សវនាការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មាន​ប្រសាសន៍​ថា​មជ្ឈ​មណ្ឌល​របស់​លោក​បាននិង​កំពុង​សិក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះហើយ​ចាត់​ទុកថាច្បាប់​ស្តី​ពី​ការ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ទាំង៣​មាន​សារៈសំខាន់​ខ្លាំង​ ដូច្នោះ​អង្គការ​របស់​លោក​ នៅតែ​ទទូច​ចង់​ឲ្យ​រដ្ឋសភា​បើក​ឲ្យ​មានការ​ចូលរួម​ពីអង្គការ​សង្គម​ស៊ីវិល។​

«យើង​នៅ​តែប្រកាន់​គោល​ជំហ​របស់​យើង​ដដែល​គឺទទូច​ចង់​ឲ្យ​មាន​ការបើក​ទូលាយ​ទទួលយកមតិ​យោបល់​ផ្សេងៗ​ពី​សង្គម​ស៊ីវិល​ពីព្រោះ​ថា​ច្បាប់​ទាំង​៣ហ្នឹង​ជា​ច្បាប់​សំខាន់»។

​ដោយឡែក​មន្ត្រី​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ទទូច​ដូចគ្នា​ថា​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​នេះ​គួរ​តែត្រូវ​រង់​ចាំ​ការ​ចូលរួម​ពី​សមា​ជិក​សភា​របស់​គណបក្ស​សង្គ្រោះជាតិ។​គណបក្ស​នេះ​ធ្វើ​ពហិកា​កិច្ច​ប្រជុំសភា​ដោយសារ​តែ​ខ្លួន​មិនទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។​

លោក​ ជាម​ យៀប ​មាន​ប្រសាសន៍​បន្ថែម​ថាមានមន្ត្រី​ជំនាញ​ជា​ច្រើន​ទាំង​ជាតិ​និង​អន្តរជាតិ​បាន​ចូលរួម​ធ្វើ​សេចក្តីព្រាងច្បាប់ស្តី​ពី​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ទាំង​៣​នេះ​ឡើង៕