នៅក្រោយពេលដែលអាមេរិកប្រកាសដាក់ពង្រាយកាំជ្រួចមីស៊ីលក្នុងតំបន់អាស៊ីកម្ពុជាចូលរួមជាមួយនឹងតំបន់ក្នុងការធ្វើប្រតិកម្មប្រយ័ត្នប្រយែងមួយចំពោះគម្រោងការដាក់ពង្រាយកាំជ្រួចនិងប្រព័ន្ធការពារកាំជ្រួចមីស៊ីលអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ចេញប្រតិកម្មប្រយ័ត្នប្រយែងចំពោះគម្រោងការរបស់សហរដ្ឋអាមេរិកដែលចង់ដាក់ពង្រាយកាំជ្រួចមីស៊ីលនិងប្រព័ន្ធកាំជ្រួចមីស៊ីលនៅក្នុងតំបន់អាស៊ី ដោយបានបញ្ជាក់ថា កម្ពុជាគាំទ្រសន្តិភាព។
ថ្លែងប្រាប់ VOA តាមទូរស័ព្ទពីរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ លោកទៀ បាញ់ បានអះអាងថា លោកមិនអាចរារាំងគម្រោងការរបស់អាមេរិកបានទេ ទោះជាលោកបញ្ចេញប្រតិកម្មរឿងនេះក្តី។
«ព្រោះគេតែងតែធ្វើរបៀបនេះមិនត្រឹមតែថ្មីៗទេ គេធ្វើមកគ្រប់ទិសគ្រប់ទីតែទាំងអស់ហ្នឹង គេធ្វើមកជារៀងរហូតហ្នឹង។ រឿងហ្នឹងគឺវាជាធម្មតារបស់គេទៅហើយ ព្រោះមហិច្ឆតារបស់គេគឺមានតែប៉ុណ្ណឹងតើ»។
លោករដ្ឋមន្ត្រីការពារជាតិ បានបន្ថែមថា កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់ គឺប្រកាន់យកសន្តិសុខនិងសន្តិភាពជាស្នូល ដូចជាការលើកឡើងព្រមគ្នាក្នុងបទអន្តរាគមន៍នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននិងអាស៊ានបូកក្តី។
«រឿងបារម្ភ រឿងអីហ្នឹង គឺវាជារឿងមួយបែបទេ គឺតាមស្មារតីរបស់យើង គឺយើងនៅតែគាំទ្រនិងឲ្យតម្លៃហ្នឹងខ្លាំងក្លាណាស់ចំពោះសុខសន្តិភាពដែលយើងទទួលយកបាន។ ចំពោះកិច្ចការងារនេះហើយដែលយើងតែងតែមានសុឆន្ទៈចូលរួមជាមួយនឹងបណ្តាប្រទេសមួយចំនួន ដែលហៅថាចង់បានសុខសន្តិភាពពេញលេញរបស់ខ្លួនហ្នឹង គឺយើងតែងតែបំពេញការងារនេះ រួមទាំងការចាត់បញ្ជូនកម្លាំងទៅប្រតិបត្តិការរក្សាសន្តិភាព តាមសំណូមពររបស់អ.ស.ប យើងតែងតែបំពេញរឿងហ្នឹងគឺយ៉ាងទៀងទាត់យ៉ាងពេញលេញ ហើយព្រមទាំងប្តូរផ្តាច់ធ្វើភារកិច្ចនេះដោយសារតែយើងចង់បានសុខសន្តិភាពនោះឯង»។
នៅពេលសួរអំពីការសម្រេចចិត្តរបស់ប្រទេសមួយចំនួនក្នុងតំបន់ ឬជាសម្ព័ន្ធមិត្តអាមេរិកដែលកំពុងពិភាក្សាគ្នាលើការអនុញ្ញាត ឬមិនអនុញ្ញាតឲ្យអាមេរិកដាក់ពង្រាយកាំជ្រួចឬយ៉ាងណានោះ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិបានអះអាងថា៖
«រឿងនេះវាទៅតាមសិទ្ធិអំណាច អធិបតេយ្យរបស់ប្រទេសរៀងៗខ្លួនទេ ចំពោះកម្ពុជាយើងគឺយើងមានច្បាប់កំពូលរបស់ប្រទេសយើង គឺបានបញ្ជាក់ច្បាស់លាស់ណាស់រឿងការពង្រាយ អនុញ្ញាតឲ្យមានទីតាំង (យោធា) អីហ្នឹងគឺមិនបានជាដាច់ខាតចំពោះបញ្ហានេះ ប៉ុន្តែប្រទេសដ៏ទៃ ខ្ញុំពិបាកនឹងមានយោបល់ជំនួសគេណាស់ មិនហ៊ានមានយោបល់ប៉ះពារទៅលើគេទេ នោះជាសិទ្ធិនិងអធិបតេយ្យរបស់គេ ដូច្នេះខ្ញុំមិនអាចទៅលូកលាន់ទៅនឹងសិទ្ធិស្វ័យសម្រេចរបស់ពួកគេទេ»។
ប្រទេសចិនបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះការចង់ដាក់ពង្រាយកាំជ្រួចមីស៊ីលរបស់អាមេរិក ដោយបាននិយាយថា នេះជាសកម្មភាពធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ស្ថិរភាព សន្តិសុខ ហើយបានហៅថានេះជាលេសក្នុងការកសាងគ្រឿងសញ្វាវុធ។ ចិនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ប៉ុន្មានថ្ងៃនេះថា ចិននឹងមិនឈរឱបដៃមើលដោយឥតប្រយោជន៍ទេ តែនឹងបង្ខំចិត្តប្រើវិធានការតបតវិញ ប្រសិនបើអាមេរិកដាក់ពង្រាយកាំជ្រួចបាញ់ក្នុងរយៈចម្ងាយមធ្យមនៅលើដែនដីអាស៊ីដែលជាផ្នែកមួយរបស់ ពិភពលោកនោះ។
លោកសាស្ត្រាចារ្យបណ្ឌិត ហ្សាការី អាប៊ូហ្សា (Zachary Abuza) នៃមហាវិទ្យាល័យ សង្គ្រាមអាមេរិក the National War College នៃសាកលវិទ្យាល័យ National Defense University ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងថា ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងរងសម្ពាធ។
«ប្រសិនបើអាមេរិកទៅកូរ៉េខាងត្បូង និងជប៉ុន ហើយចាប់ផ្តើមចរចាជាមួយប្រទេសទាំងនោះអំពីការដាក់ពង្រាយកាំជ្រួចមីស៊ីលបាញ់រយៈចម្ងាយមធ្យម ពេលនោះនឹងបន្ថែមទម្ងន់លើសម្ព័ន្ធមិត្ត ដែលស្ថិតក្រោមការលំបាករួចជាស្រេចហើយនោះ។ ខ្ញុំអាចស្រមៃពីសម្ពាធជាសាធារណៈប្រឆាំងនឹងមូលដ្ឋានដាក់ពង្រាយកាំជ្រួចមីស៊ីលបាញ់រយៈចម្ងាយមធ្យម នឹងជារឿងត្រូវដោះស្រាយយ៉ាងច្បាស់។ សូមកុំភ្លេចថា សម្ពាធរបស់អឺរ៉ុបខាងលិចគឺជាអ្វីដែលបង្ខំឲ្យអាមេរិកចូលរួមតុចរចាជាមួយរុស្ស៊ី ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញានុយក្លេអ៊ែ INF។ ប្រសិនបើសម្ព័ន្ធមិត្តបដិសេធមិនឲ្យមានការដាក់ពង្រាយទៅវិញ នោះសហរដ្ឋអាមេរិកមើលទៅដូចជាខ្សោយ»។
លោកបានបន្តជាសំណួរថា បើអាមេរិកដាក់ពង្រាយនៅដែនដីតៃវ៉ាន់ តើនោះគឺជាការត្រៀមវាយប្រហារចិនទេ? នោះពិតជាការសម្រេចចិត្តដ៏អាក្រក់ណាស់ ដែលនឹងនាំឲ្យអន្តរាយសន្តិសុខក្នុងតំបន់អាស៊ី តែបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការដកខ្លួនពីសន្ធិសញ្ញានុយក្លេអ៊ែ INF។
«ខ្ញុំគិតថា ការសម្រេចចិត្តរបស់អាមេរិកក្នុងការដកខ្លួនពីសន្ធិសញ្ញានុយក្លេអ៊ែ INF គឺជារឿងដ៏អាក្រក់មួយសម្រាប់សន្តិសុខអាមេរិកនិងតំបន់។ ខ្ញុំអាចយល់បានទាំងស្រុងថា ចិនមិនមែនជាភាគីនៃសន្ធិសញ្ញានុយក្លេអ៊ែ INF ហើយបានដាក់ពង្រាយកាំជ្រួចមីស៊ីលបាញ់រយៈចម្ងាយមធ្យមយ៉ាងច្រើនក្នុងតំបន់។ តែការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យខូចដល់ជំនឿទុកចិត្តជាអន្តរជាតិទៅមុខទៀត ដែលថាអាមេរិកនិងគោរពតាមការប្តេជ្ញាតាមសន្ធិសញ្ញារបស់ខ្លួន។ ខ្ញុំដឹងថា រុស្ស៊ីបោកបញ្ឆោតចំពោះសន្ធិសញ្ញានុយក្លេអ៊ែ INF បើដូច្នោះត្រូវឲ្យរុស្ស៊ីចេញ មិនត្រូវធ្វើឲ្យបាត់ទំនុកចិត្តជាសាធារណៈទេ»។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថាន ចក្ខុវិស័យអាស៊ី បានថ្លែងថា ការដកខ្លួនរបស់អាមេរិកចេញពីសន្ធិសញ្ញានេះមានគោលដៅម្យ៉ាង គឺតម្រង់ទៅលើចិនដែលកំពុងកើនឥទ្ធិពលខ្លាំងក្នុងតំបន់អាស៊ី។
«ក៏ប៉ុន្តែ ការពិតជាក់ស្តែងគឺសហរដ្ឋអាមេរិកគឺដកខ្លួនចេញពីកិច្ចព្រមព្រៀងហ្នឹងដើម្បីមកដាក់នូវមីស៊ីលរយៈពេលមធ្យម ដើម្បីគេហៅថាមានគោលដៅហ្នឹងទៅចិនវិញ។ អីចឹងទេរឿងហ្នឹងវាជាអ្វីមួយនៃការវិវត្តន៍ថ្មី ហើយលឿន ហើយវាជាការភ្ញាក់ផ្អើលមួយដែរ នៅក្នុងពេលដែលអាមេរិកកំពុងតែពិភាក្សាជាមួយនឹងដៃគូយុទ្ធសាស្ត្រក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាអូស្ត្រាលី ជប៉ុន ហើយនិងកូរ៉េខាងត្បូងហ្នឹងដើម្បីដាក់មីស៊ីលរយៈចម្ងាយមធ្យមហ្នឹងក្នុងទិសដៅនិយាយឲ្យចំទៅគឺចិនហ្នឹងតែម្តង»។
លោក ឈាង វណ្ណារិទ្ធ បានបន្តថា ចិនពិតជាត្រូវប្រតិកម្មខ្លាំងចំពោះគម្រោងការដាក់ពង្រាយកាំជ្រួចសហរដ្ឋអាមេរិក។
«ហើយប្រតិកម្ម ខ្ញុំគិតថា ចិននឹងប្រតិកម្មខ្លាំងចំពោះបញ្ហាហ្នឹង ហើយអាចនឹងដាក់នៅកាំជ្រួចមីស៊ីលរបស់ខ្លួននៅតាមសមុទ្រចិនខាងត្បូង កោះសិប្បនិម្មិតដែលខ្លួនបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អីចឹងវាអាចឈានទៅដល់ការប្រកួតប្រជែងមីស៊ីលមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកហ្នឹង»។
សហរដ្ឋអាមេរិកកាលពីដើមខែសីហា បានដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែកម្រិតមធ្យមហៅថា Intermediate Range Nuclear Forces (INF) ដើម្បីបង្កើតកាំជ្រួចថ្មីរបស់ខ្លួន បន្ទាប់ពីរុស្ស៊ីបដិសេធមិនព្រមបំផ្លាញកាំជ្រួចមីស៊ីលថ្មី របស់ខ្លួនដែលអង្គការអូតង់ បាននិយាយថារុស្ស៊ីបានរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិនោះ។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានបញ្ជាក់ថា៖ «ប្រទេសរុស្ស៊ីបានខកខានក្នុងការធ្វើតាមលក្ខខណ្ឌដែលត្រូវបញ្ជាក់ឲ្យបានពេញលេញ ទាក់ទងនឹងការបំផ្លាញចោលប្រព័ន្ធកាំជ្រួចដែលមិនស្របតាមច្បាប់របស់ខ្លួនប្រភេទ SSC-8 or 9M729 ដែលជាកាំជ្រួចមីស៊ីលបាញ់ចេញពីដីកាំជ្រួចបាញ់ចេញពីនាវា ក្នុងរយៈចម្ងាយមធ្យមហើយរុស្ស៊ីត្រូវតែទទួលខុសត្រូវម្នាក់ឯងចំពោះការបរាជ័យមិនធ្វើតាមសន្ធិសញ្ញានេះ»។
សហរដ្ឋអាមេរិកនឹងមិនអាចបន្តនៅជាភាគីចំពោះសន្ធិសញ្ញាដែលប្រទេសរុស្ស៊ីបានរំលោភទាំងកម្រោលនេះបន្តទៀតទេ។ ការមិនធ្វើតាមច្បាប់និងសន្ធិសញ្ញារបស់រុស្ស៊ីនេះបំផ្លាញឧត្តមប្រយោជន៍សហរដ្ឋអាមេរិក ហើយនិងបញ្ជាក់ថា រុស្ស៊ីកំពុងគំរាមកំហែងត្រង់ៗចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូអាមេរិក។ លោករដ្ឋមន្ត្រីការពារប្រទេសអាមេរិក Mark Esper វិញបានបញ្ជាក់ដែរថា ការដកខ្លួនរបស់អាមេរិក នឹងនាំឲ្យមានការបង្កើតកាំជ្រួចមីស៊ីលថ្មីជាធម្មតាដោយខ្លួនឯង។
អ្នកនាំពាក្យមួយរូបរបស់សហរដ្ឋអាមេរិកបាននិយាយថា ការសម្រេចចិត្តយ៉ាងណាចំពោះការដាក់ពង្រាយកាំជ្រួច ឬមិនដាក់វាជាអធិបតេយ្យរបស់ប្រទេស និងមេដឹកនាំរដ្ឋាភិបាលក្នុងតំបន់ តែការសម្រេចចិត្តណាមួយដែលបានធ្វើឡើងនឹងត្រូវធ្វើដោយការពិភាក្សាជាមួយនឹងសម្ព័ន្ធមិត្ត មិនមែនជាការសម្រេចរបស់សហរដ្ឋអាមេរិកជាឯកតោភាគីទេ៕