តុលាការកម្ពុជាបានចេញដីកាចាប់ខ្លួនលោកសម រង្ស៊ី ដែលជាមេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃសុក្រនេះពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង កាលពី៧ឆ្នាំមុន។
ដីកាបង្គាប់ឲ្យចាប់ខ្លួននេះ ត្រូវបានគេយល់ឃើញថា ជាបញ្ហានយោបាយដោយសារដីកានេះត្រូវបានបង្គាប់ ខណៈពេលដែលជម្លោះយូរអង្វែងរវាងលោកសម រង្ស៊ី និងលោក ហ៊ុន សែន មានការកើនឡើងកម្តៅខ្លាំងក្នុងសប្តាហ៍នេះ។
កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគំរាមថានឹងចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីលោក សម រង្ស៊ី បាននិយាយថា គណបក្សប្រជាជនកម្ពុជា មិនមានការប្តេជ្ញាក្នុងរៀបចំការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យនោះទេ។
លោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងដូច្នេះ នៅក្នុងដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។ លោក សម រង្ស៊ី បានកំណត់ថានឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃច័ន្ទនេះ។
មិនមានការបញ្ជាក់ច្បាស់លាស់ណាមួយថាតើ លោក សម រង្ស៊ី នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមការកំណត់ ហើតនិងប្រឈមមុខនឹងការចាប់ខ្លួន ឬរត់និរទេសខ្លួន ដូចដែលលោកធ្លាប់ធ្វើកាលពីលើកមុន នៅពេលដែលមានការប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលវែងនោះ ឬយ៉ាងណានោះទេ។
លោក ហោ ណាំហុង ជាដើមចោទនៃបទបរិហាកេរ្តិ៍ជាសាធារណៈនេះ កាលពីឆ្នាំ២០០៨ ដោយសារ លោកមានការខឹងសម្បារនឹងមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានចោទប្រកាន់លោកថា ជាមេពន្ធនាគារខ្មែរក្រហម។
លោក សម រង្ស៊ី ត្រូវបានតុលាការសម្រេចផ្តទ្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ។ លោក សម រង្ស៊ី ក៏ធ្លាប់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទចោទដែលពាក់ព័ន្ធនឹងការដកបង្គោលព្រំប្រទល់នៅព្រំដែនកម្ពុជាវៀតណាមផងដែរ៕