ក្នុងពេលដែលប្រទេសកម្ពុជាកំពុងតែរៀបចំទទួលដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ឯកអគ្គរាជទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិក ឱ្យដឹងថា ប្រទេសកម្ពុជានឹងពិចារណាពីការដែលសហរដ្ឋអាមេរិកអញ្ជើញឱ្យចូលរួមក្នុងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ហៅកាត់ថា (TPP)។
នៅក្នុងបទសម្ភាសន៍ពិសេសជាមួយនឹង VOA លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់ថាលោក ចន ឃែរី នឹងពិភាក្សាពីការរៀបចំកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋកាលីហ្វញ៉ានាខែកុម្ភៈខាងមុខ ប៉ុន្តែភាគីទាំងពីរក៏នឹងពិភាក្សាពីការធ្វើពាណិជ្ជកម្មផងដែរ។
លោកបានបន្ថែមថា៖«ដោយឡែកបញ្ហាសេដ្ឋកិច្ចទ្វេភាគីរវាងអាមេរិក និងកម្ពុជា គឺជាបញ្ហាចម្បងដែលក្នុងនេះគឺពិភាក្សាពីផលប្រយោជន៍នៃការចូលរួមក្នុង TPP ជាដៃគូឆ្លងសមុទ្រប៉ាស៊ីហ្វិក។ TPP នេះមានប្រយោជន៍ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរបានរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច»។
លោក ជុំ ប៊ុនរ៉ុង បានបន្ថែមថា កិច្ចព្រមព្រៀងនោះក៏ត្រូវផ្តល់ផលប្រយោជន៍ដល់តំបន់អាស៊ានទាំងមូលផងដែរ។
«ក្នុងអាស៊ាន ខ្ញុំគិតថា យើងការពារផលប្រយោជន៍គ្នាទៅវិញទៅមក គឺក្នុងប្រទេសណាមួយដែលមានផលប្រយោជន៍គេតែងតែរិះរកឱ្យប្រទេសដៃគូមានផលប្រយោជន៍ដូចគ្នា។ កម្ពុជាក៏ត្រៀមលក្ខណៈដើម្បីបម្រើផលប្រយោជន៍នេះដែរ»។
លោក ចន ឃែរី ក៏នឹងពិភាក្សាពីបញ្ហាទប់ស្កាត់ភេរវកម្មផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកឯកអគ្គរាជទូត។
លោកបានបន្ថែមថា ប្រទេសកម្ពុជាបានធានាបានយ៉ាងល្អប្រសើរដើម្បីកុំឱ្យមានសកម្មភាពភេរវកម្មនៅក្នុងប្រទេស៖«យើងតែងតែទប់ស្កាត់បានជានិច្ច...យើងមានការការពារល្អប្រសើរ ព្រោះបងប្អូនខ្មែរយើងកាន់សាសនាអ៊ីស្លាមក៏គាត់ជួយយើងក្នុងការទប់ស្កាត់»។
សកម្មជនអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានិយាយថា ពួកគេនឹងលើកបញ្ហាការធ្លាក់ចុះនៃលំហរសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជានៅក្នុងជំនួបជាមួយនឹងលោក ចន ឃែរី។
លោកឯកអគ្គរាជទូតបញ្ជាក់ថា កម្ពុជាតែងតែស្វាគមន៍ជានិច្ច៖
«ជាទូទៅយើងបើកចំហរពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិកក្នុងការងារណា ដែលខាងភាគីអាមេរិកលោកចង់ឱ្យមានការអនុវត្តឱ្យបានល្អប្រសើរពេញចិត្តរបស់គាត់ គឺយើងត្រៀមលក្ខណៈជានិច្ច ដើម្បីពិភាក្សាគ្នា»។
យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា គេមិនគួរមានការយល់ច្រលំលើបញ្ហាលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសទេ។ លោកថា នោះជារឿងក្តីបរិហាកេរ្តិ៍ជាមួយនឹងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសំណុំរឿងមួយទៀតដែលប្តឹងដោយលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ។
លោកថា លោកបានផ្ញើលិខិតពន្យល់ដល់សមាជិកសភាសហរដ្ឋអាមេរិកចំនួន១៦រូប ដែលបានសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីបញ្ហានេះ ហើយពួកគេក៏បានទទួលយកការពន្យល់របស់លោកផងដែរ៕