កំណត់និពន្ធ៖ របាយការណ៍ថ្មីមួយដែលបានចេញផ្សាយកាលពីដើមខែកញ្ញានេះដោយអង្គការ Asia Centre មានមូលដ្ឋានក្នុងទីក្រុងបាងកកប្រទេសថៃ បានរិះគន់ខ្លាំងៗលើច្បាប់និងបទបញ្ញត្តិមួយចំនួនរបស់កម្ពុជា ជាពិសេសគឺអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោកបណ្ឌិត Robin Ramcharan នាយកប្រតិបត្តិនៃអង្គការ Asia Centre អំពីរបាយការណ៍ថ្មីនេះដូចតទៅ៖
Your browser doesn’t support HTML5
VOA: សូមអរគុណលោកបណ្ឌិត Robin Ramcharan ដែលបានឆ្លៀតពេលចូលរួមក្នុងបទ សម្ភាសន៍ជាមួយវីអូអេ។ អង្គការAsia Centre ទើបចេញផ្សាយរបាយការណ៍ថ្មីមួយដែលមានចំណងជើងថាសេរីភាពអ៊ីនធឺណិតនៅកម្ពុជា (Internet Freedoms in Cambodia) ដោយមានចំណងជើងរងសរសេរថា«ច្រកទ្វារដើម្បីគ្រប់គ្រង» (A Gateway to Control)។ ហេតុអ្វីបានជាអង្គការរបស់លោកដាក់ចំណងជើងបែបនេះ?
Robin Ramcharan: ល្អណាស់។ សូមអរគុណដែលសម្ភាសខ្ញុំ ហើយខ្ញុំរីករាយនឹងចូលរួមជាមួយវីអូអេនិងប្រិយមិត្តវីអូអេ។ ហេតុអ្វីបានជាយើងដាក់ចំណងជើងរបាយការណ៍នេះថា «ច្រកទ្វារដើម្បីគ្រប់គ្រង»? ជាការពិតណាស់ ខ្ញុំគិតថាប្រិយមិត្តរបស់វីអូអេ ដឹងច្បាស់ណាស់ហើយថាកាលពីប៉ុន្មានខែមុនគឺនៅខែកុម្ភៈឆ្នាំ២០២១នេះ រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយដោយប្រកាសបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិឬហៅកាត់ថាNIG (National Internet Gateway)។ច្រកទ្វារអ៊ីនធឺណិតជាតិនេះ ស្នើឲ្យក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតទាំងអស់ និងរាល់ចរាចរណ៍ឬត្រាហ្វ៊ិកអ៊ីនធឺណិតទាំងអស់ នឹងចូលតាមចក្រជាតិតែមួយ។ ដូច្នេះ ក្នុងបរិបទនៃបរិយាកាសព័ត៌មានដែលត្រូវបានគ្រប់គ្រងឬស្ទើរតែត្រូវបានគ្រប់គ្រងទាំងស្រុងរួចទៅហើយរួមទាំងបរិយាកាសអ៊ីនធឺណិតបច្ចុប្បន្ននេះផង ការភ័យខ្លាចបានកើនឡើង ដោយសារសមត្ថភាពគ្រប់គ្រងអ៊ីនធឺណិត បានកើនឡើងយ៉ាងខ្លាំង ហើយវាអាចទៅរួចដែលរដ្ឋាភិបាលអាចបិទកុងតាក់អ៊ីនធឺណីតតែម្តង ពេលដែលខ្លួនចង់ធ្វើបែបនេះ។
VOA: ពេលនិយាយអំពីភាពភ័យខ្លាចនេះ របាយការណ៍អង្គការរបស់លោក សរសេរមួយប្រយោគថា«ដោយប្រឈមនឹងការគំរាមកំហែង និងការបំភិតបំភ័យតាមបណ្តាញសង្គម ក្រុមអ្នករិះគន់និងអ្នកការពារសិទ្ធិមនុស្ស បានរឹតត្បិតឬកំហិតខ្លួនឯងនិងបានដកខ្លួនចេញពីការប្រឡូកក្នុងនយោបាយ ដើម្បីធានាការរស់រានមានជីវិត»។ លោកអាចពន្យល់បន្ថែមបានទេអំពីចំណុចនេះ?
Robin Ramcharan: ប្រាកដជាបាន។ ក្នុងបរិបទប្រទេសកម្ពុជា ដូចដែលលោកបានដឹងស្រាប់ហើយថាក្នុងរយៈពេល១០ឆ្នាំឬប្រមាណ១ទសវត្សន៍កន្លងមកនេះ ជាពិសេសចាប់តាំងពីឆ្នាំ២០១០មក អ៊ីនធឺណិត បានរីកចម្រើនយ៉ាងខ្លាំង។ លទ្ធភាពនៃការប្រើប្រាស់អ៊ីនធឺណិត បានកើនឡើងយ៉ាងច្រើននៅកម្ពុជា។យើងត្រូវតែនិយាយដោយយុត្តិធម៌ថាការណ៍នេះ គឺដោយសារតែអាជ្ញាធរកម្ពុជានិងពលរដ្ឋកម្ពុជាជាអ្នកសម្រេចបាន។ អាជ្ញាធរបានបំពេញការងារបានល្អ ក្នុងការផ្តល់សេវាឲ្យពលរដ្ឋអាចប្រើប្រាស់អ៊ីនធឺណិតបាន។ តែក្នុងពេលទន្ទឹមគ្នានេះ យើងដឹងថាសមត្ថភាពក្នុងការបញ្ចេញសំឡេងដោយសេរី ត្រូវបានរឹតត្បិតនៅកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ដូចអ្វីដែលអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានហៅថាជា«ការក្តោបក្តាប់អំណាចតែឯង» លម្ហសេរីភាពនៃការបញ្ចេញមតិ បានធ្លាក់ចុះនៅកម្ពុជា។ ដូច្នេះ ពលរដ្ឋកាន់តែច្រើន បានងាកទៅរកបណ្តាញអ៊ីនធឺណិត ដើម្បីសម្តែងមតិ និងទស្សនៈនយោបាយជាដើម។ ថ្មីៗនេះ អ្នករិះគន់តាមបណ្តាញអ៊ីនធឺណិតនិងអ្នកសរសេរប្លុក ជាដើម ត្រូវបានរដ្ឋាភិបាលតាមរកមុខ តាមមធ្យោបាយផ្លូវច្បាប់ផ្សេងៗ។ ការណ៍នេះ បានញ៉ាំងឲ្យពលរដ្ឋរួញរាលែងហ៊ាននិយាយស្តី។យើងប្រើពាក្យថា«ខ្លាច»នេះ ដោយសារពលរដ្ឋស្ទាក់ស្ទើរក្នុងការនិយាយដោយចំហ និងក្នុងការបញ្ចេញទស្សនៈដោយចំហនៅលើបណ្តាញអ៊ីនធឺណិតនិងតាមបណ្តាញសង្គម។
VOA: ប្រសិនបើការណ៍នេះ នៅតែបន្តបែបនេះ តើវានឹងប៉ះពាល់អ្វីខ្លះដល់ពលរដ្ឋកម្ពុជានិងប្រទេសកម្ពុជា នៅពេលដែលប្រទេសនេះ នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ?
Robin Ramcharan: ដូចអ្នកផ្សេងៗទៀតដែរ យើងអំពាវនាវឲ្យកម្ពុជា ធ្វើជាគំរូ និងបង្ហាញភាពជាអ្នកដឹកនាំក្នុងផ្នែកនេះ។ កម្ពុជា មានច្បាប់ជាច្រើនដែលកំហិតសេរីភាពនៃការបញ្ចេញមតិ។ ភាគច្រើននៃច្បាប់ទាំងនោះ មិនគួរមានសោះ ដោយសារវាផ្ទុយនឹងបទដ្ឋានសិទ្ធិមនុស្សទាំងថ្នាក់តំបន់ ទាំងអន្តរជាតិ។ ជាពិសេសអ្នកដឹកនាំនយោបាយ គួរតែដឹងថានៅពេលដែលខ្លួនចូលក្នុងទីលានសាធារណៈ ខ្លួននឹងប្រឈមមុខនឹងការរិះគន់គ្រប់ប្រភេទ តែនេះជាការទទួលយកបានហើយមិនគួរជាបញ្ហាចោទនោះទេ។ តាមបទដ្ឋានអន្តរជាតិនិងតំបន់ដែលកម្ពុជាបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនរួចទៅហើយនោះ កម្ពុជាគួរតែគោរពតាមសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សតំបន់អាស៊ាន។ កម្ពុជាគួរតែបង្ហាញភាពជាអ្នកដឹកនាំដែលចាំបាច់សម្រាប់តំបន់អាស៊ានឬអាស៊ីអាគ្នេយ៍ទាំងមូល ដើម្បីបង្ហាញឲ្យពិភពលោកឃើញថាយើងអាចមានវឌ្ឍនភាពនិងបោះជំហានដោយវិជ្ជមានខាងផ្នែកនេះបាន។
VOA: ប៉ុន្តែ អនុក្រឹត្យស្តីពីច្រកអ៊ីនធឺណិតជាតិ ចែងថាវាមានគោលបំណងរក្សា«វប្បធម៌ និងប្រពៃណីជាតិ របៀបរៀបរយសណ្តាប់ធ្លាប់សង្គម និងការការពារសន្តិសុខជាតិ»។ លោកចង់ឆ្លើយតបយ៉ាងដូចម្តេច?
Robin Ramcharan: ខ្ញុំបានអាន និងបានដឹងថាទាំងនេះគឺជាគោលជំហរខ្លះៗរបស់អាជ្ញាធរកម្ពុជាដែលបានបង្កើតអនុក្រឹត្យច្រកអ៊ីនធឺណិតជាតិនេះ។ ហេតុផលមួយទៀតគឺដើម្បីជួយផ្នែកពាណិជ្ជកម្មតាមបណ្តាញអ៊ីនធឺណិត ដើម្បីបង្កើនចំណូលជាតិ និងហេតុផលស្រដៀងគ្នាផ្សេងៗទៀត។ ខ្ញុំអាចនិយាយបានថាការការពារសុខដុមរមនា និងការការពារវប្បធម៌ជាដើមនេះ មិនតម្រូវឲ្យមានការកំហិតសេរីភាពមូលដ្ឋាននិងសេរីភាពបញ្ចេញមតិដ៏លើសលប់បែបនេះទេ។ មូលហេតុសន្តិសុខ។ តើសន្តិសុខជាតិត្រូវបានប៉ះពាល់យ៉ាងម៉េច បើពលរដ្ឋនៃប្រទេស និយាយថាយើងត្រូវការកែលម្អនោះ? រដ្ឋាភិបាល ត្រូវបានបង្កើតឡើង ដើម្បីបម្រើពលរដ្ឋរបស់ខ្លួន និងស្តាប់ពលរដ្ឋរបស់ខ្លួន [យ៉ាងនេះឯង]។ បើរដ្ឋាភិបាលសង្ស័យពលរដ្ឋរបស់ខ្លួន នោះមិនមែនជាស្ថានភាពល្អទេ។ ដូច្នេះ តាមច្បាប់អន្តរជាតិ ការកម្រិតសេរីភាពបញ្ចេញមតិដោយសម្អាងហេតុផលការពារវប្បធម៌អីជាដើមនេះ គឺមិនមែនជាលេសដែលអាចទទួលយកបានទេ។
VOA: របាយការណ៍របស់អង្គការលោក ផ្តល់អនុសាសន៍ថាកម្ពុជាគួរតែលុបចោលឬកែប្រែបញ្ញតិ្តច្បាប់ដែលចម្រូងចម្រាសមួយចំនួន។ ដោយសារកម្ពុជាបច្ចុប្បន្ន មានសភាឯកបក្ស ដែលបង្កលក្ខណៈកាន់តែងាយស្រួលឲ្យប្រទេសនេះធ្វើដូច្នេះបាន តើលោកអាចប្រាប់ថាហេតុអ្វីកម្ពុជាចាំបាច់ត្រូវលុបឬកែប្រែបញ្ញត្តិច្បាប់ទាំងនោះ?
Robin Ramcharan: ជាផ្នែកមួយនៃក្រុមតស៊ូមតិរបស់អង្គការAsia Centre យើងត្រូវតែអំពាវនាវបែបនេះ ដោយសារវាជាវិធានការដ៏សមហេតុផល។ គេគួរតែចាត់វិធានការដ៏សមហេតុផលទាំងនេះ។ របាយការណ៍នេះ មានលក្ខណៈទ្រឹស្តីខាងច្បាប់ (ឬខាងបទដ្ឋាន)ផង និងអាចអនុវត្តជាក់ស្តែងបានផង។ ដូច្នេះ បើយើងអាចទាក់ទងក្រុមតំណាងរាស្ត្រកម្ពុជាបាន សូម្បីតែពីគណបក្សកាន់អំណាច ដើម្បីឲ្យពិចារណាអនុសាសន៍របស់យើង នោះគឺជាជំហានវិវឌ្ឍដ៏វិជ្ជមាន ហើយយើងសូមផ្តល់អនុសាសន៍ទាំងនេះ សម្រាប់ការពិចារណា។ ជាការពិត ការណ៍នេះ នឹងមិនកើតឡើងនៅថ្ងៃស្អែកនោះទេ។ ប៉ុន្តែ ខ្ញុំគិតថាក្នុងការផ្តល់អនុសាសន៍ទាំងនេះ យើងក៏បានប្រាប់សហគមន៍តំបន់និងអន្តរជាតិផងដែរថាច្បាប់និងបញ្ញតិ្តទាំងនេះគឺជាបញ្ហាប្រឈមដែលសហគមន៍ទាំងនោះគួរតែចូលរួមធ្វើការដោះស្រាយ នៅពេលដែលពួកគេសន្ទនាជាមួយប្រទេសកម្ពុជា។
VOA: សូមអរគុណលោកបណ្ឌិត Ramcharan សម្រាប់ពេលវេលាក្នុងបទសម្ភាសន៍ជាមួយវីអូអេ។
Robin Ramcharan: បាទសូមអរគុណ៕