ក្រសួង​ព័ត៌មាន​ចូលរួម​ជាមួយ​អ.ស.ប​ថ្កោល​ទោស​ការវាយ​ប្រហារ​លើ​អ្នកកាសែត

  • Robert Carmichael

ស្រ្តី​ខ្មែរ​ម្នាក់ ថតរូប​​​​កងការពារ​​សន្តិសុខ​ ដែល​ឈរ​នៅ​ពីក្រោយ​លួសបន្លា​​នៅ​ទីលាន​ប្រជាធិបតេយ្យ​ នៅថ្ងៃ​ទី១ ខែឧសភា ឆ្នាំ​២០១៤។

ពួក​មន្រ្តី​អង្គការ​សហប្រ​ជាជាតិ​និង​អង្គការ​ផ្សេង​ៗទៀត ​កំពុង​សម្តែង​ការ​ព្រួយ​កង្វល់អំពី​វិធានការ​សន្តិសុខដៃ​ក្តៅ​ក្នុង​រយៈប៉ុន្មាន​ខែ​នេះ​ប្រឆាំង​ក្រុម​អ្នកកាសែតនិង​អ្នក​ថតរូបក្នុង​រាជ​ធានី​នៃ​ប្រទេស​កម្ពុជា។

ឥឡូវនេះ ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ហើយ ​ពួក​កងការពារ​សន្តិសុខដែល​ត្រូវ​បាន​ជួល​ដោយ​សាលា​ក្រុង​រាជ​ធានី​ភ្នំពេញ​ ​បាន​វាយ​ប្រហារ​ក្រុម​អ្នកកាសែតនិង​ពួក​អ្នក​ថត​រូប​ដែល​រាយការណ៍​ពី​ការ​តវ៉ា​ប្រឆាំងនឹង​ការ​ប្រជុំ​តវ៉ា ហើយ​បាន​ធ្វើ​ឲ្យ​ខូចខាត​ឬ​ក៏​លួចឧបករណ៍​របស់​ពួកគេ។

កងការពារ​សន្តិសុខ ​កំពុង​អនុវត្តន៍​បម្រាមហាម​ឃាត់​ការ​ជួប​ប្រជុំ​ជាសាធារណៈនៅ​ថ្ងៃ​ទី​៤ ​ខែមករា​របស់​រដ្ឋាភិបាល​ដែល​ជា​វិធានការ​មួយ​មាន​គោល​បំណង​រារាំង​គណបក្ស​ប្រឆាំង​និង​ក្រុម​ការងារមិន​ឲ្យប្រឆាំង​តវ៉ា​នឹង​គណបក្ស​កាន់​អំណាច។ ​ក៏ប៉ុន្តែ ​នៅ​ក្រោម​ច្បាប់​កម្ពុជា ​ការ​បង្ក្រាប​ប្រឆាំងអ្នក​កាសែត​ដែល​រាយការណ៍ពី​បាតុកម្ម​ជា​ការ​ខុសច្បាប់។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​កង​ការពារ​សន្តិសុខ ​ដែល​គាំទ្រ​ដោយ​ពួកប៉ូលិស ​បាន​ប្រើ​ប្រាស់​ដំបង​និង​ដំបង​ឆក់វាយ​សមាជិក​បណ្តាញ​ផ្សាយ​ព័ត៌មានដែល​រាយការណ៍​ពី​ការ​ជួប​ប្រជុំ​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ហាម​ឃាត់ដោយរដ្ឋាភិបាល។​ ​អ្នក​យក​ព័ត៌មាន​កម្ពុជា​ម្នាក់ ​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។

លោកស្រី​ Wan Hea Lee ​ប្រធាន​ការិយាល័យសិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រ​ជាជាតិ​ ​បាន​ថ្កោល​ទោស​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។ ​លោកស្រី​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល ​មាន​កាតព្វកិច្ចស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ប្រព្រឹត្ត​ដោយ​បុគ្គលិក​របស់​ខ្លួន​ដែល​បាន​រាយការណ៍ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មានប៉ុន្មាន​ខែ​ថ្មី​ៗ​នេះហើយ​នឹង​កាត់​ទោស​ពួក​អ្នក​ទទួល​ខុសត្រូវ​ទាំង​នោះ។

​លោក​ស្រី ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ការវាយ​ប្រហារ​លើ​បណ្តាញ​ផ្សាយ​ព័ត៌​មាន ​មាន​ផល​វិបាក​យ៉ាង​ខ្លាំងសម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

«ការ​វាយ​ប្រហារ​នេះ ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សមត្ថភាព​របស់​សង្គម​ទាំង​មូល​ដើម្បី​ឲ្យ​បាន​ទទួល​ព័ត៌មាន​ដែល​ខ្លួន​ត្រូវការដើម្បី​រក្សា​សញ្ញាណ​ដ៏​រស់​រវើកនៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ការ​ចូល​រួម ​សង្គមដែល​មាន​ការ​ចូល​រួម​ទាំងអស់​គ្នាដែល​កម្ពុជា​ចង់​បាន។ និទណ្ឌ​ភាព ​មិនកើត​មាន​ឡើង​ដោយ​គ្មាន​អ្នក​គ្រប់​គ្រង​នោះ​ទេ ​ក្នុង​ករណី​នៃ​ការ​វាយ​ប្រហារប្រឆាំង​ពួក​អ្នក​កាសែត​ ​កើត​មាន​ឡើង​ក្នុង​ស្ថានភាព​ដែលនិទណ្ឌភាព​អាច​ធ្វើ​ទៅ​បាន»។

កាល​ពី​ថ្ងៃ​អាទិត្យ ​ក្រសួង​ព័ត៌មាន​ ​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ក្នុង​នោះ ​ខ្លួន ​បាន​សារភាព​ថា ​បញ្ហា​នោះ ​បាន​ទៅ​ហួសឆ្ងាយ​ពេក។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​បាន​ថ្កោល​ទោសគ្រប់ទម្រង់នៃ​ការ​គំរាម​កំហែង ​ការ​បំភិត​បំភ័យ ​ការ​រឹប​អូស​យក​សំភារៈនិង​ការ​ប្រមាថ​មើល​ងាយ​អ្នក​កាសែត ​ហើយ ​បាន​និយាយ​ថា ​ខ្លួន ​នឹង​ពិចារណា​ចំណាត់​ការ​ទាំង​នេះ​ថា​ ​ជាការ​រំលោភ​យ៉ាង​ខ្លាំង​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា។

ក្រសួង ​បាន​អំពាវនាវ​ដល់​ភ្នាក់​ងារ​សន្តិសុខរដ្ឋឲ្យ​គោរព​សិទ្ធិ​របស់​អ្នកកាសែត​ដើម្បី​បំពេញ​ការងារ​របស់​ខ្លួន។ ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​ក្រសួង ​មិន​បាន​និយាយ​រំលឹកពី​ការ​កាត់​ទោសអ្នក​ដែលបាន​ធ្វើឲ្យ​មាន​អំពើ​ហិង្សា​កាល​ពី​អតីត​កាល។

​លោក Sebastian Strangio ​អនុ​ប្រធាន​ក្លឹប​អ្នកកាសែត​នៅ​ក្រៅ​ប្រទេស​ហៅ​ថា Overseas Press Club of Cambodia ដែល​តំណាង​អ្នកកាសែត​និង​អ្នកថត​រូប​បរទេស​និងជន​ជាតិ​កម្ពុជា​ខ្លះ ​បាន​ស្វាគមន៍សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ ​ក៏​ប៉ុន្តែ ​បាន​ចោទ​សួរពី​ប្រសិទ្ធ​ភាព​នៃ​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​នា​ពេល​អនាគត។

លោក​បញ្ជាក់​បន្ថែម​ថា៖

«យើង​ស្វាគមន៍សេចក្តី​ថ្លែងការណ៍​នេះ។ ​យើង ​ស្វាគមន៍ការ​ថ្កោល​ទោសការ​វាយប្រហារ​ទាំង​នោះ​ទៅ​លើ​ពួក​អ្នកកាសែត។ សំណួរ​ឥឡូវនេះ​ថាតើ​បញ្ជា​នេះ​ នឹង​ធ្លាក់​ដល់​ពួក​អាជ្ញា​ធរ​ថ្នាក់​ខណ្ឌ ​ដែល​ត្រូវ​បាន​គេ ​គិតថា ​បាន​ស្ថិត​នៅ​ពី​ខាង​ក្រោយ​នៃ​ការ​វាយ​ប្រហារ​យ៉ាង​ច្រើន​ទាំងនេះ​ដែរ​ឬទេ។ គេ​នៅ​មើល​ឃើញ​បញ្ហា​នេះ»។

សកម្មភាព​ទាំង​នេះ​កើត​មាន​ឡើង​នៅ​ពេល​មាន​ការ​តាន​តឹង​យ៉ាង​ខ្លាំង​ខាងនយោបាយ​ក្នុងប្រទេស​កម្ពុជា។ គណបក្ស​ប្រឆាំង​របស់​ប្រទេស​នោះ ​បាន​បដិសេធ​ពុំព្រម​ទទួល​យក​អាសនៈរបស់​ខ្លួន​នៅ​សភានៅ​ក្នុងការ​តវ៉ា​ប្រឆាំង​ការ​បោះឆ្នោត​ទូទៅកាល​ពី​ខែ​កក្ក​ដា​ឆ្នាំ​ទៅដែល​គណបក្ស​ប្រឆាំង ​បាន​ អះអាងថា ​មាន​ការ​សៅ​ហ្មង​ដោយ​ការ​លួចបន្លំ ​ក៏​ប៉ុន្តែ​ ​លទ្ធផល​ផ្លូវការ​ ​បង្ហាញ​ថា ​គណបក្ស​កាន់​អំណាច ​ឈ្នះយ៉ាងតិច​បំផុត។

ទោះ​បី ​គណបក្ស​ទាំង​២ ​បាន​ខិត​កាន់​តែ​ជិតដល់​កិច្ច​ព្រម​ព្រៀង​មួយ​កាល​ពី​ខែ​មុន​ដែល ​បាន​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​របស់​ខ្លួន​ក៏ដោយ ​ឥឡូវ​នេះ​ការណ៍​នេះ​ទំនង​ជា​បានដួល​រលំ។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​ ក្រុង ​ស្រុក ​ខណ្ឌ ​បាន​ចាប់​ផ្តើមសម្រាប់​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​ឧសភា ​ដែល​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​នឹងបោះឆ្នោត​ជ្រើសតាំងសមាជិក​របស់​ក្រុម​ប្រឹក្សាជាន់​ខ្ពស់​របស់​គណបក្ស​នយោបាយ​នៅ​ថ្នាក់​ក្រោម​ជាតិ៕

ប្រែ​សម្រួលដោយ​ ​ជឹង ​ប៉ូជីន