អៀង ធីរិទ្ធ​នឹង​ទៅ​ចូលរួម​បុណ្យ​សព​អៀង សារី​នៅ​ម៉ាឡៃ

អៀង ​ធីរិទ្ធ ​អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​នៅ​ក្នុង​របប​ខ្មែរក្រហម។

​អៀង​ ធី​រិ​ទ្ធ​ ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ខែកញ្ញា​ឆ្នាំ​២០១២​ដោយសារ​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា​គាត់​មាន​ជំងឺ​វង្វេងវង្វាន់​ធ្ងន់ធ្ងរ។​
ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​
មេធាវី​និង​ក្រុម​គ្រួសារ​របស់​អៀង​ សារី​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ជនជាប់ចោទ​អៀង​ ធី​រិ​ទ្ធ​ ដែល​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ឆ្នាំ​មុន​នឹង​ត្រូវ​មក​ដល់​ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ដើម្បី​ចូលរួម​បុណ្យសព​ប្តី​របស់​គាត់។​
​ប្តី​របស់​គាត់​គឺ​អៀង​ សារីបាន​ស្លាប់​ក្នុង​អាយុ​៨៧​ឆ្នាំ​កាលពី​ថ្ងៃ​ទី​១៤​ខែ​មិ​នា​ក្នុង​ទីក្រុង​ភ្នំពេញ​ក្រោយ​ពី​ចេញពី​មន្ទីរ​ឃុំឃាំង​និង​សម្រាក​ពេទ្យ​បាន​ដប់​ថ្ងៃ។​
​លោក​ផាត់​ ពៅ​ស៊ា​ង​ សហ​មេធាវី​កម្ពុជា​របស់​អៀង​ ធី​រិ​ទ្ធ​ បាន​ប្រាប់​វី​អូ​អេ​សំឡេង​សហរដ្ឋ​អាមេរិក​ពី​ទីក្រុង​ភ្នំពេញ​តាម​ទូរ​ស័ព្ទ​ថា​កូនក្តី​របស់​លោក​ត្រូវ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ជាទី​ដែល​គាត់​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​អា​ជ្ញា​ធរ​ដើម្បី​ចូលរួម​ការ​បូជាសព​អតីតជន​ជាប់ចោទ​អៀង​ សារី។​
«នៅ​ថ្ងៃ​២០(​មិ​នា​)​គាត់​សម្រាក។​ នៅ​ថ្ងៃ​២១​ចាប់ផ្តើម​ពិធី​បូជា​អៀង​ សារី​ នៅ​ថ្ងៃ​ទី​២១​វេលា​ម៉ោង​៦​ អីចឹង​គាត់​ចេញ​ទៅ​ហើយ»​។​
​ទោះជា​យ៉ាងណា​លោក​អៀង​ វុ​ធ​ កូនប្រុស​របស់​អៀង​សារី​ និង​ជា​អភិបាលរង​ខេត្ត​ប៉ៃលិន​បដិសេធ​ផ្តល់​បទ​សម្ភាស​ដល់​ក្រុម​អ្នកកាសែត​។​
លោក​បាន​បញ្ជាក់​ដោយ​ខ្លី​ថា៖
«​សុំ​ទោស​ អត់​មាន​ពេល​ទេ»។​
​ដោយឡែក​សមាជិក​ក្រុម​គ្រួសារ​របស់​អៀង​ សារី​ ដទៃ​ទៀត​ឲ្យ​ដឹង​ថា​អៀង​ ធី​រិ​ទ្ធ​ នឹង​ត្រូវ​ចេញ​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ហើយនឹង​មក​ដល់​ស្រុក​ម៉ា​ឡៃ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ហើយ​ក្នុង​ខណៈ​នេះ​សុខភាព​របស់​អៀង​ ធីរិទ្ធ​ ក៏​មាន​សភាព​ទ្រុឌទ្រោម​ផង​ដែរ។​
លោក​នេត្រ​ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​ជាតិ​ និង​លោក​ឡាស​ អ​ល​សិន​ អ្នកនាំពាក្យ​សាលាក្តី​ពិសេស​នេះ​ខាង​ភាគី​អន្តរជាតិ​និយាយ​ថា​អៀង​ ធី​រិ​ទ្ធ​ មិន​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។​
​អៀង​ ធី​រិ​ទ្ធ​ ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ខែកញ្ញា​ឆ្នាំ​២០១២​ដោយសារ​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា​គាត់​មាន​ជំងឺ​វង្វេងវង្វាន់​ធ្ងន់ធ្ងរ។​
ក៏​ប៉ុន្តែ​តុលាការ​មិន​បាន​រំលត់​បណ្តឹង​ប្រឆាំង​នឹង​ជនជាប់ចោទ​ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​រូប​នេះ​ទេ។​
​នៅ​ថ្ងៃនេះ​ក្រុម​ប្រជាពលរដ្ឋ​បាន​បន្ត​មក​ចូលរួម​ពិធី​បុណ្យសព​របស់​អតីត​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​ អៀង​ សារី។​
​ក្រុម​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​ជា​អតីត​យុទ្ធ​ជន​និង​កម្មាភិបាល​ខ្មែរក្រហម​បាន​មក​ជា​ក្រុម​តូចៗ​ហើយ​មិន​បាន​ចំណាយពេល​យូរ​ប៉ុន្មាន​ក្នុង​ពិធីបុណ្យ​នោះ​ទេ។​
​សាច់ញាតិ​របស់​លោក​អៀង​ សារី​ មួយ​ចំនួន​បាន​នៅ​កំដ​ពិធីបុណ្យ​នេះ​ជាប់លាប់។​
​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាងតិច​១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​
​ក៏​ប៉ុន្តែ​ក្នុង​អំឡុងពេល​កាត់ទោស​ពុំ​មាន​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ណា​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ខ្មែរក្រហម​ដែល​នៅ​មានជីវិត​ចុង​ក្រោយ​ក្នុង​សំណុំរឿង​០០២​មាន​នួន​ ជា​ ខៀវ​ សំ​ផន​ អៀង​ សារី​ និង​អៀង​ ធី​រិ​ទ្ធ​ បាន​សារភាព​ពី​ទោស​កំ​ហុស​ឬ​បំភ្លឺ​អាថ៌​កំបាំង​អតីត​កាលនោះ​ទេ៕