សាក្សី​ថា អៀង សារី​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់របស់​បញ្ញាវន្ត​វិល​ត្រឡប់​ពី​បរទេស

លោកអៀង សារី អាយុ​៨៦​ឆ្នាំ

ភ្នំពេញ៖ លោក អុង ថុងហឿង សាក្សី​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​បានបញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា អៀង សារី គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ជនរងគ្រោះ​ដែល​ជន​ជាប់ចោទ​រូប​នេះ​បានកោះហៅ​ឲ្យ​វិល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​វិញ។ មួយ​ថ្ងៃ​មុន​សេចក្ដីអះអាង​នេះ សាក្សី​ដដែល​បាន​លើក​ឡើង​ថា មាន​បញ្ញាជន​មក​ពី​ក្រៅ​ប្រទេស​យ៉ាង​ហោច​ណាស់​ចំនួន​១.៥០០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរក្រហម​បន្ទាប់​ពី​ពួក​គេ​បានវិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​តាម​ការអំពាវនាវ​របស់​អៀង សារី។
លោក​អុង ថុងហឿង ឆ្លើយ​សំណួរ​របស់​មេធាវី​បរទេស​តំណាង​ឲ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី។
«អ្វីៗ​ដែល​ទាក់ទង​នឹង​កិច្ចការ​បរទេស ឬ​អ្វី​ៗ ដែល​ទាក់ទង​នឹង​ខ្មែរ​នៅ​បរទេស អ្វី​ៗ ដែល​នាំ​ឲ្យ ខ្មែរ​នៅ​បរទេស​ចូល​ស្រុក គឺ​លោក​អៀង សារី ជា​អ្នក​ទទួល​ខុស​ត្រូវ ពីព្រោះ​គាត់​នេះ​ហើយ​ដែល​បាន​រៀបចំ​ខ្មែរ​ឲ្យ​ចូល​ស្រុក»។
លោក​អុង ថុងហឿង
អៀង សារី ដែល​មាន​អាយុ​៨៦​ឆ្នាំ គឺ​ជា​ជនជាប់ចោទ​ម្នាក់​ក្នុង​សំណុំ​រឿង​០០២ ជាមួយ​នឹង នួន ជា ខៀវ សំផន និង​អៀង ធីរិទ្ធ។ ក៏ប៉ុន្តែ​អៀង ធីរិទ្ធ ប្រពន្ធ​របស់​អៀង សារី ដែល​មាន​ជំងឺ​បាត់បង់​ការចងចាំ​មិន​ត្រូវ​បាននាំ​ខ្លួន​យក​មក​កាត់ទោស​ទេ​ក្នុង​ពេល​នេះ។
លោក អុង ថុងហឿង បាន​និយាយ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក សុខចិត្ត​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​ដោយសារ​ជំនឿ​ស៊ុប​លើ​សេចក្ដីអំពាវនាវ​របស់​អៀង សារី បើទោះ​ជា​មាន​ព័ត៌មាន​បរទេស​មួយ​ចំនួន​រាយការណ៍​ពី​ដំណឹង​អាក្រក់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏​ដោយ។
ជា​អតីត​និស្សិត​ផ្នែក​សេដ្ឋកិច្ច​នយោបាយ​នៅ​ស្រុក​បារាំង លោក អុង ថុងហឿង បាន​ត្រឡប់​ចូល​កម្ពុជា​នៅ​ឆ្នាំ ១៩៧៦។
លោក​បាន​បញ្ជាក់​ក្នុង​សក្ខីកម្ម​កាល​ពី​ម្សិលមិញ​ថា បញ្ញាជន​ខ្មែរ​មួយ​ចំនួន​បានលក់​ផ្ទះ​សម្បែង និង​ចាកចោល​គ្រួសារ​នៅ​បរទេស​ដោយ​សង្ឃឹម​ថា អាច​ចូល​មក​ជួយ​កសាង​កម្ពុជា​វិញ​ក្រោយ​ពី​សង្គ្រាម។
នៅ​ថ្ងៃ​នេះ​អតីត​អ្នកទោស​គុក​បឹងត្របែក​រូប​នេះ​បញ្ជាក់​បន្ថែម​ថា បញ្ញាជន​ខ្មែរ​មួយ​ចំនួន​ថែមទាំង​ប្រគល់​លុយ​ដែល​ពួក​គេ​នៅ​សេសសល់​ពី​ការ​ធ្វើដំណើរ​តាម​យន្តហោះ​ទៅ​ឲ្យ​អង្គការ​របស់​ពួក​ខ្មែរ​ក្រហម​ដើម្បី​ទិញ​ត្រាក់ទ័រ​សម្រាប់​ធ្វើ​កសិកម្ម​ទៀត​ផង។ វិស័យ​កសិកម្ម​ដែល​សាក្សី​ដដែល​បញ្ជាក់​ថា ពួក​ខ្មែរក្រហម​បានបណ្តុះ​កុមារ​តូចៗ ឲ្យ​រៀន​ធ្វើស្រែ​ជា​ជាង​បង្រៀន​អក្សរសាស្រ្ត​ដល់​ពួក​គេ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ។
លោក អុង ថុងហឿង បានអះអាង​បន្ថែម​លើ​សៀវភៅ​ដែល​លោក​បានសរសេរ ដែល​មាន​ចំណង​ជើង «ខ្ញុំ​បាន​ជឿ​ពួក​ខ្មែរ​ក្រហម» ថា អៀង សារី ធ្លាប់​បាន​រៀប​រាប់​ពី​ឈ្មោះ​កម្មាភិបាល​ខ្មែរក្រហម​មួយ​ចំនួន​ថា ជា​ជន​ក្បត់​ទៀត​ផង។
ក្រោម​ការ​សួរ​ដេញដោល​ពី​សហមេធាវី​អន្តរជាតិ​ការពារក្ដី​ឲ្យ​នួន ជា គឺ​លោក អ៊ែនឌ្រូ ឡានូហ្ស៊ី (Andrew Iannuzzi) លោក អុង ថុងហឿង ឲ្យ​ដឹង​ថា លោក ហោ ណាំហុង បច្ចុប្បន្ន​ជា​ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​ធ្លាប់​ធ្វើ​ជា​ប្រធាន​ប ៣២ ក្នុង​គុក​បឹងត្របែក។ ក៏ប៉ុន្តែ​លោក​លើកឡើង​ថា លោក​មិន​ជឿ​ថា លោក​ហោ ណាំហុង ជា​កម្មាភិបាល​ជាន់ខ្ពស់​របស់​ខ្មែរក្រហម​នោះ​ទេ៕