អៀង សារី អាយុ៨៦ឆ្នាំបានចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតចាប់តាំងពីថ្ងៃទី៧ ខែកញ្ញាមកម្លេះ។
ភ្នំពេញ៖ អៀង សារី បានសម្រេចចិត្តមិនចូលរួមសវនាការមួយរយៈនៅថ្ងៃអង្គារនេះបន្ទាប់ពីមានជំងឺហើយបានបណ្តាលឲ្យអង្គជំនុំជម្រះសាលាដំបូងផ្អាកសវនាការចំនួនពីរថ្ងៃមកហើយ ដោយសារអវត្តមានរបស់គាត់។ នេះបើយោងតាមមន្ត្រីតុលាការនិងមេធាវីរបស់អៀង សារី។
អៀង សារី អាយុ៨៦ឆ្នាំបានចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតចាប់តាំងពីថ្ងៃទី៧ ខែកញ្ញាមកម្លេះដោយសារការហេវហត់និងចុះថមថយកម្លាំងកាន់តែខ្លាំងស្របពេលដែលតុលាការផ្អាកសវនាការ ហើយនៅពេលដែលសវនាការត្រូវចាប់ផ្តើមនៅថ្ងៃចន្ទនិងនៅថ្ងៃនេះអតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហមរូបនេះមិនទាន់មានលទ្ធភាពវិលត្រឡប់មកបន្ទប់កាត់ទោសនៅឡើយ។
យោងតាវិធានផ្ទៃក្នុងនៃសាលាក្ដីខ្មែរក្រហមជនជាប់ចោទត្រូវមានវត្តមានជាចាំបាច់នៅពេលដែលមានការកាត់ទោសខ្លួន។
នៅក្នុងលិខិតទៅកាន់អង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃនេះអៀង សារី បានស្នើសុំលះបង់សិទ្ធិចូលរួមការកាត់ទោសក្នុងដំណាក់កាលដែលសាលាដំបូងនឹងស្តាប់សក្ខីកម្មរបស់សាក្សីនិងដើមបណ្តឹងរដ្ឋប្បវេណីចំនួនប្រាំបីនាក់។
សហមេធាវីកម្ពុជារបស់អៀង សារី គឺលោកអាង ឧត្តម មានប្រសាសន៍ថា សក្សីទាំងនោះមិនពាក់ពន្ធ័នឹងការដាក់បន្ទុកកូនក្តីរបស់ខ្លួនហើយការដកខ្លួនរបស់អៀង សារី ដើម្បីកុំឲ្យតុលាការនៅរង់ចាំវត្តមានរបស់គាត់។
«បើសិនជាចេះតែលើកពេលពីរបីថ្ងៃ ពីមួយអាទិត្យទៅមួយអាទិត្យដូច្នេះឲ្យតុលាការជ្រើសរើសយកសាក្សីដែលមិនពាក់ព័ន្ធខ្លាំងជាមួយពួកយើងឲ្យធ្វើសវនាការទៅយើងលះបង់សិទ្ធិហ្នឹងបាន។ ចំពោះសាក្សីដែលយើងពិចារណាថាមិនគួរលះបង់សិទ្ធិយើងនឹងមិនលះបង់សិទ្ធិទេ»។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា សាលាដំបូងនឹងដំណើរការក្តីនៅថ្ងៃព្រហស្បតិ៍ទី២០ ខែកញ្ញានេះដោយគ្មានវត្តមានរបស់អៀង សារីទេ។
«ជាគោលការណ៍ កាលណាជនជាប់ចោទលះបង់សិទ្ធិចូលរួមស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីណាមួយនោះគឺអង្គជំនុំជម្រះសាលាដំបូងអាចដំណើរការសវនាការដោយមិនចាំបាច់មានវត្តមានរបស់លោកអៀង សារី ឬមួយជនជាប់ចោទផ្សេងដែលគាត់លះបង់សិទ្ធិនោះទេ»។
អង្គជំនុំជម្រះសាលាដំបូងកំពុងបន្តសវនាការលើសំណុំរឿង០០២ដែលមានជនជាប់ចោទអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួបីនាក់ គឺអៀង សារី ខៀវ សំផន និងនួន ជា ត្រូវនាំខ្លួនចូលរង្វង់ក្រចកសេះចំពោះការទទួលខុសត្រូវរបស់ពួកគេក្នុងការស្លាប់និងការសម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ការសម្រេចចិត្តមិនចូលរួមសវនាការរបស់អៀង សារីធ្វើឡើងបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រពន្ធរបស់គាត់គឺជនជាប់ចោទអៀង ធីរិទ្ធ ត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំដោយសារតុលាការរកឃើញថា អៀង ធីរិទ្ធ មានជំងឺភ្លេចភ្លាំងវង្វេងវង្វាន់ធ្ងន់ធ្ងរមិនអាចចូលរួមការកាត់ទោសបាន៕