មតិ​ភាគ​ច្រើន​ចង់​ឲ្យ​កិច្ច​ប្រជុំ​លោក​ហ៊ុន សែន​និង​លោក​សម រង្ស៊ី​មាន​លទ្ធផល

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក សម រង្ស៊ី ចាប់​ដៃ​គ្នា​នៅ​ក្រោយ​​ការ​ចរចា​មួយ​នៅ​ឆ្នាំ​២០១៣។

ក្រុម​អ្នក​ឃ្លាំ​មើល​សភាពការណ៍​នយោបាយ​របស់​កម្ពុជា​បាន​ទទូច​ឲ្យ​ប្រមុខ​ដឹក​នាំ​នៃ​គណបក្ស​ជាប់​ឆ្នោត​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ឈាន​ដល់​ចំណុច​ត្រូវ​រ៉ូវ​គ្នា​ជា​វិជ្ជ​មាននៅ​ក្នុង​កិច្ច​ចរចានយោបាយ​កម្រិត​កំពូល​នៅ​ថ្ងៃ​អង្គារស្អែក​នេះ។​

លោក​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី ​និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិគ្រោង​នឹង​ជួប​ពិភាក្សា​គ្នានៅ​ព្រឹក​ថ្ងៃ​អង្គារទី​២២​ខែ​កក្កដា​ដើម្បី​ទម្លាយ​ភាព​ទាល់​ច្រក​ផ្នែក​នយោបាយ ​ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ។​

លោក​សួន ប៊ុនសាក់ ​ប្រធាន​លេខា​ធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹតិ្ត​កម្ម​នៃ​អង្គការ-សមាគម​ការពារ​សិទ្ធិ​មនុស្ស​ ស្នើ​ឲ្យ​អ្នក​នយោបាយ​កំពូល​ទាំង​ពីរ​ចរចា​ឲ្យ​បាន​ជោគ​ជ័យ​ដើម្បី​ផ្តល់​ឱកាស​ដល់​ការ​កសាង​ប្រទេស​ពេញ​លេញ។​

«មេដឹក​នាំ​នយោបាយទាំង​សង​ខាង​គឺ​(ត្រូវ)​សម្រេច​ឲ្យ​បាន​នូវ​ដំណោះ​ស្រាយ​នយោបាយ​ដើម្បី​ឲ្យ​មាន​ការ​រៀបចំ​រដ្ឋាភិបាល​ឲ្យ​បាន​ស្រួលបួល​ ទៅ​ជា​រដ្ឋាភិបាល​ពេញ​ច្បាប់​ និង​ដើម្បី​បញ្ចប់​វិបត្តិ​នយោ​បាយ​ដើម្បី​ឲ្យ​ប្រទេស​យើង​មាន​ឱកាស​កសាង​ត​ទៅ​ទៀត​ ហើយ​ប្រជា​ពលរដ្ឋ​ក៏​បាន​ធូរស្រាល រកស៊ី​ដោយ​មិន​ចាំ​បាច់​ខ្វល់​ពី​រឿង​វិបត្តិ​នយោបាយ​តទៅ​ទៀត»។​

មេដឹក​នាំ​កំពូ​ល​នៃ​គណបក្ស​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ខែ​មេសា​ ប៉ុន្តែមិន​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នោះ​ទេ។​

ការ​ចរចា​កម្រិតកំពូល​លើក​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​តំណាងរាស្ដ្រ​ជាប់​ឆ្នោត​របស់​គណ​បក្សសង្គ្រោះ​ជាតិ​ជា​សេរី​ចំនួន​៧​រូប​ក្រោយ​ពី​មាន​អំពើ​ហិង្សា​នៃ​ការ​ប៉ះ​ទង្គិច​រវាង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​នេះជាមួយ​ក្រុមកង​សន្តិសុខ​ក្រុង​ភ្នំពេញ។​

លោក​សួន ប៊ុនសាក់​រៀបរាប់​ថា ​ប្រទេស​កម្ពុជា​នៅ​មាន​កិច្ចការ​ជា​ច្រើន​ត្រូវ​បំពេញ​ក្នុងរដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ ​ដូចជា​ផ្នែក​សេដ្ឋកិច្ច ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ស្ថាប័នរដ្ឋ​សភា​ជា​ដើម។​

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ដដែល​យល់​ថា​ មេដឹក​នាំ​នយោបាយ​ទាំង​ពីរ​គណបក្ស​គួរ​តែ​សង្កត់​ធ្ងន់​លើ​ការ​ជជែក​អំពី​កំណែ​ទម្រង់​ការ​បោះឆ្នោត​ និង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​

លោក​គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ហៅ​ថា​ ខុមហ្វ្រែល ​យល់​ដូច​គ្នា​នេះ​ដែរ។​

ហើយ​លោក​គិត​ថា​ ការ​ធ្វើ​ឲ្យ​សម្រេច​នូវ​កំណែ​ទម្រង់​ការ​បោះឆ្នោត​គឺ​ជា​អាទិភាព​នៅ​ថ្ងៃ​ស្អែក​នេះ។​

«គួរ​តែ​គេជជែក​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ធ្វើ​ម៉េច​ធានា​ថា​ ការ​បោះឆ្នោត​ខាង​មុខ​មិន​មាន​ការ​រាំង​ស្ទះ​ ដូច​ពេល​នេះ។​ ទំនាស់​បោះ​ឆ្នោត​នេះ​នឹង​នាំ​ឲ្យ​កើត​ទំនាស់​នយោបាយ​ បើ​សិន​ជា​ការ​បោះឆ្នោត​មិន​សេរី​ និង​យុត្តិ​ធម៌»។​

​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ហាក់​ដូចជា​កំពុង​ស្ថិត​ក្នុង​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង​ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​បោះឆ្នោតបង្កើត​សមាស​ភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ដោយ​សំឡេងពីរ​ភាគ​បី​ក្នុង​រដ្ឋសភា។​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​យល់​ព្រម។ ​ហើយ​ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​ជាប់​គាំង​ក្នុង​ការ​ចរចានា​ពេល​កន្លង​មក។​

ប៉ុន្តែ​លោក​គល់ បញ្ញា​នៅ​មាន​សង្ឃឹម​ថា​ មេដឹក​នាំ​កំពូល​នៃ​គណបក្ស​ជាប់​ឆ្នោត​នឹង​អាច​រក​ដំណោះស្រាយ​ឃើញ​លើ​បញ្ហា​នេះ។​

ដោយ​ឡែក​អ្នក​ជំនួញ​ផ្នែក​អចលទ្រព្យរង់​ចាំ​ផល​វិជ្ជមាន​នៃ​ដំណោះ​ស្រាយ​នយោបាយ​នៅ​ថ្ងៃ​ស្អែក​ ដែល​នឹងធ្វើ​ឲ្យ​ស្ថាន​ភាព​ពាណិជ្ជ​កម្ម​នឹងន​ ក្រោយ​ពី​ការ​ចាប់​ខ្លួន​ក្រុម​តំណាង​រាស្ដ្រ​ជាប់​ឆ្នោត​របស់​គណបក្ស​ជំទាស់។​

លោក​ចេង ខេង ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលន​ទ្រព្យ​កម្ពុជា ​និង​ជា​ប្រធាន​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ​អធិប្បាយ​ថា ​វិស័យ​ជំនួញ​នេះ​រំពឹង​លើការ​ចរចា​គ្នា​នៃ​មេ​ដឹកនាំ​នយោបាយ​ទាំង​ពីរ។​

«រឿង​វិស័យ​ដីធ្លី​នេះ​ ដើម្បី​ឲ្យ​វាល្អ​ទៅ​បាន​ គឺ​ត្រូវ​ការ​ស្ថិរភាព​នយោបាយនិង​ត្រូវ​ការ​អ្នក​ដឹក​នាំ​ទាំង​ពីរ​ត្រូវ​រ៉ូវ​គ្នា»។​ ​

គណបក្ស​និមួយៗ​មាន​សមាស​ភាព​ចំនួន​ប្រាំបី​៨​រូប​ ដែល​ដឹក​នាំដោយ​លោក​ហ៊ុន សែន​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា។​

ក្រុម​អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ឲ្យ​ដឹង​ថា មិន​មាន​ការ​កំណត់​របៀប​វារៈ​ជាក់លាក់​សម្រាប់​ការ​ចរចានៅ​ថ្ងៃ​ស្អែក​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​លោក​សម រង្ស៊ីទេ។ប៉ុន្តែ​នេះ​គឺ​ជា​កិច្ច​ចរចា​បន្ត​លើ​បញ្ហា​លម្អិត ជាពិសេស​ទាក់ទង​នឹង​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​

លោក​យ៉ែម ប៉ុញ្ញារិទ្ធ ​តំណាងរាស្ដ្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ថា​ គណបក្ស​របស់​លោក​សង្កត់​ធ្ងន់​លើ​បញ្ហា​នេះ។​

«យើង​មាន​ជំនឿ​ថា ​អាច​ជជែក​គ្នា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ជា​កញ្ចប់​រួម​តែ​ម្តង។ ហើយរឿង​ដែល​សំខាន់​ ដែល​យើង​ចង់​បាន​នោះ​គឺ​កំណែ​ទម្រង់​គ.ជ.ប.​ និង​កិច្ច​ការ​បោះឆ្នោត ​ពី​ព្រោះ​ដើម​ចម​នៃ​បញ្ហា​គឺ​ចេញ​ពី​គ.ជ.ប.​នេះ»។​

លោក​ជាម យៀប ​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​ ធនាគារ​ និងសវនកម្ម​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏សម្តែង​សុទិដ្ឋិ​និយម​ដូច​គ្នា​នេះ​ដែរ។​

ក្នុង​បរិបទ​នៃ​វិបត្តិ​នយោបាយ​រយៈ​ពេល​មួយ​ឆ្នាំ​មក​នេះ​ មាន​អំពើ​ហិង្សា​ជាច្រើន​បាន​កើត​ឡើង​ ក្នុង​នោះ​សិទ្ធិសេរី​ភាព​នៃ​ការ​ដើរ​ធ្វើ​បាតុកម្ម​ត្រូវ​បាន​ហាម​ឃាត់។ ​ក្រុមបាតុករ​យ៉ាង​តិច​ប្រាំពីរ​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ និង​ក្រុម​តំណាង​រាស្ដ្រ​ជំទាស់​ចំនួន​៧​រូប​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង។​

អង្គការ​សហ​ប្រជាជាតិ​ និង​មន្ត្រី​ទូត​សំខាន់ៗ​បាន​ជំរុញ​ឲ្យ​ភាគី​គូ​ជម្លោះ​នយោបាយដោះ​ស្រាយ​អរិភាព​នឹង​គ្នា​ឲ្យ​បាន​ឆាប់​និង​ត្រូវ​ដោះលែង​តំណាង​រាស្ដ្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕