មេធាវី​លោក​ហ៊ុន សែន​សុំ​ឲ្យ​តុលាការ​កាត់​ទោស​លោក​សម រង្ស៊ី​ជាប់​ពន្ធនាគារ​​

លោក គី តិច មេធាវី​តំណាង​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលាដំបូង​រាជធានីភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​០៥​ ខែ​សីហា ឆ្នាំ​២០១៦។​ (ឡេង​ ឡែន/VOA)

លោក​ហ៊ុន សែន​ក៏បាន​ប្តឹង​​​លោកស្រី​ថាក់ ឡានី ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ​ដែល​បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ឃាត​កម្ម​លើ​លោក​កែម ឡី​ដែរ។

នៅ​ថ្ងៃ​សុក្រ​នេះ​ លោក ​គី តិច​ មេធាវី​របស់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ស្នើ​ឲ្យតុលាការ​ដាក់​ទោស​លោក​ សម រង្ស៊ី ​និង​លោកស្រីថាក់ ឡានី​ សមាជិក​ព្រឹទ្ធសភាគណបក្ស​សម រង្ស៊ី​ឲ្យ​ជាប់​ពន្ធនាគាររ បន្ថែម​ពី​លើ​ការទាមទារ​សំណង​១០០​រៀល​ បន្ទាប់ពី​លោក​នាយករដ្ឋមន្រ្តី ​ប្តឹង​អ្នកទាំង​ពីរ​ពាក់ព័ន្ធ​នឹង​ការថ្លែង​របស់​ពួកគេ​ដែល​ថា ​រដ្ឋាភិបាល​កម្ពុជា​ប្រហែល​ជា​នៅ​ពីក្រោយ​ឃាតកម្ម​សម្លាប់លោកកែម ឡី នោះ។​

មេធាវី​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន គឺលោក គី តិច ​ប្តឹង​ទាមទារ​ឲ្យ​តុលាការ​ដាក់ ពន្ធនាគារ​លើ​លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​ជា​សហការី​របស់​លោក​ម្នាក់​ទៀត​ដែល​បាន​និយាយ​ថា ពួកគេ​ជឿ​ថា​រដ្ឋាភិបាល​នៅ​ពីក្រោយ​ការស្លាប់​របស់​ ​លោក ​កែម ឡី។

ការ​ចូលឆ្លើយ​បំភ្លឺ​នេះ ក្រោយ​ប៉ុន្មាន​ថ្ងៃ​ លោក ហ៊ុន សែន បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង លោក សម រង្ស៊ី ដែល​បាន​សរសេរលើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ​២០១៦។ លោក ហ៊ុន សែន ក៏​បាន​ប្តឹង​លោកស្រី ថាក់ ឡានី ​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ដែល​បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ឃាត​កម្ម​លើ​លោក កែម ឡី។

រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍»។

លោក គី តិច មេធាវី​តំណាង​អាណត្តិ​របស់​លោក ហ៊ុន សែន ប្រាប់ VOA ក្រោយ​បញ្ចប់​ការ​ចូល​បំភ្លឺថា ការថ្លែង​របស់លោក សម រង្ស៊ី និង លោកស្រី ថាក់ ឡានី គឺជា​ការទម្លាក់​កំហុស និង​បំភ្លៃ​ការពិត​លើ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា។ លោក​បន្ត​ថា សម្តី​ទាំងនោះ​ជា​ការ​ញុះញង់​ក្នុង​ចេតនាធ្វើ​ឲ្យ​មហា​ជនខឹង និង​អាច​បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម។

លោក គី តិច ​បន្ថែមថា​ លោក​បាន​ពិភាក្សា​ជាមួយលោក ហ៊ុន សែន ហើយសុំ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​ដោយ​ដាក់​ពន្ធនាគារ​អ្នក​ទាំងពីរ។

លោក​មាន​ប្រសាសន៍​ថា៖ «សម្តេច​ចង់​ឲ្យ​ច្បាប់​រក​ឲ្យ​ឃើញ​ដើម្បី​កុំ​ឲ្យ​មនុស្ស​ដែល​ចេះ​តែដើរ​និយាយ​បំ​ផ្លើស​ទម្លាក់​កំហុស​ទៅ​លើ​បុគ្គល​ដែល​គេ​មានភាព​ស្អាតស្អំហ្នឹង ចេះ​តែ​ដើរ​ធ្វើ​បានៗ ចឹង​សូម​ឲ្យច្បាប់​រក​យុត្តិធម៌​ឲ្យ​សម្តេច ទី១ ទី២​សុំ​ឲ្យ​ផ្តន្ទា​ទោស​បុគ្គល​ប្រព្រឹត្ត​បទ​ល្មើស»។

លោក​បន្ថែម​ថា លោក​បាន​ស្នើ​សុំ​តំណាង​អយ្យការ​កោះ​ហៅ​សាក្សី​សំខាន់ៗ​ដែល​ចូលរួម​ក្នុង​វេទិកា​ដែល​លោកស្រី ថាក់ ឡានី​ ថ្លែងនោះឲ្យ​ចូល​បំភ្លឺ។ ​

លោក លី សុផាណា អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ ប្រាប់ VOA ​តាមរយៈ​តេលេក្រាម​ថា ​លោក​កំពុង​បន្តចំណាត់ការ​ស៊ើបអង្កេត​ដើម្បី​ចោទ​ប្រកាន់។

លោក​ សុក សំអឿន​ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​ជា​មេធាវី​ឯករាជ្យ​មួយ​រូប​មាន​ប្រសាសន៍​ថា បើ​តាមផ្លូវច្បាប់ ​ករណីនេះ​មិនអាច​ឈាន​ដល់​ការ​ដាក់ទោស​ទណ្ឌ​នោះទេ។

លោក​បន្ថែម​ថា៖ «អ្វី​ដែល​គាត់​និយាយ​គ្រាន់តែ​ជា​យោបល់ ជាគំនិត ជាមតិ​របស់គាត់ ហើយទី២​ប្រសិន​បើ​គាត់​និយាយ​សំដៅ​ទៅ​លើ​រដ្ឋ​អំណាច​ទូទៅ តើ​អាការ​ចោទ​ប្រកាន់​ហ្នឹង​វា​ជាក់ស្តែង ឬអត់? មានន័យថា​វា​ប្រាកដ​ថា គាត់​និយាយ​ហ្នឹង​វា​ឥចឹង ឬអត់ ឬក៏​គ្រាន់តែ​ជាការ​ទទួល​ខុសត្រូវ​របស់​រដ្ឋអំណាច។ តែ​ប្រសិន​បើក្​នុង​ករណី​ដែលគាត់ចោទប្រកាន់​តែម្តង គាត់​ថា​ប្រាកដ​ហើយ​គឺ​ពួក​ហ្នឹង​ជា​អ្នក​ធ្វើ ប្រសិន​បើ​ក្នុង​ករណី​បែប​ហ្នឹង វា​គ្រាន់​តែ​ជា​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​អត់មាន​ជាប់​ពន្ធនាគារ​ទេ»។

លោក ​សម រង្ស៊ី​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ថា​ «ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ថ្ងៃនេះ​ជា​អំពើ​ភេវរកម្ម​មួយ​ទៀត​ រៀបចំ​ដោយ​រដ្ឋអំណាច»។​

​វីឌីអូ​មួយ​បង្ហោះ​កាល​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន ​ដោយ​អង្គភាព​ព័ត៌មាន​ Freshnews​ ដែល​គេ​ដឹង​ថា​ ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ បង្ហាញថា លោក​ស្រី ថាក់ ឡានី​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​ថ្លែង​ថា​លោក ហ៊ុន សែន នៅ​ពីក្រោយ​ការ​សម្លាប់លោក​ កែម ឡី។​

លោក​ស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​ «ហើយ​ឥឡូវ​ហ្នឹង​ ហ៊ុន សែន​ មិន​ដឹង​គិត​យ៉ាងម៉េច​ទៀត​ទេ​ នៅ​មិន​នៅ ​ចុះ​ឡើងៗ​ទៅ​បាញ់​លោក​ កែម ឡី។​ កែម ឡី​ អ្នក​វិភាគ​នយោបាយ​ឃើញ​ទេ?​ ដែល​គាត់​បាន​លើក​ឡើង​ នែ!​ Global Witness ​លើក​មុន​គាត់​បាន​លើក​ឡើង​អំពីទិដ្ឋភាព​ ហ៊ុន សែន​ ពុក​រលួយ​ កូនចៅ​ពុក​រលួយ​ សល់​លុយ​ប៉ុន្មាន​លាន​នៅ​ឯណា? ឯកសារ​ Global Witness ​មាន​ទាំង​អស់។​ ច៎ា ​មាន​ទាំងអស់​ ក៏​ប៉ុន្តែ​គេ​និយាយ​តាម​ឯក​សារ​តើ!»​

VOA ​មិនអាច​ទាក់​ទង​លោក​ស្រី ​ថាក់ ឡានី​ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ ដើម្បី​ស្រាយ​បំភ្លឺ​បាន​ទេ​ ​នា​ល្ងាចថ្ងៃសុក្រនេះ។​

ប៉ុន្តែ​លោក​ស្រី​បាន​ប្រាប់​ព្រឹត្តប័ត្រ​ព័ត៌មាន​ The Cambodia Daily ​កាល​ពីថ្ងៃ​អាទិត្យ​ថា​ លោកស្រី​មិន​បាន​ថ្លែង​ថា​ លោក​ ហ៊ុន សែន ​ជា​អ្នក​នៅ​ពីក្រោយ​ការ​សម្លាប់​លោក​ កែម ឡី​ នោះ​ទេ​ ហើយ​លោក​ស្រី​បាន​អះអាង​ថា​ ពាក្យសម្តី​របស់​លោក​ស្រី​ត្រូវ​បាន​គេ​កាត់​ត។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​ឆ្លើយតប​ VOA តាមរយៈ​សារ​អេឡិច​ត្រូនិក​ ឬ​អ៊ីម៉េល​ថា៖ «​អ្នក​ដែល​គួរ​តែ​ចាប់​[ដាក់]​ពន្ធនាគារ គឺ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​នៅ​ពី​ក្រោយ​ខ្នង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ​យ៉ាង​សាហាវ​ក្នុង​ឆ្នាំ​១៩៩៧ ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា ក្នុង​ឆ្នាំ ២០០៤ ការបាញ់​សម្លាប់​លោក ឈុត វុទ្ធី ក្នុង​ឆ្នាំ ២០១២ និង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៦​នេះ។ ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​យ៉ាង​ច្បាស់​ថា អ្នក​ណា​ជា​អ្នក​ប្រព្រឹត្ត​ឃាតកម្ម​ទាំងអស់​នោះ ហើយ​លោក​ក៏​ដឹង​ដែរ​ថា ជនឧក្រិដ្ឋ​ទាំងនោះ​នៅ​កន្លែង​ណា​សព្វ​ថ្ងៃ ប៉ុន្តែ​លោក​មាន​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង​ក្នុង​ការ​បញ្ចេញ​មតិ។ ដូច្នេះ ខ្ញុំ​និយាយ​ពេល​នេះ ក្នុង​នាម​ប្រជា​ពលរដ្ឋ​ខ្មែរ»។

សាលាដំបូង​រាជធានី​ភ្នំពេញ​ទើបតែបាន​ផ្តន្ទាទោស​លោក​ សម រង្ស៊ី​ ​កាលពីចុង​ខែកក្កដា​ពីបទ​«បរិហារ​កេរ្តិ៍»​លោក​ ហេង សំរិន​ ប្រធាន​សភាជាតិ​នៅ​លើ​ទំព័រ ​Facebook។​ ​

លោក​ កែម ឡី​ គឺ​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា។​ លោក​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពីលោក​បាន​ផ្តល់​ការ​អធិប្បាយ​លើ​របាយ​ការណ៍​របស់​អង្គការ​ Global Witness​ ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពីការ​កសាង​ទ្រព្យ​សម្បតិ្ត​ដ៏ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

របាយ​ការណ៍​អង្គការ​ Global Witness ​មាន​ចំណង​ជើង​ថា​«ការ​គ្រប់គ្រង​ដ៏​ប្រទូសសារ៉ាយ៖​ អាណា​ចក្រ​សាជីវកម្ម​របស់​គ្រួសារ​អ្នក​ដឹកនាំ​កម្ពុជា»​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ដើម​ខែ​កក្កដា បាន​បង្ហាញថា​ គ្រួសារ​របស់​លោក​ ហ៊ុន សែន​ មាន​ភាគហ៊ុន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​ចំនួន​ ១១៤​ ដែល​មាន​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន​ជាង​២០០លាន​ដុល្លារ​អាមេរិក។

តុលាការ​បាន​កោះហៅ​លោកស្រី ថាក់ ឡានី ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃទី​០៨ ខែសីហា និង​លោក សម រង្ស៊ី ត្រូវ​ឆ្លើយ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦៕