កិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ (ASEM13) ដែលមានថ្នាក់ដឹកនាំប្រទេសជាង៥០ចូលរួមបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែវិច្ឆិកានេះត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញដោយសារវិបត្តិជំងឺកូវីដ១៩។កិច្ចប្រជុំកំពូលដែលធ្វើឡើង២ឆ្នាំម្តងនេះមានមូលបទ«ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា»។
ថ្លែងចេញពីវិមានសន្តិភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំនៃកិច្ចប្រជុំនេះលើកឡើងថាវេទិកាអន្តរជាតិនេះនឹងពង្រឹងបន្ថែមភាពជាដៃគូអាស៊ីអឺរ៉ុបនិងដើម្បីពង្រឹងពហុភាគីដ៏រឹងមាំមួយ។
លោកបន្ថែមថាកិច្ចប្រជុំដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦នេះបានក្លាយជាវេទិកាសំខាន់មួយដើម្បីភ្ជាប់ទំនាក់ទំនងនិងពង្រឹងភាពជាដៃគូ។
លោកហ៊ុន សែន ថ្លែងថា៖«កិច្ចប្រជុំកំពូល ASEM នៅថ្ងៃនេះគឺជាឱកាសដ៏ទាន់ពេលមួយសម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃភាពជាដៃគូនិងកិច្ចសហការអាស៊ីអឺរ៉ុបក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់និងសកលដែលជាក្តីបារម្ភរួម»។
លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានថ្លែងថាកិច្ចប្រជុំកំពូលនេះជាឱកាសសម្រាប់កត់ត្រាអ្វីដែលបានសម្រេចនិងកំណត់ទិសដៅទៅអនាគត។លោកបន្ថែមថាកិច្ចប្រជុំនេះ«ជាវេទិកាតែមួយគត់សម្រាប់ការសន្ទនានយោបាយ»រវាងអ្នកពាក់ព័ន្ធទាំងអស់។
លោកថ្លែងបន្តថា អឺរ៉ុបនឹងពង្រីកទំនាក់ទំនងជាមួយអាស៊ីជំរុញការខិតខំកាត់បន្ថយជាតិពុលក្នុងបរិយាកាសនិងពង្រីកហិរញ្ញប្បទាននិងវិនិយោគការពារនិងស្តារឡើងវិញនូវធម្មជាតិ។
លោកបញ្ជាក់បន្ថែមថា៖ «អឺរ៉ុបគោរពនូវដៃគូស្មោះត្រង់ហើយយើងត្រៀមខ្លួនជាស្រេចក្នុងការធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយអ្នកទាំងអស់គ្នាដើម្បីផលប្រយោជន៍ប្រជាជនយើងទាំងអស់គ្នា»។
កាលពីកន្លងទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដឹងថាពិភពលោកនៅប្រឈមបញ្ហាមួយចំនួនដូចជាការធ្លាក់ចុះនៃសង្វាក់តម្លៃសកលនិងសង្វាក់ផលិតកម្មសកលការលេចឡើងកាន់តែច្បាស់នូវប្រព័ន្ធពហុប៉ូល និងភាពតានតឹងភូមិសាស្រ្តនយោបាយការធ្លាក់ចុះផលិតភាពសកលនិងការកើនឡើងនៃវិសមភាពសង្គម និងភាពក្រីក្រជាដើម។
បើតាមលោកហ៊ុន សែនទំហំសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបមានចំណែកប្រមាណ៦៥%នៃសេដ្ឋកិច្ចសកល។ចំណែកទំហំពាណិជ្ជកម្មមានប្រមាណ៥៥%នៃពាណិជ្ជកម្មសកល៕