រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពីបានរកឃើញកំណប់ដ៏មហាសាលខាងផ្នែកប្រវត្តិសាស្រ្តគឺឧស្សាហកម្មរ៉ែដែកខ្មែរតាំងពីសម័យមុនអង្គរ ការងារបន្ទាប់របស់លោកសាស្រ្តាចារ្យធុយ ចាន់ធួន គឺពន្យល់ដល់សហគមន៍ខ្មែរឱ្យបានដឹងពីអ្វីដែលប្រទេសកម្ពុជាធ្លាប់មានហើយត្រូវបានកប់បាត់ក្នុងស្លាកស្នាមនៃប្រវត្តិសាស្រ្ត។
ក្នុងការធ្វើបទបង្ហាញដ៏កម្រមួយដល់សហគមន៍ខ្មែរនៅក្រុងអាណាន់ដែល រដ្ឋ Virginia កាលពីដើមខែកក្កដា លោកសាស្រ្តាចារ្យធុយ ចាន់ធួនបញ្ជាក់ថាកម្ពុជាបានធ្វើឧស្សាហកម្មរ៉ែដែកតាំងពីសម័យមុនអង្គរដែលជាសម័យរុងរឿងលាតសន្ធឹងពីសតវត្សរ៍ទី៩ដល់ទី១៥ហើយផលិតផលដែកនោះត្រូវបានគេប្រើសម្រាប់គោលបំណងវប្បធម៌ សាសនានិងយោធា។
លោកបានបញ្ជាក់ប្រាប់វីអូអេពីសារៈសំខាន់នៃរ៉ែដែកនោះថា៖
«គឺគេប្រើប្រាស់សម្រាប់ធ្វើពន្លៀក រណាផ្សេងៗសម្រាប់ចិតថ្ម កាត់ថ្ម សម្រាប់ធ្វើអង្គរវត្តនិងប្រាសាទធំៗ។ ទន្ទឹមនឹងនេះគេយកដែកទៅ ធ្វើសព្វាវុធគ្រប់ប្រភេទសម្រាប់ការពារទឹកដីឬក៏វាយបកនឹងខ្មាំងសត្រូវវិញ»។
កាលពីឆ្នាំ២០១០ លោកសាស្រ្តាចារ្យធុយ ចាន់ធួនបានក្លាយជាអ្នកស្រាវជ្រាវខ្មែរទីមួយដែលបានរកឃើញភស្តុតាងជាគំនរអាចម៍ដែកដ៏ច្រើនសន្ធឹកសន្ធាប់នៅភាគខាងជើងប្រទេសដែលស្ថិតនៅក្នុងខេត្តកំពង់ធំ និងព្រះវិហារ។
គេដឹងគ្រប់គ្នាថាកម្ពុជាធ្លាប់ជាអាណាចក្រមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការបន្សល់ទុកមរតកវប្បធម៌ប្រវត្តិសាស្រ្តជាច្រើនដូចជាប្រាសាទអង្គរវត្តជាដើម។ ប៉ុន្តែមានអ្នកស្រាវមិនច្រើនប៉ុន្មានទេដែលអាចរកឃើញពីប្រភពដែលជំរុញឱ្យកម្ពុជាឈានដល់សករាជកំពូលនេះ។
ប៉ុន្តែលោកសាស្រ្តាចារ្យពន្យល់ថាឧស្សាហកម្មដែកជាគន្លឹះដ៏សំខាន់មួយដែរក្នុងការជួយប្រទេសកម្ពុជាឱ្យឈានដល់អំណាចកំពូលក្នុងតំបន់។
លោកបញ្ជាក់ថា៖
«អញ្ចឹងហើយនេះជាសម្មតិកម្មថាប្រសិនបើគ្មានកន្លែងឧស្សាហកម្មរ៉ែដែកធំៗរបស់ខ្មែរទេយើងមិនអាចមានអ្វី សាងសង់អង្គរវត្តឬក៏អាណាចក្រខ្មែរបានទេ»។
ក្នុងពេលបំពេញបេសកកម្មនៅ សហរដ្ឋអាមេរិកលោកសាស្រ្តាចារ្យ ធុយ ចាន់ធួន បានជួបជាមួយសហគមន៍ខ្មែរអាមេរិកាំងនៅតាមរដ្ឋនានា ដោយមានការចូលរួមក្នុងការប្រារព្ធខួបលើកទី ១.២១០ឆ្នាំនៃអាណាចក្រអង្គរដែលបានធ្វើឡើងនៅទីក្រុងស៊ីអាថល រដ្ឋវ៉ាស៊ីនតោន។ លោកយល់ថាការគាំទ្ររបស់ពលរដ្ឋខ្មែរនៅ ក្រៅប្រទេសមានសារៈសំខាន់ណាស់។
«គឺយើងទៅធ្វើការទាំងអស់គ្នា។ យើងទៅស្រាវជ្រាវទាំងអស់គ្នាគឺដើម្បីសង្គមខ្មែរមិនមែនដើម្បីខ្លួនខ្ញុំឬអ្នកណាមួយនោះ ទេ គឺសង្គមជាតិយើង។ អីចឹងខ្ញុំសង្ឃឹមថាខ្មែរយើងមានសន្តិភាពយើងចាប់ផ្តើមតាមរបៀបហ្នឹង។ សង្គ្រាមឈប់បាញ់គ្នា មានសន្តិភាពផ្លូវចិត្ត សន្តិភាពប្រវត្តិសាស្រ្ត។ យើងចាប់ផ្តើមធ្វើការទាំងអស់គ្នា»។
បើទោះបីជាបានកំណត់ជាជំហានដំបូងពីយុគសម័យនៃឧស្សាហកម្មរ៉ែដែករបស់ខ្មែរប៉ុន្តែលោកសាស្រ្តាចារ្យនៅបន្តស្វែងរកស្ថាប័នធំៗនៅសហរដ្ឋអាមេរិកឱ្យជួយដល់ការធ្វើពិសោធបន្ថែមទៀតដើម្បីកំណត់កាលបរិច្ឆេទឱ្យកាន់តែច្បាស់លាស់ដោយសារការស្រាវជ្រាវនៅមិនទាន់ចប់នៅឡើយ៕