កម្ពុជា​រក​ឃើញ​វីរុស​កូវីដ​១៩​បំប្លែង​ថ្មី​ដែលតា​បង្ក​ការ​ព្រួយ​បារម្ភ​នៃ​ការ​ឆ្លង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត

រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) កម្រិត​ឆ្លង​ខ្លាំង​ក្លា ដែល​នេះ​បង្ក​ការ​ព្រួយ​បារម្ភ​នៃ​ការឆ្លង​ទ្រង់​ទ្រាយ​ធំ ហានិភ័យ​នៃ​ការ​ស្លាប់​ខ្ពស់​ជាង​មុន ក៏​ដូច​ជាសម្ពាធ​បន្ថែម​មក​លើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា។ នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់នៃក្រសួង​សុខាភិបាល​ដែល​បាន​ប្រាប់​ទូរទស្សន៍​បាយ័ននៅ​ថ្ងៃ​អង្គារ​នេះ។

អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​អ្នកនាំ​ពាក្យ​ក្រសួង​របស់​សុខាភិបាល​បាន​ថ្លែង​ប្រាប់​ប៉ុស្តិ៍​ទូរ​ទស្សន៍​បាយ័ន​ថា​ល្បឿន​នៃ​ការ​ឆ្លង​របស់​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ ឬ B.1.617-2 ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា ខ្លាំង​ជាង​វីរុស​បំប្លែង​ប្រភេទ​អាល់ហ្វា​(Alpha) ឬB.1.17 ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​អង់គ្លេស និង​ផ្ទុះ​ឆ្លង​នៅ​កម្ពុជា ចាប់​តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍​២០​កុម្ភៈ។

អ្នកស្រី​ឱ វណ្ឌឌីន​ក៏​បាន​បញ្ជាក់​ពីផលវិបាក​ធ្ងន់ធ្ងរ​ដែល​អាច​កើត​ចេញ​ពី​ការ​ឆ្លង​រាត​ត្បាត​នៃវីរុស​ប្រភេទ​បំប្លែងថ្មី​ដែលតា​នេះ​នៅ​ក្នុង​សហគមន៍ ខណៈ​ការ​ឆ្លង​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ កុម្ភៈ មិន​ទាន់ស្រាកស្រាន្ត​នៅ​ឡើយ។

អ្នកស្រី​បញ្ជាក់​ថា៖ «ឥឡូវ​ហ្នឹង​សឹង​តែ​ឈាន​ផុត​បន្ទាត់​ក្រហម​ហើយ​ណា។ អញ្ចឹង​យើង​អត់​ចង់​ឲ្យ​បងប្អូន​ទាំង​អស់ (អត់​ចង់​ឲ្យ)​ស្ថានភាព​នៃ​ការ​វាយលុករបស់​ជំងឺ​កូវីដ១៩​នេះ​លើស​ពី​បន្ទាត់​ក្រហម​របស់​យើង​ទេ។ ហើយ​កាល​ណា​លើស​ពី​បន្ទាត់​ក្រហម​ហើយ បងប្អូន​ពិបាក​ណាស់។ ពិបាក​ណាស់ អាហ្នឹង​ចូល​ទៅ​ដល់​អី? ចូល​ទៅ​ដល់​ការ​រាតត្បាត​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍​របស់​យើង»។

អ្នកស្រី​បន្ថែម​ថា៖ «ហើយ​បើ​សិន​រាតត្បាត​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍​របស់​យើង មូលដ្ឋាន​សុខាភិបាល​សាធារណៈ​មន្ទីរ​ពេទ្យ ត្រូវ​តែ​ហួស​ពី​សមត្ថភាព​ហើយ ពីព្រោះ​វា​ច្រើន​មែនទែន​ដល់​អញ្ចឹង​អត់​មាន​កន្លែង​ដាក់​នោះ​ទេ។ អញ្ចឹង​ការ​ស្លាប់​បាត់​បង់​ជីវិត​ក៏​ត្រូវ​ច្រើន ហើយ​បង​ប្អូន​ក៏​ពិបាក​នៅ​ក្នុង​ការ​ប្រកប​របរ​រក​ស៊ី​ទទួល​ទាន។ ដោយ​សារ​កាលណា ​(កូវីដ១៩)​វាយ​លុក​ខ្លាំង​ចាំបាច់​ត្រូវ​ធ្វើ​ម៉េច​ដូច​ខ្ញុំ​និយាយ​មិញ? ត្រូវ​បិទ​ទៀត​ហើយ»។

គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ កម្ពុជារក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ បង្ក​ឡើង​ដោយ​វីរុស​ប្រភេទ​បំប្លែង​ថ្មី ដែលតា​ចំនួន​២២​ករណី។ នេះ​បើ​តាម​ទូរទស្សន៍​បាយ័ន។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល​ចុះ​ថ្ងៃ​ទី២៨ ខែ​មិថុនា អាជ្ញាធរ​សុខាភិបាល​បាន​ធ្វើ​តេស្ត​ពលករ​ចំណាក​ស្រុក​ត្រឡប់​ពី​ប្រទេស​ថៃ ហើយ​រក​ឃើញ​វីរុស​បំប្លែង​ថ្មី ប្រភេទ​ដែលតា​នេះ។ ក្រសួង​បញ្ជាក់​ថា​ការ​ចម្លង​វីរុស​បំប្លែង​ថ្មី​ដែលតាមាន​ភាព​សាហាវ​ខ្លាំង​ជាង​វីរុស​កូវីដ​១៩​បំប្លែង​មុនៗ​ប្រហែល​ដល់​ទៅ​១៥​ដង​ខ្លាំង​ជាង​ការ​ចម្លង​ពី​ពេល​កន្លង​ទៅ។ ទោះ​ជា​យ៉ាងណា ក្រសួងមិន​ទាន់ដឹង​ពី​អត្តចរិត​និងទី​កន្លែង​ពិត​ប្រាកដ​នៃ​វីរុសបំប្លែង​ថ្មី​នេះក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង​បាន​ចេញ​សេចក្តី​ណែនាំ​ពី​ការ​ពង្រឹងវិធានការ​ចត្តាឡីស័ក​នៅ​តាម​បណ្តា​ច្រក​ព្រំដែន​នានា និង​ការ​ពង្រឹង​វិធានការ​រដ្ឋបាល​ចាំបាច់ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ដែលតា នៅ​ក្នុង​សហ​គមន៍។

អ្នកស្រី Li Ailan ប្រធាន​អង្គការ​សុខាភាព​ពិភព​លោក (WHO)​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​Twitter​របស់​អ្នកស្រី​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មិថុនា ដែល​ត្រូវ​បាន​ប្រែ​សម្រួល​ក្នុង​ន័យ​ដើម​ថា៖ «សូម​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់និង​ចាត់​វិធាន​ការ​នា​ពេល​នេះ! វីរុស​បំប្លែង​ថ្មី​ដែលតា បាន​មក​ដល់​កម្ពុជា​ហើយ។ មក​ទល់​ពេល​នេះ​មាន​ប្រភេទ​វីរុស​បំប្លែង​ថ្មី​ចំនួន៤​ប្រភេទ​ដែល​ត្រូវ​បាន​កំណត់​ឡើង​នៅ​ជុំវិញ​ពិភព​លោក​រួម​មាន​ប្រភេទ​អាល់ហ្វា (B.1.1.7) ប្រភេទ​បេតា (B.1.351) ប្រភេទ ហ្កាម៉ា​ (P.1) និង​ប្រភេទ ដែលតា (B.1.617.2)។ វីរុស​ប្រភេទ​ទាំង​នេះ​គឺ​មាន​ការ​ឆ្លង​លឿន​ជាង​វីរុស​ប្រភេទ​ដើម​ដែល​បង្ក​ជា​ជំងឺ​កូវីដ​១៩»។

វីអូអេ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​នៅ​ឡើយ​ទេ។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថ្លែង​ប្រាប់ ​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថាកម្ពុជា​បន្ត​សម្រុក​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ដល់​ប្រជាពលរដ្ឋ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នេះ បើ​ទោះ​ការ​ឆ្លង​នៅ​បន្ត​កើន​ឡើង​ក៏​ដោយ។

គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​មិថុនា អាជ្ញាធរ​សុខាភិបាល​កម្ពុជា​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ប្រជាពលរដ្ឋ​ជាង​៤​លាន​នាក់ ដែល​ស្មើ​ប្រមាណ​៤០%​នៃ​គោលដៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​១០​លាន​នាក់​។ នេះ​បើយោង​ទៅ​តាម​ទិន្នន័យ​ផ្តល់​ដោយ​ក្រសួង​សុខាភិបាល។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​វា​មិន​ទាន់​មាន​ភាពច្បាស់​លាស់​នៅ​ឡើយ​ទេ​នៃរយៈ​ពេល​ប្រសិទ្ធភាព​របស់វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ក៏​ដូចជា​ប្រសិទ្ធភាព ដើម្បី​ទប់​ទល់​នឹង​វីរុស​បំប្លែងប្រភេទ​ថ្មី។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​អត់​ទាន់​ដឹង​ថា​តើ​រយៈពេល​ប៉ុន្មាន​ដែល​មាន​អាំងទីគ័រ​(អង្គ​បដិប្រាណ) ឬ​ក៏​វ៉ាក់សាំង​ទាំង​អស់​ដែល​បាន​ចាក់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ហ្នឹង។ វា​មាន​ប្រសិទ្ធភាព​សម្រាប់​វីរុសថ្មី​ហ្នឹង ឬ​ក៏​យ៉ាង​ម៉េច។ អញ្ចឹង​យើង​ក៏​អត់​ដឹង​ដែរ។ អញ្ចឹង​គួរ​តែ​ក្រសួង​សុខាភិបាល​គួរ​តែ​បញ្ជាក់​រឿង​ទាំង​អស់​ហ្នឹង​ដែរ»។

លោក​បន្ថែម​ថា​រដ្ឋាភិបាល​គួរ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ និង​គ្រប់​ជ្រុង​ជ្រោយ និង​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ហានិ​ភ័យ​នៃ​ការ​ឆ្លង​វីរុសកូវីដ​១៩​ប្រភេទដែលតា​ថ្មី។ លោកសង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​ដែល​ចាក់​វ៉ាក់​សាំងរួច​ហើយ តែង​តែ​ធ្វេស​ប្រហែស ដោយ​មិន​អនុវត្ត​វិធានការ​សុខាភិបាល។

ចាប់​តាំង​ពី​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​ប្រទេស​កម្ពុជា ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ករណី​ឆ្លងសរុប​ប្រមាណ​៥​ម៉ឺន​ករណី និងស្លាប់​ចំនួន​៥៧៥​នាក់។ ក្រសួង​បញ្ជាក់​ថា​ករណីឆ្លង​ថ្មី​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​មាន​ជាង ​៧០០​ នាក់ និ​ង​ស្លាប់១៩​នាក់៕