ក្រសួង​សុខាភិបាល៖​ មនុស្ស​ជាង​៨០០​នាក់​ទៀត​​ឆ្លង​ជំងឺ​កូវីដ​១៩

រូបឯកសារ៖ រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ជាង​៨០០​នាក់​ទៀត​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ខណៈ​មាន​ករណី​ស្លាប់ថ្មី​៤​នាក់​ទៀត។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រសួង​បាន​ឲ្យ​ដឹង​ថា​ករណី​ឆ្លង​ថ្មី​មាន​ចំនួន​៨៤១​នាក់ ដែល​ក្នុង​នោះ​ភាគ​ច្រើន​មាន​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​៥២៥​នាក់ ខេត្ត​បន្ទាយ​មាន​ជ័យ​១៥៣​នាក់ ខេត្ត​ព្រះសីហនុ ៦២​នាក់ ខេត្ត​កណ្តាល​៣៣​នាក់​ និង​ខេត្តកំពង់​ចាម​២១​នាក់។

ករណី​ឆ្លង​សរុបក្នុង​ព្រឹត្តិ​ការណ៍​២០​កុម្ភៈ មាន​១៤.៨០៦​នាក់ ដែល​ក្នុង​នោះ​មាន​ជាង​៩.៨១៨​នាក់​កំពុង​សម្រាក​ព្យាបាល។

ក្រសួង​សុខាភិបាល​បានរាយការណ៍​ករណី​ស្លាប់​ថ្មី​៤​នាក់​ទៀត ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​ជំងឺ​កូវីដ​១៩​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើន​ឡើង​ដល់​១០៦​នាក់៕