ប្រទេសកម្ពុជាបានបិទភោជនីយដ្ឋានកូរ៉េខាងជើងទាំង៦ និងសារមន្ទីរប៉ាណូរ៉ាម៉ាដែលប្រតិបត្តិការនៅក្នុងប្រទេសនេះដើម្បីគោរពតាមការដាក់ទណ្ឌកម្មអន្តរជាតិ។ នេះបើតាមបណ្តាញព័ត៌មានក្នុងស្រុក និងអន្តរជាតិ។
លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងថា ភោជនីយដ្ឋានចំនួន៤នៅរាជធានីភ្នំពេញនិង២កន្លែងទៀតនៅភាគខាងជើងនៃខេត្តសៀមរាបបានបិទកាលពីថ្ងៃទី ២២ខែធ្នូ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលតម្រូវឱ្យរដ្ឋជាសមាជិកបញ្ឈប់ប្រតិបត្តិការរកលុយរបស់ជនជាតិកូរ៉េខាងជើងនៅក្រៅប្រទេស។
សារមន្ទីរប៉ាណូរ៉ាម៉ារបស់កូរ៉េខាងជើងនៅខេត្តសៀមរាបក្បែរប្រាសាទអង្គរវត្តដែលបានបើកកាលពីឆ្នាំ២០១៥ ហើយដែលកាន់កាប់ដោយជនជាតិកូរ៉េខាងជើងក៏បានបិទដែរ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា មានជនជាតិកូរ៉េខាងជើងប្រមាណ៣០០នាក់កំពុងធ្វើការនៅកម្ពុជាមុនពេលបិទអាជីវកម្មនិងសារមន្ទីរទាំងនោះ។ នេះបើតាមបណ្តាញព័ត៌មានក្នុងស្រុក កាលពីដើមសប្តាហ៍នេះ។
ប្រទេសកម្ពុជាមានទំនាក់ទំនងល្អជាយូរមកហើយជាមួយកូរ៉េខាងជើង ជាពិសេសក្នុងអំឡុងពេលសម្តេចព្រះរមរតនៈកោដ្ឋនរោត្តមសីហនុនៅមានព្រះជន្ម។ ព្រះអង្គបានសោយទិវង្គតនៅក្រុងប៉េកាំងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២៕