មាន​សញ្ញា​ពីរដ្ឋាភិបាល​ថា ​សាលាក្តី​ខ្មែរក្រហម​អាច​អន្តរាយ​

សាលាក្តី​ខ្មែរក្រហម​

ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​អំពី​ការ​ដកខ្លួន​ចេញ​របស់​បុគ្គលិក​កម្ពុ​ជា​ក្នុង​សាលាក្តី​ខ្មែរក្រហម​ នៅពេល​ដែល​សហគមន៍​អន្តរជាតិ​មិន​អើពើ​ក្នុង​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ភាគី​ជាតិ​ក្នុង​សាលាក្តី​កូនកាត់​នេះ​ ដែល​កំពុងតែ​ជួប​វិបត្តិ​ថវិកា។​

បុគ្គលិក​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរក្រហម​ភាគ​ច្រើន​លើស​លុប​នៃ​ចំនួន​សរុប​២៨៧​នាក់​មិន​ទាន់​ទទួល​ប្រាក់​ខែ​របស់​ខ្លួន​ចាប់​តាំង​ពី​ខែ​ធ្នូ​មក​មេ្ល៉ះ។​ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ជួប​ជា​មួយ​នឹង​តំណាង​ស្ថានទូត​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​ពេល​ថ្មីៗ​នេះ ​ប៉ុន្តែ​ពុំ​មាន​តំណាង​ប្រទេស​ណា​មួយ​ផ្តល់​ចម្លើយ​វិជ្ជមាន​នោះ​ទេ។​

លោក​សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ដ្រី​ទីស្តីការ​គណៈ​រដ្ឋមន្ដ្រី​ដែល​ទទួល​បន្ទុក​កិច្ចការ​សាលាក្តី​ខ្មែរក្រហម​ បាន​ថ្លែង​ទៅ​កាន់​ឯក​អគ្គ​រាជទូត​ជប៉ុន ​លោក​ម៉ាសា​ហ្វ៊មី ​គូរ៉ូគី ​និង​ឯក​អគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​លោក​ហ្ស៊ង់ហ្វ្រង់ស័រ​ កូតាំង ​កាលពី​ថ្ងៃ​ពុធ​ថា​ ភាព​គ្មាន​ប្រាក់ខែ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​បុគ្គលិក​កម្ពុជា​ដើរចេញ​ជាយថាហេតុ។​

លោក​សុខ អាន​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​គឺ​លោក​ឯក ថា។​

«បើសិន​ទៅ​ថ្ងៃមុខ ​បើ​ពួកគេ​ដើរ​ចេញ​ យើង​នឹង​ឈានទៅ​ពិគ្រោះ​លើ​មាត្រា​ទី​៤៦​នៃ​ច្បាប់​ស្តីពី​ការ​បង្កើត​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​គឺ​បាន​សេចក្តី​ថា ​បើ​ភាគីអង្គការ​សហ​ប្រជាជាតិ​មិន​អាច​ធ្វើការ​បាន​ដោយ​សារ​តែ​គ្មាន​ភាគី​ខ្មែរ​ជួយ​គឺ​តុលាការ​ក្លាយ​ជា​តុលាការ​ដែល​មាន​បុគ្គលិក​ខ្មែរ ​ហើយ​រក្សា​ឈ្មោះ​ដដែល​គឺ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ ​នេះ​ជា​ចំណុច​ថ្មី​ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​មាន​ប្រសាសន៍​អញ្ចឹង»។​

មាត្រា​ទី៤៦​នៃ​ច្បាប់​ស្តីពី​ការ​បង្កើត​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ចែង​ថា ​ក្នុង​ករណី​ដែល​កៅអី​របស់​ចៅក្រម​ជំនុំជម្រះ​ ចៅក្រម​ស៊ើប​អង្កេត​ ឬ​ព្រះរាជ​អាជ្ញា​បរទេស​នៅ​ទំនេរ​ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​អាច​ស្វែង​រក​ការ​តែងតាំង​ជំនួស​ពី​អង្គការ​សហ​ប្រជាជាតិ​ ក៏ប៉ុន្តែ​ប្រសិន​បើ​អង្គការ​សហ​ប្រជាជាតិ​លែង​គាំទ្រ​ដំណើរការ​កាត់​ទោស​នេះ​ទៀត ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​អាច​ស្វែងរក​ការ​តែងតាំង​មន្ត្រី​តុលាការ​ទាំងនេះ​ ពី​ប្រទេស​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ។ ​ប៉ុន្តែ​ប្រសិន​បើ​ការធ្វើ​តាម​របៀប​ទាំងពីរ​មិន​បាន​សម្រេច​ទេ​នោះ​ នោះ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​អាច​ស្វែងរក​ការ​តែងតាំង​ចៅក្រម​ជម្រះ​ ចៅក្រម​ស៊ើប​អង្កេត​ ឬ​ព្រះរាជ​អាជ្ញា​ជាតិ​ជំនួស​វិញ ​ដែល​អាច​មាន​ន័យ​ថា​ ក​ម្ពុ​ជា​អាច​ដឹកនាំ​ការ​កាត់ទោស​ដោយ​ខ្លួនឯង​ ដោយ​មិន​ចាំបាច់​មាន​ភាគី​អន្តរជាតិ​ជា​ដៃគូ។​

លោក​ឯក ថា​ស្រង់​សម្តី​លោក​សុខ អាន​ថា​ លោក​បាន​បញ្ជាក់​ដូចៗ​គ្នា​ចំពោះ​មុខ​ឯកអគ្គ​រាជទូត​ជប៉ុន​ និង​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប។​

«យើង​ពិបាក​ក្នុង​ការ​រៃអង្គាស​ពី​ប្រទេស​ផ្តល់ជំនួយ​ ពីព្រោះ​យើង​បាន​និយាយ​ទៅកាន់​ប្រទេស​ផ្តល់ជំនួយ​និង​មិត្ត​របស់​សាលាក្តី​អស់​កម្លាំង​ចិត្ត​កម្លាំង​កាយ​ហើយ។​ ប៉ុន្តែ​យើង​មិនទាន់​បាន​ទទួល​ផ្លែផ្កា​រហូត​មកទល់​ពេល​នេះ។ ​ដូច្នេះ​យើង​មិន​អាច​ចុះ​កុងត្រា​ថ្មី​ជាមួយ​នឹង​បុគ្គលិក​ក្នុង​សាលាក្តី​បាន​ទេ។ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី​បាន​ពន្យល់​ដូច្នេះ»។​

កាលពី​ពេលថ្មីៗ​នេះ ​បុគ្គលិក​កម្ពុជា​ភាគ​ច្រើន​ក្នុង​សាលាក្តី​ខ្មែរក្រហម​បាន​គំរាម​ធ្វើ​ពហិការ​ការងារ​ ប្រសិនបើ​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​ជាតិ​មិន​ចេញ​មុខ​ពន្យល់​ពី​កង្វះ​ប្រាក់​របស់​ពួក​គេ​និង​ប្រាប់​ពី​ស្ថានភាព​ថវិកា​ដែល​កំពុង​ប្រឈម។​

លោក​ក្រាញ់ តូ​នី ​ប្រធាន​រដ្ឋបាល​ស្តីទី​តំណាង​ឲ្យ​ភាគី​ជាតិ​ បាន​ប្រាប់​ពួកគេ​កាលពី​ចុងខែ​មករា​ថា​ ប្រទេស​ម្ចាស់​ជំនួយ​នៅ​មិនទាន់​សន្យា​ជំនួយ​ថ្មី​នៅ​ឡើយ​ ហើយ​ប្រាក់ខែ​របស់​ពួកគេ​នឹងត្រូវ​ពន្យារ​ពេល​តទៅ​ទៅទៀត​ ដោយ​មិន​មាន​ការ​បញ្ជាក់​ច្បាស់លាស់​ពី​កាល​បរិច្ឆេទ។​

លោក​នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ឲ្យ​ដឹងថា​ ភាគី​ជាតិ​កំពុង​ស្វែង​រក​ថវិកា​ជំនួយ​ចំនួន​ប្រាំ​ពីរ​លាន​ដុល្លារ​អាមេរិក​ទៀត។​ ហើយ​ក្រុម​អ្នក​តវ៉ា​អាច​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ចុងខែ​កុម្ភៈ​នេះ​ ប្រសិន​បើ​ពួកគេ​គ្មាន​ដំណឹង​ពី​ប្រាក់​ខែ​របស់​ពួក​គេ។​

នៅ​មិន​ទាន់​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ខាង​ភាគី​អន្តរជាតិ​ក្នុង​សាលាក្តី​ខ្មែរក្រហម​នោះ​ទេ។​
លោក​នេត្រ ភក្ត្រា​លើក​ឡើង​ថា​ វា​អាច​បង្ក​ជា​ឧបសគ្គ​ ប្រសិនបើ​ភាគី​ជាតិ​នៅ​បន្ត​មាន​បញ្ហា​ផ្នែក​ថវិកា។​

«ធម្មតា​សាលាក្តី​ខ្មែរក្រហម​ដំណើរការ​ដោយ​ពីរ​ភាគី​គឺ​ភាគី​ជាតិ​ និង​ភាគី​អន្តរជាតិ។ ​ហើយ​ប្រសិន​បើ​ភាគី​អន្តរជាតិ​មាន​ថវិកា ​និង​ភាគី​ជាតិ​គ្មាន​ថវិកា​ នោះ​វា​ប្រាកដជា​ធ្វើ​ឲ្យ​ដំណើរការ​តុលាការ​នេះ​មាន​ឧបសគ្គ​ ព្រោះ​ថា​ តុលាការ​មិន​អាច​ដំណើរការ​ដោយ​ភាគី​អន្តរជាតិ​តែមួយ​នោះទេ»។​

កាលពី​ពេលថ្មីៗ​នេះ ​ប្រទេស​បារាំង​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​៥០​ម៉ឺន​អឺរ៉ូ ​ឬ​ស្មើនឹង​៧០​ម៉ឺន​ដុល្លារ​សហ​រដ្ឋអាមេរិក​ដ​ល់​ភាគី​អន្តរជាតិ​ក្នុង​សាលាក្តី​ខ្មែរក្រហម ​រីឯ​សហភាព​អឺរ៉ុប​បាន​ប្រកាស​ផងដែរ​ថា ​នឹង​ផ្តល់​ថវិកា​ចំនួន​៣០​ម៉ឺន​អឺរ៉ូ​ ឬ​ស្មើនឹង​ជិត​៤០​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​ភាគី​ជាតិ​ដែល​ជា​ទឹក​ប្រាក់​ក្នុង​គម្រោង​កាលពី​ឆ្នាំ​មុន។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ មាន​ប្រសាសន៍​ថា​ គេ​មើល​ឃើញ​បញ្ហា​ពីរ​ ដែល​កើតឡើង​ជុំវិញ​ចំណោទ​ថវិកា​ក្នុង​សាលាក្ដី​ខ្មែរក្រហម​នេះ។ ​នោះ​គឺ​ទីមួយ​ថា​ តើ​ប្រទេស​កម្ពុជា​បាន​ប្រឹងប្រែង​ស្វែងរក​ជំនួយ​ពី​បរទេស​គ្រប់គ្រាន់​ហើយ​ឬ​នៅ?​ និង​មួយ​ទៀត​ថា ​អាច​ទាក់ទង​នឹង​ការ​បង្ក​ឧបសគ្គ​ជាច្រើន​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ព្យាយាម​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ដែល​ជាប់​ទាក់​ទង​បន្ថែម​ទៀត​ដែល​លោក​ទំនងជា​ចង់​ផ្តោត​លើ​សំណុំ​រឿង​បន្ថែម​០០៣​និង​០០៤។​

ទោះជា​យ៉ាង​ណា​ លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​មិន​គិត​ថា ​ទាំង​ភាគី​ជាតិ ​ទាំង​ភាគី​អន្តរជាតិ​មិន​អាច​ដកខ្លួន​ចេញ​ពី​ដំណើរការ​ក្តី​បាន​នោះ​ទេ។​ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​ព្រួយបារម្ភ​ គឺ​អាច​នឹង​មាន​ការ​អូស​បន្លាយ​ដំណើរការ​កាត់ទោស​ ហើយ​ជន​ជាប់ចោទ​ដែល​មាន​វ័យ​កាន់តែ​ចាស់​ជរា ​មិន​អាច​បន្ត​កាត់ទោស​បាន​ត​ទៅ​ទៀត៕​