មួយថ្ងៃក្រោយពេលដែលរដ្ឋាភិបាល សហរដ្ឋអាមេរិក ដាក់បម្រាមមិនឲ្យមន្ត្រីកម្ពុជា ឬបុគ្គលមួយចំនួនមិនឲ្យចូលមកកាន់ប្រទេសអាមេរិក ការបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះ អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានចាត់ទុកថានោះគឺជារឿងមិនយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា និងជាការដែលមានបំណងបំផ្លាញទំនាក់ទំនងប្រទេសទាំងពីរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ជាសេចក្ដីថ្លែងការណ៍ធ្វើអោយពិភពលោកងឿងឆ្ងល់អំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងកិច្ចពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយក៏ជាការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាដោយអយុត្តិធម៌។ លោកថ្លែងតាមខ្លឹមសារដើមថា៖
«សេចក្ដីថ្លែងការណ៍នេះ បង្ហាញពីបំណងពិតប្រាកដ បំផ្លាញ ទំនាក់ទំនងល្អ រួមទាំងកិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិក-កម្ពុជា។ រីឯការបង្ខំអោយកម្ពុជាប្រឆាំងនឹងតុលាការប្រឆាំងនឹងរដ្ឋសភាគឺជា ការប្រឆាំងនឹងនីតិរដ្ឋតែប៉ុណ្ណោះ ផ្ទុយពីឆន្ទៈកម្ពុជា ដែលប្រឹងប្រែងពង្រឹងជារៀងរាល់ថ្ងៃ»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងថា នេះជាការសម្រេចរបស់តុលាការក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ដែលលោកបានចោទប្រកាន់ថាជា ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
លោកបានអះអាងថា សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ជាសេចក្ដីថ្លែងការណ៍ ធ្វើអោយពិភពលោកងឿងឆ្ងល់ អំពីការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងកិច្ចពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយក៏ជាការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាដោយអយុត្តិធម៌។
មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតរបស់ប្រទេសកម្ពុជាគឺ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញជំហរមិនអើពើនឹងការដាក់បម្រាមរបស់សហរដ្ឋអាមេរិកទេនៅពេលថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ។
«អូរឿងហ្នុង ជាសិទ្ធិរបស់សហរដ្ឋអាមេរិកទេ មិនដឹងធ្វើម៉េច ឲ្យខ្ញុំថាម៉េច»។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកគឺលោកស្រី Heather Nauert កាលពីថ្ងៃពុធបានឲ្យដឹងថា វិធានការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកគឺ លោក Rex Tillerson កើតឡើងបន្ទាប់សេតវិមានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានចេញសេចក្ដីថ្លែងការណ៍មួយរួចហើយ។ លោកស្រីបានថ្លែងតាមខ្លឹមសារដើមថា៖
«ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងវិធានការប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យជាបន្តបន្ទាប់ យើងសូមប្រកាសថា លោករដ្ឋមន្ត្រីក្រសួងការបរទេសនឹងដាក់បម្រាមមិនឲ្យចូលមកកាន់សហរដ្ឋអាមេរិកទេ ចំពោះបុគ្គលទាំងឡាយ ដែលពាក់ព័ន្ធនឹងការធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
ក្រៅពីបញ្ជាក់ថា សមាជិកក្រុមគ្រួសាររបស់មន្ត្រី និងបុគ្គលទាំងនោះក៏ត្រូវជាប់ក្នុងបម្រាមនេះផងដែរនោះ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសដដែលនេះ បាននិយាយថា វិធានការណ៍របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ ធ្វើផ្ទុយនឹងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបានបញ្ចប់ជម្លោះ ដែលបានបង្កឲ្យមានសោកនាដកម្ម និងសិទ្ធិពលរដ្ឋតាមបែបផែនប្រជាធិបតេយ្យ។ នោះគឺ រួមទាំងការមិនកែប្រែជំហររបស់រដ្ឋាភិបាលកម្ពុជា ដែលបានរំលាយគណបក្ស ជំទាស់ដ៏សំខាន់ជាងគេ ហើយរារាំងមិនឲ្យចូលរួមក្នុងការបោះឆ្នោត ចាប់ដាក់គុកមេដឹកនាំគណបក្សជំទាស់ លោក កឹម សុខា រឹតត្បិតក្រុមសង្គមស៊ីវិល គាបសង្កត់ក្រុមបណ្ដាញព័ត៌មានឯករាជ្យ។
សេចក្ដីថ្លែងការណ៍ដដែលនេះក៏បានបន្ថែមអំពីវិធានការបន្ទាប់ទៅមុខទៀត នៅពេលដែលគ្មានការរីកចម្រើន។
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងទទួលបន្ទុកកិច្ចការសាធារណៈ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងដើរកៀរគររកការគាំទ្រនយោបាយពីក្រសួងការបរទេសអាមេរិក សេតវិមាន និងសភា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយនិងប្រទេសមួយចំនួន បានអះអាងថា ការណ៍នេះនឹងស្រេចលើរដ្ឋាភិបាលកម្ពុជាថាតើរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តប្ដូរជំហរ ឬក៏រងទណ្ឌកម្ម។
«ខ្ញុំជឿថា វិធានការនឹងមានជាបន្តបន្ទាប់ដូចជា ការចាប់ផ្ដើមព្រមានតាំងពីដំបូងមកកាលពីថ្ងៃទី១៦ (វិច្ឆិកា)មកទាក់ទងទៅនឹងការដកជំនួយជួយទៅលើការបោះឆ្នោតនៅកម្ពុជាយើង បន្ទាប់មកឥឡូវយើងឃើញថា មានការបិទទិដ្ឋាការ ហើយខ្ញុំជឿថា នឹងមានវិធានការផ្សេងទៀត ប្រសិនបើស្ថានការណ៍នៅក្នុងប្រទេសកម្ពុជាយើងមិនប្រែប្រួលទេ។ វិធានការមួយទៀតហ្នឹង ក៏ទាក់ទងនឹងទណ្ឌកម្មជាបុគ្គលដែរ គឺការបង្កកទ្រព្យសម្បត្តិ ដែលដាក់ទៅក្នុងបញ្ជីពិសេសហ្នឹង។ អញ្ចឹង ខ្ញុំជឿថា មិនមែនមានតែសហរដ្ឋទេ នឹងមានប្រទេសផ្សេងៗនឹងចាប់ផ្ដើមចាត់វិធានការទាំងអស់នោះដែរ»។
កញ្ញា កឹម មនោវិទ្យា បានបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានប្រកាសទទួលយកជនភៀសខ្លួនវិញ ដើម្បីឲ្យគេដកការចេញការរឹតត្បិតទិដ្ឋាការវិញ នេះជាការខ្វល់របស់រដ្ឋាភិបាល ហើយរដ្ឋាភិបាលនឹងខ្វល់បន្ថែមទៀត បើមានការបង្កកទ្រព្យសម្បត្តិ ព្រោះវាទាក់ទងដល់ទ្រព្យសម្បត្តិ និងទាក់ទងនឹងការធ្វើជំនួញនានា។
សហគមន៍អន្តរជាតិ ចង់ឲ្យមានការរកដំណោះស្រាយតាមរយៈការជួបជជែកគ្នា។
តុលាការកំពូលរបស់ប្រទេសកម្ពុជាដែលអ្នករិះគន់និយាយថា គ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្ដាលខែមុន បានសម្រេចរំលាយគណបក្សជំទាស់គឺ គណបក្សសង្គ្រោះជាតិ ដែលប្រធានគណបក្សនេះកំពុងជាប់ពន្ធនាគារពីបទដែលរដ្ឋាភិបាលចោទថា ក្បត់ជាតិ ដោយមានការប៉ុនប៉ងផ្ដួលរំលំគណបក្សគ្រប់គ្រងប្រទេស ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ តែការចោទប្រកាន់នោះ ត្រូវបានបដិសេធ និងចាត់ទុកថា គ្មានហេតុផល។
ក្រុមមន្ត្រីជាន់ខ្ពស់ចំនួន ១១៨នាក់របស់គណបក្សជំទាស់ ត្រូវជាប់ក្នុងការដកសិទ្ធិធ្វើនយោបាយយ៉ាងតិច៥ឆ្នាំ នៅមុនពេលបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០១៨នេះ។
រដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការណាមួយជាឆ្លើយតបដូចលើកមុនៗនៅឡើយទេមកទល់ថ្ងៃព្រហស្បតិ៍នេះចំពោះវិធានការរបស់សហរដ្ឋអាមេរិក ដោយព្យាយាមរក្សាទំនាក់ទំនងការទូតដូចធម្មតា។
ទាំងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គឺ លោក William Heidt និងសមាជិកសភាអាមេរិកាំងម្នាក់គឺលោក Alan Lowenthalបានបង្ហាញជំហររៀងខ្លួនរួចហើយថាសហរដ្ឋអាមេរិកនឹងចង់ពង្រឹងកិច្ចសហការជាមួយកម្ពុជា ជាពិសេសលើបញ្ហាសេដ្ឋកិច្ច និងប្រជាធិបតេយ្យនៅកម្ពុជា ។
លោក Alan Lowenthal បានអះអាងកាលពីថ្ងៃអាទិត្យប្រាប់ពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនមកពីតាមបណ្ដារដ្ឋនានាអំពីវិធានការទៅមុខជាបន្តបន្ទាប់ ដែលសភា និងរដ្ឋាភិបាលអាមេរិក និងសហគមន៍អន្តរជាតិ ត្រូវធ្វើចំពោះស្ថានការណ៍កម្ពុជា ដោយលោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក គ្មានបំណងផ្ដាច់ទំនាក់ទំនងជាមួយ ជាមួយនឹងប្រទេសកម្ពុជាទេ តែគោលបំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺចង់ឃើញថា រដ្ឋាភិបាលកម្ពុជាធ្វើឲ្យបានប្រសើរឡើងចំពោះកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។
«ដូច្នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងនៅតែបន្តនិយាយចេញពេលនេះ។ មិនដឹងថានេះមានន័យថា រដ្ឋាភិបាលកម្ពុជានឹងកាត់ផ្ដាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឬទេ តែនោះមិនមែនជាគោលបំណងរបស់យើងទេ ហើយមិនមែនជាគោលបំណងរបស់យើងដែលចង់ឲ្យកើតឡើងដែរ តែនោះគឺ ពិតជាជម្រើសរបស់រដ្ឋាភិបាលកម្ពុជា ប្រសិនបើកម្ពុជាចង់ធ្វើយ៉ាងដូច្នោះ»។
ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកមានទំនាក់ទំនងឡើងចុះដោយសារបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាពិសេសនៅពេលដែលមានការចាប់ខ្លួនលោក កឹម សុខា កាលពីខែកញ្ញាកន្លងមក មុនការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ឈានមកដល់។
លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គមក្នុងប្រទេសកម្ពុជា បានអះអាងថា ទោះជាគេមិនទាន់ដឹងថាតើ មានមន្ត្រីកម្ពុជា និងបុគ្គលប៉ុន្មាននាក់ ត្រូវសហរដ្ឋអាមេរិកដាក់កម្រិតទិដ្ឋាការមិនឲ្យចូលអាមេរិកក្ដី តែនេះមិនមែនជារឿងល្អទេសម្រាប់ទំនាក់ទំនងអាមេរិក និងកម្ពុជា។
«បើសិនណាជា ស្ថានភាពនយោបាយកម្ពុជានៅតែមិនមានការផ្លាស់ប្ដូរទៀត ខ្ញុំមានការព្រួយបារម្ភក្រែងលោគេឈានទៅដល់ដំណាក់កាលមួយទៀត ដោយធ្វើការដាក់ទណ្ឌកម្មទៅលើការនាំចេញផលិតផល ឬក៏ទណ្ឌកម្មសេដ្ឋកិច្ច។ ខ្ញុំគិតថា ពេលនោះនឹងមានផលប៉ះពាល់មកដល់ពលរដ្ឋទូទៅ។ តែសម្រាប់ទិដ្ឋាការនេះ ខ្ញុំគិតថា វាប៉ះពាល់ លើការធ្វើដំណើរចុះឡើងរបស់មន្ត្រីថ្នាក់ធំៗរបស់រដ្ឋាភិបាលទេ»។
ប្រទេសកម្ពុជា ពឹងផ្អែកទីផ្សារសហរដ្ឋអាមេរិកនិងអឺរ៉ុបយ៉ាងតិច ៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗសម្រាប់ផលិតផលវាយនភណ្ឌ ដែលជាវិស័យមួយក្នុងចំណោម៤ ដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា និងជាវិស័យមួយដែលផ្ដល់ការងារដល់កម្មករជាង ៧សែននាក់ក្នុងប្រទេស៕