ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញវីរុសបំប្លែងប្រភេទថ្មី B.1.617 លើអ្នកជំងឺកូវីដ១៩ចំនួន៣នាក់ ដែលនាំឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងនៃការឆ្លងរាតត្បាត ខណៈករណីឆ្លងក្នុងប្រទេសមិនទាន់ថយចុះនៅឡើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ក្រសួងបានឲ្យដឹងថាអ្នកដែលឆ្លងនោះ ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ តាមច្រកអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។
លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងនៅលើគណនី Twitter របស់លោកស្រីជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលក្នុងន័យដើមថា៖ «វីរុសប្រភេទថ្មី B.1.617 ឥឡូវនេះត្រូវបានកំណត់ឃើញនៅក្នុងចំណោមអ្នកធ្វើដំណើរពីប្រទេសថៃ។ ដូច្នេះវីរុសនេះអាចឆ្លងលឿនជាងយើងរត់ទៅទៀត ប្រសិនបើយើងមិនចាត់វិធានការនាពេលនេះ ដើម្បីទប់ស្កាត់ការឆ្លងនេះទេ»។
ក្រសួងសុខាភិបាលធ្លាប់បានលើកឡើងកាលពីខែមេសាថាវីរុសបំប្លែងខ្លួនថ្មីប្រភេទ B.1.617 មានប្រភពចេញពីប្រទេសឥណ្ឌា ដែលជាប្រភេទមានការឆ្លងខ្លាំង និងមានសភាពធ្ងន់ធ្ងរជាងវីរុសប្រភេទ B117 ដែលមានប្រភពមកពីប្រទេសអង់គ្លេស ដែលត្រូវបានកំណត់ថាជាប្រភពនាំឲ្យឆ្លងខ្លាំងក្នុងប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈមក។
អង្គការសុខភាពពិភពលោក(WHO) ក៏បានចាត់ទុកជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទ B.1.617 ដែលកំពុងឆ្លងរាតត្បាតនៅប្រទេសឥណ្ឌា ជាការព្រួយបារម្ភ«កម្រិតពិភពលោក»ផងដែរ។
នៅតំបន់អាស៊ាន វីរុសបំប្លែងថ្មី ប្រភេទ B.1.617 ត្រូវបានរកឃើញនៅបណ្តាប្រទេសចំនួន៧ រួមមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា។
កាលពីចុងខែមេសា ប្រទេសកម្ពុជាបានហាមប្រាមពលរដ្ឋឥណ្ឌា និងជនបរទេសដែលធ្វើដំណើរមកពីឬឆ្លងកាត់តាមប្រទេសឥណ្ឌា មិនឲ្យចូលកម្ពុជាមួយរយៈដោយមិនកំណត់ពេល ដោយសារការព្រួយបារម្ភអំពីការឆ្លងរាលដាលវីរុសបំប្លែងខ្លួនថ្មីនេះ។
VOAមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន និងលោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល បាននៅឡើយទេ គិតត្រឹមថ្ងៃច័ន្ទនេះ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានថ្លែងប្រាប់VOAថាការមកដល់នៃវីរុសជំងឺកូវីដ១៩បំប្លែងប្រភេទថ្មី ជាការព្រួយបារម្ភមួយចំពោះលទ្ធភាពនៃការឆ្លងរាលដាលទ្រង់ទ្រាយធំ និងអាចបង្កជាការប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
«បាទ ការណ៍ដែលរកឃើញវីរុសថ្មីនេះបាទ។ វាជាក្តីកង្វល់។ ហើយក៏ជាការព្រួយបារម្ភធំរបស់យើងដែរបាទ។ ហើយយើងមានផលវិបាកកាន់តែធំថែមទៀតនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ ហ្នឹងបាទ។ ហើយអ្វីដែលជាការព្រួយបារម្ភធំហ្នឹង យើងព្រួយបារម្ភខ្លាច វាមានល្បឿនកម្រិតនៃការឆ្លងធំជាងមុន ហើយវាបង្កើតឲ្យមានមហន្តរាយធ្ងន់ធ្ងររយៈពេលយូរ ហើយដែលអាចប៉ះពាល់ទៅដល់ជីវិតមនុស្ស ហើយប៉ះពាល់ទៅដល់អាជីវកម្មផ្សេងៗ ក៏ដូចជារបររកស៊ីរបស់ប្រជាពលរដ្ឋដែរបាទ»។
ស្របពេលដូចគ្នានេះដែរ លោក យង់ គិមអេង បានអំពាវនាវឲ្យអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធពង្រឹងបន្ថែមលើការត្រួតពិនិត្យអ្នកដំណើរចេញចូលពីក្រៅប្រទេស និងការផ្តល់ព័ត៌មានឲ្យបានទូលំទូលាយបន្ថែមដល់ប្រជាពលរដ្ឋតាមមូលដ្ឋានពាក់ព័ន្ធនឹងការរាតត្បាតជំងឺកូវីដ១៩។
គិតចាប់តាំងពីផ្ទុះឆ្លងជំងឺតាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១មក ក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបប្រមាណ៣៤.៨០០នាក់។ នៅថ្ងៃនេះ ក្រសួងប្រកាសករណីឆ្លងថ្មីចំនួន៥៨៩នាក់ និងស្លាប់ថ្មី៣នាក់ ដែលនាំឲ្យការស្លាប់សរុប កើនដល់២៦៦នាក់។
នៅមុនការប្រកាសរកឃើញវីរុសបំប្លែងថ្មីប្រភេទ B.1.617 អាជ្ញាធរវៀតណាម កាលពីខែមេសា បានឲ្យដឹងថាខ្លួនបានរកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីប្រភេទវ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូង មានលេខកូដវេជ្ជសាស្ត្រ«B.1.351»ដោយអះអាងថាចេញមកពីប្រទេសកម្ពុជាផងដែរ៕