ក្រសួង​ការបរទេស​កម្ពុជា​ ការពារ​សេចក្តី​សម្រេច​របស់​គ.ជ.ប ហើយ​ច្រាន​ចោល​ការ​រិះគន់

រូប​ឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (ហ្វេសប៊ុក/ក្រសួង​ការបរទេស​កម្ពុជា)

ក្រសួង​ការ​បរ​ទេស​កម្ពុជា​បាន​ប្រតិ​កម្មទៅ​នឹង​អ្នក​រិះ​គន់សេចក្តី​សម្រេច​របស់​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​ គ.ជ.ប ដែល​មិន​អនុ​ញ្ញាត​ឲ្យ​គណ​បក្ស​ភ្លើង​ទៀន​ចុះ​បញ្ជី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត ដោយ​ថា​ នេះ​ជា​កំហុស​របស់​គណ​បក្ស​ជំទាស់​មួយ​នេះ មិន​មែន​ជា​ការ​ប្រព្រឹត្ត​លម្អៀង​របស់​គ.ជ.ប ទៅ​គណបក្ស​ណា​មួយ​ឡើយ។

​ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​កម្ពុជា​កើត​ឡើង ក្រោយ​មាន​ការ​រិះ​គន់​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប​ ដែល​សម្រេច​មិន​ចុះ​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន ដើម្បី​អាច​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣។ គណបក្ស​ភ្លើង​ទៀន​ថា​នឹង​ប្តឹង​ទាស់​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​សម្រេច​ចុង​ក្រោយ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរ​ទេស​កម្ពុជា​ ចុះថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣ ការ​មិន​អាច​ចុះ​បញ្ជី​គណបក្ស​បាន គឺ​ជា​កំហុស និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​គណប​ក្ស​ភ្លើង​ទៀន ហើយ​ គ.ជ.ប អនុវត្ត​នីតិវិធី​នេះ​លើ​គ្រប់​គណបក្ស​ទាំង​អស់។

ក្រសួង​ការបរទេស​បញ្ជាក់​ថា៖ «ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ពុំ​មាន​ការ​ប្រព្រឹត្ត​ដោយ​ឡែក​ពិសេស​ចំពោះ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ អវត្តមានរ​បស់​គណ​បក្ស​នយោ​បាយ​មួយ​ពី​ដំណើរការ​បោះ​ឆ្នោត ដោយ​សារ​ការ​ធ្វេស​ប្រហែស​មិន​គោរព​ច្បាប់ ពុំ​បាន​ប៉ះ​ពាល់​ដល់​ភាព​សេរី ពហុ​បក្ស​ និង​ប្រជា​ធិប​តេយ្យ​រប​ស់​កម្ពុជា​ឡើយ ព្រោះ​អ្នក​បោះ​ឆ្នោត​នៅ​តែ​អាច​ជ្រើស​រើស​ដោយ​សេរី​ នូវ​គណ​បក្ស​នយោ​បាយ​មួយ ក្នុង​ចំណោម​គណ​បក្ស​ប្រកួត​ប្រជែង​គ្នា​យ៉ាង​តិច​ចំនួន​ ១៨»។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃអង្គារ មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​បាន​បក​ស្រាយថា គណបក្ស​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​សេចក្តី​សម្រេច​របស់​ គ.ជ.ប ដោយ​សារ​តែ​វា​មិន​មាន​ហេ​តុ​ផល​សមរម្យ​ណា​មួយ​នៅ​ក្នុង​ការ​មិន​ចុះ​បញ្ជី​ឱ្យ​គណបក្ស​ឡើយ។

ការ​សម្រេច​របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ក៏​រង​ការ​រិះគន់​ផង​ដែរ​ពី​ស្ថាន​ទូត​បរទេស​មួយ​ចំនួន និង​អង្គការ​អន្តរ​ជាតិ ដោយ​ថា​ នេះ​ជា​ចេត​នា​បង្អាក់​ដំណើរ​របស់​គណ​បក្ស​ជំទាស់​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ស្ថានទូត​ចក្រភព​អង់​គ្លេស​ប្រចាំ​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃទី​១៦ ខែឧសភា បាន​សម្តែង​ការ​ខក​ចិត្ត និង​លើក​ឡើង​ថា ​ការ​សម្រេច​នេះ​ ជា​ការកាត់​ផ្តាច់​នូវ​ជម្រើស​ដែល​នៅ​សល់របស់​ប្រជពលរដ្ឋ និង​ថា​ការ​សម្រេច​នេះ ផ្ទុយ​ទៅ​នឹង​ការ​បញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​ដែល​ទទួល​ស្គាល់​គណ​បក្ស​ភ្លើង​ទៀន ដែល​ធ្លាប់​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២២។

ស្ថានទូត​អង់​គ្លេស​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «យើង​ដឹង​ថា​គណ​បក្ស​ភ្លើង​ទៀន​នឹង​ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​នេះ។ យើង​នឹង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ហើយ​សង្ឃឹម​ថា​វា​នឹង​បញ្ចប់​ដោយ​ការ​សម្រេច​មួយ​ដែល​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​លទ្ធិ​ប្រជាធិ​បតេយ្យ​ សេរី ពហុបក្ស»។

​ចំណែក​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​អង្គារ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ ដោយ​សម្តែង​ការព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់ ​គ.ជ.ប និង​ថា​អូស្ត្រា​លី​នៅ​តែជា​អ្នក​គាំទ្រ​លទ្ធិ​ប្រជា​ធិប​តេយ្យ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។ សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា ​ការ​ឱ្យ​មានលម្ហ​នយោបាយ ច្បាប់ និង​ស្ថាប័ន​នានា​ដែល​បើក​ផ្លូវ​គណបក្ស​នយោ​បាយ​ផ្សេងៗ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត គឺជា​លទ្ធិ​ប្រជាធិបតេយ្យ​ សេរីពហុបក្ស។

ស្ថានទូត​អូស្ត្រាលី​បញ្ជាក់​ថា៖ «ការ​ដែល​គណ​បក្ស​ណា​មួយ​មិន​អាច​ចុះ​បញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត មិន​មែន​ជា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ»។

ព័ត៌មាន​ទាក់ទង៖ ពលរដ្ឋ​បង្ហាញ​មតិ​ចម្រុះ​ជុំវិញ​ការបដិសេធ​របស់​គ.ជ.ប ចុះ​ឈ្មោះ​គណបក្ស​ភ្លើងទៀន​សម្រាប់​ការបោះឆ្នោត


លោកPhil Robertson ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​អន្តរ​ជាតិ Human Rights Watch ថ្លែង​ថា​ការ​បដិសេធ​សំណើ​ចូល​រួម​ការ​បោះ​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ គឺ​មាន​ន័យ​ថា​ ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ មិន​មាន​ន័យ​អ្វី​ឡើយ​ ខណៈ​ថា ​រដ្ឋា​ភិបា​ល​កម្ពុជា​កំពុង​តែ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ធានា​ថា​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម​ការ​បោះ​ឆ្នោត​ខាង​មុខ។

​តើ​តាម​ លោក Phil Robertson តាមរ​យៈ​ការ​ប្រើ​ប្រាស់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​លោក​ថា​ជា​«អាយ៉ង»​របស់​គណបក្ស​កាន់​អំណាច វា​បង្ហាញ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ តាម​បែប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ឡើយ។

​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ Human Rights Watchរូប​នេះ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «អ្នក​ការទូត​និង​ម្ចាស់​ជំនួយ​ទាំង​ឡាយ ត្រូវ​តែ​ងើប​ឡើង​ថ្កោល​ទោស​ចំពោះ​តាក់​តិច​ដ៏​កខ្វក់​នៅ​ក្នុង​ការ​បិទ​ផ្លូវ​មិន​ឱ្យ​គ​ណ​បក្ស​ភ្លើង​ទៀន​ចូល​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ។ ទម្រង់​នៃ​ជំនួយ​បែប​ណា​ក៏​ដោយ​សម្រាប់ គ.ជ.ប គួរ​តែ​ផ្អាក​ភ្លាមៗ រហូត​ទាល់​តែ​គណបក្ស​ភ្លើងទៀន​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​សង្វៀន​ប្រកួត»។


​វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី ​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​ស្ថាប័ន​គ.ជ.ប បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ គ.ជ.ប បញ្ជាក់​ថា​ សេចក្តី​សម្រេច​បដិសេធ​ចុះ​បញ្ជី​គណបក្ស​ភ្លើង​ទៀន ដោយ​សារ​«គណបក្ស​ភ្លើង​ទៀន​មិន​បាន​ភ្ជាប់​មក​ជា​មួយ​នូវ​ប្រកាស​ស្តីពី​ការចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហា​ផ្ទៃ​ដែល​មាន​បញ្ជាក់​នីត្យានុកូល​កម្ម»។ គណបក្ស​ភ្លើង​ទៀន​អះអាង​ថា​ ខ្លួន​បាត់​បង់​ឯកសារ​មួយ​នេះ ហើយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​លិខិត​ទទួល​ស្គាល់​ជា​ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ។

គួរ​បញ្ជាក់​ថា​ គណ​បក្ស​ភ្លើង​ទៀន​ជា​គណ​បក្ស​ជំទាស់​ដ៏​ធំមួយ និង​ធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ជាង​១​លាន ​៦​សែន​នាក់ ​កាល​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​នា​ខែ​មិថុនា ឆ្នាំ​២០២២៕