មេធាវី និង​អ្នក​បក​ប្រែអន្តរជាតិ​ជំរុញ​ឲ្យ​ដោះស្រាយ​ប្រាក់⁣ខែ​ឲ្យ​អ្នក​បកប្រែ​សាលាក្តី​ខ្មែរ​ក្រហម

លោក​នេត្រ ភក្រ្តា អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម

ភ្នំពេញ៖ ក្រុម​មេធាវី​តំណាង​ឲ្យ​ដើមប​ណ្តឹង​រដ្ឋប្បវេណី​និង​សមាគម​អន្តរជាតិ​នៃ​អ្នក​បកប្រែ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊្វីស​បាន​ចេញ​មុខ​គាំទ្រ​បុគ្គលិក​ជាតិ​ផ្នែក​បក​ប្រែ​ភាសា​បរទេស​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​ទទូច​ឲ្យ​មាន​ដំណោះស្រាយ​ឆាប់​រហស័​សម្រាប់​ពួកគេ។
កាលពី​ថ្ងៃទី​៤​ខែមិនា​ក្រុម​អ្នក​បកប្រែ​ភាសា​បរទេស​ចំនួន​២៨​នាក់​បាន​ធ្វើ​ពហិការ​ភា្លមៗ​នៅ​ពេល​ដែល​ចៅក្រម​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រៀប​ចំបើក​សវនាការ។
ការ​ធ្វើ​ពហិការ​នេះ ធ្វើ​ឡើង​ដោយសារ​តែ​ពួកគេ​មិន​បាន​ទទួល​ប្រាក់ខែ​ចាប់​តាំងពី​ខែ​ធ្នូ​មក។
មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​សរុប​ចំនួន​ប្រាំបី​នាក់​ដែល​ភាគ​ច្រើន​ជា​មេធាវី​បរទេស​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​រសៀល​នេះ​ថា អ្នក​ការពារសិទ្ធិ​សហ​មេធាវី​នាំ​មុខ​អន្តរជាតិ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​និង​មេធាវី​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​សូម​សម្តែង​ការ​គាំទ្រ​យ៉ាងពេញ​ទំហឹង​ចំពោះ​អ្នក​បកប្រែ​និង​បុគ្គលិក​ជាតិ​ទាំងអស់»។
ក្រុម​មេធាវី​ដែល​ដឹកនាំ​ដោយ​លោកស្រី​មេធាវី Elisabeth Simoneau Fort សហ​មេធាវី​នាំ​មុខ​អន្តរជាតិ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​គូស​បញ្ជាក់​ថា «ប្រាក់បៀវត្សរ៍​ជា​បញ្ហា​សំខាន់​បំផុត​ដើម្បី​ឲ្យ​សវនាការ​អាច​បន្ត​ទៅ​មុខ​បាន»។
ក្រុម​មេធាវី​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចេញមុខ​ដោះស្រាយ​បញ្ហា​ថវិកានេះ​និង​ជំរុញ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​បន្ត​ផ្តល់​វិភាគទាន​បន្ថែម​ទៀត។
ជា​មួយគ្នា​នេះ​សមាគម​អន្តរជាតិ​នៃ​អ្នក​បកប្រែ​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វ៊ិកក៏​បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរឲ្យ​សាលា​ក្តីខ្មែរក្រហម «ដោះស្រាយ​ជា​បន្ទន់​» នូវ​បញ្ហា​ដែល​កើត​ឡើង​ជុំវិញ​ក្រុម​អ្នក​បកប្រែ​ភាសា​នៅ​ក្នុង​សាលាក្តី​ពិសេស​នេះ ដោយ​ចាត់​ទុក​ថា​បញ្ហា​ដែល​កើត​ឡើង«គឺ​ជា​ស្ថានភាព​ធ្ងន់ធ្ងរ»។
សមាគម​អន្តរជាតិ​នៃ​អ្នក​បក​ប្រែ​ជំរុញ​ឲ្យ​ភាគី​ដែល​ជាប់​ពាក់​ពន្ធ័ «ទម្លុះ​បញ្ហា​រកដំណោះ​ស្រាយ​ជា​ទី​គាប់​ចិត្ត​និង​បាន​ឆាប់​រហ័ស»​។
លោក​នេត្រ ភក្រ្តា អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា​រហូត​មក​ទល់​ពេល​នេះ នៅ​មិនទាន់​មាន​ដំណោះស្រាយ​ថ្មី​ណា​នៅ​ឡើយ​ទេ។
«យើង​កំពុង​ទន្ទឹង​រង់ចាំ​នូវ​អ្វី​ដែល​ជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​របស់​យើង​គឺ​ទាក់ទង​នឹង​ជាមួយ​នឹង​ថវិកា ដែល​ជា​ការ​សន្យា​ផ្តល់​ជំនួយ​នៅ​សល់​ពី​ឆ្នាំ​មុន​របស់​សហភាព​អ៊ឺរ៉ុប»។
កាលពី​សប្តាហ៍​មុន ក្រុម​អ្នក​បកប្រែ​ភាសា​បាន​យល់​ព្រម​ចូល​ធ្វើការ​វិញ​ប្រសិន​បើ​ពួក​គេ​ទទួល​បាន​ប្រាក់​ខែ​នៅខែធ្នូ។ ប៉ុន្តែ​ពួកគេ​នឹង​បន្ត​ធ្វើ​ពហិការ​ទៀត​ប្រសិន​បើ​ពួកគេ​មិន​ទទួល​បាន​កុងត្រា​ការងារ​ថ្មី​សម្រាប់​ឆ្នាំ​២០១៣ រហូត​ទៅ​ដល់ចុង​ខែ​មិនា​នេះ​ទេ។ ការ​ធ្វើ​ពហិការ​របស់​ក្រុម​អ្នក​បកប្រែ បាន​ធ្វើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ផ្តាក​សវនាការ​លើ​សំណុំ​រឿង​០០២ ដោយ​គ្មាន​ពេល​កំណត់​ដោយសារ​តែ​គ្មាន​អ្នក​បកប្រែ​ដោយ​ផ្ទាល់​មាត់។
មន្ដ្រី​សាលា​ក្តី​ខ្មែរ​ក្រហម​អះអាង​ថា បុគ្គលិក​អ្នក​បក​ប្រែ​មួយ​ចំនួន​បាន​សុខ​ចិត្ត​ចូល​ធ្វើការ​វិញ​ដោយ​រង់ចាំ​បើក​ប្រាក់ខែ​របស់​ពួក​គេ។ ក៏​ប៉ុន្តែ​ប្រភព​ពីសមាជិក​ក្រុម​អ្នក​តវ៉ា​និយាយ​ថា នោះ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។
បុគ្គលិក​បកប្រែ​ចំនួន​តិច​បំផុត​ដែល​ទទួលរង​គំនាប​បាន​សម្រេច​ចិត្ត​សម្រប​ខ្លួន​ជាមួយ​នឹងផ្នែក​រដ្ឋ​បាល​របស់​សាលាក្តី។
​យោង​តាម​ប្រភព​ដែល​គួរ​ជឿ​ជាក់​បាន​ពី​សមាជិក​នៃ​ក្រុម​កូដករ​ឲ្យដឹងថា​ក្រុម​អ្នក​កត់ត្រា​ប្រតិចរឹក​ចំនួន​ប្រាំពីរ​រូប​បាន​ចូលគាំទ្រ​ក្រុម​អ្នក​បក​ប្រែភាសា​ក្នុង​ការ​ធ្វើ​ពហិការ​ការងារ។
នៅ​ក្នុង​គេហទំព័របុគ្គល​ឬblog ដែល​មាន​ឈ្មោះ​ថា Khmerliterature ក្រុម​បុគ្គលិក​ផ្នែក​ប្រតិចារឹក​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ហេតុផល​ដែល​បុគ្គលិក​ជាតិ​មិន​បាន​ប្រាក់ខែ​ដោយសារ​តែ​ប្រទេស​ម្ចាស់​ជំនួយ​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បំពេញ​កាតព្វកិច្ច​របស់​ខ្លួនចំពោះ​ប្រាក់ខែ​របស់​បុគ្គលិក​ភាគី​ជាតិ។
ក្រោយ​ពីការ​ចុះ​ផ្សាយ​នេះ​លោក​គង់ សុភី ប្រធាន​ផ្នែក​គ្រប់​គ្រង​តុលាការ​បាន​ព្រមាន​ដោយ​ប្រយោល​ថា​ អ្នក​សរសេរ​អត្ថបទ​នេះ​គួរ​តែ​ត្រូវ​បញ្ចប់​កុងត្រា​ការងារ​ជា​អ្នក​ប្រតិចរឹត​របស់​តុលាការ។ នេះ​បើ​យោង​តាម​ឯកសារ​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ទទួល​បាន​នៅ​ថ្ងៃ​នេះ។
លោកនេត្រ ភក្ត្រា អ្នក​នាំពាក្យ​សាលា​ក្តីខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា​ការផ្សព្វ​ផ្សាយ​គឺ​ជា​សិទ្ធិ​របស់​បុគ្គល ក៏​ប៉ុន្តែ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ហៅ​ក្រុម​បុគ្គលិក​ផ្នែក​ប្រតិចរិក​មក​ប្រាប់​ពី​តួនាទី​របស់​ពួក​គេ ដែល​ជាបុគ្គលិក​របស់​តុលាការ គឺ​មិនមែន​ជាបុគ្គលិក​ផ្នែក​ផ្សព្វផ្សាយ​នោះ​ទេ។ ដូច្នេះ​ពួក​គេ​មាន​តួនាទី នៅ​ក្នុង​ការ​បំពេញ​ការងារ​ឲ្យ​សម​ស្រប​តាម​តួនាទី​របស់​ពួកគេ។
ទាក់ទង​នឹង​វិបត្តិ​ថវិកា​ក្នុង​សាលាក្តី​ខ្មែរក្រហម​នេះ​លោកឯក ថា អ្នកនាំ​ពាក្យអង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហស័​របស់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​នឹង​មិន​ផ្តល់​ថវិកា​បន្ថែម​ណាមួយ​នោះ​ទេ​ខណៈ​ដែលរដ្ឋាភិបាល​បានបង្កើន​ចំណាយ​សម្រាប់​ដំណើរ​ការ​កាត់​ទោសនេះ​រួច​ទៅហើយ៕