ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរក្រហម​​ ជាប់​គាំង​នៅពេល​មាន​បញ្ហា


ពលរដ្ឋ​ចូលរួម​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឯសាលាក្តី​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។
ពលរដ្ឋ​ចូលរួម​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឯសាលាក្តី​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។
​ភ្នំ​ពេញ៖ ​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ដែល​កំពុងស៊ើបអង្កេតចលនា​ខ្មែរ​ក្រហម​សម្លាប់​មនុស្សរបស់​ប្រទេស​កម្ពុជា​ ​បាន​ជួបបញ្ហា​កាន់​តែ​ច្រើន​នៅ​សប្តាហ៍​នេះ ​ដោយ​ផ្អាក​សវនាការបន្ទាប់​ពីកូដកម្ម​មួយលើ​ការ​មិន​បើក​ប្រាក់​ខែហើយ​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​ចុង​ចោទ​ម្នាក់​ក្នុង​ចំណោម​ចុង​ចោទ​៣​នាក់។

វា ​ជា​សប្តាហ៍​ប្រកប​ដោយ​ព្រឹត្តិការណ៍​ដ៏​សំខាន់សម្រាប់​តុលាការខ្មែរ​ក្រហម​ដែល​មាន​ជម្លោះ​នោះ។ ​កាល​ពី​ថ្ងៃ​ច័ន្ទ នៅពេល​ដែលលោក Philip Short ​ជាអ្នក​កាសែត​និង​ជា​អ្នក​និពន្ធ​អង់​គ្លេស ​បាន​ប្រុង​ប្រៀបផ្តល់សក្ខីកម្ម​ដែល​អាច​នឹង​មានរយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ ក្រុម​បក​ប្រែ​កម្ពុជា​ទាំង​មូល ​បាន​ធ្វើ​កូដកម្ម​លើ​បញ្ហា​មិន​បានទទួល​ប្រាក់​ខែ។

តុលាការ​ខ្មែរ​ក្រហម ​ប្រតិបត្តិការ​ជា៣​ភាសា គឺ ភាសា​ខ្មែរ បារាំង​និង​អង់គ្លេស។ ​បើ​គ្មានពួក​អ្នក​បកប្រែ​កម្ពុជា តុលាកា​រ​នោះ មិន​អាចនឹង​ដំណើ​ការ​បាន​ទេ។ សវនាការ​ នៅ​តែផ្អាក។

អង្គការ​សហប្រជាជាតិ​ បើក​ប្រាក់​ខែដល់​បុគ្គលិក​អន្តរជាតិ​ នៅ​ខណៈនោះ​ដែរ​រដ្ឋាភិបាល​កម្ពុជា ជាអ្នក​ទទួល​ខុសត្រូវចំពោះប្រាក់​ខែ​បុគ្គលិក​ជាតិ។ ​គ្មាន​បុគ្គលិក​កម្ពុជា​ណាម្នាក់ ​បាន​ទទួល​ប្រាក់​ខែចាប់​តាំង​ពី​ខែ​វិច្ឆិកា​មក។

ចាប់​តាំង​ពី​តុលាការ ​បាន​បើក​ក្នុងឆ្នាំ​២០០៦​មក ​រដ្ឋាភិបាល ​បាន​រួម​វិភាគ​ទានសាច់​ប្រាក់ប្រហែល​១៥លាន​ដុល្លារ​ដល់​តុលាការ​និងផ្តល់​សម្ភារៈនឹង​សេវាកម្មផ្សេង​ៗ​ទៀត​ ប៉ុន្តែ ​បាន​ពឹង​ផ្អែកលើ​ម្ចាស់​ជំនួយ​បរទេសដើម្បី​ចេញ​ថ្លៃចំណែកនៃ​ប្រាក់​ខែ​របស់​ខ្លួន។

លោក​ ឯក ថា​ អ្នកនាំ​ពាក្យ​នៃ​ទី​ស្តី​ការ​គណរដ្ឋ​មន្រ្តី​ គិតថា ពួក​ម្ចាស់​ជំនួយ មាន​ការ​ស្ទាក់​ស្ទើរ​ដើម្បី​ផ្តល់​ប្រាក់ពី​ព្រោះ​ពួកគេ ត្រូវ​ប្រឈម​ដោះ​ស្រាយបញ្ហា​ហិរញ្ញ​វត្ថុផ្ទាល់​របស់​ខ្លួន​ឯង។ លោក និយាយ​ទៀត​ថា​ រដ្ឋាភិបាល នៅ​តែ​ប្តេជ្ញា​ចំពោះតុលាការ ហើយ​ បានទទូច​ថា តុលាការ​នោះ ​នឹង​មិន​ដួល​រលំ​ទេ។

លោកស្រី​Anne Heindelទីប្រឹក្សា​ច្បាប់នៅ​អង្គការស្រាវ​ជ្រាវ​មជ្ឈមណ្ឌលឯក​សារកម្ពុជា ឬ DC-Cam និយាយ​ថា ​ស្ថានភាព​នេះ ​បាន​ធ្វើ​ឲ្យ​មានភាព​ទាល់​ច្រករវាង​ម្ចាស់ជំនួយ​និង​រដ្ឋាភិបាល។

«ការណ៍​នេះ ហាក់​ដូចជាប្រទេស​ម្ចាស់​ជំនួយ មិន​ចង់​ផ្តល់​ថវិកា​ទៀត​ទេ ហើយ​ភាគីអន្តរជាតិ ​កំពុង​មាន​ការលំ​បាក​ខ្លួន​ឯងដើម្បីឲ្យ​បាន​ទទួល​ថវិកា ​ហើយបី បួន​ឆ្នាំចុង​ក្រោយ​នេះ ​ចំណែក​របស់ខ្លួនឯងផ្ទាល់​ក៏​មាន​វិបត្តិដែរ ហើយយ៉ាង​ហោច​ណាស់នៅពេលបច្ចុប្បន្ន​នេះ​ គេ ទំនង​ដូចជា​គ្មាន​ឆន្ទៈ នឹងជ្រៀត​ចូលហើយ​បំពេញ​គម្លាត​នេះ​ទេ»។

​បន្តិច​មក​នៅ​ថ្ងៃ​ច័ន្ទ ​វា បានលេចចេញឡើង​ថា​ អតីត​រដ្ឋ​មន្រ្តី​ការបរទេស អៀង​សារី ​ជាចុង​ចោទ​ម្នាក់​នៃ​ចុង​ចោទ​៣​នាក់​ បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ។

អៀង សារី មាន​អាយុ៨៧​ឆ្នាំ​ ​ជាចុង​ចោទ​ដ៏​ចាស់​បំផុត​ម្នាក់ហើយ​ត្រូវ​បាន​គេ​ចាត់ទុ​ក​ជា​ទូទៅថាទន់​ខ្សោយ​បំផុត។ ​កាល​ពី​ថ្ងៃ​ពុធ បណ្តាញ​ផ្សាយ​ព័ត៌មាន​ បាន​រាយការណ៍​ថា សុខភាពរបស់​អៀង សារី ​មាន​ភាព​ធ្ងន់​ធ្ងរខ្លាំង​មែន​ទែន​។ លោក​ Michael Karnavas ​មេធាវី​ការ​ពារ​ក្តី​អន្តរជាតិរបស់​អៀង សារី​ ​មិន​ហ៊ាននិយាយ​ដល់ថ្នាក់​នោះ​ទេ​ ​ប៉ុន្តែ លោក ​បាន​និយាយ​ថា សុខភាព​របស់កូន​ក្តីលោក ​មាន​ភាព​ធ្ងន់​ធ្ងរ​ខ្លាំង។

សុខភាពរបស់​ចុង​ចោទទាំង​៣​នាក់​ ដែល​មាន​អាយុខ្ទង់​៨០​ឆ្នាំ​ប្លាយ​ ​មាន​ការ​ព្រួយ​កង្វល់​ជា​យូរ​យាណាស់​មក​ហើយ។ កាល​ពី​ខែ​មក​រា នួន​ជា ដែល​គេស្គាល់​ថា​បង​ធំ​ទី​២ ​បាន​ត្រូវ​ព្យាបាល​ក្នុង​មន្ទី​រពេទ្យ​ដោយ​សារ​ជំងឺ​រលាក​ទង​សួត​។ ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​ ​ក៏​ចូលសម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ដោយសារ​ការ​អស់​កម្លាំង​ហើយ​នឹងការ​ពិបាកដកដង្ហើម​។

នៅ​ចុង​ខែ​នេះ តុលាការ ​នឹង​ធ្វើ​សវនាការ​ពី​សុខភាពរបស់​អៀង សារី ​និង នួន​ជា។ លោក​ Michael Karnavas ​និយាយ​ថា បញ្ហា​សុខភាព​របស់​អៀង សារីហើយ​នឹង​ជំងឺ​ផ្សេង​ទៀត​ មានន័យ​ថា​ ​លោក មិន​អាច​ចូល​រួម​ពេញ​លេញនៅ​ក្នុង​ការការពារខ្លួនរបស់​លោកផ្ទាល់​ទេ។

« ​បើ​អ្នក​សួរ​ខ្ញុំ ថា តើខ្ញុំ យល់​ថា ​គាត់នៅ​ក្នុង​តុលាការ​នា​ពេល​ឆាប់​ៗ​នេះ​ឬទេ ? ​ចម្លើយ គឺ​ថា ​ទេ។ ​ប្រសិនបើ​ គាត់ ត្រឡប់​មក​តុលាការ​វិញ​ ​ហើយ គាត់​ស្ថិត​ក្នុង​ស្ថាន​ភាពនាពេល​បច្ចុប្បន្ន ​តើ គាត់​ ​អាច​ធ្វើ​ទៅ​តាមដំណើរ​ការ​របស់​តុលាការ​ទេ ? ​ចម្លើយ គឺ​ថា ទេ»។

កាល​ពី​ពេល​មុន​ ចុង​ចោទទាំង៣​នាក់​ ​បាន​បដិសេធ​សិទ្ធិ​របស់​ខ្លួនឲ្យ​មាន​វត្ត​មានក្នុង​តុលាការ​ ដែល​បាន​អនុញ្ញាត​ឲ្យបន្ត​សវនាការ​ក្នុងពេល​ពួកគេ​អវត្តមាន។ លោក​ Michael Karnavas និយាយ​ថា អៀង សារី នឹង​លែងបដិសេធ​សិទ្ធិ​ទៀត​ហើយ។

«ដូច្នេះ ​ជាស្វ័យប្រវត្តិ​ ការ​កាត់​ទោស​ នឹង​ត្រូវ​តែបញ្ឈប់​ទាំង​ស្រុងរហូត​ទាល់​តែ​ គាត់​មាន​សុខភាព​ប្រសើរ​ឡើង។ ហើយ ខ្ញុំ គិត​ថា នៅ​ពេល​ឥ​ឡូវ​នេះ ​ចង់​ឬ​មិន​ចង់ ស្ថានភាពនេះ ទំជោហើយដើម្បី​ចាប់​ផ្តើមពិចារណា​បំបែក​ចុង​ចោទ»។

បើរឿង​ក្តី​របស់​អៀង សារី​ ​ត្រូវបំបែក​ចេញនោះ​ នឹងមានន័យ​ថាជា​ការ​បញ្ចប់ការ​កាត់​ទោស​លោក។​ ​
លោកស្រី​ Anne Heindel ​នៃ​មជ្ឈមណ្ឌល​ឯកសា​កម្ពុជា ​និយាយ​ថា សត្រូវ​ធំរបស់​តុលាការ​ទៅ​ហួស​ពី​បញ្ហា​សុខភាពនិង​ការ​ផ្តល់​ថវិកា​ទៀត។ កាល​ពី​ខែ​មុន អង្គជំនុំ​ជម្រះ​នៃ​តុលាការ​នេះ​បាន​ទទួល​បញ្ជារ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញនូវ​សេចក្តី​សម្រេច​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១១​ដែល​បំបែកសំណុំរឿង​០០២ ដែល​ជារឿង​ក្តីប្រឆាំង​នឹង​អតីត​មេដឹកនាំ​ជាការ​កាត់​ទោស​តូចៗ​ជា​ច្រើន។ ការកាត់​ទោស​តូច​មួយ​ដំបូង​គេ​នៃ​ការកាត់​ទោសតូច​ៗ​ទាំង​នោះ​ ដែល​បាន​ចាប់​ផ្តើមកាល​ពី​ជាង​មួយ​ឆ្នាំ​មុន ​ផ្តោតលើការ​ជម្លៀស​ប្រជា​ពល​រដ្ឋ​ដោយ​ការ​បង្ខំ​ក្នុង​ឆ្នាំ​១៩៧៥។

ទោះ​ជា​យ៉ាង​ណាក៏ដោយ ​មនុស្ស​តិច​តួច ​រំពឹង​ថា​ តុលាការ​ អាចដំណើរ​ការហួសពី​ការ​កាត់​ទោសទី​មួយ​នេះ ​ហើយការណ៍​នេះ ​មាន​ន័យ​ថា ​ពួក​ចៅ​ក្រម​ មិនដាក់​បញ្ចូលឧក្រិដ្ឋ​កម្មដែល​បាន​ប៉ះ​ពាល់ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ភាគ​ច្រើន ​ដែល​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំចាប់​តាំង​ពី​ឆ្នាំ​១៩៧៥ដល់​ឆ្នាំ​១៩៧៩​ ​ធ្វើ​ជា​ទាសករក្នុង​ជំរំ​ការងារ​នោះ​ទេ។

ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ​តុលាការ​អង្គជំនុំ​ជម្រះ ​នឹង​សម្រេច​ថា​តើ​ឧក្រិដ្ឋ​កម្ម​ណានឹង​បន្ថែមដល់​ការ​កាត់​ទោស​តូច​លើក​ទី​មួយ​នេះ។ ទោះ​ជាយ៉ាង​ណាក៏​ដោយ​ លោកស្រី​ Heindel ​ជឿ​ជាក់​ថា ​ការ​ចោទ​ប្រកាន់​សំខាន់​ ​នឹង​នៅ​តែ​ឥត​មាន​ដដែល។

«ខ្ញុំ​មិនរំពឹង​ថា ​យើង ​នឹងបានឮ​ពី​អំ​ពើ​ប្រល័យ​ពូជ​សាសន៍ ​អំពី​ការ​រៀប​ការ​ដោយ​ចាប់​បង្ខំ​ ​អំពី​ការដ្ឋាន​ការងារទៀត​ទេ ​ជា​បញ្ហា​ដែលប្រជា​ពលរដ្ឋ​សាមញ្ញ​កម្ពុជា​យល់ថា​ជាជាការសំខាន់​បំផុត ​ឬ​អ្នក​នៅ​រស់​រាន​មាន​ជីវិត ​ដឹង​ថា​សំ​ខាន់​បំផុត ​ពី​ព្រោះបញ្ហាទាំង​នោះ ពាក់​ព័ន្ធ​ដល់​បទ​ពិសោធន៍របស់​ពួកគេ​ក្នុង​របប​នោះ»។ លោកស្រី​ Heindel ​និយាយ​ថា ភាព​ប្រសព្វគ្នា​នៃ​បញ្ហា​ទាំងអស់​នេះ​ កំពុង​តែ​ខូច​ខាត។
«វា ​ដូចជា​មិន​ល្អសម្រាប់​កេរ្ត៍​ដំណែល​របស់​តុលាការ​ទេពីព្រោះ​តែរឿង​ក្តី​០០២ ​ជា​រឿង​ក្តី​ធំ​របស់​តុលាការ​គឺ​ថា ​វា​ ត្រូវ​ដោះស្រាយ​រឿង​មេដឹកនាំ​ជាន់​ខ្ពស់​ដែល​នៅ​រស់​រាន​មាន​ជីវិត ​វាត្រូវដោះស្រាយ​ឧក្រិដ្ឋ​កម្មទូទាំង​ប្រទេស​កម្ពុជា»។

ប្រជា​ពលរដ្ឋ២​លាន​នាក់ ​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​នៃ​ការ​គ្រប់​គ្រង​របស់​ពួក​ខ្មែរ​ក្រហម​ក្នុង​ប្រទេស​កម្ពុជា​ពី​ចន្លោះឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។ ៣​ទសវត្សរ៍​ក្រោយ​មក បញ្ហា​ដែល​បន្ត​កើត​មាន​ឡើងរបស់​តុលាការ ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់ដល់គោល​បំណងដ៏​សំខាន់​របស់​ខ្លួន​គឺ ការ​ផ្តល់​ការ​គិត​គូ​ដ៏​សំខាន់ពី​ឧក្រិដ្ឋ​កម្ម​ដ៏​អាក្រក់អាក្រីក្នុង​សតវត្សរ៍​ទី​២០៕
ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន​
XS
SM
MD
LG