គិតត្រឹមថ្ងៃច័ន្ទនេះ មានមនុស្ស២៥នាក់បានស្លាប់ និងប្រជាជនសរុបជាង៣០០.០០០នាក់ក្នុងរាជធានីខេត្តចំនួន១៩នៅទូទាំងប្រទេសកម្ពុជា បានរងគ្រោះនិងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងក្នុងឆ្នាំ២០២០នេះ។ នេះ បើផ្អែកតាមទិន្នន័យសរុបចុងក្រោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
អ្នកស្លាប់ទាំង២៥នាក់ដែលរួមទាំងក្មេង៧នាក់ផង រស់នៅក្នុងខេត្តចំនួន៥ គឺបន្ទាយមានជ័យដែលមានអ្នកស្លាប់ច្រើនជាងគេរហូតដល់១៥នាក់ និង១០នាក់ទៀត រស់នៅក្នុងខេត្តព្រះសីហនុ ពោធិ៍សាត់ ប៉ៃលិន និងកំពង់ធំ។
ភាគច្រើននៃអ្នកស្លាប់ គឺដោយសារលង់ទឹក ឆក់ខ្សែភ្លើងពេលទឹកលិចផ្ទះ និងរអិលជើង ហើយទឹកគួចទៅជាមួយជាដើម។
របាយការណ៍ដែលត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក៏បានបង្ហាញដែរថាគិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ប្រជាជនជាង ៩៣០០គ្រួសារ ក៏ត្រូវបានជម្លៀស និងផ្ទះសម្បែងជាង ៧៣០០០ខ្នង បានរងផលប៉ះពាល់។
សាលារៀនចំនួន៥៦៨កន្លែង និងស្រូវលិចទឹកប្រមាណជាង២១៣.០០០ហិកតា ក៏ត្រូវលិចទឹកផងដែរ។
រាជធានីនិងខេត្តទាំង១៩ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងឆ្នាំនេះ រួមមានភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តមានជ័យ សៀមរាប តាកែវ កំពង់ស្តឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ធំនិងខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមរបាយការណ៍បូកសរុបរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕