វិស័យ​ភាពយន្ត​កម្ពុជា​ ប្រឈម​នឹង​ការ​បង់​ពន្ធ​ជា​ច្រើន

ក្រុមថតកុនរឿង «ធ្មប់»។

ទន្ទឹម​នឹង​ការ​ពង្រឹង​វិស័យ​ពន្ធដារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ផលិត​កម្ម​ភាពយន្ត​ ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​ផង​ដែរ។​ ផលិតករ​​ជាច្រើន ​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ថា​ការអនុវត្ត​វិធាន​​នា​ពេល​បច្ចុប្បន្ន អាច​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​ភាពយន្ត​ ហើយ​អាច​ធ្វើ​ឲ្យ​ការផលិត​ភាពយន្ត​​កាន់​តែ​ធ្លាក់​ចុះ​ទៅ​វិញ។​

ខណៈ​ពេល​ដែលរឿង ​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​សាធារណជន​ខ្មែរ​ក្នុង​ឆ្នាំ​២០១៧​ និង​បាន​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​របស់កម្ពុជា ​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​ ផលិតករ​ភាពយន្ត​ខ្មែរជាច្រើន ​កំពុង​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការអនុវត្ត​កាតព្វកិច្ច​ពន្ធ​ក្នុង​វិស័យ​នេះ។​ ការណ៍​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត ​ដើរ​ថយ​ក្រោយ។

កាល​ពី​ខែ​តុលា​កន្លង​ទៅ​ ក្រសួង​វប្បធម៌ បាន​កោះ​ហៅ​ផលិតករ​ភាពយន្ត​និង​អ្នក​ពាក់ព័ន្ធ​នានា​ ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​មួយ​ ដើម្បី​ពិភាក្សា​អំពី​គម្រោង​អនុវត្ត​កាតព្វកិច្ច​ពន្ធ​ នៅ​ក្នុង​វិស័យ​ភាពយន្ត​កម្ពុជា។

ការ​រឹត​បន្តឹង​ពន្ធ​លើ​វិស័យ​ខ្សែភាពយន្ត​កើត​ឡើង​ ស្រប​ពេល​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា កំពុង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​កាន់តែ​ខ្លាំង​ឡើង​លើ​ប្រព័ន្ធ​ពន្ធដារ​របស់​កម្ពុជា​ ដែល​មាន​លក្ខណៈ​ស្មុគស្មាញ ឲ្យ​ក្លាយ​ទៅ​ជា​មូលដ្ឋាន​ចំណូល​ដ៏​ចិរភាព​មួយ​ដល់​រដ្ឋាភិបាល។

ក៏​ប៉ុន្តែ​ លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ប្រមូល​ពន្ធ​ពី​ឧស្សាហកម្ម​ភាពយន្ត​ មិន​គួរ​ត្រូវ​អនុវត្ត​នា​ពេល​នេះ​ទេ ដោយ​លោក​អះអាង​ពី​ភាព​ក្មេង​ខ្ចី​របស់​វិស័យ​នេះ។

លោក ឆាយ បូរ៉ា ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា៖

«ប្រសិន​បើ​កម្រិត​ក្រិត​ក្រម​មួយ​ថា​ ត្រូវ​តែ​បង់​ពន្ធ​ នោះ​ហានិភ័យ​ក្នុង​វិស័យ​ភាពយន្ត​ប្រាកដ​ជា​មាន ហើយ​ខ្ញុំ​គិត​ថា​ ប្រហែល​ជា​មាន​ផលិតកម្ម​មិន​តិច​ជាង​៨០%​ទេ​ ដែល​ត្រូវ​បិទ​ទ្វារ ពីព្រោះ​វា​ជា​បន្ទុក​ធ្ងន់​ ហើយ​សិល្បករ​ទាំងអស់ ​នឹង​បាត់​បង់​ការងារ​ធ្វើ​ក្រុម​បច្ចេកទេស​ក្នុង​វិស័យ​ភាពយន្ត​នឹង​មិន​មាន​មុខ​នៅ​ក្នុងឧស្សាហកម្ម​ភាពយន្ត​ត​ទៅ​ទៀត​ទេ។ អញ្ចឹង​យើង​ប្រហែល​ត្រូវ​ដើរ​ត្រលប់​ទៅ​ឆ្នាំ​២០០០​វិញ​ហើយ»។

វិស័យ​ខ្សែ​ភាពយន្ត​របស់​កម្ពុជា បាន​ស្ទុះ​ងើប​ឡើង​វិញ​បាន​មួយ​រយៈ​កាល​ពី​អំឡុង​ដើម​ឆ្នាំ​២០០០។ ​បញ្ហា​តានតឹង​ជាមួយ​នឹង​ប្រទេស​ថៃ បាន​ជំរុញ​ឲ្យ​មាន​ការ​ហាម​ឃាត់​ការ​ចាក់​ផ្សាយ​ភាពយន្ត​ថៃ​ និង​ការ​បើក​រោង​កុន​ចាស់ៗ​ឡើងវិញ​ បាន​ធ្វើ​ឲ្យ​មាន​ការផលិត​ភាពយន្ត​ខ្មែរ​កើន​ឡើង។​ ក៏​ប៉ុន្តែ​សន្ទុះ​នេះ​ បាន​សាប​រលាប​ទៅ​វិញ​ភ្លាមៗ ដោយ​សារ​តែ​មាន​ការ​គាំទ្រ​តិចតួច និង​មូល​ហេតុ​ផ្សេងៗ​ទៀត​ ដែល​ធ្វើ​ឲ្យ​ការ​ចាប់​អារម្មណ៍​លើ​ការ​ផលិត​ខ្សែ​ភាពយន្ត​ បាន​ធ្លាក់​ចុះ។

អស់​រយៈពេល​ប្រមាណ​ប្រាំឆ្នាំ​នៃ​ការ​ស្ទុះ​ឡើង​វិញ​លើក​ទី​ពីរ​នៃ​វិស័យ​ខ្សែភាពយន្ត​នៅ​កម្ពុជា នា​សតវត្ស​ទី​២១​នេះ ផលិតករ​ខ្សែភាពយន្ត​ ត្រូវ​បាន​ណែនាំ​អំពី​កាតព្វកិច្ច​ពន្ធ​មួយ​ចំនួន ដែល​ពួកគេ​ត្រូវ​បង់ រាប់​ចាប់​តាំង​ពី​ដំណាក់កាល​មុន​ការ​ផលិត រហូត​ដល់​ការ​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត។

មាន​ប្រភេទ​ពន្ធ​មួយ​ចំនួន ដែល​ត្រូវ​បង់​ជារៀង​រាល់​ខែ​ ពន្ធ​បង់​ប្រចាំ​ឆ្នាំ និង​ពន្ធ​បង់​តាម​ចំនួន​ភាពយន្ត​ដែល​ត្រូវ​បាន​ផលិត។

ផលិតករ​ខ្សែភាពយន្ត​ ក៏​ត្រូវ​បង់​ពន្ធ​ទៅ​លើ​ការ​ជួល​សម្ភារៈ ការ​ជួល​ទីតាំង​ថត ពន្ធ​លើ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត ​អាករ​លើ​តម្លៃ​បន្ថែម​ប្រចាំ​ឆ្នាំ និង​ពន្ធ​កាត់​ទុក​លើ​ចំណូល​ជាដើម។

លោក ឆាយ បូរ៉ា គឺ​ជា​អ្នក​ដឹកនាំ​រឿង «៣.៥០» ដែល​ឆ្លុះ​បញ្ចាំង​ពី​តថភាព​នៃ​ការ​ជួញដូរ​ព្រហ្មចារី និង​ជា​អ្នក​ដឹកនាំ​រឿង «ឃ្លាត​ទៅ​សែន​ឆ្ងាយ» ដែល​ជា​សាច់រឿងនៃ​ដំណើរ​ជីវិត​របស់​ស្ត្រី​ជា​ម្ដាយ​ម្នាក់ ដែល​តស៊ូដើម្បី​ឲ្យ​ក្រុម​គ្រួសារ​បាន​រួច​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ លោក​ជឿ​ថា វិស័យ​ខ្សែភាពយន្ត​ដែល​មាន​គុណភាព​ល្អ មាន​តួនាទី​សំខាន់​មួយ​នៅ​ក្នុង​សង្គម។

លោក​បាន​មាន​ប្រសាសន៍​ថា៖

«វិស័យ​ភាពយន្ត​វា​ជា​មែក​ធាង​មួយ​នៃ​វប្បធម៌ ប៉ុន្តែ​វា​ជា​វិស័យ​មួយ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​មនុស្ស​ទូទៅ។ មិន​ត្រឹម​តែ​នៅ​កម្ពុជា​ទេ​ វា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ ឥទ្ធិពល​ក្នុង​ការ​ផ្សព្វផ្សាយ​អក្សរសាស្ត្រ​ជាតិ​ ឥទ្ធិពល​ក្នុង​ការ​ផ្សព្វផ្សាយ​សារ​អប់រំ​ដទៃៗ​ទៀត។ អញ្ចឹង​វា​មាន​សារៈសំខាន់។ ប្រទេស​ផ្សេងៗ​ គេ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វិស័យ​វប្បធម៌​ ជា​ពិសេស​វិស័យ​ភាពយន្ត»។

លោក​បាន​បន្ថែម​ថា សិល្បៈ​ក្នុង​វិស័យ​ខ្សែភាពយន្ត ​ក៏​នាំ​មក​នូវ​កិត្យានុភាព​ជាតិ​ផង​ដែរ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្សែភាពយន្ត​របស់​កម្ពុជា ​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​គួរ​ឲ្យ​កត់​សម្គាល់​នៅ​លើ​ឆាក​អន្តរជាតិ ​រួម​មាន​ខ្សែភាពយន្ត​របស់​ផលិតករ Davy Chou ដែល​មាន​ចំណង​ជើង​ថា «កោះពេជ្រ»​ ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​ពិធី​មហោស្រព​ភាពយន្ត Cannes របស់​បារាំង និង​ខ្សែភាពយន្ត​របស់​ផលិតករ រិទ្ធី ប៉ាន់ ដែល​មាន​ចំណង​ជើង​ថា «កង្វះ​រូបភាព» ត្រូវ​បាន​ឧទ្ទេសនាម​សម្រាប់ពានរង្វាន់​ Oscars របស់​អាមេរិក។

ជោគជ័យ​របស់​ផលិតករ​ទាំង​ពីរ​នាក់​នេះ បាន​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ផលិតករ​ជំនាន់​ថ្មី​មួយ​ចំនួន​ ហើយ​គុណភាព​នៃ​ការ​ផលិត​ខ្សែភាពយន្ត​របស់​ពួក​គេ​ ក៏​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ចែក​ចាយ​ខ្សែភាពយន្ត​ផលិត​ឡើង​ដោយ​ផលិតករ​ខ្មែរ​ ដែល​ស្ថិត​នៅ​ក្នុង​និយាម​អន្តរជាតិ នៅ​តែ​មាន​កម្រិត​តិចតួច​នៅ​ឡើយ។ ជាទូទៅ ផលិតករ​ភាពយន្ត​ខ្មែរ​បញ្ចាំង​រឿងរបស់​ខ្លួន​នៅ​តាម​រោង​កុន​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស។​ ជា​មធ្យម រឿង​នីមួយៗ​ត្រូវ​បាន​ដាក់​បញ្ចាំងចំនួន​២៦​ដង​ ក្នុង​រយៈពេល​ប្រមាណ​តែ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ។

ផលិតករ និង​អ្នក​ចែកចាយ​ភាពយន្ត​ជាច្រើន​ បាន​ប្រាប់​VOA​ថា រោង​ភាពយន្ត​យក​ចំណូល​៥៥​ភាគ​រយ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ខ្សែភាពយន្ត។

ការ​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា បាន​បង្ក​ជា​ការ​ខាតបង់​ដល់​ការ​លក់​ភាពយន្ត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ​ផលិតករ​ជាច្រើន​បដិសេធ​មិនលក់​ខ្សែភាពយន្ត​របស់​ខ្លួន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ព្យាយាម​ប្រើប្រាស់​គ្រប់​លទ្ធភាព​ដើម្បី​បាន​ចំណូល​ពី​ភាពយន្ត​របស់​ខ្លួន ​មុន​នឹង​ប្រថុយ​ដាក់​ឲ្យ​អ្នក​ប្រើប្រាស់​លើ​អ៊ីនធឺណិត​បាន​មើល។​ ត្បិត​អី ​ការណ៍​នេះ​ងាយ​នឹង​នាំ​ឲ្យមាន​ការ​ទាញ​យកខុស​ច្បាប់​ពី​អ្នក​ប្រើប្រាស់។

មែន​ទែន​ទៅ​ ការ​ផលិត​ខ្សែភាពយន្ត​ខ្នាត​ធំ​នៅ​កម្ពុជា មិនមែន​ជាអាជីវកម្ម​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​នោះ​ទេ ហើយ​មិនមែន​រាល់​ខ្សែភាពយន្ត​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផលិតករ​ខ្មែរ សុទ្ធ​តែ​ទទួល​បាន​ប្រាក់​ចំណេញ​នោះ​ទេ។​ ជាក់​ស្ដែង ផលិតករ​ខ្មែរ​ជាច្រើន ផលិត​រឿង​គ្រាន់​តែ​ដើម្បី​ឲ្យ​សាធារណជន​ស្គាល់​ស្នាដៃ​របស់​ខ្លួន​សិន​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ផលិតករ​ភាពយន្ត​ខ្មែរ​មួយ​ចំនួន។

ប្រាក់​ឈ្នួលទាប និង​ទីផ្សារ​ការងារ​ចង្អៀត​ បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​ផលិត​ដែល​គិត​ប្រាក់​កម្រៃ​តាមគម្រោង​ ដែល​មួយ​ឆ្នាំ​មាន​តែ​មួយ​ ឬ​ពីរ​គម្រោង​ ត្រូវ​ពឹង​ផ្អែក​លើ​ការងារ​មួយ​ផ្សេង​ទៀត​ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ដោយ​ត្រូវ​ធ្វើការ​ខាង​ក្រៅ​បន្ថែម​ ដូចជា​ធ្វើ​ជាអ្នក​រត់​រ៉ឺម៉ក​កង់​បី​ជា​ដើម។

លោក​ ហ៊ុយ​ យ៉ាឡេង ដែល​ជា​តារាសម្តែង និង​ជា​ផលិតករ​មួយរូប នៅក្នុង​ឈុតឆាក​មួយ​នៃ​រឿង «ធ្មប់»។

លោក​ ហ៊ុយ​ យ៉ាឡេង​ អាយុ​៣៨​ ជា​ផលិតករ​មួយ​រូប ​ដែល​បាន​ឆ្លង​កាត់​ការផលិត​ភាពយន្ត​នៅ​ក្នុង​អំឡុង​ពេល​ភាពយន្ត​រីក​លូតលាស់​នៅកម្ពុជា​ ទាំង​ពីរ​ពេលគឺ​នៅ​អំឡុង​ឆ្នាំ​២០០០​ និង​ពេល​បច្ចុប្បន្ន។

បើ​ទោះ​បី​ជា​លោក​មើល​ឃើញ​ការ​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​ភាពយន្ត​លើក​នេះ​ មាន​វិសាលភាព​ធំ​ជាង​មុន​ក្ដី​ ក៏​លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​អនុវត្ត​វិធានការ​យក​ពន្ធ​នេះ​ផង​ដែរ។ ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក​ ផលិតករ​កុន​ភាគច្រើន​ នៅ​តែ​មិន​ទាន់​ទាញ​ផល​ចំណេញ​សេដ្ឋកិច្ច​ពី​វិស័យ​នេះ​នៅ​ឡើយ។

លោក​ យ៉ា​ឡេង​ និយាយ​ថា៖​

«រោងកុន​លក់​អស់​ក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន​ផ្សេងៗ ផលិតកម្ម​បិទ​ទ្វារ​ រត់​ទៅ​ទទួល​ការងារ​ទូរទស្សន៍។ ទម្រាំ​ដល់​រោងកុន​លក្ខណៈ​អន្តរជាតិ​កើត​ឡើង​វិញ​ ផលិតករ​ងើប​មក​ផលិត​ឡើង​វិញ​។ ហើយ​ទើប​តែ​បាន​ប៉ុន្មាន​ឆ្នាំ​ឡើង​វិញ​ទេ អញ្ចឹង​យើង​មើល​ឃើញ​ជាក់​ស្ដែង​ថា​អត់​ទាន់​រឹង​ដៃ​ រឹង​ជើង​ ថា​នឹង​ទទួល​ចំណូល​នោះ​ទេ»។

លោក​ យ៉ាឡេង​ និយាយ​ថា​ វណ្ណកម្ម​ចុង​ក្រោយ​បង្អស់របស់​លោក​គឺ​រឿង​ «វិកល​ចរិត​» ដែល​ជា​ខ្សែ​ភាពយន្ត​បែប​រន្ធត់​ បាន​រក​ចំណូល​ត្រឹម​តែ​រួច​ដើម​ប៉ុណ្ណោះ​ ដោយ​សារ​ប្រជាជន​កម្ពុជា​មាន​ការ​ចូលចិត្ត​លើ​ភាពយន្ត​ហូលីវូដ​ជាង។

ផលិតករ​វ័យ​៣៨​ឆ្នាំ​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា​ បើ​ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ថ្មីៗ​ចេះ​តែ​កើត​ឡើង​ចំពោះ​ឧស្សាហកម្ម​ភាពយន្ត​យ៉ាងណា​ក្ដី​ រូប​លោក​នឹង​បន្ត​ប្រឡូក​ក្នុង​ការងារ​ដ៏ជាទី​ស្រឡាញ់​របស់​លោក​មួយ​នេះ​ រហូត​ដល់​អស់​លទ្ធភាព។

លោក​មាន​ក្ដី​សង្ឃឹម​សម្រាប់​រឿង​«ធ្មប់​» ​ដែល​ជា​រឿង​ថ្មី​ចុងក្រោយ​បំផុត​របស់​លោក​ថា៖

«ប្រសិន​បើ​ចេញ​រឿង​នេះ​ទៅ​ ប្រជាជន​គាំទ្រ​ច្រើន​ យើង​ទទួល​បាន​ថ្លៃ​ដើម​និង​ចំណូល​តិច​តួច​ យើង​ប្រាកដ​ជា​ទៅ​មុខ​ទៀត។ តែ​បើ​សិន​ជា​យើង​ខាត​ ខាត​ធ្ងន់​អត់​អាច​ទៅ​មុខ​រួច​ អា​ហ្នឹង​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ​ បាន​ន័យ​ថា​យើង​ដួល​មែន​ទែន​ហើយ»។

លោក ​ឆាយ បូរ៉ា ​និយាយ​ថា​ បញ្ហា​មួយ​ទៀត​នៅ​ក្នុង​ការអនុវត្ត​កាតព្វកិច្ច​ពន្ធ​គឺ​កើត​ឡើង​ចំពោះ​ ការ​យក​ពន្ធ​ចំនួន​១០% ​លើ​អ្នក​ដឹក​នាំ​ អ្នក​សម្ដែង​ អ្នក​និពន្ធ​ ក្រុម​ការងារ​ផលិត​និង​សិល្បករ។ លោកនិយាយថាការណ៍​នេះមាន​ការ​លំបាក ពីព្រោះ​ពួកគេ​ទទួល​បាន​ប្រាក់​កម្រៃ​តាម​រយៈ​គម្រោង​ភាពយន្ត​មួយៗ​ តែ​ប៉ុណ្ណោះ​ មិន​មែន​ទទួល​ចំណូល​ជា​រៀង​រាល់​ខែ​ឡើយ។ ហើយ​ពេល​ខ្លះ​គាត់​ទទួល​បាន​គម្រោង​តែ​រឿង​មួយ​ឬ​ពីរ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ លោក​បន្ត​ថា ពួកគេ​មិន​យល់​ឡើយ​ថា​ហេតុ​អ្វី​ពួកគេ​ចាំបាច់​ត្រូវ​បង់ពន្ធ​ ដូច្នេះ​កាតព្វកិច្ច​ពន្ធ​នោះ ​នឹង​ក្លាយ​ជា​បន្ទុក​បន្ថែម​ទៅ​លើ​ផលិតករ។ ​

លោក​ បូរ៉ា​ ដែល​ទើប​តែ​ជាប់​ជា​ប្រធាន​សមាគម​ភាពយន្ត​សម្រាប់​អាណត្តិ​ទី​បី​នា​ពេល​ថ្មីៗ​នេះ​ និយាយ​ថា​ លោក​កំពុង​ប្រឹងប្រែង​ជំរុញ​ឲ្យ​មាន​ការ​ពន្យារ​ពេល​យក​ពន្ធ​រយៈ​ពេល​១០​ឆ្នាំ​សម្រាប់​វិស័យ​ភាពយន្ត​ទាំងមូល។

លោក​បាន​លើក​ឡើង​ថា​ ការ​ពន្យារ​ពេល​យក​ពន្ធ​គឺ​ជា​យុទ្ធសាស្ត្រដែល​មាន​ប្រសិទ្ធភាព​មួយ​ ដើម្បី​ទុក​ពេល​ឲ្យ​វិស័យ​ណា​មួយ​ អាច​រីក​ចម្រើន​គ្រប់គ្រាន់។

លោក​បាន​លើក​ឧទាហរណ៍​ពី​វិស័យ​មួយ​ចំនួន​ដែលទទួលប្រសិទ្ធភាព​ ក្រោយ​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​រដ្ឋាភិបាល​ក្នុង​នោះ​មាន​គ្រឹះស្ថាន​អប់រំ​ផង​ដែរ។

លោក​ ប៉ុក​ បូរក្ស​ ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌និយាយ​ថា​ សំណើ​ពន្យារ​ពេល​ការ​យក​ពន្ធ​នោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​ថ្នាក់​ដឹកនាំ​កំពូល​ហើយ​ ប៉ុន្តែ​រហូត​មក​ដល់​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០១៧កន្លង​ទៅ​នេះ លោក​មិន​ទាន់​បាន​ទទួល​សេចក្ដី​សម្រេច​ចុង​ក្រោយ​យ៉ាង​ណានៅ​ឡើយ​នោះ​ទេ។

លោក​ បូរក្ស​ បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​មួយ​ដែល​តម្រូវ​ឲ្យ​ផលិតកម្ម​ភាពយន្ត​ធ្វើ​ការ​បង់​ពន្ធ​ គឺ​ជា​ផ្នែក​មួយ​នៃ​យន្តការ​ទប់ស្កាត់​ការ​ហូរ​ចូល​ផលិតផល​ភាពយន្ត​ពី​បរទេស។ កិច្ច​ប្រឹងប្រែង​នោះ​រួម​មានការ​បង្កើត​មូលនិធិ​ទ្រទ្រង់​និង​អភិវឌ្ឍ​សិល្បៈ​ជាតិ​ ដែល​ត្រូវ​បាន​ចុះ​អនុក្រឹត្យ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦។

«យើង​មាន​ចំណុច​មួយ​ដែល​យើង​ត្រូវ​បង្កើត​មូលនិធិ​ទ្រទ្រង់​និង​អភិវឌ្ឍ​សិល្បៈ​ជាតិ​ ដែល​ក្នុង​នោះ​មាន​វិស័យ​ភាពយន្ត​ដែរ។ ដូច្នេះ​ ដើម្បី​ជួយ​ទៅ​វិញ​បាន​ ទាល់​តែ​ផលិត​កម្ម​ហ្នឹង​ ជា​ផលិត​កម្ម​ស្រប​ច្បាប់»។

ផលិត​កម្ម​ស្រប​ច្បាប់​ដែល​លោក​ បូរក្ស​ សំដៅ​លើ​នោះ​គឺ​ ផលិតកម្ម​ដែល​បាន​ចុះ​ឈ្មោះ​បញ្ជី​ជា​ផ្លូវ​ការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​និង​អនុវត្ត​កាតព្វកិច្ច​ពន្ធ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

បច្ចុប្បន្ន​ មាន​តែ​ពន្ធ​កាត់​ទុក​លើ​ចំណូល​នៃ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​តែប៉ុណ្ណោះ​ ដែល​ទទួល​ការ​អនុគ្រោះពន្យារ​ដល់​ចុង​ឆ្នាំ​២០១៨៕​