នាយឧត្តមសេនីយ៍ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃពុធនេះ បានច្រានចោលការវាយតម្លៃរបស់សហរដ្ឋអាមេរិកដែលសន្មតថា កម្ពុជាមិនព្រមទទួលយកជំនួយរបស់សហរដ្ឋអាមេរិកដោយទំនងជាជាប់ទាក់ទងនឹងវត្តមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹកនៃឆ្នេរសមុទ្ររាម។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ លោក Joseph H. Felter ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានផ្ញើលិខិតជូនលោករដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ បាញ់ ដោយបានរំឭកឡើងវិញនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមកាលពីខែមករា។ នៅទីនោះ លោកបានទទួលសំណើពីមេបញ្ជាការរងមួយរូប ដែលស្នើសុំជំនួយសម្រាប់ជួសជុល និងជួសជុលទីកន្លែងបណ្តុះបណ្តាល និងកប៉ាល់។ ក៏ប៉ុន្តែក្រោយមក ភាគីកម្ពុជាបែរជាប្រកែកមិនទទួលយកជំនួយនេះទៅវិញដោយអះអាងថាវាជាការមិនចាំបាច់។
លោកឧបការីរងបានស្នើដល់ភាគីកម្ពុជាផ្តល់នូវសេចក្តីពន្យល់លម្អិតនៅពីក្រោយការផ្លាស់ប្តូរសេចក្តីសម្រេចចិត្តភ្លាមៗមួយរំពេចរបស់កម្ពុជានេះ ដោយលោកសង្ស័យថាមានជាប់ទាក់ទិននឹងវត្តមានកងទ័ពចិនក្នុងមូលដ្ឋានកងទ័ពជើងទឹកកម្ពុជានោះ។
ថ្លែងប្រាប់ VOA តាមទូរស័ព្ទនៅរសៀលថ្ងៃពុធនេះ លោកទៀ បាញ់ ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីផងនោះ មានប្រសាសន៍ថា ការមិនទទួលយកជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់ការជួសជុលកែលម្អទីកន្លែងបណ្តុះបណ្តាល និងសម្ភារៈយោធាមួយចំនួនក្នុងមូលដ្ឋានកងទ័ពជើងទឹករាមនោះ ដោយសារកងទ័ពជើងទឹកមានផែនការធ្វើទំនើបកម្មនៅទីកន្លែងផ្សេង។
«កិច្ចការងារនេះ យើងគ្មានស្អីទៅដូចដែលគាត់ថា បដិសេធមិនទទួលស្អីគាត់ឯណា ឯណី»។
លោកទៀ បាញ់ មានប្រសាសន៍បន្ថែមថា៖
«ទីបញ្ជាការមុខនៅ សន្តិសុខលំហសមុទ្រហ្នឹងយើងគឺ មានបំណងគឺថា រើទៅកន្លែងផ្សេង។ ទៅកន្លែងផ្សេងហ្នឹង ធ្វើឲ្យវាបានមានភាពសមស្រប ហើយយើងធ្វើឲ្យមានការរីកចម្រើន ហើយឲ្យវាមានសភាពហៅថា ទំនើបជាងមុនបន្តិច...ដូច្នេះគឺ ពេលដែលយើងធ្វើហើយ យើងធ្វើកន្លែងថ្មីហ្នឹងហើយ ទើបយើងរើកន្លែងហ្នឹងចេញទៅ ដូច្នេះគឺនេះហើយ ដែលយើងហៅថាមិនចាំបាច់ទៅជួសជុលវាទៀតទេ»។
VOA ព្យាយាមសុំការអធិប្បាយបន្ថែមពីនាយឧត្តមសេនីយ៍ទៀ វិញ មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងទឹក តែលោកបដិសេធមិនធ្វើការអធិប្បាយ ហើយបានបង្វែរសំណួរទៅក្រសួងការពារជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិនាយឧត្តមសេនីយ៍ឈុំ សុជាតិ មិនឆ្លើយតបទៅនឹងសំណួររបស់ VOA ដែលបានផ្ញើជូនលោកតាមប្រព័ន្ធទំនាក់ទំនង WhatsAPP។ VOA ក៏មិនអាចទាក់ទងក្រុមមន្ត្រីជាន់ខ្ពស់យោធាកម្ពុជាផ្សេងទៀតផងដែរ ដោយទូរស័ព្ទពួកលោករោទិ៍ ប៉ុន្តែគ្មានអ្នកទទួល។
បញ្ហានៃវត្តមានកងទ័ពចិននៅកម្ពុជាត្រូវបានលើកឡើងជាលើកដំបូងកាលពីខែមេសា ឆ្នាំ២០១៨កន្លងទៅ ដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងសិក្សាជាន់ខ្ពស់លើកិច្ចការការពារជាតិ (C4ADS) របស់សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលនេះបានភ្ជាប់ក្រុមហ៊ុន Union Development Group ដែលជាវិនិយោគិនលើសំណង់ហេដ្ឋារចនាសម្ព័ន្ធជាប់មាត់សមុទ្រក្នុងខេត្តកោះកុងនៃប្រទេសកម្ពុជា ទៅនឹងកងទ័ពរំដោះប្រជាជនចិន។
កាលពីថ្ងៃអង្គារ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានទទូចឲ្យប្រទេសកម្ពុជាបង្ហាញជំហរអព្យាក្រឹតក្នុងនយោបាយការបរទេសរបស់ខ្លួន។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានច្រានចោលការលើកឡើងនេះម្តងហើយម្តងទៀតដោយផ្អែកលើរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ហាមមិនឲ្យមានវត្តមានកងទ័ពបរទេស។
លោកបណ្ឌិតឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ និងជាប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងកាលពីពេលថ្មីនេះថា កម្ពុជាគ្មានមហិច្ឆតាទៅបង្កសង្គ្រាមជាមួយប្រទេសណានោះទេ ដូច្នេះគ្មានហេតុផលណាមកបញ្ជាក់ថា កម្ពុជាត្រូវការមូលដ្ឋានកងទ័ពចិននៅលើទឹកដីរបស់ខ្លួន។ លោកថា កម្ពុជា និងសហរដ្ឋអាមេរិកគួរមានច្រកទាក់ទងគ្នាមួយ ដើម្បីលាងជម្រះមន្ទិលនៃការលទ្ធភាពរបស់ចិនក្នុងការតាំងទីកងទ័ពរបស់ខ្លួននៅកម្ពុជា។
យ៉ាងណាក៏ដោយ ប្រទេសកម្ពុជាបានផ្អាកការធ្វើលំហាត់សមយោធាប្រចាំឆ្នាំជាមួយកងទ័ពសហរដ្ឋអាមេរិក ហើយបានអនុវត្តលំហាត់យោធាជាមួយកងទ័ពចិនប៉ុន្មានឆ្នាំជាប់ៗគ្នាមកនេះ៕