ជើង​យន្តហោះ​​ទៅ​មក​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ជាង​៥០​ភាគ​រយ​

កាមេរ៉ា​សីតុណ្ហភាព​ត្រូវ​បាន​គេ​​ដាក់​​​ដើម្បី​ពិនិត្យ​​អ្នក​ដំណើរ​មក​ដល់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២០។

កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ជើង​យន្ត​ហោះ​ប្រមាណ​៥០​ភាគ​រយ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិទាំង​បី​នៅ​ខែ​កុម្ភៈ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​ ​បន្ទាប់​ពី​វីរុស​កូរ៉ូណា Covid-19 ​ដែល​កើតឡើងនៅ​ប្រទេស​ចិន​ បាន​ឆ្លង​ទៅដល់​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភព​លោក។​

តាម​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​ Cambodia Airport​ ​ជើង​យន្តហោះ​ទាំង​ទៅ​ទាំង​មកសរុប​នៅ​ដំណាច់​ខែ​កុម្ភៈ​នេះ​នឹង​មាន​ការ​ធ្លាក់​៥០​ភាគ​រយ​ ដោយ​សារ​ជំងឺ​ឆ្លង​ Covid-19។ ​នេះ​យោង​តាម​លោក​ ខែក នរិនដា ​នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៅ​ក្រុម​ហ៊ុន​ Cambodia Airport។​

លោក​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិក​ថា៖​ «ដោយសារ​តែ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ ​ចរាចរ​នៃ​អ្នក​ដំណើរ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ​យើង​រំពឹង​ថា​នឹង​មាន​ការ​ធ្លាក់​ចុះ​៥០​ភាគ​រយ​នៅ​ចុង​ខែ​កុម្ភៈ​នេះ​ ទាំង​បី​អាកាស​យានដ្ឋាន​ ​បើ​ប្រៀប​ធៀប​នឹងខែ​កុម្ភៈ​ឆ្នាំ​មុន»។​

លោក​បាន​បន្ត​ថា​ ​ជើង​យន្តហោះមក​ដល់អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​ក្នុង​រយៈ​ពេល​បី​ខែ​ក្នុង​ឆ្នាំ​២០១៩​មាន​ការ​ធ្លាក់​ចុះ​៣,១​ភាគរយ ​ ហើយ​ជើង​យន្ត​ហោះ​នៅ​ខេត្ត​ព្រះសីហនុ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​បន្ទាប់​ពី​មាន​ការ​ផ្ទុះឆ្លង​វីរុស​ Covid-19។​

លោក​បាន​បន្ត​ថា​មាន៖​ «ក្រុមហ៊ុន​ហោះហើរ​ជាច្រើន​បាន​បន្ថយ​ ឬ​លុប​ចោល​ជើង​យន្ត​ហោះដោយ​សារ​តែ​តម្រូវ​ការ​ធ្លាក់​ចុះ ​ដែល​ការណ៍​នេះ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​និង​អាកាសយានដ្ឋាន​កម្ពុជា»។​

លោក ខែក នរិនដា​ បានឲ្យ​ដឹង​ថា​ ​លោក​មិនទាន់​អាច​កំណត់​ផល​ប៉ះពាល់​បាន​នៅ​ឡើយ​ទេ​ពេល​នេះ។​

តារាង​បង្ហាញ​ជើង​យន្តហោះ​នៅ​ស្ថានីយ៍ដំណើរមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

ប៉ុន្តែ​លោក​ថា​ ជើង​យន្ត​ហោះ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហនុ​មាន​ការ​ធ្លាក់​ចុះ​៦២​ភាគ​រយ​ នៅ​សៀមរាប​៦០​ភាគរយ ​និង​៤០​ភាគរយ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៅ​ត្រឹម​ខែ​កុម្ភៈ។​

VOA ​បានព្យាយាម​ទាក់ទង​សុំ​ការ​អធិប្បាយពីលោក​ជា អូន​ អ្នក​នាំ​ពាក្យអាកាសចរ​ស៊ីវិល​ ​ តែ​មិន​អាច​ទាក់ទង​បាន​នោះ​ទេ​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។​

ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​វីរុស Covid-19 ​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិននេះ​មក​ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជាលោក ហ៊ុន សែន​បាន​ប្រកាស​ថា​ ​កម្ពុជា​នឹង​មិន​បិទ​ជើង​យន្ត​ហោះទៅឬ​មកពី​ប្រទេស​ចិន​នោះ​ទេ។​

យ៉ាង​ណាក៏​ដោយ​ ​អ្នកស្រី​ឆាយ ស៊ីវលីន​ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរ​កម្ពុជា ​និយាយ​ថា​ ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​បាន​លុប​ចោល​ការ​កក់​ការ​ស្នាក់​នៅ​តាម​សណ្ឋាគារ​និង​សេវាកម្ម​ទេសចរ​ផ្សេងៗ​ហើយ​ ​ក្នុង​នោះ​គឺ​មាន​ភ្ញៀវ​ទេសចរ​ចិន​ជាង​៩០​ភាគ​រយ។​

អ្នក​ស្រី​បាន​និយាយ​ថា៖​ «បារម្ភ​រឿង​អត់​ភ្ញៀវ។ ​ផ្នែក​ខាង​ទេសចរ​គឺ​យើង​អាស្រ័យ​ទៅ​លើ​ភ្ញៀវ​អ៊ីចឹង​ណា៎។​ បើ​ភ្ញៀវ​អត់​មក​យើង​បាន​អី​រស់។ ​តើ​យើង​អាច​ឈរ​ជើង​នឹង​អត់ ​ព្រោះ​យើង​ត្រូវ​ការ​ចំណាយ​ជា​រៀង​រាល់​ថ្ងៃ​ជា​រៀង​រាល់​ខែ»។​

VOA មិន​អាច​ទាក់ទង​លោក​តុប សុភ័ក ​អនុ​រដ្ឋ​លេខាធិការ​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។​

ជំងឺ​ឆ្លង​វីរុស​ Covid-19 ​ឬ​វីរុស​កូរ៉ូណាបាន​ផ្ទុះ​តាំង​ពី​ខែ​មករា​ចេញ​មក​ពី​ទីក្រុង​វូហាន​ ខេត្តហ៊ូប៉េប្រទេស​ចិន​ ​ហើយ​ឥឡូវ​បាន​រាលដាល​ពាសពេញ​ពិភព​លោក​ ដូចជា​កូរ៉េ​ខាង​ត្បូង ​ជប៉ុន ​ថៃ​អ៊ីតាលី ​អ៊ីរ៉ង់​ និង​សហ​រដ្ឋ​អាមេរិក​ជាដើម ​នៅ​ដើម​ឆ្នាំ​២០២០​នេះ។​

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ ​គិត​ត្រឹម​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈនេះ​មាន​មនុស្ស​ជាង​៨​ម៉ឺន​នាក់​ឆ្លង​ និង​ជាង​២.៧០០​នាក់​ស្លាប់៕