រដ្ឋាភិបាលកម្ពុជាបង្ហាញក្តីរំពឹងអំពីទំនាក់ទំនងពាណិជ្ជកម្មជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូលបន្ថែមទៀត ខណៈនាយករដ្ឋមន្ត្រីកម្ពុជាបានចាកចេញពីកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃពុធ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង។
នេះគឺជាដំណើរលើកទី ១ របស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្រោយក្លាយជានាយករដ្ឋមន្ត្រីបានប្រមាណ ១០ ខែ។
អ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា លោក មាស សុភ័ណ្ឌ ប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ ថា៖« នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាឱកាសនេះនឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមប្រធានាធិបតី យួន សកយ៉ល ដើម្បីពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើពហុវិស័យ ដើម្បីជំរុញនូវការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី»។
បើតាមអ្នកនាំពាក្យរូបនេះ លោក ហ៊ុន ម៉ាណែត នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូងជាច្រើននាក់ទៀត ជាពិសេសជួបជាមួយអ្នកវិនិយោគសំខាន់ៗ ដែលពួកគេទាំងនោះមកពីវិស័យឧស្សាហកម្មគ្រឿងយន្ត គ្រឿងបង្គុំអេឡិចត្រូនិច និងហិរញ្ញវត្ថុនិងធនាគារជាដើម។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសកូរ៉េ លោកនឹងព្យាយាមផ្សព្វផ្សាយពីសក្ដានុពលនិងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាទៅកាន់វិនិយោគិនកូរ៉េ ដើម្បីទាក់ទាញពួកគេចូលមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត។
បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េ លោក Cheong Inkyo នៅទីក្រុងសេអ៊ូល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា អ្នកស្រី ចម និម្មល បានលើកឡើងពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជារួមរវាងប្រទេសទាំងពីរ ក៏ដូចជាលទ្ធផលដ៏គួរកត់សម្គាល់ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ CKFTA ខណៈបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២នឹងក្លាយជាយន្តការមួយដ៏មានសារៈសំខាន់ ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានជួបពិភាក្សាការងារជាមួយលោក Yu Jeoung Yeol ប្រធាននិងនាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ ដោយភាគីទាំងពីរបានប្តេជ្ញាធ្វើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសការជំរុញវិនិយោគិនកូរ៉េឱ្យស្វែងរកឱកាសធុរកិច្ច និងវិនិយោគបន្ថែមទៀតនៅកម្ពុជា ដោយពិនិត្យមើលវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ដល់ផលិតកម្ម ដូចជាវិស័យបច្ចេកវិទ្យាឌីជីថល ការផលិតគ្រឿងបង្គុំអេឡិចត្រូនិក និងយានយន្ត វិស័យកែច្នៃកសិផលនិងការកែច្នៃម្ហូបអាហារ។ នេះបើតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
បើតាមអគ្គនាយកដ្ឋាននិងរដ្ឋាករកម្ពុជាការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២៣ មានទំហំថវិកាសរុបប្រមាណ ៧៥១ លានដុល្លារ ដោយក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ចំនួន ២៨១ លានដុល្លារ និងការនាំចូលពីកូរ៉េខាងត្បូងមានចំនួន ៤៧០ លានដុល្លារអាមេរិក។
ឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយកូរ៉េសម្រាប់ឆ្នាំ ២០២៣ មានប្រមាណ ១៩០ លានដុល្លារអាមេរិក។
ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកូរ៉េ រួមមានឧបករណ៍អគ្គិសនី ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ វត្ថុធ្វើអំពីស្បែក ប្រដាប់ប្រដាក្មេងលេង វត្ថុចាំបាច់សម្រាប់កីឡា ផលិតផលឱសថ ប្លាស្ទិក ក្រដាសនិងក្រដាសកាតុង កៅស៊ូ និងផ្លែឈើជាដើម។
ទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីកូរ៉េ រួមមានយានជំនិះ ម៉ាស៊ីន ភេសជ្ជៈ ស្រា និងទឹកខ្មេះ ស្បែកឆៅ(ក្រៅពីស្បែកជាប់រោម) ស្បែកសម្លាប់ ប្លាស្ទិក ផលិតផលឱសថ វត្ថុវាយនភណ្ឌកែច្នៃរួចផ្សេងទៀត និងកៅស៊ូជាដើម។
កម្ពុជានិងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កាលពីខែតុលា ឆ្នាំ ២០២១ ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមានជាផ្លូវការ កាលពីឆ្នាំ ២០២២។ បើតាមក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀងនេះជំរុញការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េបន្ថែមទៀត ដូចជាផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។
កូរ៉េខាងត្បូងក៏ជាប្រទេសនៃកម្លាំងពលកម្មខ្មែរផងដែរ។ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ពលករខ្មែរ ៥០.៩៧០ នាក់ ធ្វើការនៅប្រទេសកូរ៉េ ក្នុងនោះមានស្ត្រីចំនួន ១២.៥៣៨ នាក់។ ពលករទាំងនោះធ្វើការងារផ្នែកឧស្សាហកម្ម កសិកម្ម និង កសិឧស្សាហកម្ម។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន។
លោក កត្តា អ៊ន ប្រាប់វីអូអេថា កម្ពុជានិងកូរ៉េមានចំណងការទូតល្អ ដែលនាំឱ្យប្រជាជនកូរ៉េនិងកម្ពុជាក្លាយជា«បងប្អូននឹងគ្នា» និងថា អ្នកវិនិយោគរបស់កូរ៉េជាច្រើនបានមកបណ្តាក់ទុកនៅកម្ពុជា ដោយបង្កើតការងារជាច្រើនដល់យុវជនកម្ពុជា ជាពិសេសបង្កើនការនាំចេញផលិតផលទៅក្រៅប្រទេស។
លោកថ្លែងថា៖ «យើងឃើញថា បើនិយាយជារួម កម្ពុជាយើងបានបញ្ជូនពលករទៅក្រៅប្រទេសជាង ១លាន ៣សែននាក់ បើយើងគិតពីចំណូលដែលបងប្អូនផ្ញើមកក្នុងស្រុកវិញក្នុងមួយឆ្នាំៗក្នុងរង្វង់ ២,៩ ពាន់លានដុល្លារឯណោះ។ នេះគឺជាការរួមចំណែកនៅក្នុងការទ្រទ្រង់ជីវភាពគ្រួសារសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជាផងដែរ»។
លោក រ៉ឹម សុខវី អ្នកស្រាវជ្រាវមួយរូបប្រាប់វីអូអេថា កម្ពុជាមានទំនាក់ទំនងល្អខ្លាំងជាមួយកូរ៉េខាងត្បូង ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់ ស្របពេលមានការកើនឡើងនៃអ្នកវិនិយោគកូរ៉េនៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ការកើនឡើងនៃអ្នកវិនិយោគកូរ៉េខាងត្បូងនៅកម្ពុជាមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចឱ្យកម្ពុជាធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់ខ្លួន ជាពិសេសកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើប្រទេសចិន។ នេះអាចមើលឃើញថា កូរ៉េខាងត្បូងជាប្រទេសទីពីរបន្ទាប់ពីប្រទេសចិនដែលបានចុះហត្ថលេខាលើ FTA (Free Trade Agreement ឬពាណិជ្ជកម្មសេរី)ជាមួយកម្ពុជា»។
បើតាមអ្នកស្រាវជ្រាវរូបនេះ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកផ្តល់យោបល់ថា ប្រទេសទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការក្លែងបន្លំតាមអ៊ីនធឺណិត និងអំពើភេរវកម្ម ខណៈបញ្ហានេះកំពុងក្លាយជារឿងសំខាន់បន្ទាប់ពីការប៉ុនប៉ងរបស់កូរ៉េខាងជើងក្នុងការវាយប្រហារភេរវកម្មមកលើមន្ត្រីការទូតកូរ៉េខាងត្បូងនៅកម្ពុជា។
លោកបន្ថែមថា៖ «ខណៈដែលលោក ហ៊ុន ម៉ាណែត នឹងមានជំនួបកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជាគួរតែបង្ហាញពីឆន្ទៈល្អក្នុងការធ្វើការជាមួយកូរ៉េខាងត្បូងក្នុងបញ្ហានេះ ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធានាសុវត្ថិភាពរបស់អ្នកការទូតកូរ៉េខាងត្បូងនៅកម្ពុជា»។
ចំណែកអ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់កូរ៉េខាងត្បូងគឺជាផ្នែកនៃការទូតពិពិធកម្មសេដ្ឋកិច្ចនិងការវិនិយោគ និងថាកូរ៉េខាងត្បូងគឺជាប្រទេសមានសារៈសំខាន់ខ្លាំងខាងផ្នែកសេដ្ឋកិច្ច ជាពិសេសកូរ៉េខាងត្បូងដើរតួនាទីសំខាន់នៅក្នុងតំបន់អាស៊ានទាំងមូល។
លោកថ្លែងថា៖ «អ៊ីចឹងហើយដំណើរទស្សនកិច្ចនេះខ្ញុំគិតថា វាជាដំណើរទស្សនកិច្ចមួយដែលវាមានសារៈសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជាជាមួយនឹងកូរ៉េខាងត្បូង ហើយក៏ស្វែងរកនូវសក្តានុពល កាលានុវត្តន៍ភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត»។
បើតាមលោក សេង វណ្ណលី កិច្ចសហការពាក់ព័ន្ធនឹងការបញ្ជូនកម្លាំងពលកម្មកម្ពុជាទៅកូរ៉េ ក៏ដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ ខណៈកូរ៉េក៏ខ្វះកម្លាំងពលកម្មដែលគ្មានជំនាញ។
គួរបញ្ជាក់ថា នៅគ្រានាយករដ្ឋមន្ត្រីកម្ពុជានឹងមានវត្តមាននៅប្រទេសកូរ៉េខាងត្បូង ប្រជាពលរដ្ឋខ្មែរនៅទីនោះក៏ត្រៀមធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងវត្តមានរបស់មេដឹកនាំកម្ពុជាផងដែរ៕