កម្ពុជា​រំពឹង​ការ​ស្ថាបនា​ព្រែក​ជីក​តម្លៃ ​១៧០០លាន​ដុល្លារ​ដែល​ស្ថិត​ក្នុង​គម្រោង​ BRI ​របស់​ចិន នៅឆ្នាំ​ក្រោយ

រូបឯកសារ៖ រថយន្តដឹកដីបើកបរនៅកន្លែងចាក់ដីលុបឆ្នេរសមុទ្រក្នុងក្រុងកែប ខេត្តកែប កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ការ​ស្ថាបនា​ព្រែក​ជីក​ដែល​ភ្ជាប់​ទឹក​ទន្លេ​ក្នុង​ខេត្ត​កណ្តាល​ទៅ​សមុទ្រ ក្នុង​ខេត្ត​កែប នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​ក្រោយ ដោយ​កម្ពុជា​សម្លឹង​ឃើញ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​គម្រោង​ផ្លូវ​ទឹក​មួយ​នេះ។

គម្រោង​ស្ថាបនា​ផ្លូវ​ទឹក​ឬ​ហៅ​ថា​ព្រែកជីក តម្លៃ​ប្រមាណ​១៧០០​លាន​ដុល្លារ​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម(Belt and Road Initiative ឬBRI) របស់​រដ្ឋាភិបាល​ចិន ដែល​កំពុង​អះអាង​ថា​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​គំនិតផ្តួច​ផ្តើម​BRI​ដែល​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០១៣។

គម្រោង​ផ្លូវ​នាវា​ចរណ៍ ហៅ​ថា​«ព្រែក​ជីក​ហ្វូណន​តេជោ» ដែល​ភ្ជាប់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​របស់​កម្ពុជា តាម​ទឹក​ទន្លេ​ទៅ​ដល់​ផ្លូវ​សមុទ្រ នឹង​ត្រូវ​ចំ​ណា​យ​រយៈពេល​៤​ឆ្នាំ ក្នុង​ការ​សាង​សង់។ នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កាល​ពី​កន្លង​ទៅ។

គម្រោង​ផ្លូវ​ទឹក​នេះ​មាន​ប្រវែង​១៨០​គីឡូម៉ែត្រ​ ចាប់​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លៃ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​៤ រួមមាន​ ខេត្ត​កណ្តាល​ ខេត្តតាកែវ​ ខេត្តកំពត​ និង​ខេត្តកែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​១,៦​លាន​នាក់​ រស់​នៅអម​សង​ខាង​ផ្លូវទឹក។ នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា។

កាល​ពីថ្ងៃទី​២៥​ ខែ​តុលា​ ឆ្នាំ​២០២៣ លោក​នាយករ​ដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា​នៅ​ពេល​ណា​ដែល​ព្រែក​ជីក​សាងសង់​រួចរាល់ វា​នឹង​នាំ​ឱ្យ​សេដ្ឋកិច្ច​នៅ​តាម​ដង​ទន្លេ​កាន់​តែ​រីក​ចម្រើន​ ដែល​លោក​ថា​ផល​ប្រយោជន៍​នេះ​នឹង​នាំ​ដល់​ប្រជា​ពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា​៖ «ហើយ​តិច​ទៀត​ពេល​ដែល​យើង​ធ្វើ​គម្រោង​ព្រែក​ជីក​ហ្វូណន​ ទាញ​សមុទ្រ​ឱ្យ​ជាប់​ទន្លេ​ បង្កើន​លទ្ធភាព​ក្នុង​ការ​ដឹក​ជញ្ជូន​ ពី​ខេត្ត​ដែល​ជាប់​ទន្លេ​សាប​ ជាប់​ទន្លេ​មេគង្គ ចុះ​ទៅ​សមុទ្រ​កាន់​តែ​លឿន​ សេដ្ឋកិច្ច​នៅ​តាម​បណ្តោយ​ទន្លេ​នេះ​ នឹង​កាន់​តែ​រីក​ ហើយ​ក្នុង​នោះ​មាន​ខេត្ត​កំពង់​ចាម​ផង។ ហើយ​ផល​ប្រយោ​ជន៍​បាន​ទៅ​នរណា​ បាន​ទៅ​ដល់​បងប្អូន ប្រជា​ពលរដ្ឋ លោក​អ៊ំ​ពូមីង​ នៅទី​នេះ​»។

កាល​ពី​ខែ​កក្កដា លោក ស៊ុន ចាន់ថុល អតីត​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​បច្ចុប្បន្ន​ជា​ឧប​នាយ​ករដ្ឋ​មន្ត្រី អនុ​ប្រធាន​ទី​១​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​លើក​ឡើង​ថា​ព្រែក​ជីក​នេះ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ តាម​រយៈ​ការ​កាត់​បន្ថយ​ពេល​វេលា​ដឹក​ជញ្ជូន​ តម្លៃ​ នីតិវិធី​ និង​ការ​គ្រប់​គ្រង​ទឹក​សម្រាប់​កសិករ​ផងដែរ​។

លោក​បញ្ជា​ក់ថា​៖«អ៊ីចឹង​ព្រែក​ជីក​នេះមិន​ផ្តល់​ត្រឹម​តែ​ការ​ដឹកជញ្ជូន​ទំនិញ​ពីកម្ពុជា​ទៅ​កំពង់ផែ​កំពត​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុទេ​ នឹង​ផ្តល់​ប្រយោជន៍​ផ្សេងៗ​ទៀត​ដល់​កសិករ​របស់​យើង ផ្តល់​ផល​ប្រយោជន៍​ក្នុងការទាក់ទាញ​អ្នកវិនិយោគ​មក​ដាក់​ទុន បង្កើត​តំប​ន់​ឧ​ស្សា​ហកម្ម​ ពា​ណិជ្ជ​កម្ម​ ទេស​ចរណ៍​។ល។ ច្រើន​ណាស់​។ គម្រោង​នេះ​ជា​គម្រោង​ប្រវត្តិសាស្ត្រ​ ដែល​មាន​ការ​ឯក​ភាព​ពី​គណៈរដ្ឋមន្ត្រី​»។

កាល​ពី​ថ្ងៃទី១៧ ខែតុលា លោក ស៊ុន ចាន់​ថុល តំណាង​ភាគី​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​នៃ​គម្រោង​នេះ​ជា​មួ​យ​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន(CRBC)​ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ក្រុង​ព្រះសីហនុ ក្នុង​ការ​ស្ថាបនា​ព្រែកជីក​មួយ​នេះ។

លោក ស៊ុន ចាន់​ថុល បាន​បង្ហោះសារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោកថា​៖ «តាម​រយៈ​ការ​ចុះ​ហត្ថ​លេខា​នេះ​ បាន​អនុ​ញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​CRBC ​អាច​សិក្សា​លម្អិត​លើ​គ្រប់​ទិដ្ឋភាព​ទាំង​អស់​ពាក់ព័ន្ធ​នឹង​គ​ម្រោងនេះ​ ក្នុង​រយៈ​ពេល​៨​ខែ ហើយ​ការ​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​នេះ ជា​ការ​បោះ​ជំហាន​ទៅ​រក​ភាព​ជោគ​ជ័យ​មួយ​កម្រិត​ទៀត​លើ​គម្រោង​ដឹក​ជញ្ជូន​តាម​ផ្លូវទឹកដ៏​ធំរ​បស់​កម្ពុ​ជា»។

ក្នុង​ពិធី​អបអរ​សាទរ​ខួប​១​ឆ្នាំ​នៃ​ការ​បើក​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះ​សីហនុ កាល​ពី​ថ្ងៃ៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ លោក ស៊ុន ចាន់ថុល ក៏​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​CRBC​បញ្ជូន​អ្នក​ជំនាញ​មក​ឱ្យ​បាន​ច្រើន ដើម្បី​សិក្សា​បញ្ចប់​គម្រោង​មួយ​នេះ។

វីអូអេ​បាន​ទាក់​ទង​ទៅ​អ្នក​នាំពាក្យ​ក្រសួង​សាធាណ​ការ​និង​ដឹក​ជញ្ជូន​ លោក​ ផន រឹម​ ប៉ុន្តែ​លោក​ឱ្យ​ទាក់​ទង​ទៅ​លោក ស៊ុន ចាន់​ថុល​វិញ ដោយ​សារ​តែ​លោក​ជា​អ្នក​ទទួល​បន្ទុក​លើ​គម្រោង​នេះ​ផ្ទាល់។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក ស៊ុន ចាន់​ថុល​ បាន​នៅ​ឡើយ​ទេ។

ក្រុមហ៊ុន​សាជីវ​កម្ម​ស្ពាន​ថ្នល់​ចិន​CRBC (China Road and Bridge Corporation) គឺជា​ក្រុមហ៊ុន​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សិក្សា​លម្អិត​ពីគម្រោង​ព្រែក​ជីក​នេះ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ព័ត៌មាន​នៅ​ឡើយ​ទេ​ថា​តើក្រុម​ហ៊ុន​នេះ​បាន​សិក្សា​ដល់​ណា​ហើយ ហើយ​អាច​បើក​ការ​ដ្ឋាន​សាងសង់​នៅ​ពេលណា។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុម​ហ៊ុន CRBC ​បាន​នៅ​ឡើយ​ទេ។

ក្រុមហ៊ុន​CRBC​នេះ​ជា​ក្រុមហ៊ុន​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះ​សីហនុ ក្រោម​រូប​ភាព​វិនិ​យោគ​«សាង​សង់-​ប្រតិបត្តិការ-​ផ្ទេរ» (BOT: Build-Operate-Transfer) ​ជាមួយ​រយៈ​ពេល​វិនិ​យោគ​ចំនួន​៥០​ឆ្នាំ​។ នេះ​មាន​ន័យ​ថា​ក្រុមហ៊ុន​នឹង​ប្រគល់​មក​ឱ្យ​កម្ពុជា​គ្រប់គ្រង​វិញ​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​ទៀត។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ចិន​មួយ​នេះ​ក៏​កំពុង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បាវិត ហើយ​ក៏​កំពុង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​សៀមរាប និង​ពីខេត្ត​សៀម​រាប​ទៅ​ក្រុង​ប៉ោយ​ប៉ែត​នៃ​ខេត្ត​បន្ទាយ​មានជ័យ។

អភិបាល​ខេត្ត​កែប លោក សោម ពិសិដ្ឋ ប្រាប់​វីអូអេ​ថា​គម្រោង​ព្រែក​ជីក​ដែល​នឹង​កាត់​តាម​សមុទ្រ​ក្នុង​ខេត្ត​កែប ​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​សិក្សា​បច្ចេក​ទេស​បន្ថែម។ លោក​បញ្ជាក់​ថា​ការ​អភិវឌ្ឍ​គម្រោង​នេះ​អាច​នឹង​ជះ​ផល​ប៉ះ​ពាល់​តិច ឬ​ច្រើន​អាស្រ័យ​លើ​ការ​សិក្សា​បន្ថែម។ ប៉ុន្តែ​លោក​ថា​គម្រោង​នេះ​វា​ជួយ​ដល់​ប្រទេស​និង​ប្រជាជន។

លោក​ថ្លែង​ថា៖ «ផល​ប៉ះ​ពាល់​យើង​ពិនិត្យ​មើល​ត​ទៀត ធម្មតា​ការ​អភិវឌ្ឍ​វា​តិច​និង​ច្រើន​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​យើង​ផ្តោត​ទៅ​លើ​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​ នយោបាយ សង្គម​កិច្ច​ ហើយ​ចីរភាព​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ យើង​ត្រូវ​វិភាគ​ទៅ​លើ​ហ្នឹង»។

អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ មិន​បាន​បញ្ជាក់​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​មួយ​នេះ​ទៅ​លើ​ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​លើក​ឡើង​ថា​គម្រោង​ព្រែក​ជីក​នេះ​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ដើម្បី​ភា្ជប់​ទីផ្សារ​កម្ពុជា​ទៅ​ក្រៅ​ប្រទេស។

លោក​ថ្លែង​ថា៖ «ជា​រួម​គឺ​ជា​ប្រយោជន៍​ធំ​សម្រាប់​ប្រទេស​ជាតិ​ និង​ប្រជា​ជន​ ដូច​ខ្ញុំ​ថា​អញ្ចឹង​ជា​គម្រោង​អភិវឌ្ឍន៍​ ដើម្បី​ឱ្យ​ប្រទេស​ជាតិ​យើង​មាន​ការ​ងាយ​ស្រួល​ជា​ច្រើន​ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក​ ផ្លូវ​អាកាស។ យើង​ភ្ជាប់​ទៅ​រក​ទី​ផ្សារ​ធំៗ​ទាំង​ក្នុង​ប្រទេស ក្រៅ​ប្រទេស។ អ៊ីចឹង​ជា​ការ​អភិវឌ្ឍ​យ៉ាង​ធំ​មួយ​ ជា​ភាព​វៃ​ឆ្លាត​របស់​រដ្ឋាភិបាល»។

លោក អ៊ូ វីរៈ ប្រធាន​វិទ្យាស្ថាន​សិក្សា​គោល​នយោ​បាយ​វេទិកា​អនាគត​(Future Forum) លើក​ឡើង​ថា​គម្រោង​BRI​របស់​ចិន​នេះ គឺ​ជា​យន្តការ​មួយ​សម្រាប់​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ក្រី​ក្រ ឬ​កំពុង​អភិវឌ្ឍន៍។ បើ​តាម​អ្នក​វិភាគ​រូប​នេះ នៅ​ពេល​ដែល​កម្ពុជា​សម្រេច​ចិត្ត​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​គម្រោង​ណា​មួយ​នៃ​BRIនេះ​ គឺ​ត្រូវ​មាន​តម្លាភាព និង​សុក្រឹត​ភាព ដើម្បី​បង្ហាញ​ថា​ការ​អភិវឌ្ឍ​នេះ​នឹង​នាំ​មក​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រជា​ពលរដ្ឋ។

សម្រាប់​លោក អ៊ូ វីរៈ ការ​អភិវឌ្ឍ​ទៅ​លើ​ផ្លូវ​ល្បឿន​លឿន​នានា​ដោយ​ក្រុម​ហ៊ុន​ចិន​CRBC​ បាន​បង្ហាញ​ពី​គម្លាត​ជីវភាព​ប្រជាជន​នៅ​ក្នុង​ប្រទេស ដោយ​សារ​តែ​យុទ្ធ​សាស្ត្រ​នៃ​ការ​អភិវឌ្ឍ​នោះ ភាគ​ច្រើន​សំដៅ​លើ​ទៅ​អ្នក​ដែល​មាន​រថយន្ត​ទំនើប ទើប​អាច​បើក​ឆ្លង​កាត់​ផ្លូវ​ល្បឿន​លឿន​នេះ​បាន។

លោក​ថ្លែង​ថា៖ «ចំពោះ​ខ្ញុំ​គឺ​ការ​ផ្តោត​ទៅ​លើ​Expressway [ផ្លូវ​ល្បឿន​លឿន] ការ​ផ្តោត​គឺ​ហៅ​ថា​ឡាន​និយម​ ហើយ​ឡាន​ទំនើប​និយម​ទៀត​ ព្រោះ​ឡាន​ទំនើប​បើក​លឿន​បាន​ ហើយ​អ៊ីចឹង​ការ​គិត​ជា​យុទ្ធ​សាស្ត្រ​បែប​ហ្នឹង​គឺ​ច្រើន​តែ​ចេញ​ពី​អ្នក​ដែល​មាន​ឡាន​ទំនើប។ ដូច​ជា​សមាជិក​សភា​យើង​រាល់​ថ្ងៃ […] ឬ​ក៏​មន្ត្រី​យើង​តើ​គាត់​ជិះ​ម៉ូតូ​ ឬ​ជិត​ឡាន​ បើ​គាត់​ជា​អ្នក​ជិះ​ឡាន គាត់​មើល​ឃើញ​ផ្លូវ​ថា​តើ​ផ្លូវ​ហ្នឹង​សម​ស្រប​សម្រាប់​ឡាន​ទំនើប​ដែល​ឬ​អត់ មិន​មែន​សម​ស្រប​សម្រាប់​ម៉ូតូ​ សម​ស្រប​សម្រាប់​រ៉ឺម៉ក សម​ស្រប​សម្រាប់​កង់​ឬ​ឡាន​តូច​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក អ៊ូ វីវៈ យល់​ថា​ការ​អភិវឌ្ឍ​របស់​គម្រោង​ BRI ​របស់​ចិន​នេះ​នឹង​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​កម្ពុជា៕