មន្រ្តីកីឡាកម្ពុជារំពឹងថា កីឡាករខ្មែរនឹងទទួលបានមេដាយច្រើនជាងមុន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ដល់ថ្ងៃទី៣០ ខែសីហា នៅក្នុងទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់VOAថា កីឡាករកម្ពុជាចំនួន១៧០នាក់ នឹងចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន ២៤។ លោកបន្តថា នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ខាងមុខនេះ ប្រភេទកីឡាថ្មីចំនួនពីរទៀតដែលកម្ពុជានឹងចូលរួមប្រកួតប្រជែង រួមមាន ប្រដាល់ក្បាច់គុនខ្មែរ និងកីឡាជិះទូកក្តោង។ លោករំពឹងថា កម្ពុជានឹងទទួលបានមេដាយច្រើនជាងមុន។
«យើងមានប្រភេទកីឡាមួយចំនួន ដែលយើងហៅថា ប្រភេទកីឡាដែលមានសក្តានុពលជាងគេនៅក្នុងការប្រកួត។ ប្រភេទកីឡាដែលធ្លាប់ទទួលបានស្នាដៃកាលពីការប្រកួតកន្លងទៅ ដូចជាកីឡាសីដក់ តៃក្វាន់ដូ ប៉េតង់ ក្បាច់គុនខ្មែរ ប្រដាល់សាកល វូស៊ូ កីឡាវាយកូនបាល់ និងការ៉ាតេ។ នៅក្នុងចំណោមកីឡាទាំង២៤ កីឡាទាំងនេះ យើងអាចសង្ឃឹមថាអាចឈានទៅរកមេដាយ ដោយមិនដឹងថាជាមេដាយមាស ប្រាក់ ឬសំរឹទ្ធ»។
កីឡាស៊ីហ្គេម ប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្តង ដោយមានកីឡាករមកពី១១ប្រទេសចូលរួម ក្នុងនោះមានប្រទេសទាំង១០ជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត។ កាលពីការប្រកួតស៊ីហ្គេមលើកទី២៨ ក្នុងឆ្នាំ២០១៥ ដែលបានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី កម្ពុជាទទួលបានមេដាយសរុបចំនួន១៥ ដែលក្នុងនោះមានមេដាយមាសចំនួន១ ដែលបានទៅលើប្រភេទកីឡាសីដក់ មេដាយប្រាក់ចំនួន៥ និងមេដាយសំរឹទ្ធចំនួន៩។
ក្នុងពិធីជួបសំណេះសំណាលនៅវិមានសន្តិភាព នាថ្ងៃព្រហស្បតិ៍នេះ ជាមួយកីឡាករដែលនឹងចូលរួមប្រកួតប្រជែង លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កីឡាករទាំងអស់បានទទួលការឧបត្ថម្ភ និងការហ្វឹកហាត់នៅក្នុងប្រទេសចំនួន៦ខែ ព្រមទាំងការហ្វឹកហាត់នៅក្រៅប្រទេសសម្រាប់ប្រភេទកីឡាមួយចំនួន។ លោកបន្តថា ប្រភេទកីឡាសក្តានុពលចំនួន៦ដែលអាចឈានទៅវគ្គផ្តាច់ព្រ័ត្រ រួមមានតៃក្វាន់ដូ ប៉េតង់ កីឡាសីប៉ាតាក្រ(សីដក់) ប្រដាល់សាកល ប្រដាល់គុនខ្មែរ និងកីឡាក្បាច់វូស៊ូ។
បើតាមរដ្ឋមន្រ្តីក្រសួងអប់រំ កីឡាករកម្ពុជាណាដែលឈ្នះមេដាយមាស នឹងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៤០លានរៀល មេដាយប្រាក់ចំនួន៣០លានរៀល និងមេដាយសំរឹទ្ធ ចំនួន១៦លានរៀល។
នៅក្នុងពិធីសំណេះសំណាលនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងលើកទឹកចិត្តឲ្យកីឡាករទាំងអស់ខិតខំប្រកួតប្រជែង ដោយស្មោះត្រង់ និងជៀសវាងការប្រើប្រាស់សារជាតិញៀន។
«តាំងចិត្តឲ្យក្លាហានថាក្នុងឋានៈជាជាតិសាសន៍មួយ មកប្រកួត គឺខិតខំយកឈ្នះ ប៉ុន្តែយកឈ្នះទៅតាមបែបបទ កុំទៅទាត់ជើងគេ ក្រែលោកាតក្រហម គេដេញចេញ។ ឯចំពោះខាងបាល់ទះ មិនសូវជាបញ្ហាទេ ព្រោះអាហ្នឹងវាអត់មានពាក់ព័ន្ធជាមួយ(គូប្រកួត)។ បើទាស់ ទាស់ជាមួយអាប៊ីត(អាជ្ញាកណ្តាល)តើ»។
លោក ហ៊ុន សែន ក៏បានលើកទឹកចិត្ត កុំឲ្យកីឡាករកម្ពុជា ខ្លាចកីឡាករបរទេសដែលមានឥទ្ធិពលជាង។
«អញ្ចឹងពេលដែលអស់លោក លោកស្រី អ្នកនាងកញ្ញាទៅធ្វើការប្រកួតជាមួយគេ ពេលដែលឃើញគូប្រកួតមកពីប្រទេសនេះ សូមកុំចាញ់ច្រាប ថាប្រទេសគេធំ ប្រទេសគេមាន សូមកុំចាញ់ច្រាប អារឿងហ្នឹង»។
កីឡាការិនីប៉េតង់ អ្នកស្រី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយសំរឹទ្ធកាលពីការប្រកួត ស៊ីហ្គេមឆ្នាំ២០១៥ និងធ្លាប់ទទួលបានមេដាយមាសលំដាប់ពិភពលោក បានថ្លែងប្រាប់VOAថា អ្នកស្រីបានខិតខំហ្វឹកហាត់ច្រើន ដើម្បីប្រកួតប្រជែងនៅពេលខាងមុខនេះ។
«កំឡុងពេលត្រៀមខ្លួននេះ ពួកខ្ញុំកំពុងខំហ្វឹកហាត់រាល់ថ្ងៃ ដោយមិនទាន់ហ៊ានថា នឹងទទួលបានមេដាយនៅឡើយទេ ពីព្រោះទាំងគេ ទាំងយើងសុទ្ធតែប្រឹងដូចគ្នា«។
កីឡាករជម្រើសជាតិតៃក្វាន់ដូ លោក ប៉ាន់ ខេមរា បានថ្លែងប្រាប់VOAថា លោកសង្ឃឹមថា នឹងទទួលបានមេដាយនៅក្នុងការប្រកួតខាងមុខនេះ។
ប្រទេសកម្ពុជាបានយល់ព្រមធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅក្នុងឆ្នាំ២០២៣។ កម្ពុជាកំពុងតែស្ថាបនាពហុកីឡាដ្ឋានជាតិដ៏ធំមួយ ដើម្បីស្វាគមន៍ការប្រកួតកីឡាថ្នាក់តំបន់មួយនេះ៕