មន្ត្រី​សាលាក្រុង​មិន​ទទួល​ញត្តិ​របស់​ជន​រងគ្រោះ​ទំនាស់​ដីធ្លី

សកម្មជន​ដី​ធ្លី​ដង្ហែ​ដាក់​ញត្តិ​ក្នុង​ពេល​កន្លង​មក។ (ហេង រស្មី/VOA)

តំណាង​សហគមន៍​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ចំនួន​បី​សហគមន៍​ក្នុង​ក្រុង​ភ្នំពេញបានបន្តការ​តវ៉ា​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះដោយប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​រាជ​ធានី​ភ្នំពេញដើម្បី​ទាមទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​សមស្រប​មួយ​សម្រាប់​ពួកគេ។​

សហគមន៍​បុរីកីឡា ​សហគមន៍​៣៤៧ ​និង​អតីត​អ្នក​ភូមិ​បឹងកក់​បាន​ចាត់​តំណាង​របស់​ខ្លួន​ជាង​៣០​នាក់​ដើម្បី​យក​ញត្តិ​មក​ដាក់​នៅ​សាលាក្រុង​ភ្នំពេញ​ ក្នុង​នោះ​ពលរដ្ឋ​សហគមន៍​បុរីកីឡា ​ដែល​មិន​ទាន់​មាន​ដំណោះស្រាយជាង​១០០​គ្រួសារ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផាន អ៊ីម៉ិច​របស់​អ្នកស្រី​ស៊ុយ សុផាន​គោរព​តាម​កិច្ច​សន្យា​សាងសង់​២​អគារ​បន្ថែម​សម្រាប់​ពួក​គេ។ ​ចំណែក​ឯ​សហគមន៍​៣៤៧​ក្នុង​សង្កាត់​បឹងកក់​ទី​១​ ដែល​នៅ​សល់​១២​គ្រួសារ​ទៀត កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​របស់​អាជ្ញា​ក្រុងភ្នំពេញ​ និង​ទាមទារ​ឱ្យ​មាន​ការ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ស្របច្បាប់លើ​ទីតាំង​ដែល​ពួក​គេ​កំពុង​រស់​នៅ​ ខណៈ​ដែល​អាជ្ញាធរ​ចាត់ទុក​ថា​ ពួក​គេ​កំពុង​រស់​នៅ​លើ​ទីតាំង​ខុស​ច្បាប់។​

ដោយ​ឡែក​ក្នុង​ញត្តិ​របស់​ខ្លួន​ ដែល​មានស្នាម​មេដៃ​គាំទ្រ​ជាង​១.០០០​នោះ​ អតីត​អ្នកភូមិ​បឹងកក់​ទាមទារ​សំណង​បន្ថែម​ដល់​ខ្លួន​ ត្បិត​សំណង​នា​ពេល​នោះ​មាន​ចំនួន​តិច ​និង​មាន​ចរិត​បង្ខិត​បង្ខំ។​

លោក​ពៅ បញ្ញា ​តំណាង​សហគមន៍​ដីធ្លី​៣៤៧ ​ថ្លែង​ថា ​ពួកខ្លួន​ចង់​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរៃ​នេះ​ឱ្យ​បាន​ឆាប់ៗ។​

«ទំនាស់​រ៉ាំរៃ​នេះ​បន្ត​តាំង​ពី​ឆ្នាំ​២០០៧។​ ​បឹកកក់​ចាកចេញ​ក៏​ឆ្នាំ​២០០៧ សហគមន៍​៣៤៧​ក៏​ឆ្នាំ​២០០៧​ ​បុរីកីឡា​ឆ្នាំ​២០១២។​ ដូច្នេះ​សាលា​រាជធានី​ភ្នំពេញ​គ្មាន​ដំណោះ​ស្រាយ ​ ចេះ​តែ​បន្ត​ និ​ង​គេច​វេស​មិន​ព្រម​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ។​ ពួក​ខ្ញុំ​រួម​គ្នា​បី​សហគមន៍​នេះ​គឺ​មក​ដើម្បី​ទាមទារ​ឱ្យ​លោក​ប៉ា សុជាតិវង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ ឱ្យ​គាត់​ធ្វើ​យ៉ាង​ម៉េច​ដោះស្រាយ​ឱ្យ​ពួកខ្ញុំ​ ឱ្យ​បញ្ចប់​បញ្ហា​ដី​ធ្លី​ក្នុង​ឆ្នាំ​២០១៤​នេះ ​ព្រោះ​ពួក​ខ្ញុំ​អត់​ចង់​រង់​ចាំ​ត​ទៅ​ទៀត​ទេ»។​

យ៉ាង​ណា​ក៏​ពួក​គេ​បាន​រំសាយ​ទៅ​វិញ​ នៅ​ពេល​ថ្ងៃ​ត្រង់ ​បន្ទាប់​ពី​ខ្លួន​ពុំ​ឃើញ​តំណាង​សាលាក្រុង​ភ្នំពេញ​ចេញ​មក​ទទួល​ញត្តិ។​ ពួកគេ​គ្រោង​នឹង​យក​ញត្តិ​របស់​ខ្លួន​មក​ដាក់​ជា​ថ្មី​នៅ​ពេល​ក្រោយ​វិញ។​

ការ​ដាក់​ញត្តិ​មិន​មាន​ការ​ប៉ះ​ទង្គិច​ជាមួយកម្លាំង​សមត្ថកិច្ច​របស់​អាជ្ញាធរ​នោះ​ទេ។​
ប៉ុន្តែ​ពួក​គេ​អះអាង​ថា​ មាន​ការ​ព្យាយាម​រារាំង​ពី​អាជ្ញាធរ​មូល​ដ្ឋាន។​

លោក​ឡុង ឌីម៉ង់ ​អ្នកនាំ​ពាក្យ​សាលាក្រុង​ភ្នំពេញ​ ថ្លែង​ថា​ ក្រុម​អាជ្ញាធរ​មាន​គម្រោង​ដោះស្រាយ​ជម្លោះ​របស់​សហគមន៍​ទាំង​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

«ជា​គម្រោង​នឹង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​របស់​លោក​អភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​របស់​បងប្អូន​អ្នក​បឹងកក់​ និង​បុរីកីឡា​នេះ។​ ប៉ុន្តែ​ការ​ដោះស្រាយ​ជូន​ពួក​គាត់​នោះ​គឺ​ខ្ញុំ​មិន​ទាន់​អាច​ជម្រាប​ជូន​បាន​ទេ​ ទុក​ការងារ ​និង​ពេលវេលា​ឱ្យ​ក្រុម​ការងារ​ដោះស្រាយ​បញ្ហា​ហ្នឹង»។​

លោក​មឿន តុលា ​មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ យល់​ថា​ ប្រសិន​បើ​ទំនាស់​ដី​ធ្លី​ទាំង​នេះ​នៅ​តែ​បន្ត​អូស​បណ្លាយ​ ​នោះ​គណបក្ស​កាន់​អំណាច​អាច​នឹង​ស្រុត​ចុះ​សំឡេង​គាំទ្រ​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។​

«ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​កាល​ពី​ថ្ងៃ​ម្សិលម៉ិញ ​និង​ថ្ងៃ​នេះ ខ្ញុំ​ឃើញប្រជាពលរដ្ឋ​គាត់​កើត​ក្តី​មិន​សប្បាយ​ចិត្ត​នឹងរបៀបដឹកនាំ​ប្រទេស។​ ហើយ​ការ​អត់​សប្បាយ​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​កាន់​តែ​រីក​ដុះដាល​ធំ​ទៅៗ ដូច្នេះ​សំណួរ​សួរ​ថា​ តើ​គណបក្ស​ប្រជាជន​អាច​នឹង​ទទួល​បាន​កៅអីចំនួន​ណា​មួយ​ដែរ​ឬ​អត់​ បើ​មាន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ ហើយ​បើ​ការ​បោះ​ឆ្នោត​ហ្នឹង​ប្រកប​ដោយ​សេរី​និង​យុត្តិធម៌»។​

លោក​ មឿន តុលា​ បន្ថែម​ថា​ ប្រសិន​បើ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជានៅ​តែ​មិន​មាន​ភាព​ធូរស្រាល ​នោះ​អាច​នឹង​នាំ​ឱ្យ​មាន​ការ​ថ្កោលទោស​ ឬ​ដាក់​ទណ្ឌ​កម្ម​ណា​មួយ​ពី​សហគមន៍​អន្តរជាតិ៕