ក្រុម​បរិស្ថាន​ឱ្យ​អ្នក​ភូមិ​ចូលរួម​ការពារ​កន្ធាយ​ក្បាល​កង្កែប

សត្វ​កន្ធាយ​ក្បាល​កង្កែប​ដែល​ស្ទើរតែ​ផុត​ពូជ​អស់​ទៅហើយ​ក្នុង​ពិភពលោក​និង​ក្នុង​ប្រទេស​កម្ពុជា។

ភ្នំពេញ៖ ក្រោយពី​រដូវ​វស្សា​បាន​កន្លង​ផុត​ទៅ ​អាង​ទន្លេ​មេគង្គ​ជាច្រើន​កន្លែង​បាន​រីង​និង​បាន​ក្លាយ​ទៅជា​កោះ​ខ្សាច់​ល្ហល្ហេវ។

លោក​មាគ ភឿន ​បាន​សង់​ខ្ទម​តូច​មួយ​នៅលើ​ពំនូក​ខ្សាច់​ពណ៌​ស​នៅ​បាតទន្លេ​សន្ធឹង​តាម​បណ្តោយ​ខ្សែទឹក​ដែល​ចាំង​ផ្លាត​ដោយ​កំដៅ​ព្រះអាទិត្យ ​នៅក្នុង​ភូមិ​កោះ​ព្រះ ​ស្រុក​សៀម​បូក ​ខេត្តស្ទឹងត្រែង។
ថ្វីត្បិតតែ​នៅ​ដាច់​ឆ្ងាយ​ពី​ភូមិ​ដែល​ខណ្ឌ​ចែក​ដោយ​ផ្ទៃ​ទឹក​បុរស​អាយុ៦០ឆ្នាំ​រូបនេះ​ចាត់ទុក​កោះ​ខ្សាច់​តូច​មួយ​នេះ​ជាទី​សំចត​សម្រាប់​រក​ចំណូល​ទ្រទ្រង់​គ្រួសារ​យ៉ាង​កាក់កប។

នោះ​គឺ​ការចូលរួម​ការពារ​និង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​ដែល​ស្ទើរតែ​ផុត​ពូជ​អស់​ទៅហើយ​ក្នុង​ពិភពលោក​និង​ក្នុង​ប្រទេស​កម្ពុជា។

រូប​គាត់​និង​កូនៗ​របស់​គាត់​ពីរ​នាក់​ទៀត​ដែល​បាន​រៀបការ​រួច​ហើយ​នោះ​ត្រូវធ្វើ​ដំណើរ​ស្វែងរក​ពង​សត្វ​កន្ធាយ​នេះ​យកមក​នៅតាម​ឆ្នេរ​ខ្សាច់​នៃ​ដង​ទន្លេ​មេគង្គ​យក​មក​រក្សា​ទុក​និង​ភ្ញាស់​នៅ​ពំនូក​ខ្សាច់​ដែល​គា​ត់ព័ទ្ធ​រនាំង​ជុំវិញ​នៅក្បែរ​ខ្ទម​របស់​គាត់។
លោក​បាន​ពន្យល់​ប្រាប់​វីអូអេ​ថា៖

«ដំបូង​វា​ឡើង​ពង​នៅក្នុង​ដីខ្សាច់ ​រួច​ហើយ​យើង​រកឃើញ​ហើយ ​យើង​យក​វា​មក​ភ្ងាស់ ​យើង​ដាក់​ដូច​វា​វិញ។ យើង​មិន​ធ្វើ​ខុសពី​មេ​វា​ទេ ទោះ​វា​កាយ​ជម្រៅ​ណា ក៏​យើង​យក​វា​មក​ដាក់​តាម​ជម្រៅ​ដូច​វា​វិញ​ហើយ ​របៀប​ចាប់​ពង ​យើង​ចាប់​ធម្មតា ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​ល្អៀង។ បើសិន​ជា​ល្អៀង ​យើង​ដាក់​ទៅ​វិញ ​វា​មិន​ញាស់​ទេ»។

កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​លោក​លោក​មាគ ភឿន ​បានប្រគល់​កូន​កន្ធាយ​តូចៗ​ចំនួន​១២៥​ក្បាល​ ដែល​ទើប​នឹង​ញាស់​ប៉ុន្មាន​សប្តាហ៍​ទៅ​ឲ្យ​មន្ត្រី​អភិរក្ស​ចម្រុះ​របស់​រដ្ឋាភិបាល​និង​អង្គការ​CI​ក្រោម​ការជួយ​ឧបត្ថម្ភ​របស់​អង្គការ​WWF។ កូន​កន្ធាយតូចៗទាំង​នោះ​មាន​ទំហំ​ធំ​ជាង​មេជើង​បន្តិច​និង​មាន​សំបុរ​ពណ៌​ស ​ស្រគាំ។

លោក​ភឿន ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន​៨ដុល្លារ​អាមេរិក​សម្រាប់​កូន​កន្ធាយ​មួយ​ក្បាល​ឬ​ស្មើនឹង​១.០០០​ដុល្លារ​អាមេរិក​សម្រាប់​កូន​កន្ធាយ​ទាំង១២៥​ក្បាល​នេះ។

មាន​សំបុរ​ស្រអែម ​លោក​មាគ ភឿន ​បានធ្វើ​ដំណើរ​ទៅកាន់​ទីកន្លែង​ភ្ញាស់​កូន​កន្ធាយ​កាត់​ខ្សាច់​ដែល​ផុង​ជាប់​ស្បែកជើង។
លោក​បាន​ពន្យល់​បន្ត​ថា៖
«នៅ​កន្លែង​នេះ វា​មាន​ចំនួន​បួន​សំបុក។ បួន​សំបុក បើ​គិត​ជា​ពង ​វា​មាន​ជាង​មួយ​រយ។ ប៉ុន្តែ​ជាក់ស្តែង​សុខចិត្ត​កាយ​ឲ្យ​អង្គការ​មើល។ បើ​ពី​ព្រលឹម​មិនមាន​បញ្ហា​អី​ទេ។ បើ​ថ្ងៃ​ក្តៅ​អីចឹង ​វា​គ្រោះថ្នាក់​ ព្រោះ​អី​ជាតិ​ក្តៅ​វា​ចូល។ ការ​ភ្ញាស់​នេះ​មិនមែនជា​រឿង​ងាយស្រួល​ទេ វា​ទាល់តែ​យើង​ថ្នាក់ថ្នម​វា​ណាស់។ ព្រោះ​ប្រើ​ដៃ​ធ្ងន់​ក៏​មិនបាន គឺ​ចាប់ស្រាលៗ ​បើ​អីចឹ​ង​ខ្លាច​វា​ត្រួត​ពង​វា ព្រោះ​ពង​វា​ទន់​មិនអាច​ប្រើ​ទំងន់ដៃ​បាន​ទេ»។

កាលពីមុន​ក្រុមគ្រួសារ​របស់​លោក​មាគ ភឿង ​ប្រកប​របរ​នេសាទ។ ហើយ​គាត់​មិនដែល​ដឹងថា​សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ​ជា​ពូជ​សត្វ​ដែល​កំពុង​ជិត​ផុត​ពូជ​នោះទេ។ កន្ធាយ​អំបូរ​នេះ​មាន​ក្បាល​ទម្រង់​ដូច​ក្បាលសត្វ​កង្កែប​និង​អាចមាន​ទម្ងន់​រហូតដល់​ជាង២០គីឡូក្រាម​នៅពេលដែល​វា​លូតលាស់​ពេញវ័យ។

អ្នកស្រី​ជីន ឡោម ​ជា​ភរិយា​របស់លោក​មាគ ភឿង។ គាត់​ហាក់ដូចជា​អៀនប្រៀន​បន្តិច។
អ្នកស្រី​ក៏​បញ្ជាក់​ដែរ​ថា៖

«រយៈពេល​ជាង​ពីរ​ខែ​ហើយ​បាន​មួយ​ពាន់​នេសាទ​ ពីរ ​ឬ​បី​ឆ្នាំ​មិនបាន​មួយ​លាន​ផង។ វា​ខុសប្លែក ហើយ​រកមុខ​របរ​នេះ​ជាង​បី​ឆ្នាំ​ហើយ»។

ក្រុម​អ្នក​អភិរក្ស​បានធ្វើ​ដំណើរ​តាម​ទូក​ម៉ាស៊ីន​ដោយ​យក​កូន​កន្ធាយ​ដែល​ទើបនឹង​ប្រមូល​ពី​លោក​មាគ ភឿន ​ចំនួន​១២៥​ក្បាល​នេះ​ទៅ​ព្រលែង​តាម​តំបន់​ដែល​ឃ្លាតឆ្ងាយ​ពី​ការទន្ទ្រាន​របស់​មនុស្ស​និង​សត្វពាហនៈ​និង​មួយ​ចំនួន​ទៀត​ត្រូវ​យក​ទុក​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក​និង​កន្ធាយ​ក្នុង​វត្ត​សរសរ​១០០​ទី​រួម​ខេត្តក្រចេះ។ កូន​កន្ធាយ​នឹងត្រូវ​ថៃ​រក្សា​នៅទីនេះ​ចំនួន​ដប់​ខែ​មុននឹង​ព្រលែង​ទៅក្នុង​ទឹកទន្លេ​មេគង្គ​វិញ។

លោក​ស៊ុន យឿ​ង អ្នកដឹកនាំ​គម្រោង​អណ្តើក​និង​កន្ធាយ​មេគង្គ​កម្ពុជា​របស់​អង្គការ​CI (Conservation Intenational)។ លោក​រៀបរាប់ថា​សត្វចតុបាទ​ប្រភេទ​កម្រ​នេះ​ត្រូវដាក់​ឲ្យ​ស្ថិតក្រោម​ការការពារ​ចាប់តាំងពី​ឆ្នាំ២០០៧​មក​ម្ល៉េះ។
លោកបន្ថែម​ថា៖

«មុនដំបូង​គិតថា ​ប្រភេទ​កន្ធាយ​ក្បាល​កង្កែប​ហ្នឹង​គឺ​វា​ដាច់​ពូជ​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​ដោយសារ​នៅក្នុង​ឆ្នាំ២០០៧​ហ្នឹង ​អង្គការ​CI ​សហការ​ជាមួយ​អង្គការ​ WWF ​ហើយនឹង​រដ្ឋបាល​ជល​ផល​កម្ពុជា​ហ្នឹង​គឺ​បានធ្វើការ​ស្រាវជ្រាវ​តាម​ដង​ទន្លេមេគង្គ​គឺ​យើង​បាន​រកឃើញ​មេ​ពូជ​មួយ។ ហើយ​ចាប់ពី​ឆ្នាំ២០០៧ រហូតមក​ដល់​បច្ចុប្បន្ន​ហ្នឹង ​គឺ​យើង​ធ្វើការ​អភិរក្ស​ប្រភេទ​ហ្នឹង ​ដោយ​ធ្វើការ​លើកទឹកចិត្ត​ប្រជាជន​ហ្នឹង​ឲ្យ​គាត់​ថែរក្សា»។

ប្រាំ​ឆ្នាំ​មកនេះ​កូន​សត្វ​កន្ធាយ​ក្បាល​កង្កែប​ចំនួន​២.៦៤៥​ក្បាល​ត្រូវបាន​ប្រមូល​និង​ព្រលែង​ទៅកាន់​ជម្រក​ធម្មជាតិ​វិញ។ សត្វ​ប្រភេទ​នេះ​ត្រូវ​រកឃើញ​ថា​មាន​ជីវិត​រស់​នៅតែ​ក្នុង​ខេត្ត​ចំនួន​បី​តែប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ខេត្ត​ដែល​ជាប់​ដង​ទន្លេ​មេគ​ង្ក ​មាន​កំពង់ចាម ​ក្រចេះ​និង​ខេត្តស្ទឹងត្រែង។

លោក​ស៊ុន យឿ​ង ពន្យល់ថា​សត្វ​កន្ធាយ​ប្រភេទ​នេះ​ងាយ​ទទួលរង​ការវាយប្រហារ​ពីស​ត្វ​ដទៃ​និង​ត្រូវ​បំផ្លាញ​ដោយ​ការចាប់​ធ្វើជា​ចំណី​របស់​មនុស្ស​ឬ​ការបំផ្លាញ​ពង​របស់​វា។ ពង​រប​ស់វា​ដែល​អាច​មាន​ពី១០ទៅ៥០​ក្នុង​មួយ​សំបុក​តាម​ប្រភេទ​មេ​ក្មេង​ឬ​ចាស់។ ប្រសិន​មេ​ចាស់​ពង​កាន់តែ​ច្រើន។
លោក​បន្ត​ថា៖

«ទីមួយ​គឺ​ដោយសារ​មាន​ត្រី មាន​ពស់ មាន​អន្សង ​មាន​ត្រ​កួ​ក​អីហ្នឹង វា​អាច​ស៊ី​ពង ស៊ី​កូន​របស់​វា​តាម​ធម្មជាតិ​របស់​វា។ ប៉ុន្តែ​ចំពោះ​មនុស្ស ​អាច​ចាប់ធ្វើ​ម្ហូប ​ឬ​ធ្វើជា​ឱសថ​បុរាណ​នាំ​ចេញទៅ​ស្រុក​ខាងក្រៅ ​ដោយ​ប្រើ​សន្ទូច​ប្រើ​អីហ្នឹង ​ហើយ​វា​ក៏​ជាប់​តាម​ប្រភេទ​ពួក​ហ្នឹង។ កត្តា​ដែលមាន​ភ្លៀង​មុន​រដូវ ​វា​អាចធ្វើ​ឲ្យ​វា​ញាស់​មិនបាន​ហើយ​រលួយ​នៅក្នុង​ហ្នឹង ហើយ​ពង​វា​រលួយ ជួនកាល​វា​ញាស់​ហើយ​វា​ឡើង​មិន​រួច​ដោយសារតែ​វា​ហាប់​ដី»។

រដូវ​បង្ក​កំណើត​របស់​សត្វ​កន្ធាយ​ក្បាល​កង្កែប​ចាប់ពី​ខែវិច្ឆិកា​រហូត​ដល់​ខែឧសភា។ មេ​កន្ធាយ​ត្រូវ​កាយ​ដីខ្សាច់​កប់​ពង​រប​ស់វា​ជម្រៅ​ប្រមាណ​៤០សង់ទីម៉ែត្រ​ឬ​បួន​តឹក​ហើយ​វា​ត្រូវការ​រយៈពេល​ពី​៥០​ទៅ​៥២​ថ្ងៃ​ទើប​ញាស់។

លោក​សុខ គោ ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​របស់​ខេត្តក្រចេះ​ដែល​បានធ្វើ​ដំណើរ​ត្រួតពិនិត្យ​ស្ថានភាព​សត្វ​ជិត​ផុត​ពូជ​នៅតាម​ដង​ទន្លេមេគង្គ​ជាមួយ​ក្រុម​អភិរក្ស​ក្រៅ​រដ្ឋាភិបាល​បាន​លើកឡើង​ថា​ពលរដ្ឋ​នៅតាម​ដង​ទន្លេ​មួយចំនួន​បាន​យល់ដឹង​ពី​ការ​ការពារ​ធនធាន​ស​ត្វ​កម្រ​នេះ។

«ក្រោយពី​យើង​បាន​ចុះ​ផ្សព្វផ្សាយ​សហការ​ជាមួយ​ខាង​CI ​យើង​ក៏បាន​ចុះ​ផ្សព្វផ្សាយ​ដល់​អ្នកភូមិ​ហ្នឹង។ អ្នកភូមិចាប់ផ្តើម​យល់​អំពី​ច្បាប់​ជលផល​ខ្លះ ​គឺ​គេ​បាន​ងាក​មក​ការពារ ​ក៏ប៉ុន្តែ​វា​មិនអាច​ទាន់​បាន​ទាំងអស់​ទេ ​យើង​នឹង​ព្យាយាម​បន្តទៀត»។

ដូច​លោក​សុខ គោ ​បញ្ជាក់​ស្រាប់​ពលរដ្ឋ​កម្ពុជា​មួយចំនួន​នៅតាម​ដង​ទន្លេមេគង្គ​នៅ​មិនទាន់បាន​ចូលរួម​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​ស្រុះគ្នា​នៅឡើយ។

ពលរដ្ឋ​មួយចំនួន​បាន​យក​ពងអណ្តើក​ទាំងនេះ​ទៅ​បរិភោគ​ជាជាង​ការយកទៅ​ភ្ញាស់​ក្នុង​វាល​ខ្សាច់​ដើម្បី​ប្តូរ​យកលុយ​ចំនួន​ប្រាំបី​ដុល្លារ​សម្រាប់​កូន​កន្ធាយ​មួយ​ក្បាល។
យ៉ាងណា​ក៏ដោយ​សត្វ​ស្លាប​មួយចំនួន​នៅតាម​តំបន់​ព្រៃ​លិច​ទឹក​នៃ​ដង​ទន្លេមេគង្គ​ក៏​កំពុង​ស្ថិត​ក្នុង​ការ​គំរាមកំហែង​នៃ​ការបំផ្លាញ​ផងដែរ។ កត្តា​នេះ​នៅតែ​ជា​ស្នូល​នៃ​ការព្រួយបារម្ភ​របស់​ក្រុម​អ្នកការពារ​បរិស្ថាន៕