ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អាច​នឹង​អន្តរាយ​ដោយសារ​ការ​ផ្តល់​សម្បទាន​ដី​ដោយ​គ្មាន​តម្លាភាព


អ្នក​ភូមិ​ដែល​រងគ្រោះ​ដោយ​ការ​បាត់បង់​ដី​នៅ​ព្រៃឡង់ នៅ​ភាគ​ខាងជើង​ប្រទេស បួងសួង​នៅ​ឯទីសក្ការៈ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៨ សីហា ២០១១។
អ្នក​ភូមិ​ដែល​រងគ្រោះ​ដោយ​ការ​បាត់បង់​ដី​នៅ​ព្រៃឡង់ នៅ​ភាគ​ខាងជើង​ប្រទេស បួងសួង​នៅ​ឯទីសក្ការៈ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៨ សីហា ២០១១។

របាយការណ៍​ចុង​ក្រោយ​មួយ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស ​អាដហុក ​បង្ហាញ​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ ដែល​មិន​មាន​តម្លាភាព ​និង​អាច​ជា​ការ​បំផ្លាញ​ផលប្រយោជន៍​ក្នុង​ប្រទេស​នា​ពេល​អនាគត​ទៀត​ផង។ ​ក៏ប៉ុន្ដែ​មន្ដ្រី​រដ្ឋាភិបាល ​បាន​ច្រានចោល​ទិន្នន័យ​ក្នុង​របាយការណ៍​នោះ។

របាយការណ៍​ស្ដីពី​សិទ្ធិ​ដីធ្លី​ និង​លំនៅដ្ឋាន​ដែល​បាន​បង្ហាញ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​គូស​បញ្ជាក់​ថា ​រហូត​មក​ដល់​ឆ្នាំ​២០១១​ ដី​សម្បទាន​សេដ្ឋកិច្ច​បាន​កើន​រហូត​ដល់​ចំនួន​ជិត២,៣​លាន​ ហិកតា ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​២២៥ ​សម្រាប់​ធ្វើ​ការ​វិនិយោគ​ ក្នុង​វិស័យ​កសិឧស្សហកម្ម ​ជាពិសេស​ដំណាំ​កៅស៊ូ ​និង​ការ​រុករក​ធនធានរ៉ែ។ ក៏​ប៉ុន្តែ ​ដី​សម្បទាន​ពិតប្រាកដ​អាច​នឹង​មាន​ចំនួន​ច្រើន​ជាង​នេះ។ នេះ​បើ​តាម​ការ​ប៉ាន់ប្រមាណ​ក្នុង​របាយការណ៍។

របាយការណ៍​ដែល​និយាយ​លាយឡំ​ជាមួយ​នឹង​ការ​បណ្ដេញចេញ​ដោយ​បង្ខំ ​និង​ការ​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​ដល់​កងទព័ ​និង​ជនពិការ​ដែល​មិន​គោរព​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​បាន​លាតត្រដាង​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុម​ឈ្មួញ ​មាន​ជា​អាទិ៍​អនុក្រិត​ចំនួន​៥៥​ក្នុង​ចំណោម​អនុក្រិត​សរុប​ចំនួន​១២៣ ​ដែល​សម្រេច​ផ្ដល់​សម្បទាន​ដី​នោះ​ពុំ​មាន​ក្រុមហ៊ុន​ច្បាស់លាស់។

ការ​ផ្ដល់​ដី​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​កសិឧស្សាហកម្ម​នោះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​ដី​ ក្នុង​តំបន់​ការពារ​ជម្រក​សត្វព្រៃ ​និង​ឧទ្យានជាតិ ​និង​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ ​និង​ពុំ​មាន​ការ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ការ​ប៉ះពាល់​ដោយ​គម្រោង​វិនិយោគ។ ​ព័ត៌មាន​ពី​ការ​វិនិយោគ​លើ​ដី​សម្បទាន​នោះ​មិន​បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ ​ដែល​ស្ថិត​ក្នុង​តំបន់​ពាក់ព័ន្ធ​ទេ​ និង​មិន​មាន​របាយការណ៍​ជា​សាធារណៈ​អំពី​រឿង​នេះ​នោះ​ឡើយ។

អង្គការ​អាដហុក​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ របាយការណ៍​របស់​ក្រសួង​កសិកម្ម​ តែ​មួយ​ប៉ុណ្ណោះ​បាន​បង្ហាញ​ថា ​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ បាន​កើន​ពី​ជាង ​២០០​.០០០ ​ហិកតា​ នៅ​ឆ្នាំ​២០០៨ ​ដល់​ជាង ​៧៥០.០០០ ​ហិកតា ​នៅ​ឆ្នាំ​២០១១ ដែល​ក្នុង​នោះ​ការ​ផ្ដល់​ដីសម្បទាន​មាន​នៅ​ក្នុង​ខេត្ត​ចំនួន​ពី​១៧ ​ទៅ​១៨ ​ភាគ​ច្រើន​ ក្នុង​ខេត្ត​ភាគ​ខាង​ជើង ​និង​ភាគឥ្ឍសាន​ប្រទេស ​ដូច​ជា​កំពង់ឆ្នាំង​ កំពង់ធំ ​សៀមរាប ​រតនគិរី ​មណ្ឌលគិរី ​ព្រះវិហារ ​និង​ខេត្ត​ស្ទឹងត្រែង​ជា​ដើម។

លោក ​ធន់​ សារ៉ាយ ​ប្រធាន​អង្គការ​អាដហុក ​មាន​ប្រសាសន៍​នៅ​ក្រោយ​ការ​បង្ហាញរបាយការណ៍​ថា ​រដ្ឋាភិបាល​គួរ​ពិនិត្យ​ឡើងវិញ​នូវ​គោល​នយោបាយ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ។

«ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ដល់​ក្រុមហ៊ុន​ឯកជន​នេះ ​យើង​ជឿ​ថា​ គួរ​ពិនិត្យ​សើរើ​ឡើងវិញ​ដែរ ពីព្រោះ​គំរូ​របៀប​ហ្នឹង​ធ្វើ​ឲ្យ​តែ​ក្រុមហ៊ុន​ទេ ​ដែល​ចំណេញ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ត្រូវ​បាន​ខាតបង់​ច្រើន​ដែរ។ ​យើង​ចង់​ឲ្យ​ថា​រដ្ឋាភិបាល​យើង​ពិនិត្យ​មើល​គំរូ ​ដែល​ប្រទេស​ដ៏ទៃ​ទៀត​ធ្វើ​ ដូច​ជា​ការ​ទុក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ទៅ។ ហើយ​ឲ្យ​ក្រុមហ៊ុន​មក​បណ្តាក់​ទុន ​នាំ​ពូជ​មក​ល្អ​ៗ​ មក​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​យើង ​ឲ្យ​ប្រជាពលរដ្ឋ​យើង​អ្នក​ដាំ ​ក្រុមហ៊ុន​ចាំ​តែ​ទិញ​ផល​ទៅ​ ហើយ​ច្នៃប្រឌិត​ចេញ​លក់​ទៅ។ ​ធ្វើ​បែប​នេះ ​យើង​ចំណេញ​ទាំង​អស់​គ្នា»។

តែ​លោក​ ផៃ ​ស៊ីផាន ​ដែល​ជា​អ្នក​នាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ច្រានចោល​តួលេខ​ដែល​បាន​រក​ឃើញ​ដោយ​អង្គការ​អាដហុក​ដែល​ថា​ ដី​សម្បទាន​សេដ្ឋកិច្ច​បាន​កើន​ដល់​ជាង​ពីរ​លាន​ហិកតា​នោះ។ ​លោក​អះអាង​ថា ​តួលេខ​ផ្លូវការ​មាន​ចំនួន​តិច​ជាង​នេះ​ ប៉ុន្ដែ​លោក​មិន​មាន​ភាព​ជាក់លាក់​ក្នុង​តួលេខ​នេះ​ទេ។ លោក ​ផៃ ​ស៊ីផាន ​ពន្យល់​ថា ​ដីសម្បទាន​សេដ្ឋកិច្ច​ គឺ​ជា​គោលនយោបាយ​វែងឆ្ងាយ​របស់​រដ្ឋាភិបាល។

«គោល​នយោបាយ​របស់​យើង ​គឺ​យើង​ចង់​ធ្វើ​ការ​អភិវឌ្ឍ ​ធ្វើ​ពី​កសិកម្ម​គ្រួសារ​ ឲ្យ​ទៅ​ជា​កសិឧស្សាហកម្ម។ ​នៅ​ក្នុង​ទម្រង់​ឧស្សាហកម្ម ​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​គឺ​យើង​រំពឹង​ទុក​នៅ​ក្នុង​១០​ឆ្នាំ​ក្រោយ​ហ្នឹង​គឺ​យើង​បាន​ចំណូល​ពី​កសិកឧស្សាហកម្ម​ច្រើន​ ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ ​នៃ​មហាជន​របស់​យើង»។

ក៏ប៉ុន្ដែ​របាយការណ៍​របស់​អង្គការ​អាដហុក​លើក​ឡើង​ថា ​ការ​ផ្ដល់ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជ្រុល​អាច​ជា​កំហុស​ដ៏​ធំ​សម្រាប់​កាត់​បន្ថយ​ភាពក្រីក្រ ​និងសម្រាប់​ធានា​ដល់​ការ​អភិវឌ្ឍប្រកប​ដោយ​និរន្តរភាព​ទៅ​វិញ។ ​របាយការណ៍​បាន​លើក​ហេតុផល​ថា ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​រយៈពេល​ពី ​២៥ ​ទៅ​ ៣០ ​ឆ្នាំ ​ខាង​មុខ​ទៀត ​អាច​នឹង​មាន​កំណើន​ទ្វេដង ​គឺ​មាន​ន័យ​ថា ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​អាច​នឹង​កើន​ពី​១៥​លាន​នាក់​ ទៅ​៣០ ​លាន​នាក់​ក្នុង​បី​ទសវត្សរ៍​ទៀត​ដូច្នេះ​ដី​បម្រុង​សម្រាប់​ការ​រស់​នៅ ​និង​ការ​ធ្វើ​កសិកម្ម​របស់​ប្រជាពលដ្ឋ​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ប្រសិន​ បើ​រដ្ឋាភិបាល​នៅ​តែ​បន្ដ​ផ្តល់ដី​សម្បទាន​រយៈពេល​ពី ​៧០​ទៅ​៩៩ ​ឆ្នាំ​ ដល់​ក្រុមហ៊ុន​ឯកជន​ដូច​ក្នុង​ពេល​នេះទៀត។

ត្រង់​ចំណុច​នេះ​លោក​ ផៃ ​ស៊ីផាន ​មាន​ប្រសាសន៍​ថា ​ក្រសួង​ដែនដី​នគររូបនីយកម្ម ​មាន​ផែនការ​រួច​ហើយ​ក្នុង​ការ​រក្សាផ្ទៃ​ដី​សម្រាប់​កំណើន​ប្រជាពលរដ្ឋ​នោះ។

លោក ​សុន ​ឆ័យ ​ប្រធាន​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សម​ រង្ស៊ី ​យល់ស្រប​នឹង​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ។ តំណាងរាស្ដ្រ​ប្រចាំ​មណ្ឌល​ក្រុង​ភ្នំពេញ​រូប​នេះ​ចាត់​ទុក​ថា ​របាយការណ៍​នោះ​ ជាជួង​មួយ​ជួយ​រំលឹក​ដល់​រដ្ឋាភិបាល​ដោយសារ​តែ​លោក​បាន​សង្កេត​ឃើញ​ថា ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ បាន​ប៉ះពាល់​ដល់ ​ប្រជាពលរដ្ឋ ​ប៉ះពាល់​ដល់​ជន​ជាតិ​ដើម​ភាគ​តិច ​ការ​កិបកេង​ចំណូលរដ្ឋ ​និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ។

«យើង​សង្កេត​ឃើញ​ថា ​មាន​ការ​ប្រើប្រាស់​របៀប​ជា​ដីព្រៃ​សម្បទាន​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ស្រប​ច្បាប់​ឲ្យ​បាត់បង់​ការ​បង់ពន្ធ​លើ​ឈើ ​ហើយ​មាន​ការ​លក់​ដូរ​បន្ត​គ្នា។​ ដូច​ករណី​ដែល​ខ្ញុំ​សួរ​ទៅ​រដ្ឋាភិបាល​ពី​រឿង​សម្បទាន​មួយ​នៅ​ខេត្ត​ស្ទឹងត្រែង ​លក់​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ទៀត​ជាង​ ១០០​លាន​ដុល្លារ ​ហើយ​ឥត​មាន​ចូល​ថវិកា​ជាតិ​អី។ ​ មួយវិញទៀត ​យើង​ឃើញ​ក្រុមហ៊ុន​ជា​ច្រើន​ឥត​គោរព​កិច្ចសន្យា​ទៅ​ដាំ​អី​ទេ ​ទិញ​កាប់​ឈើ​អស់​ទុក​ចោល»។

លោក​ សុន ឆ័យ ​សង្កេត​ឃើញ​ថា​ ការ​ផ្ដល់​ដីសម្បទាន​នេះ​ពុំ​មាន​ការ​ដេញ​ថ្លៃ​នោះ​ទេ។

លោក​ ផៃ ​ស៊ីផាន ​ទទួល​ស្គាល់​ថា ​មាន​ផល​អវិជ្ជាមាន​មួយ​ចំនួន​កើត​ចេញ​ពី​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​នេះ ​តាមរយៈ​ការ​ស្ដែងចេញ​នៃ​ការ​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ ​ក៏ប៉ុន្ដែ ​លោក​បាន​និយាយ​ការពារ​ថា ​ក្រុម​ប្រជាពលរដ្ឋ​បាន​ទទួល​ផល​ចំណេញ​ច្រើន​ជាង​ផល​ប៉ះពាល់៕

XS
SM
MD
LG