តុលាការខេត្តកោះកុង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសសាលក្រមសម្រេចឲ្យសកម្មជនបរិស្ថានម្នាក់ នៅក្រៅឃុំ ដោយមានចំណងច្បាប់ គឺការព្យួរទោស។
ចៅក្រមតុលាការខេត្តកោះកុង អាំង ចិន្តា បានប្រកាសសាលក្រម លុបចោលបទចោទប្រកាន់មួយដែលថា លោកវ៉ែន វ៉នបានបំបាត់ភស្តុតាង តែតុលាការបានសម្រេចថា សកម្មជនការពារបរិស្ថានរូបនេះមានទោសជាប់ពន្ធនាគារមួយឆ្នាំ តែទោសនេះត្រូវព្យួរគឺមិនអនុវត្តទេ។ នេះបើតាមលោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំនៅខេត្តកោះកុង ដែលបានចូលរួមស្តាប់ការប្រកាសសាលក្រមនៅព្រឹកនេះ។
ថ្វីបើលោកវ៉ែន វ៉នមានសេរីភាពឡើងវិញក្តី មន្ត្រីសិទ្ធិមនុស្សនេះនិយាយថា ការចាប់ខ្លួនសកម្មជនបរិស្ថាននេះគឺជារឿងអយុត្តិធម៌តាំងពីដំបូង។
«យើងមើលប្រវត្តិគាត់ តាមពិតរឿងនេះ វាតិចតួចទេ។ ប៉ុន្តែដោយសារគាត់បានចូលរួមយ៉ាងសកម្មជាមួយលោកអាឡិច ធ្វើយុទ្ធនាការមួយទប់ស្កាត់ ឬក៏រារាំងមិនឲ្យមានគម្រោងទំនប់វារីអគ្គិសនីជាយអារ៉ែងហ្នឹងកើតឡើង»។
លោក វ៉ែន វ៉ន បានប្រាប់ VOA ថា លោកមិនទាន់សម្រេចថា តើនឹងប្តឹងឧទ្ធរណ៍ ឬយ៉ាងណាទេ។ លោកនិយាយថា លោកត្រូវពិភាក្សាជាមួយមេធាវីរបស់លោកដើម្បីថ្លឹងថ្លែង ព្រោះលោកបានជាប់ពន្ធនាគារជិតពាក់កណ្តាលនៃទោសអយុត្តិធម៌នេះរួចទៅហើយ។
«មកដល់ពេលនេះ ខ្ញុំទើបតែចេញមកអម្បាញ់មិញហ្នឹង អត់ទាន់បាន១០នាទីផង។ ប៉ុន្តែទាក់ទងនឹងការប្តឹងឧទ្ធរណ៍ ខ្ញុំក៏មិនទាន់ដឹងថា ប្តឹងឧទ្ធរណ៍ ឬមិនប្តឹង យ៉ាងម៉េច។ ខ្ញុំអត់ទាន់បានសម្រេច។ ឥឡូវកំពុងឋិតនៅក្នុងការពិចារណា»។
អ្នកស្រី ម៉ន សាម៉ុន ជាភរិយារបស់លោកវ៉ែន វ៉ន។
«ខ្ញុំសប្បាយចិត្តម៉្យាង ក៏ពិតមែន ប៉ុន្តែវាអត់មានយុត្តិធម៌សម្រាប់យើងទេ។ គេដោះយើងចេញហើយ តែឈ្មោះយើងនៅជាប់ពន្ធនាគារដដែល។ គ្រាន់តែថា គេដោះលែងឲ្យយើងនៅក្រៅឃុំប៉ុណ្ណឹង»។
លោកវ៉ែន វ៉ននិយាយថា ការព្យួរទោសដែលជាចំណងច្បាប់នេះ មិនអាចរារាំងមិនឲ្យលោកបន្តសកម្មភាពប្រើប្រាស់សិទ្ធិស្របច្បាប់ ជួយប្រជាជន ទាក់ទងនឹងការអភិវឌ្ឍមូលដ្ឋាន រកប្រភពចំណូលសម្រាប់ពលរដ្ឋតាមរយៈទេសចរណ៍ធម្មជាតិនៅតំបន់នេះទេ។ តែលោកក៏មានការព្រួយបារម្ភផងដែរដែរ។
អ្នកស្រីអ៊ិត មករា មេធាវីនៃក្លឹបមេធាវីសម្រិតដែលការពារក្តីជនក្រីក្រីដោយមិនយកកម្រៃ បានប្រាប់ VOA ថា លោកវ៉ែន វ៉ន កូនក្តីរបស់អ្នកស្រីមិនទាន់បានសម្រេចចិត្តថា នឹងប្តឹងឧទ្ធរណ៍យ៉ាងណាទេ។
ទាក់ទងនឹងស្ថានភាពក្នុងពន្ធនាគារ លោកវ៉ែន វ៉នថ្លែងប្រាប់ VOA ថា ពេលនៅក្នុងពន្ធនាគារ លោកមិនរងការធ្វើបាបទេ តែលោកនិយាយថា៖
«ជាធម្មតា ហៅថា ពន្ធនាគារ គឺវាមិនមែនជារឿងមួយស្រួលប៉ុន្មានទេ។ ប៉ុន្តែសម្រាប់ខ្ញុំ វាក៏មិនពិបាកហួសហេតុពេកដែរ»។
ថ្វីបើសាលក្រមនេះត្រូវបានប្រកាសតាំងពីព្រឹកម៉ោង៨កន្លះក៏ដោយ ក៏ប៉ុន្តែលោកវ៉ែន វ៉ន ទើបបានទទួលលិខិតព្រះរាជអាជ្ញា ហើយបានចេញពីពន្ធនាគារនៅម៉ោងជាង៤ល្ងាច។
VOA បានព្យាយាមទាក់ទងលោកអ៊ីវ ត្រាយ ព្រះរាជអាជ្ញារងខេត្តកោះកុង ដើម្បីសុំការពន្យល់តែមិនអាចទាក់ទងបានទេ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។
តុលាការខេត្តកោះកុង កាលពីថ្ងៃទី១៧ខែកុម្ភៈ បានបើកសវនាការជំនុំជម្រះសំណុំរឿងលោកវ៉ែន វ៉ន សកម្មជនការពារបរិស្ថាននៅតំបន់អារ៉ែង ដែលជាប់ចោទពីបទប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត និងពីបទលុបបំបាត់ភស្តុតាង។
តុលាការបានឃុំខ្លួនលោកវ៉ែន វ៉ន ដែលជាតំណាងសហគមន៍អារ៉ែង និងជាជនជាតិដើមភាគតិច កាលពីដើមខែតុលា ឆ្នាំ២០១៥ ដោយចោទថា លោកបានប្រព្រឹត្តបទល្មើសនេះ កាលពីថ្ងៃទី៨ខែមករា ឆ្នាំ២០១៥។
ក្រៅពីលោក វ៉ែន វ៉ន តុលាការខេត្តកោះកុងក៏បានឃុំឃាំងសកម្មជនមាតាធម្មជាតិចំនួន៣នាក់កាលពីថ្ងៃទី១៧ខែសីហាឆ្នាំទៅ។ ការសម្រចនេះធ្វើឡើងបន្ទាប់ពីសកម្មជនបរិស្ថានទាំង៣បើកយុទ្ធនាការកាលពីខែកក្កដាបណេ្តញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនពីរ ដែលសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន និយាយថា ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលក្នុងការធ្វើអាជីវកម្មបូមខ្សាច់ នៅក្នុងតំបន់ជីផាត់ និងព្រែកអណ្តូងទឹក ស្ថិតនៅក្នុងស្រុកបទុមសាគរខេត្តកោះកុង។ កាលពីដើមខែតុលាសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានសម្រេចមិនអនុញ្ញាតឲ្យសកម្មជនបរិស្ថានបីនាក់នៃចលនាមាតាធម្មជាតិនេះស្ថិតនៅក្រៅឃុំទេ ដោយបានតម្កល់សេចក្តីសម្រេចរបស់តុលាការសាលាដំបូងខេត្តកោះកុង។
ការឃុំខ្លួនសកម្មជនបរិស្ថាននេះបានប្រឈមនឹងបាតុកម្មនិងការតវ៉ារបស់ប្រជាសហគមន៍ជាច្រើនលើក៕