រដ្ឋាភិបាល​​បង្កើន​​ការ​​ផលិត​​ថាមពល​​ព្រះ​​អាទិត្យ ខណៈ​បន្ត​សិក្សា​គម្រោង​​វារី​​អគ្គិសនី​​លើ​​ដៃ​​ទន្លេ​មេគង្គ

លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

របាយ​ការណ៍​របស់​រដ្ឋាភិបាល​បង្ហាញ​ថា​ ​កម្ពុជា​មាន​គម្រោង​ផលិត​ថាម​ពល​ដែល​កំពុង​ដំណើរការ​សាង​សង់​សព្វថ្ងៃ​នេះ​ចំនួន​៩ ​ដែល​មាន​ថាមពល​សរុប​ប្រមាណ​១.៥០០​មេហ្គាវ៉ាត់ ​គឺ​ស្មើ​ប្រមាណ​៤៥​ភាគរយ​នៃ​ថាម​ពល​សរុប​ទាំង​អស់ ដែល​កម្ពុជា​ត្រូវ​ការ​បច្ចុប្បន្ន​នេះ។​

បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​រ៉ែ ​និង​ថាម​ពល​ ដែល​VOA​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ​ គម្រោង​ទាំង​នោះ​មាន​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​(Solar Power)​ដែល​កំពុង​សាងសង់​ចំនួន​៦ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ពោធិ៍សាត់ ​បាត់ដំបង ​បន្ទាយមានជ័យ​ និង​ស្វាយរៀង ​ហើយ​មាន​ថាម​ពល​សរុប​ចំនួន​៣២០​មេហ្គាវ៉ាត់។​

ក្រៅ​ពី​នោះ ​មាន​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ទំហំ​ថាមពល​៧០០​មេហ្គាវ៉ាត់ ​ដែល​កំពុង​សាងសង់​ក្នុង​ខេត្ត​ព្រះ​សីហនុ ​រោងចក្រ​អគ្គិសនី​ដុត​ប្រេង​ខ្មៅ/ឧស្ម័ន​ក្នុង​ខេត្ត​កណ្តាល​ចំនួន​៤០០​មេហ្គាវ៉ាត់ ​និង​គម្រោង​វារី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​មួយ​ ដែល​មាន​ថាម​ពល​៨០​មេហ្គាវ៉ាត់។​

បើ​តាម​របាយ​ការណ៍ ប្រភព​ថាម​ពល​អគ្គិសនី​របស់​កម្ពុជា ​រួម​មាន​វារី​អគ្គិសនី​ប្រមាណ​៣៣​ភាគ​រយ​ ស្ថានីយ​ដុត​ធ្យូង​ថ្ម​ប្រមាណ​៣៣​ភាគរយ​ដែរ ​ ថាម​ពល​នាំ​ចូល​ប្រមាណ​២៥​ភាគរយ​ ប្រេង​ខ្មៅ​និង​ម៉ាស៊ូត​ប្រមាណ​៧​ភាគរយ ​និង​ថាមពល​កកើត​ឡើង​វិញ​ប្រមាណ​១,៣​ភាគរយ។​ របាយការណ៍​បន្ថែម​ថា ​ ទំនប់​វារី​អគ្គិសនី​លើ​ដៃ​ទន្លេ​មេគង្គ ​និង​ដង​ស្ទឹង ​រួម​មាន​ទំនប់​សេសាន​ក្រោម​ពីរ​ ដែល​អាច​ផលិត​ថាមពល​សរុប​ប្រមាណ​១.៣៣០​មេហ្គាវ៉ាត់។​

លោក ​វិចទ័រ ហ្សូនា​ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ថាមពល​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ និង​ថាម​ពល ​បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ប្រភព​ថាមពល​របស់​កម្ពុជា​បាន​មក​ពី​ទំនប់​វារី​អគ្គិសនី ​ធ្យូង​ថ្ម ​ ​ការ​ដុត​ឧស្ម័ន ​និង​ការ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ​ក្នុង​នោះ​មាន​ថៃ​ឡាវ និង​វៀតណាម។​

លោក​បន្ត​ថា ​កាល​ពី​សប្តាហ៍​មុន​ក្រសួង​បាន​អនុម័ត​លើ​ការ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ដុត​ធ្យូង​ថ្ម​៧០០​មេហ្គាវ៉ាត់​ក្នុង​ខេត្ត​កោះកុង​ និង​ធ្យូង​ថ្ម​២៦៥​មេហ្គាវ៉ាត់​ក្នុង​ឧត្តរមានជ័យ។ ​ លោក​ថា​ ​ក្រសួង​ក៏​បាន​អនុញ្ញាត​ឲ្យ​សិក្សា​ថាមពល​ខ្យល់​នៅ​បូកគោ ​ ខេត្ត​កំពត ​ដែល​មាន​ថាម​ពល​៨០​មេហ្គាវ៉ាត់។​

បើ​តាម​ លោក ​វិចទ័រ ហ្សូនា ​ ​ ផែនការ​ថាម​ពល​របស់​កម្ពុជា​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ ​គឺ​ចាប់​ពី​ឆ្នាំ​២០២០​ដល់​២០៣០ ​នឹង​មិន​មាន​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​លើ​តួ​មេ​ទន្លេ​មេគង្គ​នោះ​ទេ​ប៉ុន្តែ​លោក​ថា​ ​ក្រសួង​កំពុង​សិក្សា​ការ​ស្ថាបនា​ទំនប់​នៅ​លើ​ដៃ​ទន្លេ​មេគង្គ ​ក្នុង​នោះ​មាន​ទំនប់​វារី​អគ្គិសនី​សេកុង ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​ដែល​មាន​ទំហំ​ថាម​ពល​ប្រមាណ​១៩០​មេហ្គាវ៉ាត់។​

លោក​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ ​«ផែន​ការ​អភិវឌ្ឍន៍​ថាមពល​ដែល​យើង​ធ្វើ​កន្លង​មក​នេះ ​២០២០​ដល់​២០៣០ ​ក្នុង​នោះ​អត់​មាន​ការ​អភិវឌ្ឍ​អគ្គិសនី​លើ​ដង​ទន្លេ​មេ​ទេ។ ​ ប៉ុន្តែ​មាន​ការ​សិក្សា​មួយ​ចំនួន​នៅ​លើ​ដៃ​ទន្លេ​មេគង្គ​ ដូច​ជា​សេកុង​ជា​ដើម»។​

ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ផល​ប៉ះពាល់​ប៉ុនណា​នោះ​ទេ​ដោយ​រង់​ចាំ​បញ្ចប់​ការ​សិក្សា។

លោក​បន្ថែម​ថា៖ ​«ខ្ញុំ​អត់​អាច​ឆ្លើយ​បាន​ព្រោះ​ការ​សិក្សា​អត់​ទាន់​បាន​បញ្ចប់ ​ អ៊ីចឹង​យើង​អត់​អាច​ធ្វើ​ការ​សន្និដ្ឋាន​មុន​ការ​បញ្ចប់​ការ​សិក្សា​បាន​ទេ»។​

បើ​តាម​អង្គការ​ទន្លេ​អន្តរ​ជាតិ​(International Rivers) ​ ប្រជាជន​ជាង​៣​ម៉ឺន​គ្រួសារ​កំពុង​រស់​នៅ​តាម​ដង​ទន្លេ​សេ​កុង។​

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​លើ​គម្រោង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ជា​បន្ត​បន្ទាប់​ នៅ​លើ​ដង​ទន្លេ​មេគង្គ ​ដែល​ពួក​គេ​អះអាង​ថា​ នឹង​ធ្វើ​ឲ្យ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​ ហើយ​ប៉ះពាល់​ផល​ត្រី​ និង​ដី​ល្បាប់​នៅ​ផ្នែក​ខាង​ក្រោម។​

ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស​របស់​ឡាវ​នៅ​ផ្នែក​ខាង​លើ​ទន្លេ​មេគង្គ​ ដែល​នៅ​ជិត​កម្ពុជា​ មាន​ដូច​ជា​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី ​(Xayaburi) ​និង​ដន​ សាហុង​ (Don Sahong)។​

បើ​តាម​លោក ​វិចទ័រ ហ្សូនា ​ ម្រិត​ទឹក​នៅ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ធម្មតា​ហើយ​លោក​ច្រាន​ចោល​ការ​រក​ឃើញ​របស់​អ្នក​ស្រាវ​ជ្រាវ​នានា​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដែល​ថា​ ទំនប់​នៅ​ប្រទេស​ចិន​ប៉ះពាល់​កម្រិត​ទឹក​នៅ​ទន្លេ​មេគង្គ​ក្រោម ​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​គិត​ថា​ទន្លេ​នៅ​ស្រុក​ចិន​ដូច​ឆ្ងាយ ​ ដូច​ឆ្ងាយ​រាប់​ពាន់​គីឡូ​ពី​ស្រុក​ខ្មែរ។​នៅ​លើ​យើង​នេះ ​មាន​ឡាវ ​សាយ៉ាប៊ូរី ​ គេ​ធ្វើ​ហើយ​ ក៏​អត់​មាន​ប៉ះពាល់​ទឹក​ទន្លេ​មក​លើ​យើង​ដែរ។​ទឹក​នៅ​មាន​លំហូរ​ធម្មតា ​តាម​រដូវ​ប្រាំង​រដូវ​វស្សា។ ​ ខែ​វស្សា​ទឹក​ច្រើន ​ ខែ​ប្រាំង​ទឹក​តិច។​ក្រៅ​មក​ទៀត ​ ដន សាហុង​កំពុង​ដើរ​ពេញ​ទំហឹង ​ក៏​អត់​មាន​ផល​ប៉ះពាល់​អី​ដែរ។​ខ្ញុំ​គិត​ថា​ បើ​នៅ​ស្រុក​ចិន ​អត់​មាន​ផល​ប៉ះពាល់​អី​ដល់​ស្រុក​ខ្មែរ​យើង​ទេ​ព្រោះ​វា​នៅ​ចម្ងាយ​ឆ្ងាយ»។​

អ្នកស្រី ​ផ្លោក សារ៉េត ​ជា​កសិករ​ម្នាក់​នៅ​លើ​កោះ​ត្នោត​ជាប់​នឹង​ទន្លេ​មេគង្គ ​ក្នុង​ខេត្ត​ក្រចេះ​មាន​ប្រសាសន៍​ថា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​អ្នកស្រី​មើល​ឃើញ​ថា​ ​ទឹក​ទន្លេ​ប្រែ​ប្រួល ហើយ​ស្រក​ឡើង​ខុស​ពី​ធម្មតា ​ដែល​ប៉ះពាល់​ការ​ដាំ​ដំណាំ​របស់​អ្នកស្រី​នៅ​តាម​ដង​ទន្លេ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ ​«កាល​ពី​មុន​រដូវ​ប្រាំង​ចាប់​ពី​ខែ​ណា ​ដល់​ខែ​ណា ​ ទឹក​វា​ស្រក​ទៅ​បណ្តោយ។ ​ ដល់​ពេល​នេះ​ខែ​៣​ខែ​៤ ​ដែល​យើង​ដាំ​ដំណាំ​តាម​មាត់​ទន្លេ ​ បែរ​ជា​លិច​ដំណាំ​គ្នា​តាម​មាត់​ទន្លេ​ទៅ​វិញ។​ ហើយ​ដល់​ពេល​វា​ស្រកស្រក​ឡើង​អាលីង​ទៅ​វិញ​ទៅ»។​

អ្នកស្រី​បន្ថែម​ថា៖ ​«ពួកខ្ញុំ​គិត​ថា​ បើ​ធម្មជាតិ​វា​ដូច​ពី​មុន​ហើយតែ​ឥឡូវ​ វា​ឃើញ​ទំនប់​វា​ច្រើន​ដែរ។ ​ យើង​គិត​ថា​ វា​អាច​មក​ពី​ទំនប់​ខ្លះ​ដែរ។​ជួន​ណា​ទៅ ​ ក៏​គេ​អាច​បើក​ទំនប់​ ឬ​ក៏​គេ​បិទ​ទំនប់​អី​ទៅ»។​

ប៉ុន្តែ​លោក ​វិចទ័រ ហ្សូនា​មាន​ប្រសាសន៍​ថា​ នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​ពលរដ្ឋ។​ លោក​ថា​ឆ្នាំ​នេះ​ ទំនប់​វារី​អគ្គិសនី​អាច​ផលិត​ថាមពល​បាន​ចាប់​ពី​៧០​ទៅ​៨០​ភាគ​រយ​ ដូច្នេះ​ទឹក​ទន្លេ​ស្ថិត​ក្នុង​កម្រិត​ធម្មតា។​លោក​ថា​ ការ​ប្រែ​ប្រួល​ទឹក​ទន្លេ​អាច​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ផង​ដែរ។​

លោក ​វិចទ័រ ហ្សូនា​ បាន​ថ្លែង​ថា ​ភូមិ​ប្រមាណ​៩៣​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ មាន​អគ្គិសនី​ប្រើប្រាស់ ​ហើយ​នៅ​សល់​តែ​ភូមិ​ចំនួន​១.០៣៧​ទៀត ​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​ដោយ​សារ​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល ​ ប្រជា​ពលរដ្ឋ​រាយ​ប៉ាយ​ គ្មាន​ផ្លូវ​ធ្វើ​ដំណើរ ​ ជា​តំបន់​កោះ ​តំបន់​បណ្តែត​ទឹក ​និង​ទឹក​លិច​នៅ​រដូវ​វស្សា។​

លោក​បន្ត​ថា​ ក្រសួង​រ៉ែ​និង​ថាមពល​នឹង​ជំរុញ​ការ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ចូល​ភូមិ​ឲ្យ​បាន​១០០​ភាគ​រយ​នៅ​ឆ្នាំ​២០២០ ​និង​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៧៨​ភាគរយ​នៅ​ឆ្នាំ​២០២០​និង​៨១​ភាគ​រយ​នៅ​ឆ្នាំ​២០២១៕