សារមន្ទីរជាតិកម្ពុជា និងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដាក់តាំងពិព័រណ៌ថ្មភពព្រះច័ន្ទ ឬ Moon Rock សារជាថ្មីនៅសារមន្ទីរជាតិដោយមានព័ត៌មានលម្អិតអំពីថ្មដ៏មានតម្លៃនេះ ក្រោយពេលកម្ពុជាដាក់ចូលក្នុងឃ្លាំងរបស់ខ្លួនអស់ជាច្រើនឆ្នាំ។
កម្ពុជា និងសហរដ្ឋអាមេរិកសង្ឃឹមថា ការដាក់តាំងពិព័រណ៌ថ្មពីភពព្រះច័ន្ទនេះនឹងអាចជំរុញឲ្យយុវជនខ្មែរចាប់យកជំនាញ និងអាជីពពាក់ព័ន្ធនឹងមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថា STEM ឲ្យកាន់តែច្រើនទៀត។
ក្នុងពិធីសម្ពោធការតាំងពិព័រណ៍«ថ្មភពព្រះច័ន្ទ» នៅព្រឹកថ្ងៃច័ន្ទនេះ លោក Michael Newbill ឯកអគ្គរដ្ឋទូតស្តីទីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ថ្លែងថា កាលពីឆ្នាំទៅមិញ សារមន្ទីរជាតិកម្ពុជាបានស្នើទៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ឲ្យស៊ើបអង្កេតពីប្រវត្តិនៃថ្មមួយដុំ ដែលបានរក្សាទុកក្នុងសារមន្ទីរជាតិកម្ពុជា ជាយូរឆ្នាំមកហើយ ដែលក្រោយមកត្រូវបានបញ្ជាក់ថា ជាថ្មពីភពព្រះច័ន្ទ។លោកបន្តថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧២ យានអាប៉ូឡូទី១៧របស់សហរដ្ឋអាមេរិកបានទៅដល់ភពព្រះច័ន្ទជាលើកចុងក្រោយ ដោយបាននាំយកថ្មភពព្រះច័ន្ទនេះមកកាន់ផែនដី។
(ចុចមើលកម្រងរូបភាពពិពរណ៌ថ្មភពព្រះច័ន្ទនៅសារមន្ទីរជាតិកម្ពុជា)
លោក Michael បន្ថែមថា ថ្មនេះស្ថិតក្នុងចំណោមសំណាកថ្មភពព្រះច័ន្ទ «សុឆន្ទៈ» ដែលត្រូវបានផ្តល់ទៅឲ្យប្រទេសចំនួន១៣៥ ដើម្បីចែករំលែកឲ្យពិភពលោកនូវដំណើរផ្សងព្រេងរបស់បេសកកម្មយានអាប៉ូឡូទី១៧នោះ។ សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៧៣ ក៏បានផ្តល់ថ្មភពព្រះច័ន្ទនេះឲ្យកម្ពុជា ដើម្បីជានិមិត្តរូបនៃសុឆន្ទៈយូរអង្វែងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាផងដែរ។
លោក Michael Newbill បន្ថែមក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«យើងសង្ឃឹមថា ការដាក់តាំងនេះនឹងបំផុសឲ្យយុវជនកម្ពុជាមានក្តីស្រម៉ៃខ្ពស់។ សូមកុំឲ្យព្រំដែននៃអ្វីដែលយើងគិតថា អាចធ្វើទៅបានរាំងស្ទះដំណើររបស់អ្នក […] ការអប់រំលើមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) បាននាំមនុស្សដល់ភពព្រះច័ន្ទ ហើយវាពិតជានាំយើងទៅឆ្ងាយជាងនេះទៀត នៅពេលអនាគត។ ប្រហែលមានអ្នកខ្លះដែលកំពុងឈរនៅទីនេះនឹងបានឃើញ បាន ឮ ឬចូលរួមក្នុងបេសកកម្មដ៏អស្ចារ្យបន្ទាប់ទៀតក្នុងការបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ៍»។
សហរដ្ឋអាមេរិកគឺជាជាតិសាសន៍ទី១ដែលបានទៅដល់ និងដោតទង់ជាតិលើភពព្រះច័ន្ទ នៅឆ្នាំ១៩៦៩ ដែលមានចម្ងាយជាង៣៨៤ពាន់គីឡូម៉ែត្រពីភពផែនដី។ ការណ៍នេះធ្វើឲ្យអាមេរិក នាំមុខប្រទេសផ្សេងៗក្នុងការស្រាវជ្រាវនៅទីអវកាស និងភពនានា។ សព្វថ្ងៃអង្គការ NASA របស់អាមេរិកកំពុងស្រាវជ្រាវនិងព្យាយាមបញ្ជូនមនុស្សទៅភពព្រះអង្គារ៍បន្ថែមទៀត។
ការដាក់តាំងពិព័រណ៍ថ្មពីភពព្រះច័ន្ទដែលមានទំហំប៉ុនមេដៃនៅសារមន្ទីរជាតិកម្ពុជានេះក៏ជាផ្នែកមួយនៃខួប១០០ឆ្នាំរបស់សារមន្ទីរជាតិកម្ពុជា ដែលនឹងត្រូវរៀបចំឡើងក្នុងខែមេសា ឆ្នាំ២០២០ខាងមុខ។
លោក គង់ វីរៈ ប្រធានសារមន្ទីរជាតិ ប្រាប់អ្នកសារព័ត៌មានក្នុងពិធីតាំងពិព័រណ៍នោះថា ថ្មនេះធ្លាប់ត្រូវបានដាក់តាំងម្តងរួចមកហើយក្នុងសារមន្ទីរជាតិ ក៏ប៉ុន្តែត្រូវបានដកទុកវិញដោយសារមិនមានព័ត៌មានច្បាស់លាស់អំពីថ្មនេះ។ មន្ត្រីកម្ពុជាដដែលក៏បានបន្តថា ការតាំងបង្ហាញវត្ថុដែលមានលក្ខណៈវិទ្យាសាស្រ្ត ជាមួយព័ត៌មានលម្អិតរបស់វា អាចនឹងជួយទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសយុវជនខ្មែរ ចូលមកទស្សនាសារមន្ទីរជាតិកាន់តែច្រើន។ លោកបន្ថែមថា ថ្មភពព្រះច័ន្ទនេះ បើទោះជាមានទំហំតូច ប៉ុន្តែលោកថា ថ្មនេះមានតម្លៃសម្រាប់មនុស្សជាតិយ៉ាងច្រើន។
លោកមានប្រសាសន៍ថា៖
«កាលណាយើងបង្ហាញអីចឹងទៅ ជាពិសេសយុវជន ដើម្បីឲ្យយុវជនហ្នឹងមានក្តីស្រម៉ៃធំ មានក្តីស្រម៉ៃហ្នឹងខ្ពស់។ កាលណាឃើញថ្មឋានព្រះច័ន្ទហ្នឹង មនុស្សមានក្តីស្រម៉ៃថា តើយើងធ្វើបាន ឬអត់? អីចឹងគួរតែបង្ហាញអ្វីមួយដើម្បីឲ្យមនុស្សហ្នឹងមានមហិច្ឆតាធំ។ អីចឹងបានយើងសម្រេចចុងក្រោយថា ត្រូវធ្វើការតាំងបង្ហាញ»។
លោក គង់ វីរៈ បន្ថែមថា រយៈពេលនៃការដាក់តាំងបង្ហាញថ្មភពព្រះច័ន្ទនេះនឹងត្រូវធ្វើឡើងដោយផ្អែកលើចំណាប់អារម្មណ៍នៃការទស្សនារបស់ទេសចរ ឬអាចរហូតដល់ការរៀបចំខួប១០០ឆ្នាំរបស់សារមន្ទីរជាតិ នៅឆ្នាំ២០២០។
ថ្មពីភពព្រះច័ន្ទ ដែលត្រូវបាននាំយកមកតាមអាប៉ូឡូលេខ១៧ និងបែងចែកទៅឲ្យប្រទេសទាំង១៣៥លើពិភពលោក គឺបានពីថ្មមួយដុំដែលគេឲ្យឈ្មោះថា «ថ្ម៧០០១៧»។ ថ្មព្រះច័ន្ទនេះជាប្រភេទថ្មបាសាល ដែលមានចំណាស់ប្រហែល៣ពាន់៧០០លានឆ្នាំ៕